«ការ​អស់​សុពល​​ភាព ដ៏ចម្លែក»៖ បន្ទាប់ពីគេចផុត ពីរបបកាប់សម្លាប់រាស្ត្រខ្លួនឯងមក ពលរដ្ឋខ្មែរក៏មិនបាន​សុខ​សាន្តត្រាន​ដែរ គឺនៅអត់ឃ្លាន ភិតភ័យនឹងសន្តិសុខ និងសង្គ្រាមជានិច្ចរហូតដល់មានកិច្ចព្រមព្រៀងមួយ បញ្ចប់​ជម្លោះ​រវាងខ្មែរនឹងខ្មែរ ដែលមានបរទេសជាបង្អែក ប៉ុន្តែកិច្ចព្រមព្រៀងនេះ នៅមានភាពចម្រោងចម្រាស់យ៉ាងខ្លាំង ដោយម្ខាង​យល់ថា កិច្ចព្រមព្រៀងទីក្រុងប៉ារីសនេះ នៅមានសុពលភាពនៅឡើយ ចំពោះប្រទេសកម្ពុជា រីឯខាងរដ្ឋាភិបាល​យល់ថា កិច្ចព្រមព្រៀងខាងលើ បានរលត់បាត់ទៅហើយ ឬ«ការ​អស់​សុពល​​ភាព» ពីកិច្ចព្រមព្រៀង​មួយនេះ។

តាមពិត ខ្លឹមសារនៅក្នុងអត្ថបទ បានចង្អុលបង្ហាញច្បាស់ៗថា កិច្ចព្រមព្រៀងនេះ នៅមានសុពលភាពនៅឡើយ ទោះបី​គោលការណ៍ខ្លះ ត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញ របស់ព្រះរាជាណាចក្រកម្ពុជាទី២នេះ ទៅហើយក្តី វាជាសច្ចភាព មិនអាច​អ្នកណាយកមកបកស្រាយ តាមប្រយោជន៍នយោបាយ បានឡើយ ដូច្នេះហេតុអ្វី​បានជា​រដ្ឋាភិបាលថា កិច្ច​ព្រមព្រៀង​នេះអស់សុពលភាព?

ដំបូង ខ្ញុំចង់បង្ហាញថា តើចំណុចណាខ្លះ ដែលកិច្ចព្រមព្រៀងនេះ នៅតែមានសុពលភាពសិន។ ចំពោះកិច្ចព្រមព្រៀង​ទាំងមូល អត់មាន​ចំណុច​ណាមួយចែងថា កិច្ចព្រមព្រៀងនេះអស់សុពលភាព នៅពេលណាទេ ផ្ទុយទៅវិញកិច្ច​ព្រមព្រៀង​នេះ នៅតែបើកចំហរ សម្រាប់ប្រទេសផ្សេងទៀត អាចចូលជាភាគី។ ដូចបានបង្អុលនៅក្នុងមាត្រា៦ នៃឧបសម្ព័ន្ធទី៥ ចែង​អំពីការចូលជាធរមាន នៃកិច្ចព្រមព្រៀង ចាប់ពីពេលចុះហត្ថលេខា រវាងហត្ថលេខីទាំងអស់។

ចំណងទាំង៤…

តាមពិតមានចំណុចខ្លះៗ នៃកិច្ចព្រមព្រៀងនេះ នឹងរលត់នៅពេលការអនុវត្តបានបញ្ចប់ ដូចជា ការអនុវត្តភារកិច្ច​របស់​អ៊ុនតាក់ នៅដំណាក់កាល​អន្តរកាល ការដកកងទ័ព ការបោះឆ្នោតដំបូង ការវិលចូលមកវិញ នូវជនភៀសខ្លួនជាដើម ប៉ុន្តែអ្វីដែលកម្ពុជា នៅមានចំណងនឹង​កិច្ចព្រមព្រៀង​នេះ មានដូចជា៖

១- មាត្រាទី៣ នៃឧបសម្ព័ន្ធទី៥ ចែងអំពីការប្តេជ្ញាគោរពសិទ្ធិមនុស្ស និងសេរីភាពពលរដ្ឋខ្មែរ និងអនុញ្ញាត​ឱ្យភាគី​ផ្សេងទៀត ចូលរួមសន្យាបង្កើន និងលើកទឹកចិត្តកម្ពុជា ដល់ការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន នៅកម្ពុជា ជាពិសេសការបើកផ្លូវ ឱ្យមានអ្នករាយការណ៍ពិសេស ស្តីពី​សិទ្ធិមនុស្សដើម្បីរាយការណ៍ពីលទ្ធផល ជារៀងរាល់ឆ្នាំ ទៅ​គណៈកម្មការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិទៀតផង។

២- មាត្រាទី៥ នៃឧបសម្ព័ន្ធទី៥នេះដដែល បានចែងអំពីការផ្តួចផ្តើមអន្តរាគមន៍ របស់ភាគីហត្ថលេខី ដើម្បីដោះស្រាយ​បញ្ហារំលោភ ឬការគំរាម​កំហែងលើអធិបតេយ្យភាព ឯករាជ្យ បូរណភាព និងភាពដែលមិនអាចរំលោភបាន នៃដែនដី​កម្ពុជា និងការរំលោភយ៉ាងធ្ងន់ធ្ងរ លើសិទ្ធិមនុស្ស​នៅកម្ពុជា។ និយាយឱ្យចំ មាត្រានេះគឺជាមាត្រា ដែលការពារ និងនាំ​សេចក្តីសុខ ជូនកម្ពុជាសុទ្ធសាធ។

៣- មាត្រាទី៧ នៃឧបសម្ព័ន្ធទី៥នេះទៀត ថាបញ្ជាក់កាន់ច្បាស់ថែមទៀត៖ គឺកិច្ចព្រមព្រៀងនេះ ត្រូវទុកចំហរ​សម្រាប់​រដ្ឋទាំងអស់ ចូលរួម​ជាភាគី​បន្តទៀត ប្រសិនបើកិច្ចព្រមព្រៀងនេះ លែងមានសុពលភាព តើឱ្យរដ្ឋដទៃអាចចូលរួម​ជាភាគី បានយ៉ាងម៉េច? ដូច្នេះ កិច្ចព្រមព្រៀងនេះ មិនត្រូវ​បានអស់សុពលភាព ឬរលត់ នៅពេលរដ្ឋធម្មនុញ្ញខ្មែរលេចចេញ ដូច​រដ្ឋាភិបាលកម្ពុជា​បានបញ្ជាក់នោះទេ។

៤- ការដែលកម្ពុជាទទួលបានជំនួយ ការផ្តល់កម្ចីដែលមានការប្រាក់ទាប និងការអនុគ្រោះជាច្រើន ពីអន្តរជាតិ ជាពិសេស​ពីអាមេរិក និង​សហគមន៍​អឺរុបនោះ ក៏ដោយសារមានកិច្ចព្រមព្រៀង ទីក្រុងប៉ារីស នេះដែរ តាមរយៈទីភ្នាក់ងារអន្តរជាតិ និង​បណ្តាអង្គការជាច្រើន ដើម្បីជួយ​កម្ពុជា ស្ទើរគ្រប់វិស័យរាប់ទាំងអភិបាលកិច្ច ហេដ្ឋាចរនាសម្ព័ន្ធ កសិកម្ម វប្បធម៌ សង្គម​កិច្ច​ជាដើម និយាយរួម គឺទាំងផ្នែកទន់ និងផ្នែករឹង ប៉ុន្តែរដ្ឋាភិបាលហាក់មើលមិនឃើញ ប្រហែលមិនបានកាន់លុយ ទាំងដុំៗ​ក្នុងដៃទៀតទេដឹង?

តើអ្វីទាំងអស់ខាងលើ មិនមែនជាអ្វីដែលនាំឱ្យកិច្ចព្រមព្រៀង ទីក្រុងប៉ារីស ឆ្នាំ១៩៩១ នៅតែមានសុពលភាពទេឬ? ឃើញ​មានការលើកឡើងថា វាអស់សុពលភាព ដោយសារប្រទេសដែលជាភាគី ដូចជាសហភាពសូវៀត ត្រូវបានបំបែក​ជាប្រទេសផ្សេងៗជាច្រើន និងភាគីខ្មែរក្រហម​រលាយ​បាត់ ហើយចង់ទៅតោងខ្មែរក្រហម មកធ្វើជាភាគីវិញ។

អាថ៌កំបាំងទាំង៤…

ការលើកឡើងដូច្នេះ ពិតជាពុំត្រឹមត្រូវទាល់តែសោះ ពីព្រោះគោលដៅនៃកិច្ចព្រមព្រៀងនេះ គឺការបញ្ចប់ជម្លោះ​នយោបាយ​ផ្ទៃក្នុងកម្ពុជា ការស្តារ​កម្ពុជាឡើងវិញ និងឱ្យកម្ពុជាដើរតាមផ្លូវលទ្ធិប្រជាធិបតេយ្យមួយ ដ៏ត្រឹមត្រូវ ដូចដែលភាគីកម្ពុជា​ទាំងបួន (ចតុភាគី) បានចុះហត្ថលេខា។ ឥឡូវ​ងាកមកឆ្លើយថា ហេតុអ្វីបានជារដ្ឋាភិបាល និងក្រុមមន្ត្រីរាប់ទាំង​បណ្ឌិត​សភាចារ្យ​នៅតែអះអាងថា កិច្ចព្រមព្រៀងនេះបានស្លាប់ទៅហើយ? ចម្លើយងាយយល់ណាស់ ហើយយើងអាចយល់​ចម្លើយ​នេះបាន តាមរយៈចំនុចមួយចំនួន ដូចខាងក្រោម៖

១- បំបិទការតវ៉ា៖ តាំងពីយូរលង់ណាស់ រហូតមកទល់ពេលនេះ យើងឮតែរដ្ឋាភិបាលលើកឡើង អំពីសន្តិភាព ធ្វើអ្វីៗ​ដើម្បីតែសន្តិភាព និង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈសង្គម ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្តែពាក្យនេះ ត្រូវបានគេ​អនុវត្ត​ឱ្យមានស្តង់ដារពីរ និងដើម្បីទប់ទល់​នឹងមតិ ដែលរដ្ឋាភិបាលចាត់ទុកថា ជានិន្នាការប្រឆាំងទៅវិញ។

ជាក់ស្តែងដូចជា ការជួបប្រជុំរបស់ពលរដ្ឋ ប្រសិនបើរដ្ឋគិតថាមិនចំណេញ រដ្ឋនឹងមិនឱ្យមានការជួបប្រជុំ ដើម្បីសម្តែងមតិ ឬហែរក្បួននោះទេ សូម្បី​តែការលើកស្លាក (ដោះលែងលោក កឹម សុខា) ការប្រជុំនៅក្នុងទីកន្លែងឯកជន ឬធ្វើបុណ្យសព ក៏មិនត្រូវបានអនុញ្ញាតដែរ ដោយលើកឡើង​អំពីការប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ ប៉ុន្តែគេបណ្តោយ ឱ្យមាន​ការហែរក្បួន ប្រឆាំងលោក កឹម សុខា យ៉ាងអនាធិបតេយ្យ រហូតដល់​មាន​បាតុកម្មវាយតំណាងរាស្ត្រ បែកមុខបែកមាត់ ស្ទើរផុតជីវិត ហើយអាជ្ញាធរថែមទាំងជួយដោះសារ ទាំងរដិបរដុប ម្តងនិយាយថា​មិនបាន​សុំច្បាប់ ម្តងថាសុំរួចហើយ។ ពោលគឺបើពួកគេចង់ធ្វើអីពេលណា គឺអាជ្ញាធរជួយសម្រួល«ជូនម៉ាស្អាត»។

២- បិទមាត់ បិទត្រចៀករាស្ត្រ៖ សេរីភាពក្នុងការបញ្ចេញមតិ និងការទទួលព័ត៌មាន ត្រូវបានរិតត្បិតស្ទើរទាំងស្រុង ប្រជារាស្ត្រត្រូវបានគេរិតត្បិត ក្នុងការនិយាយស្តី ពាក់ព័ន្ធបញ្ហារសើបៗ ដែលស្ថិតក្នុងអ្វី ដែលគេហៅថាជាការបរិហារ និងការញុះញង់ សូម្បីតែតំណាងរាស្ត្រ ក៏មិនអាចគេចផុត ពីទោសទណ្ឌដែរ ប៉ុន្តែនៅពេលមានក្រុម ដែលជេរប្រទេច ឬគំរាមចំពោះអ្នកប្រឆាំងវិញ មិនដែលឃើញអាជ្ញាធរអើពើទេ ទោះបីជាបទល្មើស​ព្រហ្មទណ្ឌដូចគ្នាក៏ដោយ។

ចំពោះសារព័ត៌មាន ដែលហ៊ានរាយការណ៍ ដោយឥតលំអៀង និងគ្មានការភ័យខ្លាចនោះដូចជា ខេមបូឌាដេលី អាស៊ីសេរី វីអូអេ វីអូឌីជាដើម ត្រូវ​បានគេចោទថា ជាព័ត៌មានប្រឆាំង ហើយដាក់គំនាប ដើម្បីបំបិទសម្លេងចោល ដោយប្រើពន្ធដារ ឬកិច្ចរដ្ឋបាល​មកគាបសង្កត់វិញ ដោយទុកឱ្យ​ម៉ាស៊ីនឃោសនា របស់បក្សកាន់អំណាចបំប៉ោងព័ត៌មាន និងវាយប្រហារ​មក​លើបក្សប្រឆាំង បានតាមចិត្ត។

៣- អំណាចក្តាប់រួម៖ ដំណើរប្រជាធិបេយ្យ តាំងពី៩៣មក មិនដែលបានស្រុះស្រួល បានម្តងឡើយ ស្ថាប័នឯករាជ្យ​ដែល​ជាស្នូល នៃប្រជាធិបតេយ្យ​ទាំងអស់ ត្រូវស្ថិតនៅក្នុងកណ្តាប់ដៃ មនុស្សម្នាក់ តាំងពីក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា ជាពិសេសគឺតុលាការតែម្តង។ ស្ថាប័នសភា ជាអ្នកតំណាងឱ្យសម្លេងរបស់រាស្ត្រ ត្រូវតែការពារ​ផលប្រយោជន៍​រាស្ត្រ បែរជាត្រូវបានគេប្រើ សម្រាប់បង្កើតច្បាប់ ក្នុងរយៈពេល​តែពីរបីថ្ងៃ ដើម្បីគាបសង្កត់ ឬបំបាត់សម្លេងរបស់​ក្រុមណា​មួយ ហើយក្រុមប្រឹក្សាធម្មនុញ្ញទៀតសោត មិនដែលលើកឡើង អំពីអធម្មនុញ្ញភាព​នៃច្បាប់​ម្តងណាឡើយ ទោះបីជា​ច្បាប់​នោះ វាផ្ទុយនឹងរដ្ឋធម្មនុញ្ញ ឬពីធម្មជាតិនៃច្បាប់ យ៉ាងច្បាស់ក្រឡែតក៏ដោយ។

ជាក់ស្តែង ដូចជាច្បាប់ស្តីពីឯកពន្ធភាព ច្បាប់ប្រឆាំងអ្នកមិនទទួលស្គាល់ថា មានរបបខ្មែរក្រហម ច្បាប់គណបក្ស​នយោបាយ (ធ្វើវិសោធនកម្ម​២ដងក្នុងមួយឆ្នាំ) ឬច្បាប់ចំនួនបួនចុងក្រោយនេះជាដើម។ ចំណែកតុលាការសព្វថ្ងៃ រង់ចាំ​តែបញ្ជា​របស់អ្នកមានអំណាច បើកាលណា​គេនិយាយ​ថាម៉េច គឺមិនដែលចេញលទ្ធផលផ្សេង ពីមាត់អ្នកមាន​អំណាច​ឡើយ តាំងពីថ្នាក់ក្រោមដល់កំពូល ដែលនេះជាអ្វី ដែលគេហៅថា​ការអនុវត្ត​នីតិរដ្ឋ។

៤- ការអនុវត្តច្បាប់៖ កម្ពុជាមានច្បាប់អាក្រក់ វាជារឿងមិនល្អទៅហើយ ប៉ុន្តែអាក្រក់ជាងនេះ គឺការអនុវត្តមិនស្រប តាម​ខ្លឹមសារច្បាប់ទៀត ជាពិសេសគឺច្បាប់ដែលពាក់ព័ន្ធ នឹងដំណើរការប្រជាធិតេយ្យ ដូចជាគេប្រើច្បាប់ គ្រប់គ្រងអង្គការ​សមាគមន៍ ដើម្បីបិទអង្គការ «NDI» ដោយ​ចោទថា មិនបានចុះបញ្ជីត្រឹមត្រូវ និងមិនអព្យាក្រឹត ឬពាក់ព័ន្ធនយោបាយ​ក្រុមប្រឆាំង ប៉ុន្តែខ្ញុំឃើញសហភាពសហព័ន្ធយុវជន គឺជា«NGO»ដែរ ដែលមានអ្នកដឹកនាំ សុទ្ធតែជាអ្នកនយោបាយ​ជាន់ខ្ពស់ ចុះហេតុអីក៏សហភាពនេះ អាចនៅឈរជើងបាន? តើអព្យាក្រឹតភាព នៃសមាគមន៍នេះ​មានដែរ​ឬទេ?

«ការ​អស់​សុពល​​ភាព …»

និយាយរួម អ្វីដែលរដ្ឋាភិបាលតែងតែលើកឡើងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនមានសុពលភាព​និងជាការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុង​កម្ពុជានោះ មកពីនៅក្នុងកិច្ចព្រមព្រៀងនោះ មានចែងយ៉ាងច្បាស់ អំពីការគោរពសិទ្ធិមនុស្ស និងការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ ដែលត្រូវឃ្លាំមើល​ដោយភាគីនៃកិច្ចព្រមព្រៀង និងអង្គការសហប្រជាជាតិ ហើយគ្មានអ្វី​ក្រៅពី​ការលាក់បាំង ពីការមិនអនុវត្តតាមគោលការណ៍ ដែលបានចង​នៅក្នុង​កិច្ចព្រមព្រៀងនេះទេ ហើយដើម្បីអាចឱ្យខ្លួនធ្វើអ្វី​តាមអំពើចិត្ត គេចចេញពីភ្នែកអន្តរជាតិ ដូចជាការនឹងយកអាសនៈតំណាងរាស្ត្រ ឬក្រុមប្រឹក្សាឃុំ សង្កាត់មកចែកដែល​ផ្ទុយ​នឹងឆន្ទៈរាស្ត្រប៉ុណ្ណោះ៕

—————————
ដោយ សក្កដា ប្រយុទ្ធ
[email protected]
—————————

អត្ថបទ««អាថ៌កំបាំងក្រោយ ការ​អស់​សុពល​​ភាព ​នៃ​កិច្ច​ព្រម​ព្រៀងក្រុងប៉ារីស»ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបាន​ចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ Microsoft Word file ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]

ការិយាល័យនិពន្ធរបស់ទស្សនាវដ្ដី នឹងទទួលអត្ថបទ ឬឯកសារទាំងនោះ ដោយក្ដី​សោមនស្ស​រីករាយ និង​ធ្វើការ​​ពិនិត្យ​ចុះ​ផ្សាយជាបន្តបន្ទាប់ ជាពិសេស​ទស្សនាវដ្ដី នឹង​គោរព​ក្ដីប្រាថ្នារបស់ប្រិយមិត្ត ដែលមិន​ចង់​​បញ្ចេញ​ឈ្មោះ



លំអិតបន្ថែមទៀត

កម្ពុជា

ញឹម វណ្ណដា ដែល​ត្រូវ​ដកចេញ​ព្រោះ«ភូតភរ» បានឡើង​ជា​ទីប្រឹក្សា​រដ្ឋាភិបាល

មានកំហុសពីបទ«ខ្វះការទទួលខុសត្រូវ» និង«ភូតភរ» រហូតត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បរិហារជាសាធារណៈ តែលោក ញឹម វណ្ណដា នៅតែមានតំណែង នៅក្នុងរដ្ឋាភិបាលលោក ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន អបអរ​ថ្ងៃចូល​«រ៉ាម៉ាឌន» តែ​ទុក​ខ្មែរឥស្លាម​ច្រើននាក់​នៅ​ក្រៅ​ស្រុក

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងអបអរសាទរ និងជូនពរថ្ងៃចូល នៃខែបួស​របស់សាសនិកឥស្លាម ដែលហៅតាមពាក្យអារ៉ាប់​«រ៉ាម៉ាឌន (Ramadan)»។ លោកបាននិយាយ​ពាក្យពេជន៍​មួយចំនួនទៀត ដើម្បីអ្វីមួយ ដែលលោកហៅថា «សូមអធ្យាស្រ័យ​សុំការយោគយល់»​ពី«បងប្អូនសាសនិកខ្មែរឥស្លាម» ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ថាបានត្រៀម សម្ភារៈ​និង​បរិក្ខារ​ពេទ្យ រួចហើយ

នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលឯកបក្ស នៅប្រទេសកម្ពុជា បានអះអាងជាថ្មីថា លោកបានត្រៀមបម្រុង សម្ភារៈ​និង​បរិក្ខារ​ពេទ្យ ក្នុងស្ដុករួចស្រេចហើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ដ៏ឧត្បាតមួយនេះ។ សម្រាប់អ្នកឃ្លាំមើល បានលើកឡើងថា ...

យល់ស៊ីជម្រៅផ្នែក ទស្សនៈប្រិយមិត្ត

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...

Comments are closed.