នៅទសវត្សឆ្នាំ៦០ វិស័យភាពយន្ត​ខ្មែរ បានងើបឡើងយ៉ាងខ្ពស់ត្រដែត ហើយបាន​ធ្លាក់​មកដល់ ​សឹងតែ​ចំណុចសូន្យ នៅក្នុងសម័យសង្គ្រាម ជាពិសេស​នៅក្នុង​របប​វាលពិឃាត បីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃ។ វិស័យ​ភាពយន្ដ​ខ្មែរនេះ បានងើបឡើងមកវិញ នៅចុង​ទសវត្សឆ្នាំ ៨០ ក្រោយសង្រ្គាម ហើយបានធ្លាក់ដាំដូង​ចុះ​មក​វិញ​យ៉ាង​លឿនទៀត តែ​ប៉ុន្មាន​ឆ្នាំក្រោយមកប៉ុណ្ណោះ។

លោក អ៊ីវង់ ហែម ជាសមិទ្ធិករភាពយន្ដម្នាក់ ក្នុង​ចំណោម​សមិទ្ធិករភាពយន្ដដទៃទៀត ដែលបាននៅរួចរស់មាន ជីវិតពីសង្រ្គាម ហើយបានចូលរួម​ស្ដារ​វិស័យ​នេះ​ នៅចុង​ទសវត្សទី៨០នោះ ជាមួយនឹង​ភាពយន្ដ​ដំបូងមួយ​របស់លោក មាន​ចំណងជើង​ថា «ស្រមោល​អន្ធកាល»។

ដើម្បីជាការគោរពដល់វិញ្ញាណក្ខន្ធរបស់លោក អ៊ីវង់ ហែម ដែលបានទទួលមរណៈភាព កាល​ពីថ្ងៃទី៨ ​ខែ​សីហា ឆ្នាំ២០១២​កន្លងទៅ ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ សូមបង្ហាញ​ជូន​នូវកិច្ចសំភាសមួយ ក៏ដូច​ជា​ប្រវត្តិ​សង្ខេប នៃជីវិតរបស់សមិទ្ធិកររូបនេះ រៀបរៀង​ដោយ​អ្នកកាសែតបារាំង លោក ឡឺបា អាឡាំង (LEBAS Alain) ហើយ​បានផ្សាយនៅក្នុង​កាសែតបារាំង លីបេរ៉ាទីយ៉ុង (Libération) តាំងពីថ្ងៃ១៤ ខែមេសា ឆ្នាំ​១៩៩៧​។

សូម​បញ្ជាក់ថា រាល់ព្រឹត្តិការណ៍នៅក្នុងអត្ថបទខាងក្រោមនេះ អាចជាព្រឹត្តិការណ៍ ដែល​កើតមាន តែ​នៅ​ជុំវិញ​សម័យកាលនៃឆ្នាំ ដែលកាសែតបារាំងបានចុះផ្សាយ ហើយអាច​មិនមែន ជា​ព្រឹត្តិការណ៍​​ដែល​កើត​មាន​ នៅ​ថ្ងៃនេះទេ។

អ៊ីវង់ ហែម និមិត្តរូបនៃ«វិស័យភាពយន្ត​ខ្មែរ» ដែលបាន​ស្លាប់ជា​មួយ​សង្គ្រាម

«វិស័យភាពយន្តខ្មែរ លែងមានវត្តមានទៀតហើយ» ក្រោយពីសម័យកាល​ដ៏រុងរឿង​នៃវិស័យសិល្បៈទី៧ លោក អ៊ីវង់ ហែម បាននិយាយថា លោកបានឆ្លងកាត់​ការលេបថ្ម​លេបគ្រួស យ៉ាងជូរចត់មួយ នៅ​ក្នុង​ឆាក​ជីវិតរបស់លោក។ ក្នុងទសវត្សន៍ ឆ្នាំ៦០ ដែល​ជាសម័យកាលដ៏រុងរឿង នៃវិស័យភាពយន្តខ្មែរ លោកមាន​ស្ទូឌីយ៉ូថតកុន​ផ្ទាល់ខ្លួនមួយ សំរាប់ថត​ភាពយន្ត ទំហំ១៦មម ដើម្បីសម្រេចនូវបំណងប្រាថ្នារបស់លោក។ នៅរាជធានី​ភ្នំពេញនាសម័យនោះ ខ្សែភាពយន្តរបស់លោក ត្រូវបាន ចាក់បញ្ចាំងនៅរោងភាពយន្ដ​ជាង​៣០​រោង។

បច្ចុប្បន្ននេះ លោកបានផលិត ជាខ្សែវីដេអូខ្លីៗ សំរាប់ការអប់រំ ឲ្យ​អង្គការ យូនីសែហ្វ (Unicef) ដោយ​ប្រើម៉ាស៊ីនថតវីដេអូជាកាសែត វីអេជអែស (Caméscope VHS)។ លោក​បានសម្តែង ការសោក​ស្តាយ​ថា៖ «បើមិនធ្វើដូច្នេះទេ ខ្ញុំមិនអាចចិញ្ចឹម​គ្រួសារ​របស់​ខ្ញុំបានទេ។»

អ្វីដែលយើងមើលនៅក្នុងភាពយន្ដជំរើស ដែលគេបានដាក់បញ្ចាំង នៅក្នុង​មហោស្រព​ភាពយន្ដ និងរូបភាព ប៊ីយាំងណាល់ (Biennale) ដែលបានបញ្ចប់ទៅ កាលពីថ្ងៃទីទី៥ មេសាកន្លងទៅ នៅទីក្រុងភ្នំពេញ ធ្វើ​អោយ​យើងមិនពិបាកយល់ នូវអ្វី ដែលលោក អ៊ីវង់ ហែម និយាយពីខាងលើនោះទេ។

នៅក្នុងមហោស្រព គេមើល​ឃើញមានតែ​ភាពយន្ដ​ប៉ុន្មាន​ប៉ុណ្ណោះ ដែលបានដាក់បញ្ចាំង ក្នុងនោះ​ខ្សែភាពយន្ត​ថ្មីស្រឡាង​មួយ ជា​ស្នា​ព្រះហស្ថ​​របស់ព្រះបាទ នរោត្តម សីហនុ (ព្រះ​មហាក្សត្រ​​របស់ប្រទេស​កម្ពុជា​​នៅពេលនោះ ហើយ​ព្រះអង្គ​ជាអ្នក​និពន្ធផង ជាង​គំនូរ អ្នកនិពន្ធភ្លេង អ្នកលេងភ្លេង តួសម្តែង និងជាសមិទ្ធិករ ដែលបានផលិត​ខ្សែភាពយន្ត​ ជា​ច្រើន​ផង) ត្រូវបានអ្នករៀបចំ​ចាត់ចែង​មហោស្រព​បារាំង ចាក់​បញ្ចាំង​នៅក្នុងពិធី​​បើក​មហោ​ស្រពដំបូង ដើម្បី​ជាការគោរព​ដល់​ព្រះរាជ​បល័ង្គ​ខ្មែរ។ ខ្សែរភាពយន្ដនេះ ជា​ការផលិតរួម​រវាង​ផលិតកម្ម បារាំង-ខ្មែរ មានឈ្មោះថា វ៉ារ៉ង់ (Varan)។

បន្ទាប់មកទៀត គេបាន​បញ្ចាំង​ខ្សែភាពយន្ត​ ចំនួន​៣ទៀត ដែល​ជា​សមិទ្ធិផល របស់​លោក លី ប៊ុនយីម តាំងពី​ទស្សវត្សឆ្នាំ ៦០ និង រឿង«ស្រមោលអន្ធកាល» ជា​ភាពយន្ដ​ឃោសនា អោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលដឹកនាំថតដោយលោក អ៊ីវង់ ហែម នេះ ក្នុង​ឆ្នាំ​១៩៨៨។

៣ឆ្នាំ ប្រាំបីខែ ម្ភែថ្ងៃ នៃការរស់នៅ​ប្រកបដោយ​ការភ័យ​ខ្លាច

វាសនារបស់លោក អ៊ីវង់ ហែម និងរបស់វិស័យ សិល្បៈទី៧ គឺស្ថិតនៅលើដងវិថីតែមួយ នឹង​វាសនា​របស់​ប្រទេសកម្ពុជា។ លោកបានរំលឹកដែរថា៖ «ភាពយន្តខ្មែរសម័យមុន មាន​គុណភាព​​ស្មើនឹងភាពយន្តថៃ​ សព្វ​ថ្ងៃនេះ»។

គឺបងស្រីរបស់លោក ឈ្មោះ ម៉ារី ហែម ជាអ្នក​ត្រួសត្រាយផ្លូវ​សំរាប់លោក។ នៅឆ្នាំ​១៩៦២ សមិទ្ធិករ​ភាពយន្តបារាំង លោក ម៉ាកសែល កាមុស (Marcel Camus) បានធ្វើដំណើរ​មក​ប្រទេសកម្ពុជា ដើម្បី​ថតរឿង «បក្សីនៃថានសួគ៌» ដែលមាន​នាង ម៉ារី ហែម នេះជាតួអង្គ​ស្រី។ លោក អ៊ីវង់ ហែម ពេលនោះ​​អាយុ ២០ ឆ្នាំ មានអារម្មណ៍​រំភើប​ជាខ្លាំង ដោយបាន​ឃើញ​​ពី «ភាពអស្ចារ្យនៃ​កន្លែងថត ខ្សែភាពយន្ត» ហើយ​​លោក​​ក៏បាន​ចុះឈ្មោះ​រៀន​ពី​ចំងាយ ជាមួយនឹងវិទ្យាស្ថាន​ជាន់ខ្ពស់​​នៃភាពយន្ត (Idhec) ក្នុងប្រទេស​បារាំង។

បន្ទាប់​មកទៀត លោកបានធ្វើដំណើរ ទៅកាន់ប្រទេសបារាំង ដើម្បីចុះកម្មសិក្សា ហើយ​បាន​ទិញ​ម៉ាស៊ីន​ថត​កុន​ទីមួយ ​របស់លោក​ខ្នាត១៦មម។ រវាងឆ្នាំ ១៩៦៥ និង ១៩៧០ លោក​​បានផលិតខ្សែភាពយន្ត​បាន​ជាង​២០រឿង។ លោកបាន មានប្រសាសន៍ថា៖ «ខ្ញុំបាន​ត្រៀមថតខ្សែភាពយន្ត ទំហំ៣៥មម នៅ​ពេល​ដែល​​សង្គ្រាម​​បានផ្ទុះឡើង»។

នៅឆ្នាំ១៩៧៥ ខ្មែរក្រហមនិយមម៉ៅ បានវាយកាន់កាប់​រាជធានីភ្នំពេញ ពីរបបលន់ ណុល។ ជាលទ្ធផល នៃការ​កាន់អំណាចអស់ រយះពេល​​ជាងបីឆ្នាំរបស់របបវាលពិឃាត គឺ​ប្រជាជនស្លូតត្រង់ ចំនួនពី១លានកន្លះ ទៅ​២លាននាក់ ត្រូវនឹងមួយភាគបី នៃ​ប្រជាជន​សរុប បានស្លាប់បាត់បង់ជីវិត។ លោក អ៊ីវង់ ពុំមានអ្វីបន្ថែមច្រើនទេ ដោយគ្រាន់តែ​និយាយ​ថា៖

«ខ្មែរក្រហមបានសំលាប់ប្រពន្ធ និងកូនទាំងបួនរបស់ខ្ញុំ។»

នៅឆ្នាំ១៩៧៩ កងទ័ពរបស់ប្រទេសវៀតណាម បានបណ្តេញខ្មែរក្រហមចេញពីអំណាច ហើយបានដាក់​បន្តុប​របប​កុម្មុយនីសមួយទៀត នៅទីក្រុងភ្នំពេញ។ លោក អ៊ីវង់ ហែម រើសប្រមូលបាន​ម៉ាស៊ីនថតចំនួន ៧គ្រឿង ដែលគេបោះបង់ ចោលនៅតាមផ្លូវ កណ្ដាល​រាជធានី ហើយលោកបានជួសជុល​ឲ្យដំណើរការ​ បានពីរគ្រឿង ប៉ុន្តែមិនអាច​ថតភាពយន្ត​បានទេ។

លោកបានធ្វើ ដំណើរទៅមកពីភ្នំពេញ ទៅ ព្រៃនគរ (ទីក្រុង​ហូជីមីញសព្វថ្ងៃ) ដើម្បី​ធ្វើការ​ផ្តោះប្តូរសំភារៈ ដែល​ទាហានអាមេរិក បានបន្សល់ទុកនៅទីនោះ។ បន្តិច​ម្តងៗ លោកបាន​សាងសង់​ឡើងវិញ នូវស្ទូឌីយ៉ូថតកុន ដែលមានលក្ខណៈចំរុះមួយ។ នៅគ្រានោះហើយ ដែល​លោកបានរៀបការសារជាថ្មី ជាមួយនឹងប្អូនថ្លៃរបស់លោក ហើយបង្កើតបាន​កូន​បួន​នាក់​​​មកទៀត។

លោក​បាននិយាយ ដោយ​អ៊ឹមអៀន​ខ្លះៗ​ថា៖

«ខ្ញុំមានកូនបួននាក់ ដែលត្រូវ​ខ្មែរក្រហម​សំលាប់ចោល ហើយ​ឥឡូវ​នេះ ខ្ញុំមានកូន បួន​នាក់​ទៀត។ បើនិយាយមែនទែនទៅ គឺ​បួន​ទៅ​បួនមក មិនមានអ្វីផ្លាស់ប្តូរទេ។»

លុះត្រាមកដល់ឆ្នាំ១៩៨៨ ទើបសមិទ្ធិករភាពយន្តរូបនេះ ទទួលបានការអនុញ្ញាត ក្នុង​ការថតខ្សែ​ភាពយន្ត ​​សារជាថ្មី។ ដោយសារហេតុនេះហើយ ទើបខ្សែភាពយន្ត​«ស្រមោល​អន្ធកាល» ត្រូវបានចាប់​កំណើត ហើយជាខ្សែ​ភាពយន្ត​ឃោសនា អោយរបបមួយ ដែល​លើក​បន្តុបឡើង​ដោយវៀតណាម មាន​លក្ខណៈ​​ប្រហាក់ប្រហែល នឹង​ភាពយន្ដ​អាមេរិកាំង​ឈ្មោះ «វាលពិឃាត»។

ទោះបីជាខ្សែភាពយន្ដ«ស្រមោល​អន្ធកាល» ត្រូវ​បាន​ផលិត និងផ្តល់ហិរញ្ញវត្ថុ ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅពេលនោះក៏ដោយ ក៏វានៅតែជា ខ្សែ​ភាពយន្ត ដែលកើត​ចេញ​​​ពីបាតដៃ​របស់លោកដដែល។

លោក អ៊ីវង់ ហែម បាននិយាយការពារស្នាដៃលោក​ថា៖ «វា​ប្រាកដ​​ណាស់ ដែលថាខ្សែ​ភាពយន្តនេះ គឺជា​រឿងប្រឌិត​សំរាប់ឃោសនា។ ប៉ុន្តែ បើនិយាយពី​បច្ចេកទេស​ថត និង​គុណភាព​ផ្នែកសិល្បៈ វាគឺជា​ជោគជ័យ​មួយ។»

លោកបានបន្ថែមថា៖ «វាជាការពិត ដែល​វៀតណាម​​បាន​ជួយ​សង្គ្រោះយើង ពី​កណ្តាប់​ដៃ​ខ្មែរក្រហម។» តែជា​រឿងមួយ​ពិបាក សំរាប់ទស្សនិកជនខ្មែរ ក្នុងការ​ទទួល​យក ពីព្រោះថា អ្នក​រំដោះពួកគេ ក៏ជាសត្រូវ​ប្រវត្តិសាស្ត្រ​របស់ពួកគេដែរ។

គ្មានទេការសងសឹក!

នៅឆ្នាំ ១៩៩០ ប្រទេសកម្ពុជាបានចាប់ផ្ដើមរស់រាន​មានជីវិតឡើងវិញ នៅសឹង​គ្រប់​វិស័យ រាប់ទាំង​«វិស័យភាពយន្ត​ខ្មែរ»​ផង។ បន្ទាប់ពីបាន​រួច​ផុត ពីការហាមឃាត់ នៅក្នុងរបប​កុម្មុយនីស លោក អ៊ីវង់ ហែម បានផលិតចេញ​នូវខ្សែភាពយន្តមួយ មាន​ចំណងជើងថា «មហិច្ឆតាបីសាច» ដែលដក​ស្រង់​​ពីរឿងព្រេងខ្មែរ។ អ្នកផ្គត់ផ្គង់ហិរញ្ញវត្ថុ សំរាប់ថត​រឿង​នេះ គឺខ្មែរដែលរស់នៅឯនាយ សមុទ្រ។

ខ្សែភាពយន្តនេះបានបកស្រាយ អំពីការសងសឹក៖ មានមហេសីស្ដេច​មួយអង្គ បានលង់​ស្រលាញ់ធ្មប់ប្រុសម្នាក់ រហូតមានផ្ទៃពោះ។ ស្តេចមានសេចក្តីក្រេវក្រោដយ៉ាងខ្លាំង ហើយ​បានប្រហារជីវិតមហេសីនោះ ប៉ុន្តែ​ព្រះមហេសី​នោះ នៅតែប្រសូតបានបុត្រមួយ ដែល​មាន​​រូបរាង​​ជា​បីសាច។ រាជបុត្រា​ស្នងរាជ ក៏បានលង់ស្នេហ៍​នឹងបីសាចនេះទៀត ហើយ ក៏បង្កើតបាន​​កូនបីសាច​ម្នាក់​ទៀត។

ជា​សារ​មួយ ដែលឆ្លុះឲ្យឃើញយ៉ាងច្បាស់៖ នៅប្រទេសកម្ពុជាដែលកាន់ ព្រះពុទ្ធសាសនា​ជា​យូរ​មក​ហើយ​នោះ ការសងសឹកមិនដូចជាចំណី ដែលត្រូវតែទទួលទានភ្លាមៗ ទាំងត្រជាក់​ឬក្ដៅ​នោះទេ។

លោក អ៊ីវង់ ហែម បានបញ្ជាក់ថា៖ «យើងត្រូវចេះអធ្យាស្រ័យគ្នា ហើយខ្មែរក្រហម​ក៏ជាខ្មែរ​ដែរ។ ការសង​សឹកទៅវិញទៅមក វានឹងក្លាយជាសង្គ្រាម ហើយយើងភ័យខ្លាច​នឹងសង្គ្រាម​ណាស់។»

វិស័យភាពយន្ត​ខ្មែរ និងសមិទ្ធិករបីរូប

ខ្សែភាពយន្តរឿង​«ស្រមោលអន្ធការ» និង«មហិច្ឆតាបីសាច» គឺជាខ្សែភាពយន្ត​តែ​ពីរខ្សែ​គត់ដែលលោក អ៊ីវង់ ហែម បាន ថតប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកមានគំរោង​ផ្សេង​ទៀត​ជាច្រើន។ ប៉ុន្តែលោកបដិសេធ មិនផលិតឲ្យ​ចេញ​ជារូបរាង ដោយធ្លោយ​ជា​សំដីថា «វាមានហនិភ័យច្រើនជ្រុល»។

ខ្មែរក្រហមបាន​បំផ្លាញ​ នូវសិល្បះទី៧ដល់ឬសគល់ ហើយសព្វថ្ងៃ ច្បាប់រក្សាសិទ្ធ និង​ការពារ​កម្មសិទ្ធបញ្ញា​ នៅខ្វះចន្លោះ លំហូរចូលដោយ​ខ្វះ​ការត្រួតពិនិត្យ នៃភាពយន្ដបរទេស និង​ការករកើត​ នៃ​ផលិតកម្ម​វីដេអូ​តូចៗ​ជាច្រើន ជា​ហេតុធ្វើឲ្យប៉ះពាល់ ដល់ការរស់រាន​​មាន​ជីវិត​​​ នៃវិស័យភាពយន្ដ។

លោក​លើកឡើងដូច្នេះថា៖

«បើ​អ្នក​ខំប្រឹងថតកុន ដោយប្រើបច្ចេកវិទ្យាទំហំ ១៦មម នៅ​ថ្ងៃនេះ តែនៅថ្ងៃស្អែក អ្នក​នឹងឃើញ សមិទ្ធិផលរបស់​អ្នកនេះ មានគេលួចចម្លង​ដាក់​លក់ ក្នុងតំលៃ​តែ២ដុល្លារ​ប៉ុណ្ណោះ នៅក្នុងទីផ្សារនានា នៃរាជធានីភ្នំពេញ។»

ជា​មូលហេតុ​ចំបង​មួយ ដែលសូម្បីតែលោក លី ប៊ុនយីម សមិទ្ធិករជើងចាស់ដែរនោះ ក៏​លោក​មិន​ផលិត​ឡើង​វិញដែរ។ នៅរាជធានី​ភ្នំពេញ មានរោងភាពយន្តចាស់ៗ ប្រមាណ​ជាបី ទៅបួនរោងប៉ុណ្ណោះ ដែលបញ្ចាំង​ភាពយន្ដ​ មកពីប្រទេសថៃ ឬមកពីចិនហុងកុង។

នៅក្នុងកិច្ចពិភាក្សាមួយ ទាក់ទងនឹងខ្សែភាពយន្ត ប្រព្រឹត្តិឡើងនៅ​សកលវិទ្យាល័យ​ភូមិន្ន​ភ្នំពេញ និស្សិត​ម្នាក់​បានត្អូញថា៖

«ក្រៅពីម៉ោងបញ្ចាំង ដែលជារឿយៗ​យឺតជាង​ម៉ោងកំណត់នោះ នៅក្នុងរោងកុន​មាន​សភាព​​ក្តៅ​ស្អុះស្អាប់ ហើយតំលៃសំបុត្រ ក៏ថ្លៃ​ណាស់ដែរ (ពី២៥០០រៀល ទៅ ៥០០០រៀល)។ តែបើខ្ញុំ​ជួល​កាសែតវិញ ខ្ញុំចំណាយត្រឹមតែ ៥០០រៀលប៉ុណ្ណោះ ហើយខ្ញុំអាចទុកវា ដល់ទៅមួយសប្តាហ៍។»

ប្រធាននាយកដ្ឋានភាពយន្ត នៃក្រសួងវប្បធម៌របស់ប្រទេសកម្ពុជា បានរៀបរាប់ក្នុង​កាសែត​ភ្នំពេញប៉ុស្តិ ប៉ុន្មានថ្ងៃ​មុនការបើកមហោស្រព ប៊ីយាំងណាល់ (Biennale) នោះថា៖

«ព្រះមហាក្សត្រតែមួយអង្គគត់ ដែល​ហ៊ាន​ផលិត​ខ្សែភាពយន្ត។ ចំណែកឯ​សមិទ្ធករ​ដទៃទៀត ត្រូវមានអាជីពផ្សេងទៀត ដើម្បីរស់។»

ចន្លោះពី​ឆ្នាំ១៩៦៦ ដល់១៩៩៥​ ព្រះរាជបល័ង្គ​ផលិតភាពយន្ត​បានចំនួន២៤ ។ មាន​ខ្សែ​ភាពយន្តខ្លះ មាន​លក្ខណៈ​ជា​ភាពយន្ដស្នេហា ហើយមានរយៈពេល ដល់ទៅបួនម៉ោង។ ពាក្យសន្ទនា ក្នុងខ្សែភាពយន្តមាន​លក្ខណៈ​យឺតៗ ហើយតួសម្តែងភាគច្រើន សុទ្ធតែ​ជា​ព្រះញាតិវង្ស រឺមន្ត្រីជាន់ខ្ពស់។

ដោយត្រូវគេវាយប្រហារ​ជា​ញឹក​ញាប់ ​ទៅ​លើគុណភាព​សិល្បៈ​របស់ទ្រង់ ព្រះមហាក្សត្រ នរោត្តម សីហនុ តែង​មានបន្ទូលការពារថា៖ «ភាពយន្ត​ទាំងនេះ សុទ្ធសឹងជាខ្សែភាពយន្ត​ឯកសារ»។

ទោះបីជាក្នុងឆ្នាំ១៩៩៧ លោកមានអាយុ​៥៥ឆ្នាំហើយ​ក៏ដោយ លោក អ៊ីវង់ ហែម នៅតែ​រក្សា​ក្តីសង្ឃឹម​របស់​លោកជានិច្ច។ រូបលោក និងលោក លី ប៊ុនយីម បានកំពុងបង្វឹក​ក្មេង​ជំនាន់​ក្រោយ ប្រហែលជា ៣០នាក់ ដោយ​ឥតបង់ថ្លៃ នៅនឹងគេហដ្ឋានរបស់លោក អ៊ីវង់ ហែម។ លោក អ៊ីវង់ ហែម ទទួលបន្ទុកបង្ហាត់ក្មេងៗ ដែល​មាន​បំណងចង់ក្លាយ​ជា​សមិទ្ធិករ​ភាពយន្ដ ឯលោក លី ប៊ុនយីម បង្ហាត់ផ្នែកនាដកម្ម​ដល់សិស្ស​ដទៃ​ទៀត។

លោក​ទាំងពីរបានអះអាងថា៖

«ការផលិត ភាពយន្តជារឿងមួយ តែបង្ហាត់ក្មេង​ជំនាន់​ក្រោយ ជា​អាទិភាព​របស់​ពួកយើង ដែលយើងត្រូវធ្វើ ហើយវាជាសាលាភាពយន្ដ តែមួយ​គត់​នៅក្នុង​ប្រទេស​កម្ពុជា»។

ក្នុងចំនោមសមិទ្ធិករភាពយន្ត ប្រមាណជា១៨០នាក់ ដែលយើងបានស្គាល់​ក្នុងទសវត្ស​ឆ្នាំទី៦០ មានតែ​៣នាក់​​ប៉ុណ្ណោះ (លោក អ៊ីវង់ ហែម លោកលី ប៊ុនយីម និងលោក ម៉ៅ អាយុទ្ធ) ដែលនៅបន្តធ្វើការ នៅក្នុង​វិស័យ​ភាពយន្ត។ ចំណែកឯ សមិទ្ធិករដទៃទៀត​បាន​ស្លាប់ និងខ្លះទៀតបាននិរទេសខ្លួន​ ទៅរស់នៅក្រៅ​ប្រទេស៕



លំអិតបន្ថែមទៀត

របាយការណ៍

«សមិទ្ធិផល»នៃសម្តេច សីហនុ ត្រូវ​ខ្មែរក្រហម​បំផ្លាញ​អស់?

តើ«សមិទ្ធិផល»របស់សម្ដេច នរោត្ដម សីហនុ ណាខ្លះ ដែលបានបាត់បង់ និងសមិទ្ធិផល​ណាទៀត ដែល​នៅសេសសល់ ហើយក្លាយជាអ្វី នៅពេលបច្ចុប្បន្ននេះ? កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១២ ខណៈដែលប្រជាជនកម្ពុជាជាទូទៅ ...
ដំណឹង

សិង្ហបូរី​បកស្រាយ​សំដី​នាយករដ្ឋមន្ត្រី​ខ្លួន ថា​ចង់​សង្កត់ធ្ងន់​ពី​«ស្ថិរភាព»តំបន់

ពាក្យសំដីរបស់លោក លី សៀនឡុង (Lee Hsien Loong) នាយករដ្ឋមន្ត្រីសិង្ហបូរី ដែលរំលឹកឡើងវិញ ពីប្រវត្តិនៃការវាយលុកប្រទេសកម្ពុជា ពីសំណាក់កងទ័ពវៀតណាម មានបំណងចង់លើកឡើង ពីរបៀបនៃការដឹកនាំ ក្នុងការជួយបញ្ចប់សង្រ្គាម ...
កម្ពុជា

ហ៊ុន សែន ចេញទៅវៀតណាម ដើម្បីគោរពសព ឡេ ឌឹកអាញ់

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមួយ កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី២ ខែឧសភានេះ ចេញពីកម្ពុជាឆ្ពោះទៅកាន់រដ្ឋធានី ហាណូយ ប្រទេស​វៀតណាម ដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក ឡេ ...

យល់ស៊ីជម្រៅផ្នែក កិច្ចសម្ភាស

កិច្ចសម្ភាស

ស្វែងយល់​ពីសាលក្រម​នៃតុលាការបារាំង ករណី ហ៊ុន សែន-សម រង្ស៊ី

កិច្ចសម្ភាស

HRW ៖ ការ​បោះឆ្នោតនេះ​ជា​«ឧបាយកល​ដ៏​កខ្វក់​ប្រឆាំង​ប្រជាជន​កម្ពុជា»

អង្គការឃ្លាំមើលសិទ្ធិមនុស្ស ហៅជាភាសា​អង់គ្លេស «Human Rights Watch – HRW» តាមរយៈលោក ប្រ៊ុយណូ ស្តាចណូ (Bruno Stagno) នាយកប្រតិបត្តិទទួលបន្ទុក​ ...
កិច្ចសម្ភាស

កិច្ចសម្ភាស​សាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

តើពាក្យសំដី​ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នា​រវាងសំដី ...

Comments are closed.