ករណី ហ៊ុន សែន-សម រង្ស៊ី ដែលជាបណ្ដឹង«បរិហារកេរ្ដិ៍» របស់លោក ហ៊ុន សែន ប្ដឹងលោក សម រង្ស៊ី ក្នុង​តុលាការព្រហ្មទណ្ឌ​ជាន់ទាប​បារាំង នៃរដ្ឋធានីប៉ារីស ត្រូវបានតុលាការសម្រេច ប្រកាស​ចេញសាលក្រម នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។ តែសាលក្រមនេះ ត្រូវភាគីទាំងសងខាង យកទៅបកស្រាយតែរៀងៗខ្លួន អំពីជ័យជំនះរបស់ពួកគេ។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានធ្វើបទសម្ភាសមួយជាមួយលោក ព្រហ្ម គិត អតីតអ្នកជំនាញច្បាប់មួយរូប ដែលសព្វថ្ងៃរស់នៅចូលនិវត្តន៍ នៅភាគខាងត្បូងប្រទេសបារាំង ដើម្បីជម្រាបជូនប្រិយមិត្តអ្នកអាន ឲ្យបានស៊ីជម្រៅ អំពីសាលក្រមដ៏ថ្មីថ្មោងខាងលើ។

មនោរម្យ.អាំងហ្វូ ៖ ជម្រាបសួរលោក ព្រហ្ម គិត បាទ។ ជាដំបូង ខ្ញុំបាទសូមលោកមានប្រសាសន៍ យ៉ាងខ្លីថា តើនរណាជាអ្នកឈ្នះ នរណាជាអ្នកចាញ់ ក្នុងរឿងក្ដីក្ដាំមួយនេះ?

ព្រហ្ម គិត ៖ និយាយយ៉ាងខ្លី គឺលោក ហ៊ុន សែន ដែលជាម្ចាស់បណ្ដឹង ចាញ់ក្ដីលោក សម រង្ស៊ី ដែលជាចុងចោទ។

មនោរម្យ.អាំងហ្វូ ៖ បើនិយាយឲ្យលំអិតវិញ តើលោកអាចពន្យល់ប្រិយមិត្តអ្នកអាន យ៉ាងដូចម្ដេច អំពី ករណី ហ៊ុន សែន-សម រង្ស៊ី មួយនេះ ?

ព្រហ្ម គិត ៖ បើនិយាយពីទម្រង់ក្រៅ សាលក្រមតុលាការបារាំង មិនសូវខុសគ្នាប៉ុន្មាន ពីសាលក្រមតុលាការនៅកម្ពុជាយើងប៉ុន្មានទេ ព្រោះប្រព័ន្ធច្បាប់យើង យកគំរូតាមប្រព័ន្ធច្បាប់បារាំង។ ហើយបើគេចង់ដឹងតុលាការកាត់សេចក្ដី ថាភាគីណាចង់បានអ្វី ហើយថាបានដូចចិត្ត​ឬទេ? គេត្រូវចូលទៅមើលផ្នែកខាងក្រោមបំផុត នៃសាលក្រម។

បើគេមើលនៅក្នុងផ្នែកនេះ គឺតុលាការបានសរសេរឃ្លាមួយ​ជាភាសាបារាំងថា «Reçoit Hun sen en sa constitution de partie civile» ដែលមានន័យជាខេមរភាសាថា «ទទួលយកបណ្ដឹងរដ្ឋប្បវេណី របស់ឈ្មោះ ហ៊ុន សែន»។

តែតុលាការ​បានភ្ជាប់ឃ្លាពីរទៀត​ ឃ្លាទី១​សរសេរជាបារាំងថា «Renvoie Sam Rangsi des fins de la poursuite» បានសេចក្ដីជាខេមរភាសាថា «បិទបញ្ចប់ការចោទប្រកាន់ទៅលើឈ្មោះ សម រង្ស៊ី» និងឃ្លាទី២​សរសេរថា «Déboute Hun Sen à raison de la relaxe intervenue» ដែលជាខេមរភាសាមានសេចក្ដីថា «ច្រានចោល[ការចោទប្រកាន់របស់]ឈ្មោះ ហ៊ុន សែន ក្រោមហេតុផលនៃការលើកលែង[ការចោទប្រកាន់]ដែលបានសម្រេចរួច»។

ដូច្នេះ​ការចង់បានរបស់លោក ហ៊ុន សែន នៅក្នុងបណ្ដឹង​ដែលប្ដឹងចោទលោក សម រង្ស៊ី ពីបទបរិហារកេរ្ដិ៍​និងទាមទារឲ្យបង់សំណង់ជំងឺចិត្ត ជានិមិត្តរូបចំនួន​១អ៊ឺរ៉ូនោះ ត្រូវបានតុលាការបារាំងទាត់ចោល។ អញ្ចឹងបើតុលាការទាត់ចោល បានន័យថាលោក ហ៊ុន សែន ខកខានមិនបានដូចបំណង គឺស្មើនឹងលោក ហ៊ុន សែន ចាញ់ក្ដីលោក សម រង្ស៊ី។

រីឯនៅក្នុងឃ្លាទី៤ តុលាការបារាំងសរសរថា «Déboute Sam Rangsi de sa demande formée au titre des dépenses» មានន័យជាខេមរភាសាថា «ច្រានចោល[ការទាមទាររបស់]ឈ្មោះ សម រង្ស៊ី ឲ្យមានការបង់សង​ការចំណាយទាំងឡាយ» ព្រោះលោក សម រង្ស៊ី បានស្នើសុំតុលាការ​សម្រេចឲ្យដើមចោទ​គឺលោក ហ៊ុន សែន សងការខូចខាត (ក្នុងនោះមានការចំណាយ​លើថ្លៃមេធាវីជាដើម) ប្រសិនជាលោក រង្ស៊ី ឈ្នះក្ដី។

ឃ្លាទី៤នេះ អាចពន្យល់បានថា តុលាការឲ្យលោក សម រង្ស៊ី ឈ្នះក្ដី តែមិនឲ្យលោក ហ៊ុន សែន សងថ្លៃការខូចខាតទៅលោក រង្ស៊ី ទេ។

មនោរម្យ.អាំងហ្វូ ៖ បើលោក សម រង្ស៊ី ឈ្នះក្ដីដូច្នេះហើយ ថាតើហេតុអ្វីលោក ហ៊ុន សែន បានប្រកាសថា គឺរូបលោកទៅវិញទេ ដែលបានឈ្នះក្ដីលើលោក សម រង្ស៊ី ព្រោះតុលាការបានសរសេរ នៅក្នុងសាលក្រម អំពីអ្វីដែលលោកចង់បាន…

ព្រហ្ម គិត ៖ ខ្ញុំបានឃើញហើយ អំពីអ្វីដែលលោក ហ៊ុន សែន និងគ្នីគ្នារបស់លោក ខំប្រឹងបកស្រាយ។ តែគេមិនគួរយល់ច្រឡំ អំពីអង្គហេតុ ឬហៅម្យ៉ាងទៀតថា ជាអង្គយោងទឡ្ហីករណ៍ ទៅនឹងការសម្រេចរបស់ចៅក្រមនោះទេ។

ដូចខ្ញុំនិយាយខាងលើរួចថា សាលក្រមមានសរសេរពន្យល់នៅផ្នែកទីមួយ ដែលនិយាយពីរាល់អង្គហេតុ មុននឹងសរសេរដល់ផ្នែកទី២ ដែលជាការសម្រេចក្ដី​នៅចុងបញ្ចប់។ អង្គហេតុនេះ គឺតុលាការត្រូវតែសរសេរអំពីអ្វី ដែលដើមចោទ និងចុងចោទបានលើកឡើង នៅក្នុងសវនាការ ជាពិសេស កឺការបកស្រាយ​របស់ដើមចោទ​គឺលោក ហ៊ុន សែន តាមរយៈមេធាវី និងការស្រាយបន្ទុករបស់ចុងចោទ​គឺលោក សម រង្ស៊ី ខ្លួនលោក និងមេធាវីរបស់គាត់។

ប្រសិនបើលោក ហ៊ុន សែន លើកយកអង្គហេតុប៉ុន្មានឃ្លា ដែលជាការលើកឡើង របស់ភាគីដើមបណ្ដឹងរបស់លោកខ្លួនឯង មកនិយាយដើម្បីយកត្រូវ… ឥឡូវខ្ញុំសួរទៅវិញ ហេតុម្ដេចក៏លោក ហ៊ុន សែន មិនលើកយកអង្គហេតុផ្សេងទៀត មកនិយាយអះអាងផង។ គាត់លើកឡើង ពីអង្គហេតុរបស់ភាគីខ្លួនគាត់លើកឡើងនៅតុលាការ ដែលសរុបមានប្រមាណជាមួយទំព័រ។ ចុះអង្គហេតុនៅសល់ជាង៦-៧ទំព័រទៀត ម៉េចគាត់មិនលើកមកនិយាយថា ?

មនោរម្យ.អាំងហ្វូ ៖ ដូច្នេះបានសេចក្ដីថា ការលើកឡើងរបស់លោក ហ៊ុន សែន ក្នុងពេលនេះ ជាអង្គហេតុដែលភាគីលោកខ្លួនឯង ជាអ្នកនិយាយនៅក្នុងសវនាការ ហើយដែលតុលាការសរសេរចម្លងឡើងវិញ ដាក់ក្នុងសាលក្រមរបស់ខ្លួន។ អញ្ចឹងថាតើអង្គហេតុជាង៥-៦ទំព័រផ្សេងទៀត នៅក្នុងសាលក្រមដដែល ដែលមិនមែនជាអង្គហេតុលើកឡើង ដោយក្រុមមេធាវីលោក ហ៊ុន សែន នោះ បានសរសេរឲ្យដឹងពីអ្វីខ្លះ ?

ព្រហ្ម គិត ៖ លោក ហ៊ុន សែន លើកឡើងអំពីភាពស្អាតស្អំរបស់គាត់។ លោក សម រង្ស៊ី ក៏ទទួលស្គាល់ដែរថា គាត់គ្មានភស្ដុតាងរឹង មកបញ្ជាក់លើពាក្យសំដីគាត់ ដែលសរសេរនៅលើហ្វេសប៊ុក ក្នុងខែមិថុនា ឆ្នាំ២០១៩នោះទេ។

តែបើទោះលោក សម រង្ស៊ី ថាគាត់គ្មានភស្ដុតាងនោះក្ដី តែមិនមែនមានន័យថា ការស្លាប់របស់លោក ហុក ឡងឌី ត្រូវបានលាងសម្អាតនោះឡើយ ព្រោះលោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់គាត់ មិនដែលអនុញ្ញាត​ឲ្យមានការស៊ើបអង្កេត​ដោយអង្គភាព​ឯករាជ្យណាមួយទេ កុំថាឡើយលោក សម រង្ស៊ី ចូលទៅស៊ើបអង្កេតខ្លួនឯង។

ជាពិសេសជាងនេះ អាជ្ញាធរ​នៅកម្ពុជា​ធ្វើការស៊ើបអង្កេត ទៅតាមបញ្ជារបស់លោក ហ៊ុន សែន តែប៉ុណ្ណោះ។ អញ្ចឹង​បើទោះលោក ហ៊ុន សែន និងក្រុមមេធាវីរបស់គាត់ ខំប្រឹងបកស្រាយបែបណា ក៏របាយការណ៍របស់ភាគីគាត់ ពិបាកធ្វើឲ្យតុលាការជឿជាក់ណាស់។

ផ្ទុយទៅវិញ តុលាការបានទទួលយកមកពិនិត្យ នូវទឡ្ហីករណ៍​របស់ភាគីទី៣ ដែលល្បីល្បាញក្នុងពិភពលោក ថាជាស្ថាប័នឯករាជ្យ នោះគឺរបាយការណ៍ទាក់ទងនឹងការសម្លាប់មេដឹកនាំសហជីព (លោក ជា វិជ្ជា) ដែលចេញផ្សាយ​​ដោយអង្គការ​លើកលែងទោស​អន្តរជាតិ «Amnesty International» និងអង្គការឃ្លាំមើលសិទ្ធិមនុស្ស «Human Rights Watch»។ របាយការណ៍ទាំងនោះ បានអះអាងថា ជនដៃដល់នៅពីក្រោយការបាញ់សម្លាប់នេះ​ទំនងជាលោក ហុក ឡងឌី ដែលធ្វើតាមបញ្ជារបស់លោក ហ៊ុន សែន។

នៅមានសំដីរបស់លោក ហេង ពៅ អតីតស្នងការក្រុងភ្នំពេញទៀត ដែលបានផ្ដល់កិច្ដសម្ភាស ទៅឲ្យទស្សនាវដ្ដី «L’Express» នៅឆ្នាំ២០០៦ និងអះអាងបន្ថែមដោយលោក សូ ណារ៉ូ ក៏ត្រូវបានតុលាការលើកមកសរសេរ នៅក្នុងសាលក្រមដែរ។

គឺទាំងអស់នេះហើយ ដែលជាអង្គហេតុនៅក្នុងសាលក្រម ប្រមាណជាជិត១០ទំព័រផ្សេងទៀត ហើយដែលធ្វើឲ្យចៅក្រមពិចារណាឃើញថា សំណេររបស់លោក សម រង្ស៊ី នៅលើបណ្ដាញសង្គម មិនមែនជាការលើកឡើង ដើម្បី​បំផ្លាញ​កេរ្ដិ៍ឈ្មោះ​បុគ្គលសាធារណៈ គឺលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយគ្មានហេតុផលនោះឡើយ។

ភាពស្មោះត្រង់ មានប្រយោជន៍សាធារណៈ និងមានទឡ្ហីករណ៍គ្រប់គ្រាន់

មនោរម្យ.អាំងហ្វូ ៖ តើតុលាការមានលើកឡើង ពីមាត្រាច្បាប់អ្វីមួយ មកអះអាងក្នុងសាលក្រមឬទេ ?

ព្រហ្ម គិត ៖ តុលាការបារាំងបានលើកឡើង ពីច្បាប់ចំនួនពីរ។ ទីមួយ ពីមាត្រា២៩ នៃច្បាប់ ២៩កក្កដា ឆ្នាំ១៨៨១ ដែលចែងពីទម្រង់នៃការបរិហារកេរ្ដិ៍ និងទីពីរ ពីមាត្រា១០ នៃអនុសញ្ញានៃសហភាពអ៊ឺរ៉ុប ស្ដីពីសិទ្ធិមនុស្ស ដែលចែងពីភាពស្មោះត្រង់ ក្នុងការលើកឡើងនោះ។

ស្ថាប័នអយ្យការបារាំង​បានអះអាងថា សំណេររបស់លោក សម រង្ស៊ី មានទម្រង់ជាការបរិហារកេរ្ដិ៍ ព្រោះស្ថាប័ននេះយោងតាមច្បាប់បារាំងខាងលើ តែបានបញ្ជាក់ថា វាជាឆន្ទានុសិទ្ធិរបស់ចៅក្រម​ក្នុងការកំណត់ថា តើសំណេរនោះបានលើកឡើង ដោយភាពស្មោះត្រង់ ហើយថា តើការពិភាក្សានោះ ជាកិច្ច​ឆ្លើយតប​នឹងប្រយោជន៍សាធារណៈ និងមានទឡ្ហីករណ៍គ្រប់គ្រាន់ ដើម្បីទាញទៅដល់សេចក្ដីសន្និដ្ឋាន ដូចក្នុងសំណេរលោក សម រង្ស៊ី ឬយ៉ាងណា។

មនោរម្យ.អាំងហ្វូ ៖ ដូច្នេះ មិនមានសេចក្ដីថា តុលាការបារាំងយកច្បាប់របស់សហភាពអ៊ឺរ៉ុប មកអនុគ្រោះទោសឲ្យលោក សម រង្ស៊ី ដូចការលើកឡើងរបស់លោក ហ៊ុន សែន ទេឬ ?

ព្រហ្ម គិត ៖ ត្រូវស្គាល់អ៊ឺរ៉ុបឲ្យច្បាស់ ដើម្បីនិយាយទៅមិនភ្លាវ។ ប្រទេសបារាំង ជាស្ថាបនិកដ៏ធំជាងគេមួយ នៃការកសាងឡើងនូវអនុសញ្ញាអ៊ឺរ៉ុប ឆ្នាំ១៩៥០ មុននឹងសហភាពអ៊ឺរ៉ុប​កើតឡើង​នៅឆ្នាំ១៩៥៧។ ហើយអ្នកដែលសកម្ម ចូលរួមធ្វើអនុសញ្ញានេះ គឺបារាំងនេះហើយ។ អញ្ចឹងបារាំង ជាអ្នកប្រកាសធ្វើ ជាអ្នកចូលរួមធ្វើ ជាម្ចាស់ហត្ថលេខី… តើវាមានន័យថា បារាំងត្រូវបោះចោលអនុសញ្ញានេះ ទៅក្នុងធុងសម្រាមឬ?

ខ្ញុំនិយាយឡើងវិញថា ចៅក្រមបានទទួលមក​ធ្វើការ​ពិចារណា នូវអង្គហេតុរបស់ដើមចោទ និងរបស់ចុងចោទ។ ហើយចៅក្រមក៏ពិចារណាដែរ ពីរបាយការណ៍​របស់ភាគីឯករាជ្យផ្សេងទៀត។ អញ្ចឹងហើយ ទើបឈានទៅដលការចាត់ទុកសំណេរ របស់លោក សម រង្ស៊ី ថាមានភាពស្មោះត្រង់ ធ្វើឡើងក្នុងប្រយោជន៍សាធារណៈ និងមានទឡ្ហីករណ៍គ្រប់គ្រាន់។ តែមិនមែនជាការអនុគ្រោះ ឬជាការលើកលែងទោសនោះទេ។

ជាពិសេស ភាពស្មោះត្រង់នេះ មិនមាននៅក្នុងភាគីម្ចាស់បណ្ដឹងទេ ពោលគឺលោក ហ៊ុន សែន ចង់ខ្ចីដៃតុលាការបារាំង ដើម្បីបំបាក់គូរបដិបក្ខនយោបាយរបស់លោក។

ក្នុងការស្លាប់របស់លោក ហុក ឡងឌី លោក ហ៊ុន សែន អះអាងថាលោកស្អាតស្អំ អញ្ចឹងលោកអនុញ្ញាតឲ្យមានការស៊ើបអង្កេត ដោយឯករាជ្យមួយទៅ អនុញ្ញាតឲ្យលោក សម រង្ស៊ី អាចចូលក្នុងប្រទេស ទៅ​ស្វែងរកភស្ដុតាងទៅ។ បើរកមិនបាន​និងនៅតែនិយាយ នោះទើបពិតជាបរិហារកេរ្ដិ៍ប្រាកដមែន។ 

មនោរម្យ.អាំងហ្វូ ៖ យើងដឹងពីនរណាចាញ់ ពីនរណាឈ្នះ។ ឥឡូវនេះ សុំសួរលោក ព្រហ្ម គិត ចុងក្រោយថា តើនរណាជាអ្នកខាត នរណាជាអ្នកចំណេញ ?

ព្រហ្ម គិត ៖ អ្នកខាត គឺប្រទេសកម្ពុជា ព្រោះរូបភាពដែលចេញ ពីសាលក្រមនេះ បង្ហាញពីការបាញ់បោះ​កាប់ចាក់ ពីទិដ្ឋភាពនយោបាយ និងសភាពផ្ដាច់ការ នៅក្នុងរបបដឹកនាំរបស់លោក ហ៊ុន សែន ជាង៣០ឆ្នាំមកនេះ។ រីឯអ្នកចំណេញ គឺក្រុមមេធាវីរបស់លោក ហ៊ុន សែន៕



លំអិតបន្ថែមទៀត

របាយការណ៍

«ក្លាយ​ជាទាសករ ព្រោះ​ប្រាក់​បំណុល»

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងមិនដាច់ពីមាត់ ពីភាពប្រសើរឡើង នៃជីវភាពប្រជាជន នៅក្នុងប្រទេសកម្ពុជានោះ តែបណ្ដាជនខ្មែរជាច្រើន កំពុងស្ថិតក្នុងសភាពជំពាក់បំណុលវ័ណ្ឌក រហូតត្រូវបង្ខំចិត្ត បោះបង់ចោលស្រូវស្រែចំការ ហើយមកធ្វើការជាកម្មករ ដើម្បីដោះបំណុល ...
កម្ពុជា

សម រង្ស៊ី ថា EU ដាក់កម្ពុជា​ចូល​«បញ្ជីខ្មៅ»​ព្រោះ​«ប្រព័ន្ធពុករលួយ»

សម្រាប់ប្រធានស្ដីទីគណបក្សប្រឆាំង បានលើកឡើងថា ការដាក់កម្ពុជា​ចូលក្នុង​«បញ្ជីខ្មៅ» ពីសំណាក់​សហភាព​អ៊ឺរ៉ុប ឬ «EU»  គឺមានជាប់ទាក់ទង នឹង​ឧស្សាហកម្ម​ល្បែងស៊ីសង ដែលរីកដុះដាលដូចផ្សិត នៅកម្ពុជា និងការផ្ទេរប្រាក់ ដ៏គួរឲ្យសង្ស័យ ដើម្បីទិញ​អចលនទ្រព្យ។ ...
កម្ពុជា

អ.ស.ប នឹងប្រជុំ​ពិនិត្យមើល​ស្ថានភាព​«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងចុងខែនេះ

ក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំ ដើម្បីពិនិត្យមើលកំណត់ត្រា«សិទ្ធិមនុស្សនៅកម្ពុជា» ក្នុងថ្ងៃពុធទី៣០ ខែមករា ឆ្នាំ២០១៩ខាងមុខ។ ប្រទេសចំនួន៨៣ បានចុះឈ្មោះនៅក្នុងបញ្ជី នៃរបៀបវារៈរបស់កិច្ចប្រជុំ ដើម្បីលើកឡើង ពីស្ថានភាពសិទ្ធិមនុស្ស នៅក្នុងរាជាណាចក្រមួយនេះ។ ...

យល់ស៊ីជម្រៅផ្នែក កិច្ចសម្ភាស

កិច្ចសម្ភាស

HRW ៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

កិច្ចសម្ភាស

កិច្ចសម្ភាស​សាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

តើពាក្យសំដី​ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នា​រវាងសំដី ...
កិច្ចសម្ភាស

សម្ភាស​ជនរង​គ្រោះ​ក្នុង​ថ្ងៃ​៣០​មិនា​១៩៩៧៖ ការឈឺចាប់ និង​យុត្តិធម៌

បើទោះបីជាព្រឹត្តិការណ៍គប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ នៅមុខអតីត មន្ទីររដ្ឋសភា បានកន្លង​អស់​១៧ឆ្នាំហើយ ក៏មែនពិត តែ«ការឈឺចាប់ ការស្វែងរកយុត្តិធម៌ និងការបន្សល់ នូវស្នាមរបួស» នៅតែជាការចងចាំ ...

Comments are closed.