អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ទាំងនៅក្នុងស្រុក និងក្រៅស្រុក បានចេញសេចក្ដី​ថ្លែងការណ៍​រួមមួយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ ស្នើឲ្យមានស៊ើបអង្កេត ទៅលើ​ករណី​បាញ់សម្លាប់លោកបណ្ឌិត កែម ឡី កាលពី៤ឆ្នាំមុន ដោយមានការចូលរួម ពីអង្គការ​សហប្រជាជាតិ (អ.ស.ប)។

លោក កែម ឡី ដែលជាអ្នកវិភាគ និងជាអ្នកធ្វើអត្ថាធិប្បាយនយោបាយ ដ៏ល្បីឈ្មោះ ត្រូវ​បានឃាតករឈាមត្រជាក់បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅ​ខណៈ​លោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់​ប្រេង​​ឥន្ទនៈ ស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។

មកដល់ថ្ងៃនេះ មានតែបុរស អឿត អាង ហៅ ជួប សម្លាប់ តែម្នាក់គត់ ដែលត្រូវបាន​ចាប់ខ្លួន និងផ្ដន្ទាទោស នៅចំពោះអំពើមនុស្សឃាតខាងលើ។

សម្រាប់អង្គការជាតិ-អន្តរជាតិ ទាំង៣០ បានអះអាងថា អាជ្ញាធរកម្ពុជា មិនបាន​«ធ្វើការ​ស៊ើបអង្កេត ជាបន្ទាន់ ហ្មត់ចត់ និងដោយឯករាជ្យ»ទេ ខណៈជនសង្ស័យខាងលើ ដែល​អាជ្ញាធរចាប់ខ្លួនបាន គឺជាបុរសម្នាក់ ដែលបាន “សារភាព” ថាខ្លួនជាឃាតករ។

សេចក្តីថ្លែងការណ៍បានរៀបរាប់​ថា លោក អឿត អាង ត្រូវបានផ្តន្ទាទោស ដោយដាក់​ពន្ធនាគារ​អស់មួយជីវិត បន្ទាប់ពីឆ្លងកាត់ការជំនុំជម្រះ រយៈពេលកន្លះថ្ងៃ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៧ ដែលរងការរិះគន់យ៉ាងច្រើន ថាគ្មានបទដ្ឋានជំនុំជម្រះ ដែលអាច​ទទួល​យក​បាន និងគ្មានបទដ្ឋាន ជាលក្ខណៈអន្តរជាតិ។

ក្រុមអង្គការសមាគម ជាតិ-អន្តរជាតិ ទាំងនោះ បានសរសេរថា៖

«ចាប់តាំងពីឆ្នាំ២០១៦ អង្គការសិទ្ធិមនុស្សជាតិ និងអន្តរជាតិជាច្រើន បានអំពាវនាវ​ជាបន្តបន្ទាប់​ឱ្យរដ្ឋាភិបាលកម្ពុជា បង្កើតគណៈកម្មការស៊ើបអង្កេត​ឯករាជ្យមួយ ដើម្បី​ធ្វើការស៊ើបអង្កេតជាបន្ទាន់ ដោយមិនលម្អៀង និងមានប្រសិទ្ធភាព នៅក្នុងករណី​ឃាតកម្ម​នោះ ដោយមានគូសបញ្ជាក់ ទាក់ទងនឹងការពិនិត្យ លើជនដែលមានចំណែក​ត្រូវទទួលខុសត្រូវ ក្នុងបទល្មើសព្រហ្មទណ្ឌដទៃផ្សេងទៀត ក្រៅពីជនដៃដល់ ស្របតាម​បទដ្ឋានអន្តរជាតិ ដែលមានចែងក្នុងកតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ (ក.អ.ស.ព.ន)។»

«គោលការណ៍នៃអង្គការសហប្រជាជាតិ ស្តីពីការទប់ស្កាត់ ដោយប្រសិទ្ធភាព លើ​ការសម្លាប់​ក្រៅប្រព័ន្ធច្បាប់ ដោយបំពាន និងដោយឆាប់រហ័ស ក៏ដូចជា ពិធីសារបន្ថែម​រដ្ឋមីនីសូតា ស្តីពីការស៊ើបអង្កេត​លើការស្លាប់ក្រៅច្បាប់ បានគូសបញ្ចាក់យ៉ាងច្បាស់ ដល់​តួនាទី​របស់​រដ្ឋាភិបាល ក្នុងការស៊ើបអង្កេតការស្លាប់ ក្រៅច្បាប់នានា ព្រមទាំង​អោយ​បង្កើត​​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ នៅពេលដែលរដ្ឋនានា ដូចជាប្រទេស​កម្ពុជា​ជាដើម ដែលបញ្ហានីតិវិធីប្រកបដោយប្រសិទ្ធភាព ក្នុងការស៊ើបអង្កេត អនុលោម​តាម​បទដ្ឋាន​​អន្តរជាតិ នៅមានកម្រិតនោះ។»

អង្គការ​ជាតិ-អន្តរជាតិ​ចំនួន៣០ ខាងលើ បានហៅភាពមិនអើពើ របស់របបក្រុងភ្នំពេញ នៅ​ចំពោះករណី​ឃាតកម្ម​នេះ ថាជាការបង្ហាញ​អំពី«វិសមានចិត្ត»មួយ នៃ​«ការសងសឹក»​ទៅលើលោក កែម ឡី។ សេចក្ដី​ថ្លែងការណ៍​បានសរសេរថា៖

«ការបន្តមានវិសមានចិត្ត​របស់រដ្ឋាភិបាល ចំពោះករណីរបស់លោកបណ្ឌិត កែម ឡី នេះ បង្កើននូវវិមតិសង្ស័យថា ការធ្វើឃាតលោកនោះ គឺជាការសងសឹក ដោយសារលោក​បំពេញ​ការងារ ជាអ្នកការពារសិទ្ធិមនុស្ស។ លោកបណ្ឌិត កែម ឡី បានធ្វើការវិភាគបញ្ហា ទាក់ទងនឹងសង្គម និងនយោបាយជារឿយៗ។»

​អ្នកពាក្យនាំក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ត្រូវបានស្រង់សំដី ដោយសារព័ត៌មាន​ក្នុង​ស្រុក មកអះ​អាង​ថា កម្ពុជា​មិន​ធ្វើ​តាម​ការ​ទាមទារ ​របស់​ក្រុម​អង្គការសង្គមស៊ីវិល​ខាងលើ ដែលលោក​ហៅ​ថា មាន​និន្នាការ​ប្រឆាំង និង​មាន​«គំនុំ​»ជាមួយ​រដ្ឋាភិបាល​ឡើយ។ អ្នកនាំពាក្យបានបញ្ជាក់ទៀតថា ជនដៃដល់ត្រូវបានចាប់ខ្លួន និងផ្ដន្ទាទោស​រួចរាល់ ខណៈអ្នកពាក់ព័ន្ធផ្សេងទៀត កំពុងស្ថិតក្នុងដំណើរការស៊ើបអង្កេត និង​នីតិវិធី​តុលាការ។

សូមបញ្ជាក់ដែរថា ការជួបជុំនានា ដើម្បីធ្វើពិធីសាសនា ដើម្បីឧទ្ទិសឲ្យដួងវិញ្ញាណក្ខន្ធ លោកបណ្ឌិត កែម ឡី ក្នុងខួបឆ្នាំទី៤នេះ បានត្រូវបានអាជ្ញាធរកម្ពុជា ចាត់វិធានការ​ហាមឃាត់ និងធ្វើការ​រឹតត្បិត រាប់ចាប់​តាំង​ពី​ថ្ងៃទី៨ ខែកក្កដាមក ដោយបង្ហាញ​ហេតុផល ពីការប៉ះពាល់ ផ្នែក​សណ្ដាប់ធ្នាប់​សាធារណៈ ឬដើម្បីទប់ស្កាត់រោតរាតត្បាត «Covid-19»៕



លំអិតបន្ថែមទៀត

កម្ពុជា

អ្នក​គាំទ្រ CNRP ម្នាក់​ទៀត​ទម្លាយ​ករណី កឹម មនោវិទ្យា ហៅ កែម ឡី ថា​«ភ្លើ និង​ចោលម្សៀត»

«ភ្លើ និង​ចោលម្សៀត» ៖ ការខ្វែងគំនិតគ្នា រវាងក្រុម សម រង្ស៊ី និយម និងក្រុម កឹម សុខា និយម នៅតែបន្តមាន ...
កម្ពុជា

ក្រុមអ្នកជំនាញ អ.ស.ប ថាការជំនុំជម្រះក្តី កឹម សុខា «គ្មានគុណភាព»

«គ្មានគុណភាព» នេះជាការអះអាងឡើង របស់ ក្រុមអ្នកជំនាញសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដើម្បីហៅការជំនុំជម្រះក្តី ពីបទក្បត់ជាតិ ដែលបានបើកសវនាការ ក្នុងអាទិត្យនេះ ប្រឆាំងនឹងលោក កឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ...
កម្ពុជា

ភរិយា កែម ឡី ប្រាប់ស្វាមីថា «បងឈប់បារម្ភពីអូន និងកូនៗទៀតទៅ»

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ នៃសពលោក កែម ឡី បានសុបិន្តឃើញស្វាមីអ្នកជាថ្មីទៀត បើទោះលោក កែម ឡី បានឃ្លាតចេញពីអ្នកស្រី អស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.