គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។

ត្រង់ចំនុចនេះ យើងសូមអនុញ្ញាត​លើកយកកត្តាចំនួន៥ ដែលជាឱកាសឲ្យមេដឹកនាំនៃរដ្ឋទាំងពីរ ពិចារណា​ក្នុង​ការប្រែ​ក្លាយ​ទំនាក់ទំនង ឲ្យក្លាយជាមានផ្កាផ្លែ ជាប្រយោជន៍ដល់ប្រជាជនទាំងសងខាង។

១) ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន

សម្រាប់ពលរដ្ឋអាមេរិក ពួកគេប្រហែលជាមិនដឹងថា ប្រទេសកម្ពុជាស្ថិត​នៅលើពិភពលោកទេ។ ប៉ុន្តែសម្រាប់​ពលរដ្ឋ​ខ្មែរ យើង​ដឹងថា សហរដ្ឋអាមេរិកនៅឯណា។ ហើយយើងក៏ចូលចិត្តប្រទេសនេះផងដែរ។ មនុស្សគ្រប់គ្នានៅទីនេះ​យល់ថា សហរដ្ឋ​អាមេរិក​​គឺជាទឹកដីនៃក្តីសុបិន្ត។ តាមរយៈខ្សែភាពយន្ត និងសម្ភារៈវប្បធម៌ផ្សេងៗ ដូចជាព័ត៌មាន ដូរតន្ត្រី សិល្បៈ និងគំរូ​ប្រជាធិបតេយ្យ ដែលត្រូវបាននាំចេញពីសហរដ្ឋអាមេរិក ភាគច្រើនយើងចូលចិត្ត។

បច្ចុប្បន្នមានជនជាតិខ្មែរអាមេរិកាំង ប្រមាណ ៣០ ម៉ឺននាក់កំពុងរស់នៅសហរដ្ឋអាមេរិក។ ពួកគេភាគច្រើន​ជាជន​ភៀស​ខ្លួន ដែលបានភៀសខ្លួន ចេញពីសង្គ្រាមស៊ីវិលនៅប្រទេសកម្ពុជា ក្នុងយុគសម័យកុម្មុយនិស្ត ដើម្បីស្វែងរក​ជីវិតល្អប្រសើរ នៅ​សហរដ្ឋអាមេរិក។ ប្រសិនបើ​ប្រជាជនកម្ពុជាត្រូវបានផ្តល់អាទិភាព ក្នុងការជ្រើសរើស​កន្លែងដែល​ត្រូវរស់នៅ នោះមនុស្ស​ជាច្រើន នឹងជ្រើសរើស​ទៅសហរដ្ឋអាមេរិក ជាជាងទៅប្រទេសចិន។

ពលរដ្ឋកម្ពុជាយល់ឃើញថា សហរដ្ឋអាមេរិកជាប្រជាជាតិមួយ ដែលមានអរិយធម៌ខ្ពស់ ជាទីដែលអ្នកណាម្នាក់​អាច​មាន​ឱកាស​រីកចម្រើនបានខ្ពស់ឡើង ដោយមិនគិតអំពីជាតិសាសន៍ ឬឋានៈគ្រួសារ។ ការយល់ឃើញជាវិជ្ជមាននេះ នឹងដើរតួនាទី​ជាកត្តា​សំខាន់ ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជា ក្នុងរយៈពេល​វែង។

ហើយជាការពិត ក៏មានទស្សនៈអវិជ្ជមានមួយចំនួន ទៅលើសហរដ្ឋអាមេរិក ដែលបណ្តាលមកពីបរិធាន​ឃោសនា​ខ្លះៗ សល់ពី​ជំនាន់កុំម្មុយនីស្ត។ ទោះយ៉ាងណាក៏ដោយ ក៏គេនៅតែមានឱកាស សម្រាប់ធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនង​រវាង​ប្រជាជន មកពី​ប្រទេសទាំងពីរ។

២) ពាណិជ្ជកម្មទ្វេរភាគី

គិតចាប់តាំងពីឆ្នាំ១៩៩៣មក ពាណិជ្ជកម្មរវាងអាមេរិក និងកម្ពុជាតែងតែកើនឡើងជាលំដាប់ បើទោះជាមាន​ស្ថានភាព​ប្រទាំង​ប្រទើស​ជាមួយគ្នា​មួយចំនួនក្តី។ ទិន្នន័យឆ្នាំ២០១៩ បានបង្ហាញថា កម្ពុជាបាននាំចេញ នូវ​ទំនិញទៅកាន់​សហរដ្ឋ​អាមេរិក ក្នុងចំនួនទឹកប្រាក់ ជាង៤ពាន់​លានដុល្លា​អាមេរិក។ ទំនិញដែលកម្ពុជា​នាំចេញ​ទៅអាមេរិក ភាគច្រើន​គឺជា​ផលិតផល​ ចេញពី​រោងចក្រកាត់ដេរ ដែលនេះជាមូលហេតុមួយ ក្នុងការបង្កើត​ជាទីផ្សារ​ការងារ បានមួយចំនួនធំ សម្រាប់ប្រជាជនកម្ពុជា។

កម្ពុជានាំចូលទំនិញពីអាមេរិក ដូចជាផ្នែកយានយន្ត ផ្នែកបច្ចេកវិទ្យា និងចំណេះដឹងជំនាញ។ ទីផ្សារអាមេរិក នៅតែ​បន្ត​ទទួល​យកទំនិញ​ពីកម្ពុជា ក្នុងលក្ខណអនុគ្រោះ ដោយប្រព័ន្ធ GSP (General System of Preference) រីឯកម្ពុជា​ក៏កំពុង​ទទួល​យក នូវម៉ាកយីហោ​ពាណិជ្ជកម្ម​អាមេរិកល្បីៗ ជាបន្តបន្ទាប់។

នៅកម្ពុជា នៅមានវិស័យជាច្រើន ដែលជាឱកាសវិនិយោគ របស់ពាណិជ្ជករអាមេរិក ដូចជាការបើករោងចក្រដំឡើង​យានយន្ត ឬគ្រឿងបង្គុំ​បច្ចេកវិទ្យាទំនើប ក៏ដូចជាក្នុងវិស័កសិកម្មជាដើម។ យ៉ាងណាក៏ដោយ អាមេរិកនៅមើលឃើញ​កង្វះខាត​មួយចំនួន ក្នុងវិស័យអភភិបាលកិច្ច ហេដ្ឋារច្ជនាសម្ព័ន្ធ និងវិស័យយុត្តិធ៌ម ដែលនេះជាកត្តា​ទាមទារ​ឲ្យ​ភាគីកម្ពុជា ធ្វើការកែលម្អរ​ជាប្រចាំ។ ជាពិសេស ប្រសិនបើ​កត្តានយោបាយ​​មិនធ្លាក់ចុះខ្លាំងពេកប៉ុន្មានទេ នៅពេល​​ខាងមុខ ទំហំ​ពាណិជ្ជកម្ម​​នៃប្រជាជាតិទាំងពីរ នឹង​កាន់តែ​កើនឡើង ជាលំដាប់ ដោយកម្ពុជាគឺជាភាគី ដែលទទួល​បាន​​ផលវិជ្ជមាន​ច្រើន ពីទំនាក់ទំនងនេះ។

៣) ភូមិសាស្រ្តនយោបាយ

នៅក្នុងតំបន់ កម្ពុជា គឺជារដ្ឋតូចមួយ ដែលពិបាកប្រៀបធៀបខ្លួន ទៅនឹងប្រទេសមួយចំនួន ដែលមានសក្ដានុពល​ខ្លាំងក្លា (ប្រជាជន កម្លាំងយោធា និងសេដ្ឋកិច្ច) ដូចយ៉ាងប្រទេសឥណ្ឌូនេស៊ី និងសិង្ហបុរីជាដើម។ ពីចំណោម​ប្រទេស​ទាំង១១ នៃ​អាស៊ាន (ASEAN) អាមេរិកមានសម្ព័ន្ធមិត្ត ជិតដិតជាច្រើនដូចជា សិង្ហបុរី ថៃ និងហ្វីលីពីន ដែល​ប្រទេសខ្លះ​​មានទាំង​វត្តមាន​មូលដ្ឋានយោធាអាមរិកឈរជើង តាំងពីច្រើនទសវត្សរ៍ និង យ៉ាងរឹងមាំនោះទៀត។

ក្នុងហេតុផលនេះ វាហាក់បីដូចជាកម្ពុជា មិនមានសារសំខាន់ប៉ុន្មានឡើយ ក្នុងកែភ្នែករបស់ពួកអ្នក​ធ្វើគោល​នយោបាយ​អាមេរិក។ ដូច្នេះ យើងតែង​មើលឃើញ ពីគោលជំហរប្រែប្រួលជាញឹកញាប់​របស់អាមេរិក ក្នុងទំនាក់ទំនង​​ជាមួយ​កម្ពុជា។ ហើយ​កម្ពុជាវិញ ក៏រឹតតែមិនទុកចិត្ត​ភាគីអាមេរិក​ដូចគ្នាដែរ។

ក៏ប៉ុន្តែ ខណៈពេលដែលប្រទេសចិន ដែលជាមហាអំណាចតំបន់ កំពុងតែសម្លឹងមើលឃើញ និងចាប់យកកម្ពុជា កាន់តែ​កៀក​និងជិតដិត អាមេរិក ប្រាកដជាមិនព្រងើយកន្តើយ ព្រលែងអោយចិនយកកម្ពុជា បាន​ដោយ​​ងាយស្រួលនោះ​ឡើយ។ ព្រោះថា ករណីដែលចិនមានឥទ្ធិពលខ្លាំង ឬឈានទៅតាំង​មូលដ្ឋានយោធា​ជាយថាហេតុ នៅលើដីកម្ពុជានោះ វានឹង​ប៉ះពាល់​​ខ្លាំងក្លា ដល់ឥទ្ធិពលអាមេរិក នៅក្នុងតំបន់។

យ៉ាងនេះហើយ ទើបថ្មីៗនេះ លោក ម៉ៃ ផេន (Mike Pence) អនុប្រធានាធិបតីអាមេរិកសម័យលោក​ប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) បានផ្ញើរលិខិតក្រើនរំលឹកនាយកមន្ត្រីកម្ពុជា អំពីករណីដែលមាន​របាយការណ៍ថា ចិន​មាន​ផែនការ​សំងាត់ ដាក់មូលដ្ឋានទ័ព នៅលើទឹកដីកម្ពុជា បើទោះជាភាគីកម្ពុជា តែងតែបានបដិសេធ ជាញយដង​ហើយ​ក៏ដោយ។

កម្ពុជាអាចគិតថា ខ្លួនឯងជាកូនក្រមុំរូបស្រស់មួយ ដែលមានកម្លោះៗដណ្តើមគ្នាចង់បាន អ្នកដឹកនាំកម្ពុជា​គួរទាញ​យក​ស្ថានភាព​បែបនេះ ជាប្រយោជន៍ជាតិខ្លួន តាមរយៈកិច្ចសន្ទនាប្រកបដោយភាពស្មោះត្រង់ ទៅវិញទៅមក ហើយ​ការណ៍​​ដែល​ផ្តេកផ្តួល ទៅលើម្ខាងៗជ្រុលពេក នឹងនាំមកជាគ្រោះ សម្រាប់ជាតិទៅវិញ។ ចំណែកសហរដ្ឋអាមេរិក​វិញ ក៏ត្រូវតែ​ថ្លឹងថ្លែង អំពី​ស្ថានភាពកម្ពុជា និងចាត់ទុកភាគីកម្ពុជា ជាដៃគូពិភាក្សាទ្វេរភាគីស្មើភាព និងស្មោះត្រង់។

៤) ប្រព័ន្ធនយោបាយដឹកនាំរដ្ឋ

សហរដ្ឋអាមេរិកមានប្រព័ន្ធនយោបាយប្រជាធិបតេយ្យ​ បែបសាធារណរដ្ឋ ខុសគ្នាពីប្រព័ន្ធដឹកនាំរដ្ឋនៅកម្ពុជា ដែលជា​ប្រទេស​រាជានិយម អាស្រ័យរដ្ឋធម្មនុញ្ញ។ ប៉ុន្តែមានគំរូប្រជាធិបតេយ្យជាច្រើន ដែលកម្ពុជា​អាចរៀនសូត្រ​បាន​​ពីអាមេរិក ឧទាហរណ៍​ដូចជា​របៀបរបប​ក្នុងការដឹកនាំ ដើម្បីបញ្ចៀសឲ្យបាន នូវបញ្ហាអយុត្តិធម៌សង្គម និង​ការប្រព្រឹត្ត​​នូវអំពើពុករលួយ នៅតាម​ស្ថាប័នរដ្ឋ ដែលជាតម្រូវការចាំបាច់បំផុតរបស់កម្ពុជា ក្នុងការកែទម្រង់សង្គម ដែលបាន​ជោគជាំ​ទៅដោយសង្គ្រាម និងជម្លោះ​ផ្ទៃក្នុង​រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍មកហើយ។

ម្យ៉ាងវិញទៀត សហរដ្ឋអាមេរិកតែងតែមើលឃើញ អំពីកង្វះខាតត្រង់ចំណុចនេះ ហើយក៏តែងតែជួយឧបត្ថម្ភ នូវ​គម្រោង​ផ្សេងៗ ក្នុងការកែលម្អ​សេវាកម្មសាធារណៈ ដែលផ្ដល់ទៅឲ្យពលរដ្ឋកម្ពុជា។ ការកែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការកែ​ទម្រង់​​ប្រព័ន្ធ​អភិបាល​កិច្ចល្អ​ជាប្រចាំ​របស់កម្ពុជា គឺជាបញ្ហាអាទិភាពមួយ​របស់សហរដ្ឋអាមេរិក ក៏ដូចជា​កម្ពុជា​ខ្លួនឯង៖ «នោះ​គឺនាំ​មក​នូវកាវិនិយោគ​ថ្មីៗ ពីសហរដ្ឋអាមេរិក»។

គេគប្បីយល់ថា ការកែទម្រង់របបរបៀប នៃការគ្រប់គ្រងអភិបាលកិច្ចល្អ ការកែទម្រង់ប្រព័ន្ធប្រជាធិបតេយ្យ និងប្រព័ន្ធ​យុត្តិធម៌​សង្គម គឺជាកត្តា​សំខាន់ចាំបាច់ ដើម្បីនាំឲ្យមានការអភិវឌ្ឍយូរអង្វែង ការអភិវឌ្ឍប្រកបដោយតម្លាភាព និង​សមភាព សម្រាប់​ជា​ប្រយោជន៍ដល់ពលរដ្ឋ។ ហើយការកែទម្រង់ នូវប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចល្អនេះ គឺមិនមែន​​សម្រាប់​សហរដ្ឋអាមេរិក ឬអន្តរជាតិ​ដ៏ទៃណាផ្សេង ក្រៅតែអំពីកម្ពុជា​ខ្លួនឯងផ្ទាល់នោះឡើយ។

ដូច្នេះភាគីកម្ពុជា ត្រូវបង្ហាញនូវសុឆន្ទៈដ៏មុតមាំ ក្នុងការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធប្រជាធិបតេយ្យរបស់ខ្លួន នូវប្រព័ន្ធ​គ្រប់គ្រង​និងដឹកនាំរដ្ឋ ក៏ដូចជាប្រព័ន្ធយុត្តិធម៌។ ប្រាកដណាស់ថា នៅពេលដែលការដឹកនាំរដ្ឋ បែបប្រជាធិបតេយ្យ​របស់​កម្ពុជា មាន​ស្ថានភាពកាន់តែប្រសើរឡើង នោះមិត្តភាពរវាងសហរដ្ឋអាមេរិក-កម្ពុជា ក៏កាន់តែស្អិតរមួត និង​ជិតស្និត​ឡើងដែរ។

៥) ប្រវត្តិទំនាក់ទំនងនៃ«អាមេរិកនិង​កម្ពុជា»

ប្រវត្តិសាស្រ្តនៃទំនាក់ទំនងរដ្ឋទាំងពីរ រយៈពេលជាង​៧០ឆ្នាំមកនេះ បានឆ្លងកាត់នូវភាពផ្អែមល្ហែម ល្វីងជូចត់មក ជាច្រើន​​លើកច្រើនគ្រាមកហើយ ដូច្នេះវាក៏ល្មមទុកជាមេរៀន សម្រាប់អ្នកដឹកនាំរដ្ឋទាំងពីរ ក្នុងការយកមក​ថ្លឹងថ្លែង​ពិចារណា ចៀសវាង​នូវកំហុសអតីតកាល ហើយចាប់យក​នូវមេរៀនល្អៗ ដើម្បីជាប្រយោជន៍​ដល់ប្រជាជាតិទាំងទ្វេរ ។

ក្នុងន័យនេះ អ្នកចាត់ចែងគោលនយោបាយ នៃគូភាគីទាំងពីរ គួរគប្បីត្រូវប្រយ័ត្នប្រយែង នូវកំហុសប្រវត្តិសាស្ត្រ​ច្រំដែល ដែល​អាចនាំ ទៅរកមហន្តរាយ ដូចគ្រាមុន។ មេរៀនជាប្រវត្តិសាស្ត្រណាដែលអាក្រក់យើងទុកដោយឡែក ហើយយើង យកមេរៀន ប្រវត្តិសាស្ត្រណា ដែលល្អមកអនុវត្តបន្ត។ ហើយពួកគេមានឱកាសល្អក្នុងដៃ ក្នុងការ​ចាប់ផ្ដើម​កសាង នូវ​ទំព័រ​សករាជថ្មី ដែល​ពោរពេញទៅដោយផលប្រយោជន៍ ទាំងសងខាង និងប្រកបដោយ​ភាពផ្អែមល្ហែម៕

——
សុភី, ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១

អត្ថបទស្ដីពី “លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និទគ្នា”​ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបាន​ចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​ នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវ​បានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]



You may also like

កម្ពុជា

ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ...
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញការស្ទង់មតិរបស់អង្គការខុមហ្វ្រែល ក្នុងទូរស័ព្ទដៃរបស់លោក ក្នុងពិធីសម្ពោធសួនលេងទឹកឯកជនមួយ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០។ (រូបថតលើហ្វេសប៊ុក)
កម្ពុជា

អ្នកគាំទ្រ ហ៊ុន សែន លើហ្វេសប៊ុក ភាគច្រើនជា​«គណនេយ្យ​ខ្មោច»

ខណៈលោក ហ៊ុន សែន អួតអាងអំពីជ័យជំនះ នៃការស្ទង់មតិមួយ ដែលធ្វើឡើងតាម​ទំព័រហ្វេសប៊ុក របស់អង្គការ«ខុមហ្វ្រែល (Comfrel)» អ្នកជំនាញ​ខាង​បច្ចេកវិទ្យា បាន​លើកឡើងថា លទ្ធផលចេញ​ពីការស្ទង់មតិនោះ មិនអាចយកជាការ​បាន​ទេ ដោយ​ហេតុថា ...
កម្ពុជា

«អ.ស.ប និង​សហគមន៍​អន្តរជាតិ​ត្រូវទប់ស្កាត់​ផែនការឧក្រិដ្ឋ​របស់ ហ៊ុន សែន»

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានអំពាវនាវពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អង្គការសហប្រជាជាតិ (អ.ស.ប) និងសហគមន៍អន្តរជាតិ ឲ្យធ្វើការទប់ស្កាត់បទបញ្ជាមួយ ពីក្នុងចំណោមបទបញ្ជាចំនួនពីរ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ...

Comments are closed.

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ «មន្ត្រីខ្មោច»​ក្នុងស្ថាប័នមួយ​របស់​ក្រសួងសុខាភិបាល

មន្ត្រីខ្មោច ៖ មាត្រា៣៤នៃច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល បញ្ញត្តថា មន្ត្រីរាជការទាំងឡាយ មិនអាចឈប់ធ្វើការ ដោយគ្មានបាន​ទទួលការអនុញ្ញាតជាមុន ពីថ្នាក់លើរបស់ខ្លួន ឬដោយគ្មានមូលហេតុត្រឹមត្រូវ។ ការឈប់ធ្វើការ ឬការខានទៅធ្វើការ ដោយគ្មានការអនុញ្ញាត ...