ទស្សនៈ និងការស្រាវជ្រាវស្ដីពី​​«​កំអួត​សង្គម» ៖ ទស្សនវិទូបារាំងឈ្មោះ ឡឺ ម៉ុងតែញ (Editor’s Note: ឈ្មោះ​ពេញ គឺ Michel de Montaigne ជាទស្សនវិទូ​បារាំង​តាំងពីសតវត្សទី១៦) បានពោលថា «មនុស្សមានប៉ុន្មាន ការគិត​របស់​មនុស្សមានប៉ុណ្ណឹង (Tant de tête, autant d’avis)»។

ដូចការអះអាង របស់ទស្សនវិទូ​រូបនេះមែន។ នៅសតវត្សទី២០ គេឃើញ​​សង្គ្រាម​ស្លាប​ប៉ាកា​ពីរ​​កើតឡើង រវាង​អ្នកប្រាជ្ញ​ពីររូប គឺលោក ហ្សង់ប៉ូល សាត (Jean-Paul Sartre) និង​លោក អាល់ប៊ែរ កាមុស (Albert Camus)។

លោក អាល់ប៊ែរ កាមុស ជាទស្សនវិទូ​មិនឲ្យតម្លៃ​​លើជីវិតទេ។ គាត់បានសរសេររឿង​ល្ខោន​ជា​ច្រើន ដូច​ជា «ជំងឺ​ប៉េស្ត» «ជនចម្លែក» «Le malentendu» និង«Les justes»ជាដើម។ នៅក្នុងប្រលោមលោក រឿង​ជន​ចម្លែក លោក​បាន​អត្ថាធិប្បាយថា ជីវិតគ្មានប្រយោជន៍អ្វីសោះ។

ដោយសាររឿងនេះ ទើប​លោក សុទ្ធ ប៉ូលីន (Editor’s Note: លោកជាអ្នក​និពន្ធខ្មែរ) បានសរសេរបន្តទៀត​នូវរឿងមួយ គឺ«ជីវិតឥតន័យ» និង​បន្ត​មក​រឿង​ផ្សេង​ទៀត ដូចជា«ចំតិតទៀតហើយ ចំតិតឥតអាសូរ» និងចុងក្រោយ រឿង​«មរណៈ​ក្នុងដួងចិត្ត (La mort dans l‘ame)»។ រឿង​ទាំងនេះ សុទ្ធតែរៀបរាប់​ពីជីវិត​ឥតន័យទាំងអស់ ។

ក្នុងជីវភាពប្រចាំថ្ងៃ លោក អាល់ប៊ែរ កាមុស បានបង្ហាញពីភាពដដែលៗ គួរអោយធុញទ្រាន់ដូចជា មនុស្ស​ទៅ​ធ្វើការ​ត្រឡប់មកវិញ រួចដើរលេង​បន្តិច​បន្តួច ក៏ដេក។ សកម្មភាពនេះ ធ្វើដដែលៗជារៀងរាល់ថ្ងៃ ដែលគួរ​ឲ្យ​ធុញ​ទ្រាន់។ សូម្បី​តែម្តាយគាត់ឈឹស្លាប់ ក៏គាត់មិនទៅមើលផង ព្រោះជារឿង​អត់​ប្រយោជន៍។ គេហៅ​លោក​ថា ជាទស្សនវិទូ​មិនចុះសម្រុង នឹងជីវិត។

ទាក់ទងបញ្ហាសង្គមមនុស្សវិញ លោក កាមុស យល់ថា មនុស្សត្រូវ​មាន​គំនិត​បះបោរ​ប្រឆាំង នឹងអំពើយង់ឃ្នងជានិច្ច ប៉ុន្តែមិនត្រូវធ្វើអ្វី ដែលបានត្រឹមបង្កើត ភាពមិនសម​ហេតុ​ផល បន្ត​ទៀត​នោះទេ ។

ឯលោក ហ្សង់ប៉ូល សាត វិញ មានគំនិតផ្ទុយស្រឡះ ពីលោក អាល់ប៊ែរ កាមុស។ លោកត្រូវគេឲ្យឈ្មោះថា ទស្សនវិទូ​អត្ថិភាពនិយម។ លោកបានសរសេរ​រឿងល្ខោន​ជាច្រើន ដូចជារឿង«​កំអួត​សង្គម (La nausee)» «ជញ្ជាំង (Le mur)» និងរឿង​«មាគ៌ាទៅកាន់សេរីភាព (Le chemins de la liberté)»ជាដើម។

ចលនា​គំនិត​របស់​លោក ហ្សង់ប៉ូល សាត ចេញមកអំពីប្រទេស ដែលឆ្លងកាត់សង្គ្រាម​យ៉ាងសាហាវ។ ព្រោះ​ហេតុ​នេះ​ហើយ បាន​ជា​លោក​ពិចារណា ផ្តើមចេញពីស្ថានភាពរបស់មនុស្ស ដែលរស់​នៅ​ក្នុង​សង្គម​បច្ចុប្បន្ន ដែល​​លោក​ហៅ​ថា​«អត្ថិភាព»។

ឯមនុស្សទូទៅ បានឲ្យឈ្មោះទស្សនវិជ្ជារបស់លោក ហ្សង់ប៉ូល សាត ថាជាទស្សនវិជ្ជា​«អត្ថិភាពនិយម» ដែល​ជាទ្រឹស្តី​ឲ្យតម្លៃ លើការរស់នៅ​បច្ចុប្បន្ន ក្នុងឋានៈ​ជាមនុស្សបុថុជ្ជន (l’Homme en situation)។

ទស្សនៈ​នេះ ដូចគ្នានឹងរឿងទុំទាវខ្មែរដែរ គឺឲ្យតម្លៃ​ទៅលើការរស់នៅប្រចាំថ្ងៃ។ ដូចយើង​ឃើញ​ស្រាប់ហើយ ក្នុង​រឿង​​ទុំទាវ ទោះជាទុំ និងពេជ្រ​បួសជាព្រះសង្ឃក្តី ក៏នេនទាំងពីរ បរទេះដឹកតោកទៅលក់។ ទន្ទឹមនឹងនេះ នេនទុំ​ស្រឡាញ់​​នាង​ទាវ ក្នុង​ឋានៈ​ជាមនុស្សធម្មតា អត់ប្រាថ្នាទៅ​សួគ៌និព្វានអីទេ។

ទស្សនៈវិជ្ជា​របស់លោក ហ្សង់ប៉ូល សាត បានជះឥទ្ធិពល ទៅដល់សហរដ្ឋអាមេរិក និងប្រទេសអឺរ៉ុប​មួយ​ចំនួន។ ក្រុម​យុវជនទាំងនោះ គេហៅពួក ហេបភី (Happy)។ សម័យនោះគេហៅទស្សនវិជ្ជា របស់លោកថា​«សាសនា​ម​នុស្សជាតិ»។

ទ្រឹស្តីរបស់លោក ហ្សង់​ប៉ូល សាត សង្កត់ធ្ងន់​ទៅលើការរស់នៅ​​ប្រសើរ​ជាងស្លាប់ ព្រោះ​ហេតុ​នេះ​ហើយ នៅ​ពេល​គេ​​ផ្តល់​​​រង្វាន់ណូបែលជូនលោក លោកបានបដិសេធ​មិនទទួលរង្វាន់នោះទេ។ លោកបាន​ពន្យល់​មូលហេតុ នៃការបដិសេធ​ពាន​រង្វាន់​នោះថា ​លោក​ណូបែល ជា​អ្នក​បង្កើត​​គ្រឿង​ផ្ទុះ​សម្លាប់​​មនុស្ស ហើយ​មាន​បាន​​ដោយ​សារ​សម្លាប់មនុស្ស។

ចំណែកលោក អាល់ប៊ែរ កាមុស ឯណោះ បែរជាទទួលរង្វាន់ណូបែលទៅវិញ។

​កំអួត​សង្គម ដោយ ហ្សង់​ប៉ូល សាត

យើងឃើញថា ទស្សនៈរបស់អ្នកប្រាជ្ញទាំងពីរនេះ ទោះបីខុសគ្នាក៏ដោយ ក៏សុទ្ធតែប្រឆាំង​​នឹង​អំពើ​ជិះជាន់​កេង​ប្រវញ្ច និងការចំរាញ់យកប្រយោជន៍ ពី​មនុស្ស​ដោយមនុស្សគ្នាឯង។ លោកទាំងពីរ​បានពន្យល់ថា អំពើល្អក្តី​អាក្រក់​ក្តី សុទ្ធសឹង​តែជាមធ្យោបាយ​របស់មនុស្សម្នាក់ ទៅមនុស្សម្នាក់ទៀត ដើម្បី​យក​ផល​ប្រយោជន៍​ ដោយ​គ្មាន​​សីលធម៌។ គេឃើញ​តែម្នាក់ ដើរខ្សែលើម្នាក់ទៀត។ ម្នាក់ៗ​រកមធ្យោបាយ​បង្កើនទ្រព្យសម្បត្តិ ដោយ​កសាង​​​សេចក្តី​សុខ​លើទុក្ខអ្នកដទៃ។

បើយើងមើលមកស្ថានភាពស្រុកខ្មែររាល់ថ្ងៃវិញ គេឃើញមាន​អំពើចោរកម្មកាប់សម្លាប់ ឆក់ប្លន់តាម​គ្រប់​មធ្យោបាយ។ ឯអ្នកនយោបាយវិញ គិតតែ​រក​មធ្យោបាយ និយាយឃោសនាបោកប្រាស់ ទៅតាម​ចំណេះ​ដឹង​របស់​ខ្លួន។ គេឃើញ​អ្នកនយោបាយខ្លះ តាំងខ្លួនជាអ្នកចេះដឹង ខំនិយាយ​ពន្យល់​សាធារណៈជន ឲ្យគេ​ឃើញ​ថា ខ្លួនជាអ្នកចេះដឹង​​ដល់កំពូល។ ទន្ទឹមនឹងនេះ អ្នកនយោបាយប្រភេទនេះ ឆ្លៀតមើលងាយអ្នកដ៏ទៃ រហូត​ដល់​​មើល​​ងាយ​ពូជសាសន៍​ខ្លួនថា មិនស្មើខ្លួន​ទៀត(SIC)។

ជននេះមិនខុស​ពីពួកសូភីស ដូចជា សេណុង អាកុង។ល។ (Editor’s Note: អ្នកទាំងនេះជាអភិជន មន្ត្រី… នៅក្នុង​សម័យ​កាល​នៃចក្រភព​ក្រិច នៅសតវត្សន៍ទី៥ មុនគ្រឹស្ដ៍សករាជ) ដែលប្រើមធ្យោបាយ​ទុច្ចរឹត​របស់ខ្លួន ដើម្បីកំចាត់​អ្នក​​ដ៏ទៃ​ឡើយ។

ចំពោះជន ដែល​តាំង​ខ្លួន​ថាមានតែឯងនេះ លោក សូក្រាត (Editor’s Note: Socrate ជាអ្នក​ប្រាជ្ញ​ក្រិច នៅក្នុង​សម័យកាល​​នៃ​ចក្រភព​ក្រិច) បាននិយាយថា «ខ្ញុំចេះតែម្យ៉ាងគត់ គឺមិនចេះអ្វីសោះ»។ ពាក្យ​​​នេះ ធ្វើឲ្យ​ពួកសូភីស​បាក់អំនួត ហើយងាកមកប្រើការជេរបញ្ចោរ ប្រទូស្តសរ៉ាយ រហូតដល់ប្រើ​ប្រព័ន្ធ​តុលាការ​នា​សម័យ​នោះ ដើម្បីសម្លាប់​លោក សូក្រាត។

ឆ្លងតាមពាក្យសំដី របស់អ្នកនយោបាយតាំងខ្លួនមានតែឯង គេអាចវាយតម្លៃបានថា មនុស្សនេះ គ្រាន់តែជា​មនុស្ស​ពាលម្នាក់​ប៉ុណ្ណោះ ព្រោះ​ពួកនេះ​​ចេះតែ​ជេរ​បញ្ចោរ តាមរយៈការប្រើពាក្យអសុរស ដូចជាពាក្យ អា​ឈាម​​ឆ្កែ អាឈាមថោក។ល។ ធម្មតា មនុស្សពាល វាយក​ការជេរបញ្ចោរ ធ្វើជាការអប់រំមនុស្ស ដើម្បី​កែប្រែ​សង្គម។

វាពិតណាស់ហើយ មនុស្សពាលគ្មានចេះអ្វី ក្រៅពីយកអំពើហឹង្សា ជេរបញ្ចោរ មកដោះស្រាយ​បញ្ហា​សង្គម​​នោះ​ឡើយ។ ទន្ទឹមនឹងនេះ អ្នក​នយោបាយ​នោះ បានពន្យល់គេថា អ្នកដែលខ្លួនជេរបញ្ចោរ គឺ​សក្តិ​សម​នឹង​​ខ្លួន​​​ជេរ​​បញ្ចោរ​​ហើយ។ ជា​ការ​ត្រឹមត្រូវ ចំពោះ​ការ​គិតរបស់​មនុស្ស​​ប្រភេទ​នេះហើយ ព្រោះ​ចំណេះខ្លួនមាន​តែ​ប៉ុណ្ណឹង មិនអាចគិតអ្វី​ឲ្យប្រសើរ​ខ្ពង់ខ្ពស់​ជាងនេះនោះទេ។

ម្យ៉ាងទៀត បើមនុស្សនេះ​យកខ្លួនឯងជាខ្នាត សម្រាប់​​វាស់​​អ្នក​ដ៏ទៃ ហើយ​ទៅ​ជេរ​អ្នកដ៏ទៃនោះ គឺជាអំពើល្ងង់ខ្លៅ​បំផុត ព្រោះអ្នកដ៏ទៃ​ក៏គេអាចយកខ្នាត​របស់​​គេ សម្រាប់​​វាយ​តម្លៃ​មនុស្ស​ធុន​នេះបានដែរ។

លោក អាញស្តាញ (Editor’s Note: ឈ្មោះពេញគឺលោក Albert Einstein) នៅក្នុងរូបវិទ្យាឌីណាមិចធៀប​បាន​ពន្យល់ថា «គ្មានអ្វី​មានភាព​ដាច់ខាតទេ» ពោលគឺអ្វីទាំងអស់ សុទ្ធតែមានលក្ខណៈធៀប (Tout est relatif) បាន​ន័យថា ធៀបនឹងផែនដី ព្រះច័ន្ទធ្វើចលនាគន្លងជាអេលីប (រាងពងក្រពើ) តែបើ​ធៀប​នឹង​ព្រះ​អាទិត្យ ព្រះ​ចន្ទ​​លែង​មាន​​គន្លង​ពិត​ប្រាកដ​ទៀតហើយ។ ឯមនុស្សនេះ បើធៀបនឹងអ្នកចេះដឹង​មាន​ការ​អប់រំ គាត់​គ្រាន់​តែ​ជា​​ជន​​ពាល​​​ម្នាក់​ប៉ុណ្ណោះ ។

ទាក់ទងនឹងបញ្ហា​និយាមគរុកោសល្យទៅវិញ គ្មានប្រទេសណា គេយកការជេរបញ្ចោរ​ទៅអប់រំមនុស្សទេ ហើយ​អ្នក​ប្រៀនប្រដៅ​គេ ជាពិសេស​មេបក្ស​នយោបាយ ត្រូវចេះចិត្តសាស្ត្រគរុកោសល្យ​ ជាមុនសិន គឺត្រូវ​រៀន​ចិត្ត​សាស្ត្រ​របស់​មនុស្ស និងគរុកោសល្យឲ្យបានត្រឹមត្រូវ។

នៅក្នុង​ទសវត្សឆ្នាំ៦០ លោក ឈូក ម៉ឹងម៉ៅ ជា​គរុវិទូ​​ខ្មែរ​​ដ៏​​ល្បីល្បាញ ត្រូវគេតែងតាំងឲ្យកាន់កម្មវិធី​នាទីកុមារ ដើម្បី​អប់រំក្មេង​អោយក្លាយ ជាមនុស្ស​មាន​អនាគត​​ល្អ។ លោក ហូ តុងហូ គរុវិទូល្បីល្បាញជាងនេះទៀត បានពោលថា៖ «កូនក្មេងខ្មែរ ពុំមែនជា​សត្វ​កណ្តុរ សម្រាប់​​ធ្វើការ​​ពិសោធន៍ទេ។ ដូច្នេះគ្រូ ត្រូវមាន​គរុកោសល្យ​ធួន​ល្មម។»។

គេសួរថា តើមេបក្សកណ្តឹងអត់ព្រួយនោះ ចេះនិយាម​ចិត្តសាស្ត្រគរុកោសល្យទេ ដែលមកតាំងខ្លួន​ជាអ្នក​ប្រៀន​​ប្រដៅ​គេ ហើយយក​ចំណេះ​តិចតួច​របស់​ខ្លួន និងការជេរបញ្ចោរ មកប្រៀនប្រដៅគេ ធ្វើជា​ការ​អប់រំ​មនុស្ស? តើ​និយាម​គរុកោសល្យ មានតម្រូវឲ្យមនុស្ស យកការជេរបញ្ចោរ មកអប់រំ​ឬទេ? សូម្បី​តែ​ក្នុង​​គ្រួសារ​មួយ កូ​ន​ចេះ​ជេរ ក៏​ត្រូវ​ឪពុកម្តាយ​ហាមឃាត់ មិនឲ្យប្រើពាក្យនេះដែរ ព្រោះធ្វើឲ្យ​ក្មេងអាក្រក់។ តើគ្រួសារ​​មេ​បក្ស​កណ្តឹង​​អត់​​ព្រួយ អប់រំ​កូន​​ឲ្យ​ចេះ​ជេរ​បញ្ចោរ​​អ្នកដទៃ ពេលដែល​ស្អប់អ្នកដទៃ ហើយសក្តិសម​នឹង​ជេរ​បញ្ចោរ​នោះ​​ឬ?

ទោះជាយ៉ាងនេះក្តី មេបក្សកណ្តឹងអត់ព្រួយ ឆ្លៀតបោកក្រុមរបស់ខ្លួន ដើម្បីលាភសក្ការៈផ្ទាល់ខ្លួនក្រោម​លេស​ថា «ខ្លួន​គិតត្រូវជាងគេ ចេះជាងគេ អស់​អញ​​ជាងគេ ដូចសមណគោត្តម ដែលអាចដោះស្រាយបញ្ហាជាតិ​បាន»។ មនុស្ស​ធុន​មេបក្សកណ្តឹងអត់ព្រួយ នេះត្រូវលោក ហ្សង់ប៉ូល សាត បក​ស្រាយ​យ៉ាង​ច្បាស់ក្នុង​អត្ថបទ​ល្ខោន​ឈ្មោះ​«​កំអួត​សង្គម (La nausée)»​ថា ការគិតអ្វី​ដែលថាល្អនោះ គឺគ្មានអ្វី​ក្រៅពីបោក​ប្រាស់អ្នកដ៏ទៃ ដើម្បី​​បង្កើន​​ទ្រព្យ​​សម្បត្តិ​​​​​ផ្ទាល់​​​ខ្លួន​​ឡើយ។

ទោះជាមនុស្សនេះ ត្រូវអ្នកប្រាជ្ញចាត់ទុកជា កំអួតសង្គមក៏ដោយ ហើយ​​ដែល​មនុស្ស​ជាតិ មិនអាចទទួលយកបាន​ក៏ដោយ តែ​មាន​ពួក​​តិរច្ឆានខ្លះ ដូចជាឆ្កែឆ្មា​ទទួលយក​បាន យ៉ាង​​ពេញ​ចិត្ត។ កំអួត ជាចំណីដ៏ឆ្ងាញ់របស់ឆ្កែ ក៏ដូចជាគំរង់​សាកសព ជាចំណីដ៏​ឆ្ងាញ់ របស់សត្វត្មាត​នោះ​​ដែរ។ នេះ​​ជា​​ភាវៈ ដែល​មាន​នៅ​ក្នុង​ធម្មជាតិ ។

សរុបមក សំដី និងទស្សនៈ របស់មេបក្សកណ្តឹងអត់ព្រួយ គ្រាន់ជា​«កំអួត»​មួយ ដែលទទួលយកបាន តែ​ពី​ពពួក​​សត្វ​​ដូច​​ខាង​លើ​​នេះ​​ប៉ុណ្ណោះ៕

——————
ដោយ  ហែន វិភាគ
——————

អត្ថបទ«​កំអួត​សង្គម»ខាងលើ ត្រូវបានបង្ហោះ​នៅ​លើ​គណនី​ហ្វេសប៊ុក របស់លោក ហែន វិភាគ កាលពីសប្ដាហ៍មុន និងត្រូវបានផ្ញើរមកកាន់​ទស្សនាវដ្ដី ដោយប្រិយមិត្តមួយរូប។ ​ទស្សនាវដ្ដីបានចុះផ្សាយអត្ថបទនេះ ក្នុងក្របខណ្ឌសេរីភាព​​ នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការ​កែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]



លំអិតបន្ថែមទៀត

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
កម្ពុជា

ធនាគារ​អភិវឌ្ឍ​អាស៊ី៖ ឆ្នាំ២០២០នេះ កម្ពុជា​នឹងបាត់បង់ ៣៩០ ០០០​ការងារ

ធនាគារអភិវឌ្ឍអាស៊ី «ADB / BAD» បានព្យាករថា កម្ពុជានឹងបាត់បង់ការងារ ប្រមាណជា ៣៩០ ០០០កន្លែង ក្នុងឆ្នាំ២០២០នេះ បណ្ដាលមកពីផលប៉ះពាល់ នៃជំងឺ​រាតត្បាត​កូវីដ-១៩ (Covid-19)។ ...
កីឡា និងបច្ចេកវិទ្យា

អង្គការលើកលែងទោស ស្នើ«FIFA»ដាក់សម្ពាធលើប្រទេសកាតា

អង្គការលើកលែងទោស អន្តរជាតិ «Amnesty International» បានអំពាវនាវ​ទៅកាន់​សហព័ន្ធបាល់ទាត់​អន្តរជាតិ «FIFA» ក្នុងថ្ងៃចន្ទទី២២ ខែមីនា ឆ្នាំ២០២១នេះ ឲ្យដាក់សម្ពាធបន្ថែមទៀត ទៅលើប្រទេសកាតា ដែលត្រៀម​រៀបចំ​ទទួលការប្រកួត​បាល់ទាត់ពិភពលោក ឆ្នាំ២០២២ ...

យល់ស៊ីជម្រៅផ្នែក ទស្សនៈប្រិយមិត្ត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...

Comments are closed.