«គណបក្ស​ប្រឆាំង​ពីរត្រួត»៖ ក្រោយការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់ថ្មីៗនេះ ប្រធាន​បក្ស​ប្រឆាំង​​ធំបំផុត​បាននិយាយថា “ការបោះឆ្នោត​ឲ្យគណបក្សតូចៗ ជាការបង្ហិន​សន្លឹក​ឆ្នោត”។ គាត់សុំឲ្យពលរដ្ឋ រួមគ្នាបោះឆ្នោតឲ្យសង្គ្រោះជាតិ ក្រោមហេតុផលថា “មានតែ​សង្គ្រោះជាតិទេ ទើបជាបក្សធំ ដែលបានវ៉ាដាច់បក្សតូចៗ”។ លើសពីនេះគាត់​ក៏បាន​បញ្ជាក់ថា “មានតែបក្សសង្គ្រោះជាតិ និងបក្សប្រជាជនកម្ពុជាទេ ទើបមាន​លទ្ធភាព​ឈ្នះ​នាយករដ្ឋមន្ដ្រីក្នុងការបោះឆ្នោតឆ្នាំ២០១៨។ …មានតែក្រុមពីរទេ គឺមួយចង់ដូរ និងមួយ​មិនចង់ដូរ។ អ្នកចង់ដូរ​មកសង្រ្គោះជាតិ អ្នកមិនចង់ដូរនៅដដែល”។

សំណួរសួរថា តើក្នុងបរិបទនយោបាយសព្វថ្ងៃនេះ ពលរដ្ឋខ្មែរដែលមាន​សិទ្ធិបោះឆ្នោត​មាន​ជម្រើសគណបក្សតែពីរនេះទេ ឬយ៉ាងណា? ពិតណាស់ថា មានតែពីរជម្រើសទេ​គឺមិនដូរ​ឬដូរ តែមិនដូរ=បក្សប្រជាជន ឯដូរ=សង្គ្រោះជាតិ មិនមែនជា​រឿងត្រឹមត្រូវ​ឡើយ។

ការនិយាយថាមិនដូរ មានន័យថានៅបន្ដបោះឆ្នោត ឲ្យបក្សប្រជាជន។ នេះជាជម្រើស​តែ​មួយ សម្រាប់អ្នកដែលមិនចង់ដូរ។ ប៉ុន្ដែនិយាយ​ចំពោះអ្នកចង់ដូរវិញ មិនមែន​ជាការ​ត្រឹមត្រូវ​ឡើយ ដែលនិយាយថា ជម្រើសមានតែមួយ គឺបោះឆ្នោតឲ្យសង្គ្រោះជាតិ

អ្នកដែលមិនគាំទ្រការដឹកនាំរដ្ឋាភិបាលបច្ចុប្បន្ន (អ្នកចង់ដូរ) គេត្រូវតែនិយាយ​គ្នា​សិន​ថា តើចង់ដូរទៅណា? ការបោះឆ្នោតឲ្យបក្សប្រជាជន មានជម្រើសតែមួយ តែការ​មិន​បោះឆ្នោតឲ្យគណបក្សប្រជាជន មានជម្រើសច្រើនលើសពីមួយ។ មន្ដ្រីបក្សប្រឆាំងធំ​បំផុត​ធ្លាប់ថា កាលបើ​មានពហុបក្សក្នុងការដឹកនាំ នាំមកនូវការរីកចម្រើន ដោយសារវា​ជួយ កុំឲ្យបក្សប្រជាជនជិះសេះលែងដៃ។ ប៉ុន្ដែពហុបក្សដែលគេ​សំដៅដល់គឺ បើបក្សគេ​បាន​ចូលដែរនោះ ហៅថាពហុបក្សហើយ។ ផ្ទុយទៅវិញ បើមិនទាន់មានបក្សខ្លួនចូលទ គឺ​គ្មានពហុបក្សទេ។

ជាការពិត ដែលពេលនេះមានតែបក្សប្រជាជន និងបក្សសង្គ្រោះជាតិ ដែលទទួលបាន​សំឡេង​ឆ្នោតប្រដំប្រសងគ្នាពី៤០ ទៅ៥០%។ ចំណែកឯបក្សដទៃ ទទួលបានសំឡេង​គាំទ្រ​មិនដល់៥%។ យ៉ាងណាក៏ដោយ ក៏មិនអាចនិយាយថាការបោះឆ្នោត​ឲ្យបក្សតូចៗ​ជា​ការបង្ហិន​សន្លឹកឆ្នោតដែរ។

មិនគួរភ្លេចឡើយថាមុនពេលកើតសង្គ្រោះជាតិ បក្សសិទ្ធិមនុស្សក៏ត្រូវបានរាប់​ថាជា​បក្ស​តូចដែរ។ កាលណោះលោក សម រង្ស៊ី ក្នុងនាមជា​មេបក្ស​ប្រឆាំងធំបំផុត ធ្លាប់ហៅមិនឲ្យ​ពលរដ្ឋ​បែកសំឡេង ទៅបោះឲ្យសិទ្ធិមនុស្ស ដែរនាំខាតសំឡេង ហើយបក្សសិទ្ធិមនុស្ស ក៏ធ្លាប់​ត្រូវបានលោក រង្ស៊ី ហៅថាអាយ៉ងថែមទៀត។ មិនគួរណាលោក កឹម សុខា ឆាប់​ភ្លេចដល់ម្លឹង ឬមួយលោកមិនភ្លេចទេ តែដោយចេតនា គឺលោកទម្លាក់ពាក្យ ដែលបក្ស​លោកធ្លាប់ទទួលមកលើបក្សតូចៗ ដទៃបន្ដ?

បែបនេះជាការប្រមាថដល់បក្សតូចៗដទៃថាអត់បានការ ក៏ជាការប្រមាទ​ការណ៍​ថាខ្លួន​ធំដោយបានឡើងជាប្រធានបក្សប្រឆាំងធំបំផុតផង ដូច្នេះលើទីលាននេះគ្មាន​បក្សណា​មកប្រជែងប្រឆាំងនឹងបក្សខ្លួនបានឡើយ។ ដោយសារតែសម្អប់និងកំហឹង ពលរដ្ឋ​ជា​ច្រើន​ពិសេសពលរដ្ឋ ដែលរងគ្រោះផ្ទាល់ពីផលប៉ះពាល់នានា ក្នុងការដឹកនាំប្រទេស​របស់​បក្សកាន់អំណាចបានបង្កើត ជាចរន្ដប្រឆាំងឡើង។

ក្នុងចិត្ដពលរដ្ឋ ដែលបានបោះឆ្នោត ឲ្យសង្គ្រោះជាតិគឺប្ដូរៗៗ ហើយប្ដូរនោះទៀតសោត គឺប្ដូរ​សិនទៅចាំគិតទៀត។ ពួកគាត់ក៏គិតយ៉ាងធូរៗថា បើសង្គ្រោះជាតិដឹកនាំ​មិនកើត​ចាំប្ដូរទៀត។ បើទោះបីជាប្រទេសយើង ស្គាល់ក្លិនប្រជាធិតេយ្យរាប់សិបឆ្នាំ ហើយក៏ដោយ ប៉ុន្ដែមិនទាន់មានសូម្បី​ម្ដងឡើយ ដែលពលរដ្ឋខ្មែរយើងអាចប្រើសន្លឹកឆ្នោត ដោយ​សន្ដិវិធី ប្ដូរអ្នកដឹកនាំតាមចិត្ដរបស់ខ្លួនបាន។

តើនរណាហ៊ានអះអាងថា បើសង្គ្រោះជាតិបានកាន់រដ្ឋាភិបាលបែបអំណាចប្រមូលផ្ដុំ ត្រឹម​មួយអាណត្ដិ ពលរដ្ឋអាចប្ដូរគេចេញបាន​បើពលរដ្ឋ​មិនពេញចិត្ដ? ប្រសិនបើប្រទេសយើង​កំពុងតែស្ថិត នៅក្នុងលក្ខខណ្ឌ ដែលមានប្រព័ន្ធកាត់បន្ថយអំណាចរដ្ឋ ដើម្បីរក្សា​តុល្យភាព​អំណាច រវាងពលរដ្ឋជាម្ចាស់ប្រទេស និងអ្នកកាន់ការងារស្រុកទេស នោះវាគ្មាន​អ្វីខ្លាចឡើយថា បើសង្គ្រោះជាតិដឹកនាំមិនកើត ត្រឹមមួយអាណត្ដិ ពលរដ្ឋអាចប្ដូរគេ​ចេញ​បាន។

យ៉ាងណាក៏ដោយ យើងត្រូវតែគិតដោយភាពប្រាកដនិយម គឺគិតដោយមិនភ្លេចច្រឡំ ដក​ជើងចេញ ពីស្ថានភាពជាក់ស្ដែង។ កាលពីមុន មានមនុស្សតិចប៉ុណ្ណោះ ដែលទទួល​ស្គាល់​ថា រដ្ឋាភិបាលបច្ចុប្បន្ន ដឹកនាំដោយប្រមូលផ្ដុំអំណាច បើទោះបីជាគេអះអាងថា គេបានធ្វើវិមជ្ឈការ និងវិសហមជ្ឈការអំណាច ទៅថ្នាក់ក្រោមជាតិក៏ដោយ។ សព្វថ្ងៃ​នេះ​សូម្បីតែបក្សប្រឆាំងធំបំផុត ក៏ទទួលស្គាល់ដែរថា រដ្ឋាភិបាលមិនបែងចែក​អំណាច។

ប៉ុន្ដែសង្គ្រោះជាតិមិនដែលបង្ហាញថា គេចង់បំបែកអំណាចរដ្ឋ ដើម្បីធានាតុល្យភាព​អំណាចឡើយ។ គេនិយាយត្រឹមតែថា ពួកខ្លួនមានឆន្ទៈ​ដឹកនាំប្រទេស ឲ្យល្អប៉ុណ្ណោះ គឺបើ​គេ​ជាប់ឆ្នោតដឹកនាំរដ្ឋាភិបាល នោះរបៀបដឹកនាំរដ្ឋ នឹងនៅតែដដែលដូរតែមនុស្ស។ បែបនេះមិនយូរទេ មុខជាការសន្យាថា ធ្វើតាមឆន្ទៈរាស្ដ្រ ក្លាយជាការទាក់រាស្ដ្រយក​សន្លឹក​ឆ្នោត​ទៅឆាន់មិនខាន។

គ្មានប្រទេសប្រជាធិបតេយ្យណាមួយ ដែលដើរមុនប្រទេសយើង ដឹកនាំប្រទេសដោយ​គ្មាន​ប្រព័ន្ធ រក្សាតុល្យភាពអំណាចឡើយ។ ប្រព័ន្ធនឹង​ធានាថា អ្នកកាន់ការស្រុកទេស នឹងមិន​អាចនៅក្រាញ់អំណាច បើទោះបីជាគេចង់នៅក្រាញ់ក៏ដោយ។ ប្រព័ន្ធនឹងរុញច្រានគេ​ចេញ​ពីតំណែង កាលណាគេខកខានបំពេញកាតព្វកិច្ច ឲ្យបានត្រឹមត្រូវ ឬដល់អាណត្ដិ ឬពេលចាញ់ឆ្នោត។ កាលណាមានប្រព័ន្ធនោះ មុខជាអ្នកដែលមាន​តំណែងតួនាទី ត្រូវតែ​ធ្វើការដោយទទួលខុសត្រូវ ចំពោះមុខពលរដ្ឋ ដែលជាម្ចាស់ប្រទេស។ តំណែងតួនាទីទាំង​នោះ គឺជាអម្រែកនៃការទទួល​ខុសត្រូវសុទ្ធសាធ។ ប្រព័ន្ធនឹងច្រោះយកតែមនុស្ស ដែល​មាន​ទាំងឆន្ទៈ និងសមត្ថភាពពិតប្រាកដ ដើម្បីទៅធ្វើការបម្រើពលរដ្ឋ។

«គណបក្ស​ប្រឆាំង​ពីរត្រួត»

ថ្វីត្បិតគណបក្សសង្គ្រោះជាតិ នាំពលរដ្ឋដែលមិនពេញចិត្ដ នឹងរដ្ឋាភិបាល​បច្ចុប្បន្ន​ ទៅដូរ ប៉ុន្ដែបក្សនេះគ្មានគំនិតកសាងប្រព័ន្ធ ធានាតុល្យភាព​អំណាចឡើយ។ ដូររបស់គេមាន​ន័យ​ថា គេនឹងដូរលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ចេញ ដាក់លោក កឹម សុខា ឬលោក សម រង្ស៊ី ជំនួស តែរបៀបដែលធ្លាប់អនុវត្ដ ក្នុងការដឹកនាំប្រទេសយ៉ាងណា នឹងនៅតែ​រក្សា​ដដែល គឺអំណាចប្រមូលផ្ដុំ នឹងនៅតែប្រមូលផ្ដុំ ខុសតែត្រង់​បច្ចុប្បន្ន​វាផ្ដុំលើ​អេគីប​លោកនាយករដ្ឋមន្ដ្រី តែក្រោយពីប្ដូរនោះ អំណាចវានឹងប្រមូលផ្ដុំលើអេគីបលោក កឹម សុខា ឬលោក សម រង្ស៊ី ម្ដង។

និយាយចំពោះអ្នកដែលចង់ប្ដូរ ឲ្យតែបានសិន សង្គ្រោះជាតិពិតជាជម្រើស តែមួយគត់​មែន។ ប៉ុន្ដែនិយាយចំពោះអ្នក ដែលចង់ចេញពីអំណាច​ប្រមូលផ្ដុំ ទៅរកប្រព័ន្ធ​តុល្យភាព​អំណាច បក្សប្រជាជនកម្ពុជា និងសង្គ្រោះជាតិ គឺតែមួយដូរនាំតែហត់អត់អំពើ ព្រោះ​មាន​កន្លែងខ្លះ ការនៅក្រោម​អំណាចបច្ចុប្បន្ន ហាក់រាងធូរស្រាល ជាងនៅក្រោម​អំណាច​សង្គ្រោះជាតិ។

មិនអាចបដិសេធឡើយថា បរិយាកាសនៅស្រុកយើង ទោះមិនគួរជាទីពេញចិត្ដយើង ប៉ុន្ដែ​យើងត្រូវតែទទួលស្គាល់ ពីចំណុចល្អខ្លះៗ ដែលរដ្ឋាភិបាល​ធ្វើ ដែលហោចណាស់ បាន​ទុក​ឲ្យយើងដកដង្ហើមខ្លះដែរ។ បើគេមិនបន្ធូរដៃទេ នោះម្ល៉េះ​សមបក្សតូចៗគ្មាន​ឱកាស​ជាបក្សប្រឆាំង​ពីរត្រួតដែរ។ ប្រឆាំងពីរត្រួត គឺប្រឆាំងនឹងរបៀបដឹកនាំ របស់បក្សកាន់​អំណាចមួយជាន់ហើយ លើសពីនេះនៅប្រឆាំង នឹងបក្សប្រឆាំងធំបំផុត​មួយជាន់ទៀត។

បើនរណាចេះហៅបក្សបែបនេះ ថាបក្សអាយ៉ងក៏ហៅ ដោយមិនចេះខ្មាសមាត់ទៅចុះ។ បើសិនជាគ្មានវត្តមានបក្សប្រឆាំងពីរត្រួត លើទីលាន​នយោបាយទេ នោះសមថាជម្រើស​ចេញ​ពីរដ្ឋាភិបាលបច្ចុប្បន្ន មានតែមួយគត់ គឺរើសយកសង្គ្រោះជាតិ។ កាលពីមុន​អ្នក​កាសែត វិទ្យុ ទូរទស្សន៍ មិនដែលយកភ្នែកមើលគណបក្សនេះឡើយ ដោយយល់ថា​បក្ស​អាយ៉ងតូចឥតបានការ នោះគឺបក្សជួង តែពេលនេះ តើគេនៅតែ​បន្ដធ្វើពើ​ទៀតឬ? ពេលខ្លះមានការចេញផ្សាយការរិះគន់ អិលឌីភី ប៉ុន្ដែគេបែរជាទាត់ចោល មិនចេញ​ផ្សាយ​ការបកស្រាយតប ពីអ្នកគាំទ្រអិលឌីភី។ នេះជាទម្រង់​មួយ​នៃការរើសអើង របស់អ្នក​សារព័ត៌មាន។

ជារឿយៗ ដោយចង់គេចចេញ ពីការប្រឈមមុខ ជាមួយបក្សជួង គេប្រាប់ទៅ​សកម្មជន​របស់ខ្លួនថា កុំទៅរវល់ឆ្លើយឆ្លងជាមួយបក្សតូចៗ។ ប៉ុន្ដែគេលួចបារម្ភ ពីដំណើរទៅមុខ​របស់​បក្សជួង។

បក្សជួង ជាបក្សប្រឆាំងពីរត្រួត ដែលចង់នាំខ្មែរឲ្យរើខ្លួន ចេញពីអំណាចប្រមូលផ្ដុំ។ ទៅ​តាមផ្លូវបក្សកាន់អំណាច ក៏ជួងមិនទៅ ទៅតាមផ្លូវ​បក្សប្រឆាំងធំបំផុត ក៏យើងមិនទៅ គឺបក្សជួងត្រួសត្រាយផ្លូវមួយថ្មី ដែលក្រាលដោយប្រព័ន្ធធានាតុល្យភាពអំណាច។ ប្រព័ន្ធ​នេះ មិនបដិសេធ​យកអ្នកដែលថា ខ្លួនមានឆន្ទៈឡើយ ប៉ុន្ដែសូមទុកឲ្យប្រព័ន្ធ​ដើរតួនាទី ជាអ្នកបន្សុទ្ធមនុស្សចុះ។

បើអ្នកមានឆន្ទៈពិតប្រាកដថា ចង់ប្ដូររបៀបដឹកនាំមែន ដាច់ខាតត្រូវតែបង្ហាញ ពី​ឆន្ទៈ​កសាងប្រព័ន្ធ។ កាលណាកសាងបានប្រព័ន្ធហើយ ទោះអ្នកកសាង​នោះមិននៅ​ដឹកនាំ​ក៏​បាន គឺមិនមែនទាល់តែ “ខ្ញុំទើបអាចដឹកនាំប្រទេសបាន” នោះទេ។

សូមជម្រាបថា បក្សជួងមិនធ្វើនយោបាយផ្គាប់ចិត្ដរាស្ដ្រ ដើម្បីទាក់យកសន្លឹកឆ្នោតឡើយ លើសពីនេះ យើងហៅទង្វើបែបនេះថា ជាទង្វើ​របស់អ្នកនយោបាយថោកទាប ឯអ្នក​វិភាគ​ណា ដែលផ្ដល់យោបល់ថា គួរតែធ្វើបែបនេះដូរបែបនោះ ដើម្បីទាក់យកសន្លឹកឆ្នោត ក៏រាប់ថា​ជាជនថោកទាបដែរ ដែលចង់កេងចំណេញ ពីពលរដ្ឋឯង។ ជនបែបនោះគេ​ចេះ​តែ​ថាបក្សជួង មិនយកគំនិតអ្នកដទៃ ដែលការពិត​វាជាគំនិត​ដ៏សែនកខ្វក់ ហើយគេថា​បក្សជួង​ជេរគ្រប់គ្នា ដែលមិនត្រូវជាមួយខ្លួន។

យោបល់ខ្លះ បង្ហាញពីភាពអាត្មានិយម របស់អ្នកផ្ដល់យោបល់នោះ។ ពេលបក្សជួង​ទាត់​ចោល គេទទួលមិនបាន​ដោយសារ​គេមាននាម​ជាអ្នកចេះដឹង ហើយក៏ចេញជា​ពាក្យ​កាច់​មួល មកលើបក្សជួង។ លុះដល់គេជេរ គេក៏ថាបក្សជួងចេះតែជេរគេ។ សូមក្រលេកមើល​ម្ដងមួយៗ ដោយចិត្ដស្មើៗ នោះអ្នកនឹងឃើញថា តើបុគ្គលប្រភេទណាខ្លះ​ដែលបក្សជួង​ជេរ​មិនខាន។ វាត្រូវតែមានមូលហេតុថា ហេតុអ្វីទើបបក្សជួងជេរ វាមិនដែល​បើកទ្វារមក​ភ្លាម ប្រមុខបក្សជួងជេរយកៗនោះទេ។

បក្សជួងធ្វើនយោបាយ ដោយមានមនោគមវិជ្ជានយោបាយជាក់លាក់ គឺសំដៅ​បណ្ដុះ​មូលដ្ឋាន​ពិចារណាដល់ពលរដ្ឋ ឲ្យចេះពិចារណាបែងចែកល្អ និងអាក្រក់ ប្រកបដោយហេតុ​និងផល ជៀសវាងចូលរួមនយោបាយ ដោយគំនុំសម្អប់កំហឹង និងដើម្បីតែប្រយោជន៍​ផ្ទាល់ខ្លួន។

បក្សជួងមាន៖

១) គោលដៅកសាងសង្គមប្រជាធិបតេយ្យមួយ ដែលពលរដ្ឋទាំងអស់រស់នៅ ដោយស្មើ​ភាព​គ្នាក្នុងភាពជាម្ចាស់ប្រទេស

២) ដើម្បីឈានទៅកាន់គោលដៅខាងលើ គឺបក្សជួងចាប់ផ្ដើម ចេញពីការពន្យល់ពលរដ្ឋ​ឲ្យមានមូលដ្ឋានពិចារណា

៣) ឥរិយាបថនយោបាយរបស់បក្សជួង គឺសុចរិតមិនលាបព៌ណ មិនញុះញង់ មិនចោទ​ប្រកាន់​គេដោយគ្មានភស្ដុតាង មិនបំភ័ន្ដការគិត​របស់​ពលរដ្ឋ មិនកុហកមិនបោក​យក​តែ​សន្លឹកឆ្នោត ផ្ទុយទៅវិញ គឺបើកបង្ហាញឲ្យពលរដ្ឋបានឃើញ ពីទង្វើទុច្ចរិត រួមទាំងរបស់​អ្នកនយោបាយ ទាំងក្នុងរដ្ឋាភិបាល និងបក្សប្រឆាំង អ្នកសាសនា អង្គការសង្គមស៊ីវិល រួមទាំងភាពអសកម្មនានារបស់ពលរដ្ឋ។

ដោយសារតែបក្សជួង បើកបង្ហាញជុំទឹសបែបនេះហើយ ទើបគេចេះតែ​លើកឡើង​ថា​បក្សជួង​ជេរនរណាស្រេចចិត្ដ ក្រៅពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ និយាយបែបនេះ​លើស​ហើយ។ មនុស្សថ្លៃថ្នូរ មិនមកកាច់មួលគេស្រស់ៗបែបនេះទេ។ ប្រមុខបក្សជួង​បាន​ជេរ ប៉ុន្ដែគាត់ជេរចំពោះ​ទង្វើ​ថោកទាប របស់បុគ្គលតែប៉ុណ្ណោះ គាត់មិនដែលជេរ ប្រទូស្ដ​កេរ្ដ៍ភេទបុគ្គលណា ជាពាក្យអាសអាភាសឡើយ។

៤) ធនធានមនុស្ស។ គេថាបក្សជួងជេរគេមិនរើសមុខ បើពិតជាដូច្នេះមែន ហេតុអ្វី​មាន​ពលរដ្ឋប្រហែលជា២០ម៊ឺននាក់ គាំទ្របក្សជួង? តើពលរដ្ឋមួយក្រុមតូចនុះ ខូចខួរក្បាល​ក្លាយជា​ក្បាលដែកគោល ដូចគេចោទអស់ហើយឬ?

តើតាំងតែពីដើមមក អស់លោកដែលឭដែលឃើញថា មានសមាជិក ឬអ្នកគាំទ្របក្ស​ជួងម្នាក់ ណាជាជនពាលាអាវ៉ាសែ ផឹកស្រាស្រវឹងអួរទីនួ វ៉ៃប្រពន្ធទាត់កូន ឬឈ្លោះគេ​វ៉ៃទាត់​ធាក់ ប្រើអំពើហឹង្សា ឬជេរប្រមាថដល់កេរ្ដ៍ភេទនរណាម្នាក់ ឬមានសាហាស្មន់​ក្បត់ប្ដី​ផិត​ប្រពន្ធ ឬប្រព្រឹត្ដ​បទល្មើស​ចោរកម្ម ឬលេងល្បែងស៊ីសងបៀរអាប៉ោងកន្ទុយលេខ ឬ​ជួញដូរ ប្រព្រឹត្ដគ្រឿងញៀននៅឯណាទេ?

បើបក្សជួងបំផ្លាញជាតិពិតមែន ១១ឆ្នាំមកនេះ មុខជាសមល្មម នឹងបណ្ដុះបានជន​ពាលា​អាវ៉ាសែ អុកឡុកពេញសង្គមមិនខាន។ ផ្ទុយទៅវិញ​សមាជិក និងអ្នកគាំទ្របក្សជួង​ជាទូទៅជាជនគំរូ ទាំងក្នុងគ្រួសារ និងសហគមន៍។ ភាពមានវិន័យ តាមផ្លូវថ្លៃថ្នូរមិនសុំ​សន្លឹកឆ្នោតគេ អំឡុងពេល​យុទ្ធនាការឃោសនាបោះឆ្នោត ឃុំសង្កាត់ថ្មីៗនេះ ជាការ​បង្ហាញ​ជាក់លាក់ ពីផលវិជ្ជមាន នៃការពន្យល់របស់ប្រមុខបក្សជួងហើយ។

យ៉ាងណាក៏ដោយ គេនៅតែមើលមិនឃើញ ពីចំណុចល្អ ដែលគ្មានបក្សដែលថា ខ្លួន​ត្រឹមត្រូវ​ណាមួយ អាចធ្វើបានដូច បើគេពាក់វ៉ែនតាខ្មៅ សម្លឹង​មកបក្សជួងដោយអគតិ។ ប្រមុខបក្សជួង បាននិយាយជាង៤ពាន់ម៉ោងហើយ។ គាត់ទទួលខុសត្រូវគ្រប់ម៉ាត់ ដែល​គាត់​បានខ្ជាក់។ សំឡេងក៏នៅ​មនុស្សក៏នៅ បើនរណាយល់ថា មិនត្រឹមត្រូវត្រង់ណា អាច​លើកយកមកតតាំងគ្នាបាន តែកុំចេញមកបំពានថា គេចេះតែជេរមួយមុខ នោះអ្នកមុខ​ជា​ត្រូវបានក្មេងជេរមិនខាន។

ឈ្មោះថា “បក្សអាយ៉ង” ត្រូវបានគេបោះ មកឲ្យបក្សជួង។ បើអ្នកពិចារណាអំពី​យន្ដការ​៨ចំណុច នោះអ្នកមុខជាឃើញថា នេះជាយន្ដការ​ធានា​តុល្យភាពអំណាច បំបែក​អំណា​ចប្រមូលផ្ដុំសព្វថ្ងៃ។ តើមានឬដែលបក្សអាយ៉ង ចង់បំបែកអំណាចមេអាយ៉ង?

តាមពិតទៅ បក្សកាន់អំណាចមិនជាស្រួលចិត្ដ ជាមួយបក្សជួងប៉ុន្មានទេ ប៉ុន្តែគេ​ក៏មិន​ទាន់ដឹងថា ត្រូវធ្វើបែបណាចំពោះពួកជួង បើពួកជួងចូលរួម​នយោបាយ ដោយ​ស្មោះត្រង់​មានការយល់ដឹងដូច្នេះ។ ក្រោយការបោះឆ្នោត តើហេតុអ្វីទើបគេព័ទ្ធវ៉ៃ ស្រោចមកលើ​កូន​បក្សនេះម្ល៉េះ?

ចាស់ថា គេចង់ស៊ីឆ្កែ គេចោទថាឆ្កែនោះឆ្កួតទៅ មុខជាធ្វើឆ្កែនោះស៊ី បានមិនខាន។ នេះ​ជាទង្វើរបស់ជនថោកទាប ទាំងន័យត្រង់ ទាំងន័យធៀប។ ជាការពិត បក្សកាន់អំណាច​ពិតជាបានចំណេញខ្លះ ពីបក្សជួង ដែលបក្សជួងបានបើកបង្ហាញ ពីភាពស្មោគគ្រោគ​របស់​បក្សប្រឆាំងធំបំផុតជួសខ្លួន ព្រោះគេក៏ចង់វ៉ៃសង្រ្គោះជាតិដែរ ប៉ុន្តែដោយសារតែ​ខ្លួន​គេមិនស្អាត ទើបវ៉ៃគេមិនមុត។ ត្រង់នេះហើយ ទើបគេថាបក្សជួង ជាអាយ៉ង។

យ៉ាងណាក៏ដោយ ប្រមុខបក្សជួងធ្លាប់បានផ្ញើរសារ ទៅបក្សកាន់អំណាចរួចហើយថា “កុំភ្លេចថា ពេលពលរដ្ឋចេះដឹង បក្សប្រឆាំងក្រឡុក​បោក​ពលរដ្ឋលែងកើត ប៉ុន្ដែ​ពេល​នោះ​បក្សកាន់អំណាច ក៏ក្រឡុកពលរដ្ឋមិនបានដូចគ្នា”។ បក្សជួងនៅឈរជើង លើ​ទីលាន​នយោបាយបាន ច្បាស់ណាស់​ដោយសារតែបក្សកាន់អំណាច គេមានអធ្យាស្រ័យដែរ តែ​សូមកុំច្រលំថា មកពីជាអាយ៉ង ទើបគេមិនធ្វើបក្សជួងស៊ី ផ្ទុយទៅវិញ​ដោយសារ​តែ​តម្លៃ​​នៃភាពល្អត្រឹមត្រូវ របស់បក្សជួងផ្ទាល់ ទើបយើងអាចឈរជើងបាន។

តាមដានគ្រប់បក្សជារឿង ដែលពលរដ្ឋគ្រប់រូបគួរធ្វើ មិនមែនឲ្យតែឭថាប្រឆាំង សុទ្ធ​តែល្អទេ។ សំខាន់រឿងត្រូវឬខុស មិនសំខាន់ថាធំឬតូចឡើយ។ បើនរណាហ៊ានទាញថា ធំ=ត្រូវ តូច=ខុស នោះអាចមកតតាំងបាន។ សូមតាមដានមើលថា តើគេប្រឆាំង​នឹង​របៀបដឹកនាំ ឬប្រឆាំងនឹងបុគ្គល? ឬប្រឆាំងដោយសារតែគេឈ្មោះ ជាបក្សប្រឆាំង?

វាមិនទាន់ខុសឬត្រូវ ល្អឬអាក្រក់ឡើយ ដែលនរណាម្នាក់គាំទ្របក្សណា។ សំខាន់ថា តើ​ហេតុផលអ្វី ទើបគេជ្រើសរើសគាំទ្របក្សនោះ? តើព្រោះ​ចង់រក្សាប្រយោជន៍ផ្ទាល់ខ្លួន ឬដោយ​សារចាញ់បោកគេ ឬដោយសារមានហេតុផលត្រឹមត្រូវ ក្នុងការគាំទ្រ? នោះ​ទើប​ជា​រឿង ដែលយើងគួរតែ​ពិភាក្សាគ្នា។ បើត្រឹមមានស្លាក ជាគណបក្សប្រឆាំងធំបំផុត ហើយ​មកខ្ទប់ដំណើរលូតលាស់ របស់បក្សតូចៗ នោះវាបង្ហាញពីការភ័យខ្លាចក្នុងចិត្ដ ថាបក្ស​ដទៃ នឹងមកដណ្ដើមយកឈ្មោះជា “គណបក្សប្រឆាំងដាច់មុខ” ពីបក្សខ្លួនតែប៉ុណ្ណោះ។

មធ្យោបាយល្អបំផុត គឺពលរដ្ឋតាមដានគ្រប់បក្សទាំងអស់គ្នា ហើយម្នាក់ៗជ្រើសរើស​យក​បក្ស ដែលខ្លួន​ពេញចិត្ដ ដោយការយល់ដឹង និង​ការទទួល​ខុសត្រូវ៕

——————–
ដោយ ប៉ាង វ៉ាន់ថោន
——————–

អត្ថបទស្ដីពី«គណបក្ស​ប្រឆាំង​ពីរត្រួត»ខាងលើ ត្រូវបានផ្ញើរ​មក​ទស្សនាវដ្ដី និងត្រូវបាន​ចុះផ្សាយ ក្នុងក្របខណ្ឌសេរីភាព​​ នៃការបញ្ចេញមតិ។ ទស្សនាវដ្ដី​បានធ្វើការកែសម្រួល នូវ​ឃ្លាឃ្លោង​មួយចំនួន និងកំហុសអក្ខរាវិរុទ្ធខ្លះៗ ប៉ុន្តែអត្ថន័យដើម​​របស់​អត្ថបទ និងអ្វី​ដែលស្មេរ​ចង់​អះអាង មិនត្រូវបានផ្លាស់ប្ដូរទេ។

ឆ្លៀតក្នុងឱកាសនេះ ទស្សនាវដ្ដីសូមធ្វើការលើកទឹកចិត្ត ដល់មិត្តអ្នកអានទាំងអស់ ដែល​មានបំណងចង់ផ្ញើរជា​អត្ថបទ​​ស្រាវជ្រាវ ប្រលោមលោក ល្បែង​កំសាន្ដ ល្បងប្រាជ្ញា ឬមតិ​យោបល់ទាក់ទងនឹងអ្វីក៏ដោយ ដែលបម្រើ​ដល់​ប្រយោជន៍​សង្គម ឬប្រយោជន៍​សហគមន៍ មកទស្សនាវដ្ដី។ សូមសរសេរ​អត្ថបទ ឬឯកសារទាំងនោះ ដោយ​ប្រើពុម្ពអក្សរខ្មែរ​យូនីកូដ (Khmer Unicode) ដាក់លើ «Microsoft Word file» ហើយផ្ញើរ​មកទស្សនាវដ្ដី​តាម​រយៈ​ ខ្សែភ្ជាប់នេះ (ចុចពីលើ) ឬតាម​មែល​ [email protected]



You may also like

កម្ពុជា

ហ៊ុន សែន ចំអក​ឲ្យ សម រង្ស៊ី ថា​«វា​ក្មេង​ពេក ខ្ចី​ពេក»

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានថ្លែងសារនយោបាយខ្លីមួយ ចំអកឲ្យអ្នកនយោបាយប្រឆាំងណាមួយនោះ ដែលលោកមិនបញ្ចេញឈ្មោះ ដោយចាត់ទុកថា អ្នកនយោបាយរូបនោះ នៅ«ក្មេងពេក ខ្ចីពេក»។ អ្នកនយោបាយ ដែលបុរសខ្លាំងកម្ពុជា ...
កម្ពុជា

សម រង្ស៊ី ថាមិនខ្វល់​ពីសំដី«កូនក្នុងខោ-កូនក្រៅខោ»​របស់ កឹម សុខា

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានអះអាងថា លោកមិនខ្វល់ចំពោះសំដី អ្នកទាំងឡាយណា ដែលនិយាយ​ជំនួសលោក កឹម សុខា ប្រធានគណបក្សនោះទេ បើទោះជាអ្នកនោះ ជា«កូនក្នុងខោ-កូនក្រៅខោ»របស់លោក ...
កម្ពុជា

អន្ទិត កក្កដា សុភ័ណ្ឌ បាន​ទៅដល់​អាមេរិក មួយថ្ងៃ​បន្ទាប់​ពី​ត្រូវបាន​ផ្សឹក

វេលានេះ អន្ទិត កក្កដា សុភ័ណ្ឌ ដែលត្រូវបានចាប់ផ្សឹក ដោយគណៈសង្ឃរាជធានី កាលពីយប់ថ្ងៃអាទិត្យទី២១ ចូលមកថ្ងៃចន្ទទី២២ ខែកក្កដា ឆ្នាំ២០១៩ បានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិកហើយ។ ពីទីនោះ អតីតព្រះភិក្ខុ ...

Comments are closed.

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ តើចិនអាចធ្វើដំណើរ ទៅដល់ណា?

ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ មូលហេតុ៥ ដែល​«អាមេរិកនិង​កម្ពុជា»​ត្រូវតែជិតស្និតគ្នា

គេតែងដឹង និងយល់ស្របជាទូទៅស្រាប់ហើយថា ទំនាក់ទំនងការទូតរវាង«អាមេរិកនិង​កម្ពុជា» ជាទំនាក់ទំនង​ដែល​រដាក់រដុប ជូរចត់ច្រើន​ជាងផ្អែមល្ហែម ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ។ យ៉ាងនេះក៏ដោយ គូភាគីរដ្ឋទាំងទ្វេរ នៅតែ​ប្រឹងប្រែង ធ្វើការ​កែលម្អរ ធ្វើអោយប្រសើរឡើង តាំងពីសម័យកាលសង្គ្រាមត្រជាក់ រហូតមកដល់សម័យកាល​សាកល​ភាវូបនីយកម្ម​បច្ចុប្បន្ន។ ...
ទស្សនៈប្រិយមិត្ត

លិខិតប្រិយមិត្ត៖ ការគោរពបូជា​នូវទិស​ទាំង៦ តាមបែប​ព្រះពុទ្ធសាសនា

បុរសស្រ្តីទាំងឡាយ អ្នកប្រាថ្នាចង់បាន នូវសិរីសួស្តី ក្នុងការរស់នៅ គួរគប្បីប្រតិបត្តិបូជា នូវទិសទាំង៦ តាមបែប​ព្រះពុទ្ធសាសនា ៖ កើត ត្បូង លិច ជើង លើ ...