បុរសវ័យ៦០ឆ្នាំ ដែលត្រូវបានសង្ស័យ ក្នុងសំនុំរឿងឃាតកម្មលើកញ្ញា សូភី ឡេថាន់ (Sophie Le Tan) បានសារភាព​នៅទីបំផុត ក្នុងថ្ងៃអង្គារទី១៩ ខែមករានេះ។ នេះ បើតាមស្ថាប័នអយ្យការបារាំង ប្រចាំក្រុងស្ត្រាស្បួរ៍ (Strasbourg) ដែលត្រូវបានស្រង់សំដី ដោយសារព័ត៌មាន​ក្នុងប្រទេសបារាំង

ជនសង្ស័យ ដែលគេស្គាល់ឈ្មោះ «Jean-Marc Reiser» បានសារភាព​នៅទីបំផុត ថាខ្លួនពិតជាបានសម្លាប់យុវតី សូភី ឡេថាន់ នៅពេលដែលនាង​ចូលទៅមើលផ្ទះ ដែលជននេះបានផ្សាយដំណឹងដាក់ជួល កាលពីអំឡុងខែកញ្ញា​ ឆ្នាំ២០១៨។ ប្រភពពី​ស្ថាប័នអយ្យការ​ ត្រូវបានសារព័ត៌មានស្រង់សំដី មកផ្សាយថា៖

«នៅក្នុងការសាកសួរ ដែលធ្វើឡើង​ នៅពីមុខចៅក្រមស៊ើបអង្កេត ជនសង្ស័យដែលមានឈ្មោះ “Jean-Marc Reiser” បានទទួលស្គាល់​​​ការជាប់ពាក់ព័ន្ធ​របស់ខ្លួន នៅក្នុងមរណភាពរបស់ សូភី ឡេថាន់។»

មុនមកដល់ថ្ងៃនេះ បុរស«Jean-Marc Reiser» បានបដិសេធយ៉ាងដាច់អហង្ការ ពីការជាប់ទាក់ទងក្នុងឃាតកម្ម។ ប្រភពស្និតនឹងសំនុំរឿង បានស្រង់សំដីជនសង្ស័យ មកអះអាងថា ដំបូងឡើយ ជននេះមិនមានបំណងសម្លាប់ជនរងគ្រោះទេ តែបានសម្លាប់ជនរងគ្រោះ នៅបន្ទាប់ពីការឈ្លោះប្រកែកមួយ បានកើតឡើង។ ជនសង្ស័យត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖

«ខ្ញុំមិនចង់សម្លាប់នាងទេ តែខ្ញុំបានសម្លាប់រួចហើយ។»

ជនសង្ស័យបានបន្តទទួលស្គាល់ទៀតថា ខ្លួនពិតជាបានកាប់សពជនងរងគ្រោះ ជាកំណាត់ៗ មុននឹងយកកំណាត់សាកសព ទៅលាក់នៅក្នុងព្រៃ។

សំនុំរឿងដ៏កក្រើក បានផ្ទុះឡើង​នៅក្បែរក្រុងស្ត្រាស្បួរ៍ (ភាគខាងកើតបារាំង) តាំងពីខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពី​ក្រុមគ្រួសារ​របស់នាង សូភី ឡេថាន់ ដែលមានដើមកំណើតវៀតណាម បានប្ដឹងអាជ្ញាធរ ពីការបាត់ខ្លួនយ៉ាងអាថ៌កំបាំង របស់នាង សូភី ឡេថាន់។

នៅមុនការបាត់ខ្លួន និស្សិតស្រីវ័យ២០ឆ្នាំរូបនេះ បានឆ្លើយតបនឹងការផ្សាយដំណឹងជួលផ្ទះ របស់ជនសង្ស័យ ដែលដាក់ផ្ទះជួល ក្នុងក្រុង «Schiltigheim» (ជាយក្រុង​ខាងកើតក្រុងស្ត្រាស្បួរ) មុននឹងធ្វើដំណើរទៅមើលផ្ទះជួលនោះ តាមការណាត់មួយ ជាមួយជនសង្ស័យ។

បុរស «Jean-Marc Reiser» ត្រូវបានអាជ្ញាធរឃាត់ខ្លួន នៅប៉ុន្មានថ្ងៃក្រោយមក ដោយសារជនសង្ស័យវ័យ៦០ឆ្នាំ (អាយុ៥៨ឆ្នាំ នៅពេលកើតហេតុ) រូបនេះ បានជួបនាង សូភី ឡេថាន់ ក្រោយគេបំផុត និងបានក្លាយជាជនសង្ស័យ តែម្នាក់គត់។ ក្នុងពេលកន្លងមក លោក «Jean-Marc Reiser» ធ្លាប់ត្រូវបានផ្ដន្ទាទោសរួចហើយ ពីបទបង្ខាំងខ្លួន និងបទរំលោភ។

តែទោះជាជនសង្ស័យបានប្រកែក យ៉ាងណាក្ដី ក៏ក្រុមអ្នកស៊ើបអង្កេត បានរកឃើញស្លាកស្នាមឈាម របស់ជនរងគ្រោះ នៅជាប់ជញ្ជាំងផ្ទះ និងនៅជាប់ដៃរណា របស់ជនសង្ស័យ។

រហូតដល់ជាង១ឆ្នាំក្រោយមក (ខែតុលា ឆ្នាំ២០១៩) ទើបអាជ្ញាធរបានប្រទះរកឃើញ គ្រោងឆ្អឹងមិនគ្រប់សេរីរាង្គ របស់យុវតីរងគ្រោះ នៅក្នុងព្រៃមួយ នៃក្រុង «Rosheim» ដែលមានចំងាយច្រើនគីឡូម៉ែត្រ (ភាគនារតី) ពីក្រុងស្ត្រាស្បួរ៍។ ទីនោះ ត្រូវបានគេស្គាល់ថា ជាកន្លែងដែលបុរស«Jean-Marc Reiser»ឧស្សាហ៍ធ្លាប់ទៅ។

ចម្លើយសារភាពរបស់ជនសង្ស័យ បានអនុញ្ញាតឲ្យអាជ្ញាធរ អាចបើកឡើងវិញ នូវសំនុំរឿងចាស់មួយ ដែលបានកើតឡើង តាំងពី៣០​ឆ្នាំ​មុន។ សំនុំរឿងនោះ ត្រូវបានបិទ​ក្នុងឆ្នាំ២០០១ បន្ទាប់ពីរកភស្ដុតាងមិនឃើញ ទាក់ទងនឹងការបាត់ខ្លួន ដ៏អាថ៌កំបាំង របស់ស្ត្រីអ្នកលក់ដូរ​ម្នាក់ ឈ្មោះ «Françoise Hohmann»។ របាយការណ៍អង្កេត បានឲ្យដឹងថា នៅមុនការបាត់ខ្លួន ក្នុងឆ្នាំ១៩៨៧ ស្ត្រីរងគ្រោះដែលពេលនោះ មានអាយុ២៣ឆ្នាំ ​បានជួប​អតិថិជន​ចុងក្រោយរបស់នាង ដែលគ្មាននរណាផ្សេង​ពីជនសង្ស័យឈ្មោះ «Jean-Marc Reiser» ខាងលើនេះឡើយ៕



លំអិតបន្ថែមទៀត

ដំណឹង

បារាំង​មានករណី​ឆ្លង​មេរោគ​«កូរូណា»​កើនដល់​៣៨នាក់ និងស្លាប់​ពីរនាក់

ការរីករាលដាល ក្នុងប្រទេសបារាំង នៃជំងឺរលាកផ្លូវដកដង្ហើម តាមរយៈមេរោគ​«កូរូណា»​ថ្មី ហៅថា «Covid-19» បានកើនឡើងទ្វេដង ក្នុងរយៈពេល តែមួយថ្ងៃម្សិលម៉ិញ។ តុល្យភាពក្នុងយប់ថ្ងៃព្រហស្បត្តិ ដែលប្រព័ន្ធផ្សព្វផ្សាយទទួលបាន បានឲ្យដឹងថា ករណីឆ្លងមេរោគខាងលើ ...
ដំណឹង

Covid-19៖ រដ្ឋធានី ប៉ារីស នៅចំពោះ​បម្រាម ហាមពលរដ្ឋ​ធ្វើដំណើរ

ខាងក្រោមនេះ ជាទិដ្ឋភាពនៃរដ្ឋធានី ប៉ារីស (បារាំង) ដែលធ្លាប់តែមានមនុស្ស ធ្វើដំណើរ ណែនណាន់តាន់តាប់ តែប្រែក្លាយ ជាមានសភាពស្ងប់ស្ងាប់ ក្រោមបម្រាមរបស់រដ្ឋាភិបាលបារាំង ដែលដាក់ពលរដ្ឋនៅទូទាំងប្រទេស ឲ្យបង្ខាំងខ្លួន នៅតែក្នុងផ្ទះ ...
កម្រមាន

បារាំង៖ ជាប់គុក៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់

កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ បុរសម្នាក់ត្រូវបានតុលាការ នៅរដ្ឋធានីប៉ារីស (បារាំង) ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ៨ឆ្នាំ ពីបទរំលោភ​ស្ត្រីពេស្យា​ប្ដូរភេទ​ម្នាក់ ដោយការគម្រាមប្រើកាំបិត នៅក្នុង​ពេល​កើតហេតុ។ ហេតុការណ៍ចាប់រំលោភ​បានកើតឡើង តាំងពីខែវិច្ឆិកា ...

យល់ស៊ីជម្រៅផ្នែក កម្រមាន

កម្រមាន

អ៊ីតាលី៖ ជីករូងដី​គ្រោងចូលលួច​ធនាគារ ស្រាប់តែ… ដីធ្លាក់សង្កត់

កម្រមាន

ប៉ាគីស្ដង់៖ បាញ់«៥គ្រាប់»​សម្លាប់កូនខ្លួន​ទើបកើត ព្រោះមិនមែនប្រុស

បុរសជាឪពុកមួយរូប ត្រូវបានចាប់ខ្លួន ក្នុងថ្ងៃព្រហស្បត្តិ៍នេះ បន្ទាប់ពីបានសម្លាប់ទារិការបស់ខ្លួន ដែលទើបនឹងចាប់កំណើត ដោយគ្រាប់កាំភ្លើង«៥គ្រាប់»។ បើតាមអាជ្ញាធរ បានអះអាងថា បុរសរូបនោះចង់បានកូនប្រុស និងមានការខកចិត្តជាខ្លាំង បន្ទាប់ពីកូនខ្លួនដែលកើតមក ជាទារិកា។ ហេតុការណ៍កើតឡើង ...
កម្រមាន

ឥណ្ឌា៖ ប្រកាសថាស្លាប់ ស្រាប់តែរស់ឡើងវិញ​ ពេលធ្វើ​កោសល្យវិច្ច័យ

ក្នុងរដ្ឋ​«Karnataka» (ភាគខាងត្បូងឥណ្ឌា) បុរសម្នាក់អាយុ២៧ឆ្នាំ ដែលត្រូវបានគ្រូពេទ្យ ប្រកាសថាស្លាប់ បន្ទាប់​ពីបានរងរបួសធ្ងន់ធ្ងរ នៅក្នុងគ្រោះថ្នាក់ដួលម៉ូតូ បានភ្ញាក់ដឹងខ្លួនមកវិញ នៅខណៈពេលសាកសព ត្រូវបានយកទៅ​ធ្វើកោសល្យវិច្ច័យ។ នេះ បើតាមមន្ត្រី​សុខាភិបាល​ឥណ្ឌា ដែលត្រូវបានស្រង់សំដី ...

Comments are closed.