ប្រទេសម៉ាឡេស៊ី បានទាមទាររកយុត្តិធម៌ នៅថ្ងៃពុធម្សិលម៉ិញ តាមរយៈចំណាត់ការ​​ដ៏ម៉ឺងម៉ាត់​មួយ ទៅកាន់​តុលាការ​អន្តរជាតិ ដើម្បី​វិន្និច្ឆ័យ​ទោស​អ្នកទទួលខុសត្រូវ ក្នុងការធ្លាក់យន្ដហោះប៊ូអីង ដែលមានជើង​ហោះ​ហើរ​លេខ «MH17» ក្នុង​ប្រទេស​អ៊ុយក្រែន កាល​ពី​ខែ​កក្កដា ឆ្នាំ២០១៤កន្លងទៅ។

ការទាមទារនេះ បានធ្វើ​ឡើង បន្ទាប់​ពី​របាយ​ការណ៍​ស៊ើប​អង្កេត ទាក់ទងនឹងករណីធ្លាក់យន្ដហោះនេះ ទើបនឹង​សរុប​សេចក្ដី​មកថា យន្ដហោះ ត្រូវ​បាន​បាញ់​ទម្លាក់ ដោយ​កាំជ្រួច​មួយ ផលិត​នៅ​រ៉ូស្ស៊ី និងបាញ់ចេញ ពីតំបន់​របស់​អ្នក​និយម​បំបែកទឹកដី ស្ថិតនៅ​ភាគ​ខាង​កើត​អ៊ុយក្រែន។

គ្រោះថ្នាក់ធ្លាក់យន្ដហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើងហោះហើរលេខ «MH17» កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បានសម្លាប់មនុស្ស ទាំង២៩៨នាក់ នៅលើ​យន្ដហោះ​ទាំង​អស់។ ភាគច្រើន ពីក្នុងចំណោមជនរងគ្រោះ ជាជនជាតិហូឡង់ ប៉ុន្តែក៏មានផងដែរ នូវអ្នកដំណើរចំនួន ៤៤នាក់ ជាជនជាតិម៉ាឡេស៊ី និង២៧នាក់ទៀត ជាជនជាតិអូស្ត្រាលី។

ដោយសារហេតុនេះហើយ ទើបប្រទេសម៉ាឡេស៊ី មិនអាចនៅស្ងៀម មិនប្រតិកម្មបានឡើយ ជាពិសេស នៅ​ពេល​​ដែល​របាយការណ៍​ស៊ើប​អង្កេត​មួយ របស់​គណកម្មការ​ព្រហ្មទណ្ឌ​​អន្តរជាតិ ទទួលបន្ទុកករណីនេះ ដឹកនាំ​ដោយ​​ប្រទេសហូឡង់ បានអះអាង កាលពីព្រឹកម្សិលម៉ិញថា យន្ដហោះពិតជាត្រូវបានបាញ់ទម្លាក់ ដោយ​កាំជ្រួច​ប្រភេទ «Buk» ផលិតនៅប្រទេសរ៉ូស្ស៊ី និងបាញ់ចេញពីតំបន់ របស់កងកម្លាំង និយមបំបែកទឹកដី ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត នៃប្រទេសអ៊ុយក្រែន។

ថ្លែងតាមយៈ​​ទីភ្នាក់ងារ​​ព័ត៌មាន​​ជាតិ​ម៉ាឡេស៊ី «Bernama» នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ (Najib Razak) បាននិយាយ​ពីប្រទេសអាល្លឺម៉ង់ កន្លែង​ដែលលោកធ្វើទស្សនកិច្ច យ៉ាងដូច្នេះថា៖

«ក្រុមអ្នកស៊ើប​អង្កេត​ច្រើននាក់ បានសន្និដ្ឋានរួមគ្នា​ថា យន្ដហោះ MH17 ត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួចមួយផលិត នៅ​ប្រទេស​រ៉ូស្ស៊ី និងបាញ់ចេញពីតំបន់មួយ ដែលគ្រប់គ្រង​ដោយ​កង​កម្លាំង​បះបោរ ជិតដិតនឹងប្រទេសរ៉ូស្ស៊ី។ ដោយ​សង្កត់​ធ្ងន់ ទៅលើចំណុចទាំងពីរ​ដ៏សំខាន់នេះ ប្រទេសម៉ាឡេស៊ីស្នើសុំ ឲ្យមានចំណាត់ការ ដ៏ម៉ឺងម៉ាត់​មួយ​ឡើង។»

លោក ណាជីព រ៉ាហ្សាក់ បានបន្តទៀតថា៖

«យើងបានសន្យា ថាអ្នកទទួលខុសត្រូវ ក្នុងការធ្វើឲ្យ​យន្ដហោះ​ធ្លាក់ នឹងត្រូវផ្ដន្ទាទោស ដោយតុលាការអន្តរជាតិ ហើយយើងត្រូវធ្វើរឿងនេះ ដើម្បីឆ្លើយតប ទៅគ្រួសារ​របស់​ជន​រង​គ្រោះ ដែលទាមទាររកយុត្តិធម៌។ យើង​នឹងធ្វើពលិកម្ម ដើម្បីធ្វើកិច្ចការនេះ។»។

នៅក្នុងករណីនេះ ប្រទេសម៉ាឡេស៊ី នឹងស្នើសុំឲ្យមានការជួប្រជុំមួយ ជាមួយតំណាងប្រទេស ដែលមាន​ពលរដ្ឋ​របស់​​ខ្លួន ស្លាប់នៅក្នុង​​ហេតុការណ៍​​ធ្លាក់​​យន្ដហោះ «MH17»។ លោកនាយករដ្ឋមន្ត្រី បានថ្លែង​​បញ្ជាក់​ថា ប្រទេស​ទាំង​នោះ មាន​ជាអាទ៏ ប្រទេស​ហូឡង់ និងប្រទេស​អូស្ត្រាលី។

» កាំជ្រួចប្រភេទ «Buk» របស់ប្រទេសរ៉ូស្ស៊ី៖

នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ យន្ដហោះប៊ូអីង (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី​អ៊ែរឡាញ បានហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ នៃរាជធានី អាមស្ទែដាម ប្រទេសហូឡង់ ដើម្បី​ហោះ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែជាអកុសល យន្ដហោះដែលមានជើងហោះហើរ លេខ «MH17» នេះ ត្រូវ​បានបាញ់ទម្លាក់ នៅក្នុងពេលកំពុងហោះហើរ នៅក្នុងលំហមេឃមួយ ស្ថិតនៅពីលើតំបន់ ដែលមានការប្រទាញប្រទង់គ្នា រវាងកងទ័ព​អ៊ុយក្រែន និងកម្លាំងនិយមបំបែកទឹកដី ស្និតនឹងប្រទេសរ៉ុស្ស៊ី។

គណកម្មការ​ស៊ើបអង្កេត ផ្នែកឧក្រិដ្ឋកម្មអន្តរជាតិ លើការធ្លាក់យន្ដហោះនេះ ដែលដឹកនាំដោយប្រទេសហូឡង់ (ព្រោះមានពលរដ្ឋរងគ្រោះ​ច្រើនជាងគេ) បានចង្អុល​​ដាក់​ការទទួលខុសត្រូវ ក្នុងការបាញ់​យន្ដហោះនេះ ទៅ​លើ​ក្រុម​បះបោរ និយមផ្ដាច់ទឹកដីអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី។ ប៉ុន្តែ នៅរសៀលម្សិលម៉ិញនេះ ប្រទេសរ៉ូស្ស៊ី បាន​បដិសេធ និងបាននិយាយ​បរិហារ​របាយការណ៍​នោះ ថាបានធ្វើឡើង ដោយគ្មាន​តុល្យភាព គ្មានមូលដ្ឋាន ផ្នែក​​«បច្ចេកទេស»​​​ច្បាស់​លាស់ និង​មាន​​បំណង​​ផ្នែក​«នយោបាយ» ចង់​បង្អាប់​ប្រទេស​រ៉ូស្ស៊ី៕



You may also like

គ្រោះថ្នាក់យន្ដហោះធុនតូចមួយគ្រឿង ប្រភេទ «Let-410»
ដំណឹង

នេប៉ាល់ ៖ យន្ដហោះ១គ្រឿង ហោះ​បុក​ឧទ្ធម្ភាគចក្រ​២គ្រឿង ស្លាប់​៣នាក់

យន្ដហោះធុនតូចមួយគ្រឿង បានហោះងើបខ្លួនមិនបានល្អ ពីព្រលានយន្ដហោះ «Lukla» ដែលស្ថិតនៅលើចង្កេះភ្នំ និងជាមាត់ច្រក នៃភ្នំអេវើរេស របស់ប្រទេស នេប៉ាល់ ។
ដំណឹង

ពូទីន ទទួលស្គាល់​ឯករាជ្យ​ខេត្ត២ នៃក្រុមនិយម​បំបែកទឹកដី​អ៊ុយក្រែន

ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្រេចក្នុងយប់ថ្ងៃចន្ទនេះ ប្រកាស«ទទួលស្គាល់​ឯករាជ្យ​ខេត្ត២» នៃក្រុមនិយម​បំបែកទឹកដី​ ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី និងដែលកំពុងប្រយុទ្ធតតាំង ទល់នឹងកងទ័ពរបស់ប្រទេសអ៊ុយក្រែន ក្នុងភាគខាងកើត។ ...
ដំណឹង

មានសាកសពមួយ ក្នុង​យន្ដហោះ​ដឹក​កីឡាករ សាឡា ដែលធ្លាក់​ក្នុងសមុទ្រ

មានសាកសពមួយ ត្រូវបានគេរកឃើញ នៅក្នុងយន្ដហោះ ដែលដឹកកីឡាករ អេមីលីយ៉ាណូ សាឡា (Emiliano Sala) និងអ្នកបើកយន្ដហោះ ដេវីដ អាយបូតសុន (David Ibbotson)។ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...