ក្នុងខណៈពេលដែលរដ្ឋសភា គណបក្សប្រជាជនកម្ពុជា បានអនុម័តការធ្វើវិសោធនកម្ម លើច្បាប់ចំនួន៤ ដើម្បីឈានទៅយកអាសនៈ របស់គណបក្សប្រឆាំង ទៅបែងចែកឲ្យគណបក្សដទៃនោះ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានផ្ញើរ«លិខិតចំហ»មួយ ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង ទៅកាន់អ្នកតំណាងរាស្ត្រទាំងឡាយ នៅលើពិភពលោក ដើម្បីជួយការពារភាព ជាតំណាងរាស្ត្រពិតប្រាកដ នៅកម្ពុជា។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានទទួលលិខិតចំហរនេះ ហើយសូមផ្សាយជូនទាំងស្រុង ដូចខាងក្រោម។

សេចក្តីអំពាវនាវរបស់លោក សម រង្ស៊ី ទៅកាន់​តំណាងរាស្ត្រ​ទាំងអស់ ក្នុងពិភពលោក ដើម្បីជួយ​ការពារលក្ខណៈ​ជាតំណាងរាស្ត្រ​ពិតប្រាកដ នៅប្រទេសកម្ពុជា

ក្នុងខណៈដែលសហភាពអន្តរសភា (Inter-Parliamentary Union ហៅកាត់ IPU) កំពុងតែប្រជុំ នៅពេលនេះ ក្នុងទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ក្នុងសន្និបាតទី១៣៧ របស់ខ្លួន ដែលក្នុងនោះមានវត្តមានតំណាងរាស្ត្រ មកពី១៧៣ រដ្ឋសភា លើទូទាំងពិភពលោក ខ្ញុំសូមធ្វើសេចក្តីអំពាវនាវនេះ ទៅកាន់តំណាងរាស្ត្រទាំងអស់នោះ ដើម្បីឲ្យជួយការពារលក្ខណៈ ជាតំណាងរាស្ត្រពិតប្រាកដ នៅប្រទេសកម្ពុជា។

ក្នុងរដ្ឋសភានៃប្រទេសកម្ពុជា សព្វថ្ងៃ មានតំណាងរាស្ត្រ ១២៣នាក់ មកតែពីពីរគណបក្សប៉ុណ្ណោះ គឺគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមាន ៦៨អសនៈ និងគណបក្សសង្គ្រោះជាតិ តំណាងឲ្យចលនាប្រឆាំង ដែលមាន ៥៥អសនៈ។

គម្រោងរៀបចំការបោះឆ្នោតមួយ ដើម្បីជ្រើសរើសតំណាងរាស្ត្រជាថ្មី ក្នុងខែកក្កដា ឆ្នាំ ២០១៨ ខាងមុខ ត្រូវបានកំណត់តាំងពីយូរមកហើយ។ មានអ្នកសង្កេតការណ៍ឯករាជ្យជាច្រើន ទស្សន៍ទាយថា ចលនាប្រឆាំង ដែលបានកើនកម្លាំងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ នឹងបន្តបង្កើនកម្លាំងរបស់ខ្លួនថែមទៀត ដោយសារតែប្រជាពលរដ្ឋកាន់តែច្រើនឡើងៗ មិនសប្បាយចិត្តពីរដ្ឋាភិបាលសព្វថ្ងៃ ហើយចង់​ឲ្យមាន​ការផ្លាស់ប្តូរ។

យ៉ាងដូច្នេះហើយ បានជាអ្នកសង្កេតការណ៍ទាំងនោះ បន្តទស្សន៍ទាយថា គណបក្សសង្គ្រោះជាតិ នឹងអាចទទួលជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខ ដែលជាហេតុធ្វើឲ្យគណបក្សប្រជាជនកម្ពុជា បាត់បង់អំណាច ដែលខ្លួនបានក្តោបក្តាប់ អស់រយៈពេល ៣៨ ឆ្នាំមកហើយ។

នៅពេលដែលការបោះឆ្នោត កំពុងតែឈានចូលជិតមកដល់ ស្រាប់តែរដ្ឋាភិបាលលោក ហ៊ុន សែន បានបញ្ជា កាលពីខែមុន ឲ្យចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា យកទៅដាក់ពន្ធនាគារ ដោយចោទប្រកាន់លោកថា បានប្រព្រឹត្ត “អំពើក្បត់ជាតិ” និងបានរៀបចំ “បដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល”។

មិនតែប៉ុណ្ណោះ ស្រាប់តែលោក ហ៊ុន សែន បានប្រកាស ប៉ុន្មានថ្ងៃចុងក្រោយនេះ ថានឹងរំលាយគណបក្សសង្គ្រោះជាតិ តែម្តង ក្នុងពេលឆាប់ៗខាងមុខនេះ ដោយចោទប្រកាន់គណបក្សនេះ ពីបទដូចអ្វី ដែលគេបានចោទប្រកាន់លោក កឹម សុខា អញ្ចឹងដែរ។

ក្នុងគម្រោងចង់រំលាយគណបក្សសង្គ្រោះជាតិនេះ គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាល បានជម្រុញថ្មីៗនេះ ឲ្យមានការកែច្បាប់​ស្តីពីគណបក្សនយោបាយ និងការបោះឆ្នោត ដើម្បីបើកផ្លូវ ឲ្យរំលាយគណបក្សសង្គ្រោះជាតិ “តាមផ្លូវច្បាប់” ដោយយោងច្បាប់ ដែលគេទើបតែកែចុះកែឡើង យ៉ាងងងើល ក្នុងពេលថ្មីៗនេះ ហើយយោងអំណាចផ្តាច់ការរបស់គេ លើនគរបាល និងលើតុលាការ។

ការរំលាយគណបក្សសង្គ្រោះជាតិ នឹងធ្វើឲ្យតំណាងរាស្ត្រជាប់ឆ្នោត ទាំង ៥៥ នាក់របស់គណបក្សនេះ បាត់បង់ជាស្វ័យប្រវត្ត និងជាសមូហភាព នូវអាណត្តិសភារបស់ខ្លួន ដែលបានមកពីការបោះឆ្នោតជាសកល។

ព្រឹត្តិការណ៍បែបនេះ នឹងនាំមកនូវផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ “ដំណើរការ​ប្រជាធិបតេយ្យ” ដែលប្រទេសកម្ពុជា ត្រូវអនុវត្ត យោងកិច្ច​ព្រមព្រៀង​ទីក្រុងប៉ារីស ដែលជាសន្ធិសញ្ញាអន្តរជាតិមួយ ជាប្រវត្តិសាស្ត្រ ចុះហត្ថលេខា ដោយ ១៨ប្រទេស ក្រោមការមើលខុសត្រូវ ពីអង្គការសហប្រជាជាតិ ក្នុងឆ្នាំ ១៩៩១។

ការចោទប្រកាន់ មកលើគណបក្សប្រឆាំង និងទង្វើ ផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យ របស់អាជ្ញាធរប្រទេសកម្ពុជា ក្នុងការធ្វើទុក្ខ​បុកម្នេញ​គណបក្សសង្គ្រោះជាតិ ត្រូវបានផ្តន្ទាទោស ដោយអង្គការសហប្រជាជាតិ សភាអឺរ៉ុប និងរដ្ឋាភិបាលច្រើនប្រទេស ក្នុងពិភពលោក ព្រមទាំង​អង្គការសិទ្ធិមនុស្សជាទូទៅ។

ក្នុងឋានៈខ្ញុំ ជាតំណាងប្រជារាស្ត្រខ្មែរ ដែលបានបោះឆ្នោតឲ្យខ្ញុំ យ៉ាងទៀងទាត់ គ្រប់អាណត្តិ តាំងពីឆ្នាំ១៩៩៣ មក ហើយក្នុងឋានៈខ្ញុំ​ជាអតីត​ប្រធាន​គណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេបង្ខំ ឲ្យនិរទេសខ្លួន ខ្ញុំសូមស្នើដោយក្តីគោរព ឲ្យមានសាមគ្គីភាពដ៏សកម្ម ពីសំណាក់​អ្នកតំណាងរាស្ត្រទាំងអស់ក្នុងពិភពលោក ដើម្បីជួយតំណាងរាស្ត្រដូចគ្នា នៅប្រទេសកម្ពុជា ដោយទប់ស្កាត់កុំឲ្យគេរំលាយ​គណបក្សសង្គ្រោះជាតិ ដែលទង្វើបែបនេះ ជាការរំលោភគោលការណ៍ប្រជាធិបតេយ្យ នៃប្រព័ន្ធសភា និងរំលោភលក្ខណៈ​ជាតំណាងរាស្ត្រ​ពិតប្រាកដ ក្នុងប្រព័ន្ធនេះ៕

—————

(*) កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖  ទស្សនាវដ្ដីបានធ្វើការកែសម្រួល«លិខិតចំហ»ខាងលើ របស់លោក សម រង្ស៊ី នូវឃ្លាឃ្លោងមួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​របស់​អត្ថបទ និងអ្វីដែលស្មេរចង់អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។



You may also like

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ​ប្រៀប​ស្មារតី CNRP ទៅ​នឹង​បក្សី​«ហង្សទេព»​ដែល​មិន​ចេះ​ស្លាប់

ការខ្វែងគំនិតគ្នា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ រវាងមន្ត្រីគ្រាក់ៗនៅក្នុងគណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យគណបក្សនេះ រងការប្រេះឆានោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាវិញ្ញាសារ ដ៏សំខាន់មួយ ដែលគណបក្សប្រឆាំង​ដ៏ធំមួយនេះ ត្រូវឆ្លងកាត់ និងជំនះឲ្យបាន។ នេះ បើតាមការលើកឡើង ...
កម្ពុជា

ហ៊ុន សែន ឲ្យពលរដ្ឋខ្មែរ​វិលចូល​ស្រុក​ដោយគ្មាន វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាថ្មី ឲ្យពលរដ្ឋខ្មែរ​នៅក្រៅប្រទេស អាចវិល​ចូល​​មាតុភូមិវិញ ដោយមិនចាំបាច់មាន វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព ថាគ្មាន​ជំងឺ «Covid-19»។ ប៉ុន្តែពួកគេ ត្រូវដាក់ឲ្យនៅដោយឡែក រយៈពេល១៤ថ្ងៃសិន ...
កម្ពុជា

សម រង្ស៊ី ប្រតិកម្មជា៣វគ្គ អំពី​«ស្ដេចទីងមោង»នៅកម្ពុជា

លោក សម រង្ស៊ី បន្តបញ្ជាក់ជាថ្មី ជុំវិញសំណេររបស់លោក កាលពីចុងសប្តាហ៍មុន ហៅព្រះមហាក្សត្រ ព្រះបាទ នរោត្តម សីហមុនី ថាជា«ស្ដេចទីងមោង» ដែលលោកថា តែងធ្វើតាមបញ្ជារបស់នាយករដ្ឋមន្ត្រីចាស់វស្សានៅកម្ពុជា។ ...

Comments are closed.

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...