ដំណឹងពិភពលោក

ត្រាំ ភ្ជាប់​បាតុកម្ម​អាវកាក់​លឿង ជាមួយ​កិច្ច​ព្រមព្រៀង​ប៉ារីស​ស្ដីពី​អាកាសធាតុ

អ្នកផងត្រូវនាំគ្នា​និយាយ ពីប្រធានាធិបតី​អាមេរិកទៀតហើយ! ខណៈបាតុកម្មរបស់​បណ្ដាជន​បារាំង ពាក់អាវកាក់ពណ៌លឿង កំពុងធ្វើឲ្យពិភពលោក​ចាប់អារម្មណ៍នោះ លោក ដូណាល់ ត្រាំ (Donald Trump) បានបង្ហោះសារមួយ នៅល្ងាចថ្ងៃសៅរ៍នេះ តាមរយៈទំព័រទ្វីសធើររបស់លោក ដោយយកបាតុកម្មខាងលើ ទៅច្រឡូកបូកបល់ ជាមួយនឹងកិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីអាកាសធាតុ ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសធំៗជាច្រើន កាលពីខែមេសា ឆ្នាំ២០១៦។

នៅក្នុងសារនោះ ប្រធានាធិបតីអាមេរិក បានរិះគន់ជាថ្មីថា រលកបាតុកម្មរបស់បណ្ដាជនអាវកាក់លឿង នៅក្នុងប្រទេសបារាំង ជា«សក្ខីកម្ម»​មួយ ដែលបង្ហាញថា កិច្ចព្រមព្រៀងក្រុងប៉ារីស ស្ដីពីអាកាសធាតុនោះ មិនមានដំណើរការទៅមុខទេ។ លោក ត្រាំ ថែមទាំងនិយាយ ដោយគ្មានភស្ដុតាងទៀត ថាបាតុករទាំងឡាយ បានស្រែកពាក្យថា «យើងចង់បានត្រាំ»។

លោកសរសេរថា៖ «កិច្ចព្រមព្រៀងក្រុងប៉ារីស មិនមានដំណើរការទៅមុខ ឲ្យបានគ្រាន់បើជាងនេះទេ សម្រាប់រដ្ឋាភិបាលក្រុងប៉ារីស។ បាតុកម្ម និងអំពើហិង្សា ផ្ទុះឡើងនៅគ្រប់កន្លែង ក្នុងប្រទេសបារាំង»។

ប្រធានាធិបតីនៃប្រទេសមហាអំណាច បានបន្តថា៖ «បណ្ដាជនទាំងឡាយ មិនចង់ចំណាយប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ – មួយផ្នែកធំ បោះទៅឲ្យប្រទេស ដែលស្ថិតក្រោមបន្ទាត់ នៃការអភិវឌ្ឍន៍ (ដែលត្រូវបានដឹកនាំ​តាមនយោបាយ ពោរពេញដោយមន្ទិល) ជាមួយនឹងគោលដៅ – ដែលដូចជាចង់ – ការពារបរិស្ថាន»។

«ខ្ញុំស្រឡាញ់ប្រទេសបារាំង»

នេះ មិនមែនជាលើកទីមួយទេ ដែលលោក ដូណាល់ ត្រាំ លូកមាត់លូកក ចូលក្នុងរលកបាតុកម្មអាវកាក់លឿង របស់បណ្ដាជនបារាំង។ កាលពីថ្ងៃអង្គារមុន លោកក៏បានបង្ហោះសារមួយដែរ ចំអកដល់ការបន្ទន់ឥរិយាបទ របស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) នៅចំពោះរលកបាតុកម្មនេះ ដោយឆ្លៀតអះអាងថា កិច្ចព្រមព្រៀងក្រុងប៉ារីស ឆ្នាំ២០១៦ ត្រូវបានបញ្ចប់ទៅ ដោយការបរាជ័យ។

នៅក្នុងសារដដែល លោកប្រធានាធិបតីអាមេរិក ថែមទាំងលើកឡើង ដោយគ្មាន​អំណះ​អំណាង​ទៀតថា៖ «ពួកគេ (បាតុករ) កំពុង​ស្រែកច្រៀងថា “យើងចង់បានត្រាំ”។ ខ្ញុំស្រឡាញ់ប្រទេសបារាំង។»។

គេរកមិនឃើញថា តើបាតុករបារាំងណាម្នាក់ ដែលស្រែកច្រៀងដូច្នេះទេ។ ហើយបាតុកម្មអាវកាក់លឿង នៅក្នុងប្រទេសបារាំង ក៏មិនបានភ្ជាប់បុព្វហេតុរបស់ពួកគេ ទៅនឹងកិច្ចព្រមព្រៀងក្រុង ប៉ារីស ស្ដីពីអាកាសធាតុនោះដែរ តែជាបាតុកម្ម ប្រឆាំងនឹងកំណែរទម្រង់ថ្មីៗ របស់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង។

ចំពោះពាក្យថា «យើងចង់បានត្រាំ» ត្រូវបានផ្នែកផ្ទៀងផ្ទាត់ព័ត៌មាន របស់ទីភ្នាក់ងារបារាំង «AFP» រកឃើញថា គឺលោក ត្រាំ បានបង្ហោះបន្ត នូវសំដីរបស់អ្នកធ្វើអត្ថាធិប្បាយ អភិរក្សនិយមអាមេរិកមួយរូប ឈ្មោះ «Charlie Kirk»។ អ្នកធ្វើអត្ថាធិប្បាយរូបនេះ និយាយដូច្នេះ ដោយទំនងជា គ្រាន់តែបានឃើញវីដេអូមួយ ផ្សាយក្នុងថ្ងៃ២ ខែធ្នូកន្លងទៅ ដែលមិនមែនថតពីបាតុកម្ម នៅក្នុងប្រទេសបារាំងទេ។ ប៉ុន្តែតាមការពិត វីដេអូនោះ ថតចេញពីរាជធានីឡុង និងមានកាលបរិច្ឆេទ ទំនងជាតាំងពីខែមិថុនាមកម្លេះ៕



លំអិតបន្ថែមទៀត

ដំណឹង

ផ្ទុះ​ការប៉ះទង្គិច​ ក្នុង​រលក​ទី៨នៃ​បាតុកម្ម​អាវកាក់​លឿង នៅ​ប៉ារីស

ការប៉ះទង្គិចគ្នាជាថ្មី រវាងកងកម្លាំងអាជ្ញាធរ និងក្រុមបាតុករ អាវកាក់លឿង បានកើតមានឡើង នារសៀលថ្ងៃសៅរ៍ ទី៥ ខែមករា ឆ្នាំ២០១៩នេះ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង។ នៅជាច្រើនក្រុងធំៗ នៃប្រទេសបារាំង ...
ដំណឹង

បាតុកម្ម​អាវ​កាក់​លឿង – ចាប់ខ្លួន​២៧៨នាក់

មនុស្សប្រមាណជា ២៧៨នាក់ ត្រូវបានចាប់ខ្លួន បើរាប់មកទល់នឹងម៉ោង ៩ព្រឹកថ្ងៃសៅរ៍នេះ ពោលគឺនៅមុនបាតុកម្ម ដ៏សម្បើមមួយ ដែលត្រូវប្រព្រឹត្តិទៅ នៅរដ្ឋធានីប៉ារីស រៀបចំឡើង ដោយបណ្ដាជន ដែលពាក់អាវកាក់ពណ៌លឿង។ នេះបើតាមតួលេខផ្សាយឲ្យដឹង ...
ដំណឹង

ប្រទេស​បារាំង​ត្រៀម​ទទួល​រលក​បាតុកម្ម​អាវ​កាក់​លឿង ជា​លើក​ទី៥

ក្នុងថ្ងៃសៅរ៍ ទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមបាតុករអាវកាក់លឿង បានគ្រោងធ្វើបាតុករ នៅសឹងតែគ្រប់តំបន់ទាំងអស់ នៃប្រទេសបារាំង។ វារលកបាតុកម្មលើកទី៥ សម្រាប់៥សប្ដាហ៍ជាប់ៗគ្នា។ ខាងអាជ្ញាធរវិញ បានត្រៀមវិធានការ ដើម្បីទប់ទល់ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.