កម្ពុជាដំណឹង

ព្រឹទ្ធសមាជិក​បារាំង៖ ហ៊ុន សែន ជា​អ្នកបំផ្លាញ EBA ខណៈ EU មិនដកថយ

លោក អង់ឌ្រេ ហ្គាតូឡាំង (André Gattolin) សមាជិកព្រឹទ្ធសភា​​មកពី​គណបក្ស​​កាន់អំណាច របស់ប្រទេសបារាំង បានថ្លែងខ្លាំងៗ​ទម្លាក់​ការទទួល​ខុសត្រូវ នៃការបាត់បង់ ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ «EBA» ទៅលើការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយបញ្ជាក់ជាថ្មីថា ជំហរបស់សហភាពអ៊ឺរ៉ុប នៅតែដើរទៅមុខ ក្នុងការសើរើឡើងវិញ ជុំវិញអត្ថប្រយោជន៍ទាំងឡាយ ដែលអ៊ឺរ៉ុបផ្ដល់ទៅឲ្យប្រទេសកម្ពុជា។

ការថ្លែងដូច្នេះ របស់លោក អង់ឌ្រេ ហ្គាតូឡាំង ធ្វើឡើងក្នុងពិធីប្រកាសសុពលភាព នៃសាខាគណបក្សសង្គ្រោះជាតិ ប្រចាំប្រទេសបារាំង និងទ្វីបអឺរ៉ុប ក្នុងល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩នេះ។

សមាជិកព្រឹទ្ធសភាខាងលើ ដែលចេញពីគណបក្ស «La République en Marche» ដែលជាគណបក្សបង្កើតឡើង ដោយប្រធានាធិបតីបារាំងបច្ចុប្បន្ន បានថ្លែងឡើងថា ជំហរសើរើរបស់សហភាពអ៊ឺរ៉ុប មិនកើតឡើងដោយសារលោក សម រង្ស៊ី ឬគណបក្សសង្គ្រោះជាតិ ក្នុងការដើរនិយាយ អំពីរាល់អ្វីៗ​ដែលបានកើតឡើង នៅប្រទេសកម្ពុជានោះទេ។

លោក ហ្គាតូឡាំង បានអះអាងថា ជំហររបស់សហភាពអ៊ឺរ៉ុបបានកើតចេញ ពីការស៊ើបអង្កេតច្បាស់លាស់ ដោយសហភាពអ៊ឺរ៉ុបខ្លួនឯង តាមរយៈបេសកកម្មស្វែងរកការពិត ជាច្រើនដង។ លោកបន្តថា ការស៊ើបអង្កេតរបស់អ៊ឺរ៉ុប ធ្វើឡើងដោយអនុលោម តាមកិច្ចព្រមព្រៀង ដែលប្រទេសកម្ពុជា បានចុះហត្ថលេខាជាមួយសហភាពអ៊ឺរ៉ុប  ដើម្បីទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធខាងលើ។

លោកថា៖

«ការទទួលខុសត្រូវ មិនមែនមកពីសហគមអ៊ឺរ៉ុប កើតឡើងពី សម រង្ស៊ី ឬបណ្ដាលមកពីខ្ញុំ ហ្គាតូឡាំង ទេ។ តែវាបណ្ដាលមកពីអ្នកកាន់អំណាច គឺ ហ៊ុន សែន ដែលមិនគោរពកិច្ចសន្យារបស់ខ្លួន។»

«នៅពេលខ្ញុំបានជួបអ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រម (Cecilia Malmström -ស្នងការជាន់ខ្ពស់អ៊ឺរ៉ុប ទទួលបន្ទុកគោលនយោបាយ​ពាណិជ្ជកម្ម) នៅមុននីតិវិធីចាប់ផ្ដើម ក្នុងឆ្នាំ២០១៨ អ្នកស្រីបានប្រាប់ខ្ញុំថា គាត់នឹងដឹកនាំការស៊ើបអង្កេតមួយ។ ហើយកាលនោះ ការស៊ើបអង្កេតនេះ មិនបានកំណត់ទិសដៅ សម្រាប់​តែ​ប្រទេសកម្ពុជា​មួយទេ ព្រោះការស៊ើបអង្កេតនោះ ក៏ត្រូវបានធ្វើ នៅក្នុងប្រទេសភូមាដែរ។»

តែផលវិបាក នឹងធ្លាក់ទៅលើប្រជាជនកម្ពុជា ដែលត្រូវទទួលភាពរងគ្រោះទ្វេដង។ ភាពរងគ្រោះទីមួយ កើតចេញពីការដឹកនាំរបស់លោក ហ៊ុន សែន និងភាពរងគ្រោះមួយទៀត គឺកើតចេញ ពីការដកប្រព័ន្ធអនុគ្រោះពន្ធ​សហភាពអ៊ឺរ៉ុប។ លោក ហ្គាតូឡាំង បានថ្លែងថា៖

«ផលវិបាក នឹងធ្លាក់ទៅលើប្រជាជនកម្ពុជា ប្រសិនជាក្នុងរយៈពេល ១ខែខាងមុខនេះ សហភាពអ៊ឺរ៉ុប​នឹងបញ្ឈប់ប្រព័ន្ធអនុគ្រោះ។ ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន កេងបន្លំ កុហក និងលួចថវិកា។ ថវិកាដែលទទួលបាន​ពីការនាំចេញ មិនចូលទៅក្នុងហោប៉ៅ របស់ពលរដ្ឋកម្ពុជាទេ តែវាចូលទៅក្នុងក្រុមហ៊ុននាំចេញ ដែលស្ថិតក្នុងកណ្ដាប់ដៃ របស់លោក ហ៊ុន សែន និងក្រុមគ្រួសាត្រកូល ហ៊ុន។»

ហ៊ុន សែន ៖ កម្ពុជាមិនប្ដូរឯករាជ្យភាព និង​អធិបតេយ្យភាព ជាមួយ«EBA»

ក្នុងកិច្ចសម្ភាស ជាមួយវិទ្យុអាស៊ីសេរី កាលពីពេលថ្មីៗ អ្នកស្រី សេស៊ីលីយ៉ាង ម៉ាលស្ត្រម ក៏បានសំដែងក្ដីទុទិដ្ឋិនិយម នៅចំពោះការដឹកនាំរបស់បុរសខ្លាំង នៅកម្ពុជាដែរ។ អ្នកស្រីបានពន្យល់ថា៖

«រឿងនេះ គឺស្ថិតក្នុងកណ្ដាប់ដៃទាំងស្រុង របស់លោក ហ៊ុន សែន និងរដ្ឋបាលរបស់លោក។ ពីព្រោះយើងគិតថា ស្ថានភាពបានដើរថយក្រោយ ជុំវិញវិស័យសិទ្ធិមនុស្ស ក្នុងរយៈពេលចុងក្រោយនេះ ដែលគណបក្សប្រឆាំងត្រូវគេរំលាយ ការបោះឆ្នោតជាតិមិនត្រូវបានទទួលស្គាល់ ដោយប្រទេសជាច្រើន​លើពិភពលោក យើងឃើញមានការកំហិតលំហ សម្រាប់សង្គមស៊ីវិល និងប្រព័ន្ធសារព័ត៌មានជាដើម។ ក៏មានការព្រួយបារម្ភជាច្រើន អំពីបទដ្ឋានការងារ និងការច្បាមយកដីធ្លី។»

អ្នកស្រីស្នងការជាន់ខ្ពស់អ៊ឺរ៉ុប បានបន្តថា៖

«យើងគិតថា មានការកែលំអតិចតួចដែរ ខាងវិស័យសង្គមកិច្ច ដែលជារឿងល្អ។ ប៉ុន្តែយើងសង្ឃឹមថា នឹងមានការកែប្រែច្រើនជាងនេះ។ អ្វីៗ អាចកើតមានឡើងបាន ប៉ុន្តែនៅក្នុងកណ្ដាប់ដៃ របស់លោក ហ៊ុន សែន ទំនងជាមិនអាចកើតឡើង បានច្រើននោះទេ។»

សម្រាប់លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក តែងលើកឡើងថា ការទាមទារឲ្យលោក និងរបបដឹកនាំរបស់លោក ងាកទៅដឹកនាំប្រទេស តាមបែបប្រជាធិបតេយ្យវិញនោះ គឺជាការលូកដៃ ចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ លោក ហ៊ុន សែន បានអះអាងថា កម្ពុជាមិនយកឯករាជ្យភាព និងអធិបតេយ្យភាពជាតិ ទៅដូរនឹងប្រព័ន្ធអនុគ្រោះ ដែលផ្ដល់ដោយ «EU» នោះឡើយ។

កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩នេះ សហភាពអ៊ឺរ៉ុប បានប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)» បន្ទាប់ពីសហភាពអ៊ឺរ៉ុបរកឃើញថា របបក្រុងភ្នំពេញ បានដឹកនាំប្រទេស ផ្ទុយពីគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌ មានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប ដើម្បីទទួលបាន ប្រព័ន្ធអនុគ្រោះពន្ធមួយនេះ។

នៅសល់ពេល១ខែទៀត…

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅពេលនោះ ដោយសហភាពអ៊ឺរ៉ុប ពីរាជធានីព្រុយហ្សែល (ប្រទេសប៊ែលហ្សិក) របបដឹកនាំរបស់លោក ហ៊ុន សែន មានពេល៦ខែ ដើម្បីឲ្យសហភាពអ៊ឺរ៉ុប ប្ដូរជំហរ​ងាកត្រឡប់ក្រោយវិញ។ មកដល់ថ្ងៃនេះ ពេលវេលានៅសល់ ប្រមាណជា១ខែទៀតប៉ុណ្ណោះ។

កាលពីថ្ងៃទី១១ ខែមិថុនា សហភាពអ៊ឺរ៉ុបបានរំឭកប្រទេសកម្ពុជាសារជាថ្មី ឲ្យដោះស្រាយក្ដីកង្វល់ទាំងឡាយ ទាក់ទងបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារ ដើម្បីអាចរក្សាទុកនូវប្រព័ន្ធអនុគ្រោះពន្ធខាងលើ។ ការរំឭកនេះ ធ្វើឡើងបន្ទាប់ក្រុមប្រតិភូសហភាព​អ៊ឺរ៉ុប បានបញ្ចប់បេសកកម្ម ស្វែងរកការពិតលើកទីពីរ នៅកម្ពុជា កាលពីថ្ងៃទី១០ ខែមិថុនារួចរាល់។

លោកព្រឹទ្ធសមាជិក អង់ឌ្រេ ហ្គាតូឡាំង បានអះអាងបន្ថែមថា បើទោះជាសហភាពអ៊ឺរ៉ុប បានផ្លាស់ប្ដូរ​ក្បាល​ម៉ាស៊ីន​ដឹកនាំ​ក៏ដោយ ក៏ម្ចាស់លំហទីផ្សារធំទីមួយ របស់ប្រទេស​កម្ពុជា មិនដកថយក្នុងជំហររបស់ខ្លួនដែរ។ លោកថា៖

«បើលោក ហ៊ុន សែន មិនធ្វើកំណែទម្រង់ ប្រកបដោយភាពវិជ្ជមាន ឬលោក ហ៊ុន សែន មិនស្ដារឡើងវិញ នូវគោលការណ៍សំខាន់ៗ នៃនីតិរដ្ឋទេនោះ ជំហរនៃការសើរើនេះ នឹងមិនផ្លាស់ប្ដូរអ្វីឡើយ។»

«ពិតហើយថា អ៊ឺរ៉ុបបានបោះឆ្នោតថ្មី ហើយបានផ្លាស់ប្ដូរអ្នកដឹកនាំ ផ្លាស់ប្ដូរនយោបាយ តែប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុបថ្មី លោក ឆាល មីឆែល (Charle Michel) គឺជាមិត្តរបស់យើង មិត្តរបស់ប្រទេសបារាំង មិត្តរបស់ចលនាសង្គ្រោះជាតិ។ យើងនឹងមិនបោះបង់ចោល នូវការទាមទាររបស់យើងឡើយ។ គឺលោក ហ៊ុន សែន ទេដែលត្រូវងាកក្រោយ តែសម្រាប់យើង យើងមិនងាកក្រោយដាច់ខាត៕»



លំអិតបន្ថែមទៀត

កម្ពុជា

គង់ ម៉ាស់ សកម្មជន CNRP ត្រូវចៅក្រម​ស៊ើបសួរ​សម្រេច​ឲ្យឃុំខ្លួននៅ ព្រៃស

លោក ម៉ុង មុន្នីសោភា ចៅក្រមស៊ើបសួរ​នៃសាលាដំបូងរាជធានី បានសម្រេចឲ្យឃុំខ្លួន លោក គង់ ម៉ាស់ សកម្មជនគណបក្សសង្គ្រោះជាតិ នៅពន្ធនាគារ«ព្រៃស» ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំការជំនុំជម្រះ។ នេះ ...
លោក សម រង្ស៊ី (ខាងឆ្វេង) និងលោក រ៉ុង ឈុន ថតរូបជាមួយគ្នា ក្នុងក្រុង សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៩។ (រូបថតហ្វេសប៊ុក Sam Rainsy)
កម្ពុជា

សម រង្ស៊ី ហៅ​ការចាប់ខ្លួន រ៉ុង ឈុន ជា​«ការបំពាន»​និងតាម​«ទំនើងចិត្ត»

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បានប្រតិកម្មខ្លី និង​ភ្លាមៗ តបនឹង​ការចាប់ខ្លួន​លោក រ៉ុង ឈុន ដោយអាជ្ញាធរ​របបក្រុងភ្នំពេញ ដោយហៅ​ការចាប់ខ្លួន​​នោះ ថាជា​«ការបំពាន» ដែលធ្វើឡើង​តាម«ទំនើងចិត្ត»។ លោក​សាស្ត្រាចារ្យ ...
កម្ពុជា

CNRP ថ្កោលទោស​«ការបាញ់បង្ក្រាបពលរដ្ឋ»តវ៉ាដីធ្លី​នៅខេត្ត​ព្រះសីហនុ

ការបាញ់បង្ក្រាបពលរដ្ឋ«ស្លូតត្រង់» ដែលបានប្រមូលគ្នា តវ៉ាលើបញ្ហាដីធ្លី ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃព្រហស្បត្តិ៍ ជា«ទង្វើដ៏ឃោឃៅព្រៃផ្សៃ និងជាការបង្ហាញ នូវ​សារជាតិ​ដ៏អាក្រក់ នៃរបបផ្ដាច់ការបច្ចុប្បន្ន»។ នេះ ជាការលើកឡើង របស់គណបក្សសង្គ្រោះជាតិ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.