កម្ពុជាដំណឹង

សម រង្ស៊ី៖ តុលាការ​ឯករាជ្យ​មួយ នឹង​បកមុខ​ជន​គប់​គ្រាប់បែក​មុខ​អតីតរដ្ឋសភា

លោក សម រង្ស៊ី មេដឹកនាំប្រឆាំង នៅក្នុងព្រឹត្តិការណ៍គប់គ្រាប់បែក នៅខាងមុខវិមានរដ្ឋសភាចាស់ ថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧។ (រូបថត AFP/ David Van DerVann)

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហើបឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខនេះ តុលាការ​ឯករាជ្យ​មួយ នឹងបង្ហាញជាសាធារណៈ នូវភេរវករ​ដែលបានគប់គ្រាប់បែក កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ប្រឆាំងបាតុកម្មដោយសន្តិវិធី ដឹកនាំដោយរូបលោក នៅមុខអតីតរដ្ឋសភា។

ការបង្ហើបរបស់លោក ធ្វើឡើងកាលពីមុននេះបន្តិច នៅលើបណ្ដាញសង្គម តាមរយៈសំណេរជាពីរភាសា។ សំណេរជាខេមរភាសា បានឲ្យដឹងថា៖

«ក្នុងពេលឆាប់ៗខាងមុខនេះ យើងនឹងដឹងយ៉ាងច្បាស់ថា ភេរវករ ដែលបង្កសោកនាដកម្ម នៅទីក្រុងភ្នំពេញ ថ្ងៃ ៣០ មីនា ១៩៩៧ គឺក្រុមអង្គរក្សលោក ហ៊ុន សែន ដឹកនាំដោយលោក ហ៊ីង ប៊ុនហៀង ដែលទទួលបញ្ជាផ្ទាល់ ពីលោក ហ៊ុន សែន។»

ចំណែកឯសំណេរជាភាសាអង់គ្លេស ក៏មានខ្លឹមសារប្រហាក់ប្រហែលគ្នាដែរ តែសំណេរនោះបានបន្ថែមថា អ្នកបង្ហាញក្រុម​«ភេរវករគប់គ្រាប់បែក»នោះ គឺជាតុលាការឯករាជ្យមួយ។

យ៉ាងណា លោក សម រង្ស៊ី មិនបានអះអាងបន្ថែមថា តើ«តុលាការ​ឯករាជ្យ​មួយ»នោះ នៅក្នុងប្រទេសណា និងនៅកម្រិតណានោះទេ។ ប៉ុន្តែកាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ២០១៦ មេដឹកនាំប្រឆាំងធ្លាប់បានបញ្ជាក់ថា តុលាការក្នុងប្រទេសបារាំង បានសើរើករណីនេះឡើងវិញ បន្ទាប់ពីបានព្យួរអស់មួយរយៈពេលមក។

ប្រធានស្ដីទីគណបក្សប្រឆាំង បានថ្លែងនៅពេលនោះ តាមរយៈ«Video Conference»ថា៖

«កន្លង​គេ​គ្រាន់​តែ​ព្យួរ​មួយ​រយៈ​ទេ តែ​ឥឡូវ​នេះ គេ​បាន​បើក​សំណុំ​រឿង​នេះ​ឡើង​វិញ​ ឲ្យ​ដំណើរ​ការ​ទៅ​មុខ ដោយ​សកម្ម ស៊ើប​អង្កេត​ដោយ​តុលាការ​ជំនាញ ឯករាជ្យ មាន​វិជ្ជាជីវៈ​ខ្ពស់ គេ​មិន​ខ្លាច​នរណា​ទេ។ គេ​នឹង​ជំរុញ​ ឲ្យ​មាន​ការ​លាត​ត្រដាង​ការ​ពិត ដើម្បី​រក​យុត្តិធម៌​ដល់​ជន​រងគ្រោះ។»

អ្នកជំនាញច្បាប់ម្នាក់ បានថ្លែងឲ្យទស្សនាវដ្ដីមនោរម្យ.អាំងហ្វូដឹងថា តុលាការក្នុងប្រទេស​បារាំង មានយុត្ថធិការចំពោះករណីនេះ ដោយសារ(១)មានពាក្យបណ្ដឹង និង(២)ទង្វើបោកគ្រាប់បែកនោះ បានប៉ះពាល់ដោយផ្ទាល់ ទៅលើជនជាតិបារាំង (លោក សម រង្ស៊ី មានសញ្ជាតិបារាំង និងមនុស្សមួយចំនួនទៀត)។

ការ​បោក​គ្រាប់​បែក​ដៃ ៤​គ្រាប់ ​ទៅ​លើ​ក្រុម​បាតុករ​ដឹក​នាំ​ដោយ លោក សម រង្ស៊ី នៅ​មុខ​វិមានរដ្ឋសភា​ចាស់ ក្បែរព្រះបរមរាជវាំង ដើម្បី​ទាមទារ​រក​យុត្តិធម៌​សង្គម លក្ខខណ្ឌ​ការងារ​របស់​ក្រុម​កម្មករ និង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ​ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ឆ្នាំ​១៩៩៧នោះ បាន​បណ្ដាល​ឲ្យ​មាន​មនុស្សស្លាប់ ​ចំនួន១៦​នាក់ និងរបួសជាង ១៥០នាក់។

ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ គឺមានរយៈពេល២២ឆ្នាំហើយ ជន​ប្រព្រឹត្តិ​ និងជននៅពីក្រោយ មិន​ត្រូវ​បាន​គេ​ចាប់​ខ្លួន ​មក​ផ្ដន្ទាទោស​ឡើយ។

សម្រាប់អាជ្ញាធរកម្ពុជា នៅតែបន្តការអះអាងថា ខ្លួនកំពុងបន្តចំណាត់ការនីតិវិធី និងអំពាវនាវឲ្យជនរងគ្រោះ ចូលរួមសហការ បើសិនជាដឹងតំរ៉ុយ៕



លំអិតបន្ថែមទៀត

កម្ពុជា

នីតិរដ្ឋកម្ពុជា ជាប់លេខនៅ​«បាត​តារាង»​របស់​គម្រោង​យុត្តិធម៌​ពិភពលោក

មិនអន់ដល់ចុងក្រោយគេបង្អស់ទេ តែគ្រាន់ជាងចំណាត់ថ្នាក់ចុងក្រោយបង្អស់មួយ​លេខ។ «គម្រោងយុត្តិធម៌ពិភពលោក» ដែលជាកម្មវិធី របស់អង្គការសង្គមស៊ីវិលអន្តរជាតិ​មួយ មានទីតាំងក្នុងរដ្ឋធានីវ៉ាស៊ីនតោន (សហរដ្ឋអាមេរិក) បានដាក់​លេខ​«បាត​តារាង»​ជិតចុងក្រោយគេបង្អស់នេះ ឲ្យដល់កម្រិតនីតិរដ្ឋនៅកម្ពុជា។ របាយការណ៍របស់ «គម្រោងយុត្តិធម៌ពិភពលោក (World Justice ...
កម្ពុជា

«ប្រទេសរំដួល និយាយ​ប្រឆាំង​ក៏ជាប់គុក និយាយតាម​ក៏ជាប់គុក»

ធ្វើម៉េចទៅអញ្ចឹង? នៅប្រទេស«រំដួល» និយាយ​ប្រឆាំង​ក៏ជាប់គុក ហើយបើងាក មក​និយាយ​តាម ក៏ជាប់គុក? នេះជាប្រតិកម្មមួយ ពីក្នុងចំណោម ប្រតិកម្មជាច្រើន ជុំវិញ​ការចាប់ខ្លួន អ្នកសារព័ត៌មានមួយរូប កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ...
កម្ពុជា

ហ៊ុន សែន ថាបាន​បើក​កិច្ចសន្ទនា​ជាមួយ​​បក្ស​​នយោបាយ ដោយ​មិន​រើសអើង

បុរសខ្លាំងកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលរបស់លោក បាន​បើកទូលាយ ឲ្យមានកិច្ចសន្ទនា​ដ៏ស្មោះសរ និង ដោយ​មិន​រើសអើង ជាមួយគ្រប់បណ្ដា​គណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនផ្សេងទៀត ដើម្បីអ្វីមួយដែលលោកអះអាងថា ជាកិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.