ប្រធានាធិបតីរ៉ុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានសម្រេចក្នុងយប់ថ្ងៃចន្ទនេះ ប្រកាស«ទទួលស្គាល់​ឯករាជ្យ​ខេត្ត២» នៃក្រុមនិយម​បំបែកទឹកដី​ ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី និងដែលកំពុងប្រយុទ្ធតតាំង ទល់នឹងកងទ័ពរបស់ប្រទេសអ៊ុយក្រែន ក្នុងភាគខាងកើត។ ការប្រកាស​របស់លោកប្រធានាធិបតី ជំរុញឲ្យមានប្រតិកម្មភ្លាមៗ ពីសំណាក់បណ្ដាមេដឹកនាំនានា នៅបស្ចឹមលោក។

ក្នុងសុន្ទរកថាដ៏វែងអន្លាយ ធ្វើទៅកាន់ប្រជាជាតិ តាមកញ្ចក់ទូរទស្សន៍ លោក ពូទីន បានថ្លែងឡើងថា៖

«ខ្ញុំ​ចាត់​ទុក​ថា ​វា​ជាការចាំ​បាច់ ​ក្នុង​ការ​សម្រេចមួយ​នេះ ​ដែលមានលក្ខណៈ​ទុំ​ជោរ មកជា​យូរ​មក​ហើយ។ នោះ គឺទទួលស្គាល់ក្នុងពេលនេះភ្លាមៗ នូវឯករាជ្យភាព​នៃសាធារណៈរដ្ឋប្រជាមានិត “Donetsk” និងសាធារណៈរដ្ឋប្រជាមានិត “Lugansk”។»

លោកបានថ្លែងស្នើឲ្យរដ្ឋសភារ៉ុស្ស៊ី ទទួលយកការសម្រេចរបស់លោកខាងលើ ព្រមទាំងផ្តល់សច្ចាប័ន «លើកិច្ចព្រមព្រៀងមិត្តភាព និងការជួយគ្នាទៅវិញទៅមក ជាមួយសាធារណរដ្ឋទាំងពីរ»។

បន្ទាប់ពី«ទទួលស្គាល់​ឯករាជ្យ​ខេត្ត២» របស់ក្រុមបះបោរ​នៅភាគខាងកើត​នោះរួច លោក ពូទីន បានដាក់កំហិត ឲ្យប្រទេសអ៊ុយក្រែន ត្រូវ«បញ្ឈប់សកម្មភាពយោធាទាំងអស់» ប្រឆាំងនឹងក្រុមនិយមបំបែកទឹកដី ដែលសុទ្ធសឹងជាក្រុម ដែលស្និតនឹងប្រទេសរ៉ុស្ស៊ី។ លោកថា៖

«យើងទាមទារ​ឲ្យអ្នកមានអំណាច នៅគៀវ (រដ្ឋធានីរបស់ប្រទេសអ៊ុយក្រែន) ត្រូវបញ្ឈប់ជាបន្ទាន់ នូវប្រតិបត្តិការយោធាទាំងអស់។ បើមិនដូច្នេះទេ ពួកគេនឹងទទួលខុសត្រូវទាំងស្រុង នូវការបង្ហូរឈាមទាំងឡាយ ដែលនឹងបន្តហូរ។»

ភ្លាមៗ នៅក្រោយការថ្លែងរបស់ប្រធានាធិបតី ពូទីន បណ្ដាមេដឹកនាំនានា នៅបស្ចឹមលោក បានចេញមកធ្វើប្រតិកម្មសឹងតែគ្រប់ៗគ្នា ដោយធ្វើការ«ថ្កោលទោស» និងហៅការសម្រេចនេះ ថាបាន«រំលោភយ៉ាងគឃ្លើន ទៅលើច្បាស់អន្តរជាតិ» និង«បូរណភាពទឹកដីអ៊ុយក្រែន»។

សហភាពអ៊ឺរ៉ុប ដែលមានសមាជិក២៧ប្រទេស សហរដ្ឋអាមេរិក រួមមនឹងចក្រភពអង់គ្លេសផង បានលើកឡើងថា កំពុងពិចារណាចាត់វិធានការណ៍ទណ្ឌកម្មភ្លាមៗ និងចំទិសដៅ ប្រឆាំងមេដឹកនាំរ៉ុស្ស៊ី និងក្រុមនិយមបំបែកទឹកដីអ៊ុយក្រែន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) និងអធិកាបតីអាល្លឺម៉ង់ លោក អូឡាហ្វ សូល្ស (Olaf Scholz) បានជួបជជែកគ្នាតាមទូរស័ព្ទជាបន្ទាប់ ក្នុងយប់ថ្ងៃចន្ទនេះ និងបានព្រមានថា ទង្វើរបស់ប្រទេសរ៉ុស្ស៊ី នឹងមិនអាចធ្វើឡើង ដោយគ្មានការឆ្លើយតប នោះឡើយ។

លោក ម៉ាក្រុង ដែលបានជួបលោក ពូទីន កាលពីប៉ុន្មានថ្ងៃមុន បានចោទប្រធានាធិបតីរ៉ុស្ស៊ី ថា«មិនគោរពសម្ដីរបស់ខ្លួន» ដែលបានជជែកគ្នា នៅក្នុងជំនួបនោះ។

កិច្ចប្រជុំមួយ​របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ត្រូវបានកោះធ្វើជាបន្ទាន់ ក្នុងយប់ថ្ងៃចន្ទនេះ (ទី២១ ខែកុម្ភៈ ឆ្នាំ២០២២) វេលាម៉ោង២១យប់ ម៉ោងក្នុងក្រុង ញ៉ូយក សហរដ្ឋអាមេរិក ដើម្បីដោះស្រាយវិបត្តិខាងលើ។ កិច្ចប្រជុំនេះ ផ្ដួចផ្ដើមដំបូងដោយប្រធានាធិបតីបារាំង មុននឹងស្នើឡើងជាផ្លូវការ ដោយប្រទេសចំនួន៧ រួមមាន សហរដ្ឋអាមេរិក បារាំង អង់គ្លេស អៀរឡង់ ណ័រវេស អាល់បានី និងប្រទេសម៉ិចសិក។ ប្រទេសរ៉ុស្ស៊ី ដែលជាប្រធានប្ដូរវេនរបស់ក្រុមប្រឹក្សា បានទាមទារឲ្យមានកិច្ចប្រជុំបិទទ្វា តែត្រូវបានបដិសេធ ដោយប្រទេសផ្សេងទៀត៕



You may also like

ដំណឹង

បៃដិន៖ ការវាយប្រហារ​តាមអ៊ិនធើណែត​ពីរ៉ុស្ស៊ី នឹងទទួល​«ការឆ្លើយតប»

ការវាយប្រហារផ្នែកបច្ចេកវិទ្យា តាមបណ្ដាញអ៊ិនធើណែត ពីសំណាក់ប្រទេសរ៉ុស្ស៊ី ទៅលើបណ្ដាភ្នាក់ងាររដ្ឋាភិបាលអាមេរិក នឹង​មិនអាច​បន្តនៅ​ដោយគ្មាន​«ការឆ្លើយតប»ឡើយ។ ប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានអះអាងឡើងយ៉ាងដូច្នេះ ...
ដំណឹង

អាមេរិក៖ ចូ បៃដេន ឈ្នះ ដូណាល់ ត្រាំ ក្លាយជា​«ប្រធានាធិបតីទី៤៦»

បេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ លោក ចូ បៃដេន (Joe Biden) បានក្លាយ​ជា​«ប្រធានាធិបតីទី៤៦» នៃសហរដ្ឋអាមេរិក បន្ទាប់ពីលោកទទួលបានការគាំទ្រ លើសពី២៧០​សម្លេង នៃអង្គបោះឆ្នោត (អ្នកតំណាងម្ចាស់ឆ្នោត) ឈ្នះនាំមុខដាច់ ...
ដំណឹង

ឆ្នោតប្រធានាធិបតី​អាមេរិក៖ រដ្ឋពីរទៀត ផ្លាស់ប្ដូរទំនោរ​ទៅខាង ចូ បៃដេន

ការទន្ទឹងរង់ចាំ ដ៏មហាសែនអន្ទៈសារ ជុំវិញលទ្ធផល នៃការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក ៖ រដ្ឋពីរទៀត គឺរដ្ឋ«Georgia» និងរដ្ឋ«Pennsylvania» បានផ្លាស់ប្ដូរទំនោរ សម្រាប់បេក្ខជន មកពីគណបក្សប្រជាធិបតេយ្យ លោក ចូ ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...