ស្ថាប័នអយ្យការបារាំង បានរកឃើញថា សំណេររបស់មេដឹកនាំគណបក្សប្រឆាំង លោក សម រង្ស៊ី បង្ហោះលើបណ្ដាញសង្គម កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ ពិតជា​ការបរិហារកេរ្ដិ៍ ចំពោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះ បើតាមការលើកឡើងរបស់តំណាងអយ្យការ នៅក្នុងសវនាការថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ធ្វើឡើងដោយតុលាការបារាំង។

លោក ហ៊ុន សែន បានប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្ដិ៍ ទៅកាន់តុលាការរដ្ឋធានីប៉ារីស ប្រទេសបារាំង ជុំវិញការបង្ហោះសារ នៅលើបណ្ដាញសង្គម និងការផ្ដល់បទសម្ភាស របស់មេដឹកនាំប្រឆាំង ទាក់ទងនឹងមរណភាព នៃអតីតអគ្គស្នងការនគរបាល លោក ហុក ឡងឌី។ ក្នុងសំនុំរឿងដដែល ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ក៏បានរងបណ្ដឹងមួយទៀតដែរ ពីលោក ឌី វិជ្ជា ស្នងការរងនគរបាលជាតិ កូនប្រុសរបស់លោក ហុក ឡងឌី និងជាកូនប្រសាររបស់លោក ហ៊ុន សែន។

នៅក្នុងសវនាការនោះ ដែលបានប្រព្រឹត្តិទៅ អស់រយៈពេលប្រមាណជា៥ម៉ោង នៅវិមានយុត្តិធម៌ (Palais de Justice) នៃរដ្ឋធានីប៉ារីស លោក សម រង្ស៊ី ត្រូវបានអញ្ជើញឲ្យចូលខ្លួន ទៅស្រាយបំភ្លឺ ក្នុងនាមជាចុងចោទ។ លោកបានបញ្ជាក់ នៅក្នុងតុលាការថា សំណេររបស់លោក គឺជាផ្នែកមួយ នៃការទាមទារឲ្យបិទបញ្ចប់វប្បធម៌ហិង្សា និងនីទណ្ឌភាព នៅប្រទេសកម្ពុជា។

លោកថា៖

«វាជាកាតព្វកិច្ចរបស់ខ្ញុំ ដើម្បីបង្ហាញជូនពិភពលោក អំពីស្ថានភាពនៅប្រទេសកម្ពុជា។»

សារអមដោយរូបភាព ដែលបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក សម រង្ស៊ី កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ មានសេចក្ដីដូចការដកស្រង់ខាងក្រោមថា៖

«ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី តាមរយៈការដាក់គ្រាប់បែកឲ្យផ្ទុះ ក្នុងឧទ្ធម្ភាគចក្រ (Helicopter) នៅពេលដែលកំពុងតែហោះហើរ លើខេត្តស្វាយរៀង កាលពីថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ២០០៨។ ហ៊ុន សែន បានសម្រេចចិត្តសម្លាប់ ហុក ឡង់ឌី ដោយសារតែ ហុក ឡង់ឌី ដឹងរឿងអាក្រក់របស់ ហ៊ុន សែន ច្រើនពេក។»

«ជាពិសេស ហុក ឡង់ឌី ត្រៀមលាតត្រដាង អំពីបញ្ជា ដែលគាត់បានទទួលពី ហ៊ុន សែន ឲ្យសម្លាប់ ជា វិជ្ជា ក្នុងឆ្នាំ ២០០៤។ នៅឆ្នាំ ២០០៨ ហុក ឡង់ឌី ត្រូវតែបញ្ជាក់ពីបញ្ជាខាងលើរបស់ ហ៊ុន សែន តាមការសាកសួររបស់សហព័ន្ធសហជីពអន្តរជាតិ ដែលតម្រូវឲ្យរកយុត្តិធម៌ឲ្យ ជា វិជ្ជា ដែលជាប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា រហូតដល់ពេលគាត់ស្លាប់។»

សំណេរនោះ បានបន្តទៀតថា៖

«ឥឡូវនេះ លោក ឌី វិជ្ជា ដឹងច្បាស់ពីឃាតកម្ម លើបិតារបស់លោក។ លោក ឌី វិជ្ជា កំពុងតែគិតគូរអំពីផែនការសងសឹក បិតារបស់លោក។ ផែនការនេះ មានការគាំទ្រពីលោក ស ខេង ពីព្រោះ លោក ស ខេង ដឹងខ្លួនថាលោក ហ៊ុន សែន កំពុងតែរៀបចំផែនការដកដំណែងរបស់គាត់ ឬក៏កម្ចាត់គាត់តែម្តង។»

លោក «Luc Brossolet» មេធាវីតំណាងរបស់លោក ហ៊ុន សែន បានលើកឡើងថា នៅក្នុងសវនាការថា៖

«បើយើងជាអ្នកនយោបាយប្រឆាំង ទោះក្នុងទម្រង់ណាក៏ដោយ យើងមិនអាចដើរហួស ពីបន្ទាត់​នៃការពិត​នោះឡើយ។ ការចោទប្រកាន់របស់លោក សម រង្ស៊ី មានលក្ខណៈជាការលេងសើច និងមិនបានឈរ​លើមូលដ្ឋានអ្វីមួយ គួរឲ្យសង្ឃឹមទាល់តែសោះ។។»

ខណៈលោក «Didier Leick» មេធាវីតំណាងមួយរូបទៀត​របស់នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមថា៖

«យើងកំពុងដើរបញ្ច្រាសទាំងស្រុង ពីសិទ្ធិនៃការចង់ដឹង និងសិទ្ធិនៃការផ្ដល់ព័ត៌មាន។»

សម្រាប់ខាងការពារក្ដី ដែលតំណាងដោយមេធាវីពីររូប – អ្នកស្រី «Jessica Finelle» និងលោក «Mathias Chichportich» – បានថ្លែងប្រាប់តុលាការថា ការលើកឡើងរបស់លោក សម រង្ស៊ី គួរត្រូវចាត់ទុកជាប្រធានបទដ៏សំខាន់ សម្រាប់បម្រើឲ្យផលប្រយោជន៍សាធារណៈ។ អ្នកស្រីមេធាវី «Jessica Finelle» បានការពារមេដឹកនាំប្រឆាំងថា៖

«លោក ហ៊ុន សែន បានទុកឲ្យប្រទេសរបស់គាត់ ស្ថិតក្នុងការញ៉ាំញ៉ីដោយអំពើពុករលួយ។ កម្ពុជាគ្មានទៀតទេ នូវសារព័ត៌មានសេរី។ អ្នកដែលមាននិន្នាការជំទាស់ មិនមានសិទ្ធិនិយាយស្ដីអ្វី ដោយសេរីបានឡើយ។ ដោយហេតុដូច្នេះហើយ ទើបការលើកឡើង(របស់លោក សម រង្ស៊ី)​នោះ ជាការបម្រើឲ្យផលប្រយោជន៍សាធារណៈ ដើម្បីអនុញ្ញាតឲ្យប្រជាជនកម្ពុជា អាចដឹងអំពើទង្វើរបស់មនុស្ស ដែលកំពុងកាន់កាប់ប្រទេសពួកគេ។»

សម្រាប់លោកមេធាវី «Mathias Chichportich» បានលើកឡើងបន្ថែមថា៖

«បញ្ហាសំខាន់ នៃរាល់សកម្មភាពរបស់លោក ហ៊ុន សែន និងលោក ឌី វិជ្ជា មានលក្ខណៈនយោបាយ និងជាប់ប្រទាក់ក្រឡាគ្នា។»

លោកមេធាវីការពារក្ដី ឲ្យប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ បានហៅបណ្ដឹងរបស់លោក ហ៊ុន សែន ដែលធ្វើនៅក្នុងតុលាការបារាំង ថាមានលក្ខណៈ«ងាយស្រួលជ្រុល» ខណៈប្រព័ន្ធតុលាការនៅកម្ពុជា ត្រូវបាន«ជាន់ឈ្លី»។ លោក «Mathias Chichportich» ថា បុរសខ្លាំងនៅកម្ពុជា គ្មានគោលបំណង់អ្វីផ្សេង ក្រៅតែពីចង់ខ្ចីដៃ​ប្រព័ន្ធយុត្តិធម៌បារាំង ដើម្បីបំបាក់គូប្រកួត​នយោបាយរបស់ខ្លួន​ប៉ុណ្ណោះ។

ស្ថាប័នអយ្យការបារាំង បានអះអាងនៅក្នុងសវនាការថា ការលើកឡើងរបស់លោក សម រង្ស៊ី ទាក់ទងលោក ឌី វិជ្ជា មិនមែនជា«ការបរិហារកេរ្ដិ៍»នោះទេ។ ប៉ុន្តែការលើកឡើងរបស់មេដឹកនាំប្រឆាំង ទាក់ទងនឹងលោក ហ៊ុន សែន គឺ«ពិតជា​ការបរិហារកេរ្ដិ៍»។

យ៉ាងណា ស្ថាប័នអយ្យការបានទុកឲ្យចៅក្រម កំណត់អំពី«ភាពសុទ្ធចិត្ត» នៃការលើកឡើងរបស់លោក សម រង្ស៊ី ថាគួរត្រូវបានទទួលយក ឬយ៉ាងណា។ សវនាការបានបិទបញ្ចប់ នៅប្រមាណជាម៉ោង៧យប់ ថ្ងៃដដែល ប៉ុន្តែគេត្រូវរងចាំ​រហូតដល់ថ្ងៃទី១០តុលា ទើបសាលក្រមតុលាការត្រូវបានប្រកាសឲ្យដឹង៕



លំអិតបន្ថែមទៀត

របាយការណ៍

«កន្លះ​លាន​ដុល្លារ»ដើម្បីជួល​ព្រឹទ្ធសមាជិក​អាមេរិក​ម្នាក់ ឲ្យ​ដើរ​បញ្ចុះបញ្ចូល

ជារឿងរ៉ាវ ដែលបានផ្ទុះឡើង នៅចុងសប្ដាហ៍កន្លងមក ហើយបានបង្អើលពិភពលោក មិនតិចទេ។ ព្រឹទ្ធសមាជិកប្រចាំរដ្ឋមួយ នៅសហរដ្ឋអាមេរិក ត្រូវបានជួលក្នុងតម្លៃ«កន្លះ​លាន​ដុល្លារ (៥០ម៉ឺនដុល្លារ)» ដោយរបបក្រុងភ្នំពេញ ដើម្បីដើរបញ្ចុះបញ្ចូលសាធារណមតិ និងជាពិសេស បញ្ចុះបញ្ចូលរដ្ឋបាលលោកប្រធានាធិបតី ...
កម្ពុជា

កាសែត FT ៖ EU នឹងសម្រេច​«ព្យួរ EBA ចេញពីកម្ពុជា»

កម្ពុជានឹងត្រូវប្រឈម ទល់នឹងការសម្រេច«ព្យួរ»ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ បើទោះជាការសម្រេចព្យួរនោះ ធ្វើឡើងក្នុងផ្នែកណាមួយ នៃផលិតផលនាំចេញ នៃប្រទេសនេះក៏ដោយ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអង់គ្លេស «Financial ...
កម្ពុជា

ភរិយា កែម ឡី សុំឲ្យ​​ស្ត្រីរងគ្រោះទាំងឡាយ​«រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម»

«សូម រឹងមាំ អត់ធ្មត់ និង​មាន​សង្ឃឹម ព្រោះថា ស្វាមីពួកយើង មិនបានធ្វើរឿងដែលខុសនោះទេ» នេះ ជាការលើកឡើងរបស់អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយ របស់សពលោកបណ្ឌិតកែម ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.