តើលោក សម រង្ស៊ី និងមន្ត្រីគណបក្សសង្គ្រោះជាតិ (CNRP) វិលចូលកម្ពុជាវិញ នៅថ្ងៃណា? សេចក្ដីថ្លែងការណ៍មួយ របស់គណបក្ស​ប្រឆាំង ចុះថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ ដែលទើបធ្លាក់មកដល់ដៃអ្នកសារព័ត៌មាន បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកាខាងមុខ ដើម្បីព្រឹត្តិការណ៍ នៃការធ្វើមាតុភូមិនិវត្តន៍ របស់ក្រុមមេដឹកនាំគណបក្សប្រឆាំង។

សេចក្ដីថ្លែងការណ៍នោះ បានសរសេរថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស បានកំណត់យកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ជាថ្ងៃធ្វើមាតុភូមិ​និវត្តន៍ ទៅកាន់ប្រទេសកម្ពុជាវិញ របស់ថ្នាក់ដឹកនាំគណបក្ស ដឹកនាំដោយលោក សម រង្ស៊ី ដែលជាប្រធាន​ស្ដីទី​គណបក្ស។

អត្ថបទផ្លូវការដដែល បានបញ្ជាក់បន្ថែមថា៖

«ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ គឺជាខួបទី៦៦ នៃទិវាឯករាជ្យជាតិ ដែលកម្ពុជាទទួលបាន ពីអាណានិគមនិយមបារាំង នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមការដឹកនាំរបស់សម្ដេច ព្រះនរោត្ដម សីហនុ។»

ការសម្រេចកំណត់ថ្ងៃ ធ្វើមាតុភូមិនិវត្តន៍ វិលចូលកម្ពុជាវិញនេះ ធ្វើឡើងខណៈលោក សម រង្ស៊ី និងមន្ត្រីជាន់ខ្ពស់គណបក្ស «CNRP» ជាច្រើននាក់ កំពុងមានវត្តមាននៅក្នុងប្រទេសម៉ាឡេស៊ី ដែលនៅកៀក នឹងប្រទេសកម្ពុជា ក្នុងជំនួបជាមួយយុវជន និងសកម្មជន​គណបក្ស។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានមានថេរដីកាថា ជំនួបនោះ មានបំណងបណ្ដុះស្មារតីនយោបាយ ដល់យុវជនសង្គ្រោះជាតិ ហេីយត្រៀមខ្លួន​ទទួលលោក សម រង្ស៊ី ធ្វេីមាតុភូមិនិវត្តន៍។

លោក សម រង្ស៊ី បានរស់នៅនិរទេសខ្លួន នៅក្រៅប្រទេសកម្ពុជា តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១៥នោះ ដើម្បីគេចចេញពីចំណាត់ការ របស់ប្រព័ន្ធយុត្តិធម៌ក្នុងប្រទេស ដែលលោកចាត់ទុកថា គ្រាន់តែជា«អាយ៉ងនយោបាយ» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះ ធ្លាប់បានបញ្ជាក់ ជាច្រើនលើក ច្រើនសារហើយ អំពីការត្រឡប់របស់លោក វិលចូលកម្ពុជា​វិញ តែមិនបានបញ្ជាក់ ពីកាលបរិច្ឆេទច្បាស់លាស់ ដូចថ្ងៃនេះទេ។ លោកធ្លាប់លើកឡើងថា នឹងវិលចូលស្រុក ក្នុងឆ្នាំ២០១៧  ក្រោយមកថា នឹងធ្វើក្នុងឆ្នាំ២០១៨ និងចុងក្រោយ ថានឹងធ្វើក្នុងឆ្នាំ២០១៩

ក្នុងពេលកន្លងមក លោក ហ៊ុន សែន រួមនឹងក្រុមអ្នកហែហមទាំងឡាយ តែចាត់ទុកថា ការប្រកាសរបស់លោក សម រង្ស៊ី ជាការប្រកាស​«ខ្យល់» របស់មនុស្ស«កំសាក» ដែលពូកែតែ«ខាងរត់»ប៉ុណ្ណោះ។

បុរសខ្លាំងកម្ពុជា ថែមទាំងចេញបញ្ជា ជាសាធារណៈ ឲ្យធ្វើការចាប់ខ្លួនលោក សម រង្ស៊ី ភ្លាម នៅពេលណាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវរូបនេះ មានវត្តមាននៅលើទឹកដីកម្ពុជា ហើយថា លោកនឹង«មិនស្នើសុំ»ព្រះមហាក្សត្រ ដើម្បីការព្រះរាជទាន​លើកលែងទោស ឲ្យលោក សម រង្ស៊ី សារជាថ្មីទៀតឡើយ។

បន្ថែមពីលើនេះ លោក ហ៊ុន សែន ធ្លាប់គម្រាមមិនតិចដងទេ ពីការបញ្ជូនភ្នាក់ងារចារកម្មរបស់លោក ទៅតាមចាប់ខ្លួនលោក សម រង្ស៊ី ក្នុងករណីដែលមេដឹកនាំប្រឆាំងរូបនេះ បង្ហាញវត្តមាន នៅក្នុងតំបន់អាស៊ី ក្បែរៗកម្ពុជា។ ប៉ុន្តែការគម្រាមនោះ ត្រូវបានអ្នកឃ្លាំមើល និងវិភាគស្ថានការណ៍នយោបាយកម្ពុជា ពន្យល់ថា លោក ហ៊ុន សែន ខ្លាចលោក សម រង្ស៊ី មកក្បែរទឹកដី នៃប្រទេសកម្ពុជា។

ជាពិសេស ការគម្រាមរបស់បុរសខ្លាំងកម្ពុជា អាចនឹងក្លាយជាការគម្រាម «ខ្យល់» វិញម្ដង បើគេបានស្ដាប់សំដី របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ក្នុងល្ងាចថ្ងៃទី១៦ ខែសីហានេះ។

អ្នកនាំពាក្យត្រូវបានវិទ្យុសម្លេងក្នុងស្រុក ស្រង់សំដីមកបញ្ជាក់ថា អាជ្ញា​ធរ​កម្ពុជាមិនចាំបាច់ ទៅ​ចាប់​ខ្លួន​លោក សម រង្ស៊ី ដល់​ប្រទេស​ម៉ាឡេស៊ី​នោះ​ទេ ព្រោះលោក ​សម រង្ស៊ី នឹង​ដើរ​ចូល​ឲ្យចាប់​ខ្លួន​ នៅ​ពេល​ខាង​មុខ​នេះ ​រួចជាស្រេចហើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ប្រាប់​រដ្ឋាភិបាល​បរទេស​ថា ​តុលាការ​នៅ​ភ្នំពេញ​ជា​«អាយ៉ង»

មេដឹកនាំប្រឆាំងរបស់កម្ពុជា លោក សម រង្ស៊ី បានសរសេរលិខិតមួយ នៅថ្ងៃនេះ ទៅកាន់រដ្ឋាភិបាល នៃបណ្ដាប្រទេសនានា ដើម្បីប្រាប់ឲ្យប្រទេសទាំងនោះ កុំយកចិត្តដាក់ចំពោះដីកាឲ្យចាប់ខ្លួន ដែលចេញកាលពីដើមខែមិនា ដោយតុលាការរាជធានី ប្រឆាំងមេដឹកនាំប្រឆាំង ...
កម្ពុជា

សម រង្ស៊ី និទានពី​រឿង​នាឡិកា​ជ័រ​របស់លោក​ដែលថ្លៃ​«តែ១៨ដុល្លារ»

នាឡិកាជ័រពណ៌ខ្មៅ នៅនឹងកដៃរបស់លោក សម រង្ស៊ី ត្រូវបានលោកអះអាងថា មានតម្លៃ តែ១៨ដុល្លារ ប៉ុណ្ណោះ។ បើទោះជាលោក រង្ស៊ី មិនព្រលយចេញក៏ដោយ តែអ្នកគាំទ្ររបស់លោកច្រើននាក់ បានធ្វើការប្រៀបធៀប ...
កម្ពុជា

សម រង្ស៊ី៖ តុលាការ​ឯករាជ្យ​មួយ នឹង​បកមុខ​ជន​គប់​គ្រាប់បែក​មុខ​អតីតរដ្ឋសភា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ តុលាការ​ឯករាជ្យ​មួយ នឹងបង្ហាញជាសាធារណៈ នូវភេរវករ​ដែលបានគប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ប្រឆាំងបាតុកម្មដោយសន្តិវិធី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.