កម្ពុជាដំណឹង

សម រង្ស៊ី ចង្អុល​បង្ហាញថា តុលាការ​ក្រុង​ភ្នំពេញ​«ពិតជាអាយ៉ង​ ហ៊ុន សែន»

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បានពន្យល់ថា បើចង់ដឹងស៊ីជម្រៅ ពីករណី​ចោទប្រកាន់ ទៅលើលោក កឹម សុខា តុលាការក្រុងភ្នំពេញ គួរកោះហៅរូបលោក ទៅសាកសួរ ដោយហេតុថា នៅក្នុងពេលដែលលោក កឹម សុខា ថ្លែងទៅកាន់អ្នកគាំទ្រ នៅកោះអូស្ត្រាលី គឺរូបលោក (សម រង្ស៊ី) ជាប្រធានគណបក្ស ហើយលោក កឹម សុខា គ្រាន់តែជា អនុប្រធានប៉ុណ្ណោះ។

នៅលើបណ្ដាញសង្កម កាលពីប៉ុន្មានម៉ោងមុន លោក សម រង្ស៊ី បានធ្វើសេចក្ដីសន្និដ្ឋាន ដូច្នេះថា៖

«បើតុលាការ មិនចង់ដឹងការពិត ពីខ្ញុំទេ មានន័យថា តុលាការទីក្រុងភ្នំពេញនេះ ពិតជាអាយ៉ងមែន ហើយជនផ្តាច់ការ ហ៊ុន សែន ពិតជាយកតុលាការអាយ៉ងនេះ ធ្វើជាឡប់ឡែ​មែន ដើម្បីធ្វើបាប​អ្នកស្លូតត្រង់ នៅប្រទេសកម្ពុជា ក្នុងគោលបំណង ​ការពារអំណាចផ្តាច់ការ​របស់គាត់។»

មេដឹកនាំប្រឆាំង ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេស បានសរសេរទទួលខ្លួនលោកថា៖

«ក្នុងសំណុំរឿងចោទប្រកាន់លោក កឹម សុខា ពីបទ “សន្និដ្ឋិភាពជាមួយបរទេស” ស្មើទៅនឹងបទ “ក្បត់ជាតិ” និងពីបទបំផុសបំផុលកម្មករ ឲ្យធ្វើបាតុកម្ម នៅទីក្រុងភ្នំពេញ កាលពីដើមខែមករា ឆ្នាំ ២០១៤ សាក្សីដែលដឹងរឿង ច្រើនជាងគេ គឺរូបខ្ញុំ សម រង្ស៊ី តែម្តង។»

លោកបន្តថា៖

«មិនចាំបាច់កោះហៅលោក គង់ គាំ មកសាកសួរទេ ពីព្រោះគាត់គ្រាន់តែបានធ្វើ ជាទីប្រឹក្សារបស់ខ្ញុំទេ ហើយគាត់មិនសូវដឹងរឿងអ្វីទេ ហើយក៏មិនបានចូលរួម ធ្វើសេចក្តីសម្រេច ដ៏សំខាន់អ្វីឡើយ។»

លោក សម រង្ស៊ី បានថ្លែងទទួលខ្លួនលោកទៀតថា៖

«ខ្ញុំ សម រង្ស៊ី ដឹងរឿងច្រើនជាងគេបង្អស់ ហើយខ្ញុំក៏ទទួលខុសត្រូវ ខ្ពស់ជាងគេបង្អស់ដែរ ពីព្រោះខ្ញុំ ជាអ្នកធ្វើសេចក្តីសម្រេច ចុងក្រោយ ក្នុងការអនុវត្តន៍យុទ្ធសាស្ត្រ របស់គណបក្សសង្គ្រោះជាតិ។ ក្នុងឋានៈខ្ញុំជាប្រធាន ខ្ញុំមានទំនាក់ទំនង ជាមួយដៃគូអាមេរិកាំង របស់គណបក្សសង្គ្រោះជាតិ ច្រើនជាងលោក កឹម សុខា ទៅទៀត ហើយខ្ញុំក៏មានទំនាក់ទំនង ជាមួយកម្មករនៅស្រុកខ្មែរ ច្រើនជាងលោក កឹម សុខា ទៅទៀតដែរ។»

«ដូច្នេះ បើចង់ស៊ីជម្រៅ ក្នុងសំណុំរឿង ចោទប្រកាន់លោក កឹម សុខា ពីបទល្មើសទាំងពីរដូចបានបញ្ជាក់ខាងលើនេះ តុលាការអាយ៉ង ត្រូវតែហៅខ្មុំមកសាកសួរ មុនគេបង្អស់។ ខ្ញុំ សម រង្ស៊ី ត្រៀមខ្លួនផ្តល់ព័ត៌មាន ពាក់ព័ន្ធសំណុំរឿងលោក កឹម សុខា នេះ តាមរយៈប្រព័ន្ធវីដេអូ Skype ពីសហរដ្ឋអាមេរិក ដែលខ្ញុំកំពុងតែស្ថិតនៅ ពេលនេះ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

រលំអគារចិន៖ យន្ដ មីន លាលែង ខណៈ ញឹម វណ្ណដា ត្រូវ​ដកចេញ​ពីតំណែង

ជាការសម្រេចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលទើបនឹងធ្លាក់មកដល់ នៅមុននេះបន្តិច ទាក់ទងនឹងហេតុការណ៍រលំស្រុតអគារ កំពស់៧ជាន់ កាលពីព្រឹកថ្ងៃសៅរ៍ នៅខេត្តព្រះសីហនុ។ លោក យន្ដ មីន ដែលជាអភិបាលខេត្ត ...
កម្ពុជា

«ទីបំផុត» ប្រាក់សន្យា​សម្រាប់​មន្ទីរពេទ្យ​គន្ធបុប្ផា​មានចំនួន… ១០០រៀល !

ទាមទារសំណងជម្ងឺចិត្ត មិនមែន«១០០រៀល» «ហើយសំណងទាំងអស់ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដោយគ្មានទុកមួយសេនឡើយ»។ វាជាការដកស្រង់ ចេញពីរាល់អត្ថបទចេញផ្សាយ ដោយសារព័ត៌មានមួយ ស្និតរបបក្រុងភ្នំពេញ រាប់ចាប់តាំងពីប្រព័ន្ធឃោសនាមួយនេះ បានដាក់ពាក្យប្ដឹងមន្ត្រីយោធាមួយរូប ឈ្មោះ ផែង ...
កម្ពុជា

CPP បដិសេធ​ឯកសារមួយ ដែលអះអាង​ជាផ្ទៃក្នុង​បក្ស​ហើយ​គាំទ្រ ​សម រង្ស៊ី

តាំងពីព្រឹកម៉ិញនេះមក ឯកសារមួយដែលសរសេរក្រោមស្លាកសញ្ញា របស់គណបក្សប្រជាជនកម្ពុជា ( CPP ) និងមានដាក់ឈ្មោះថា «អ្នកស្នេហាជាតិ គណបក្សប្រជាជនកម្ពុជា» ត្រូវបានទំព័រហ្វេសប៊ុកមួយឈ្មោះ «Ar Kambang Knong ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.