ដំណឹងពិភពលោក

អូទ្រីស៖ មេដឹកនាំអ៊ឺរ៉ុប រួមគ្នាប្រតិកម្ម​នឹងភេរវកម្មនៅ​វីយែន

ទិដ្ឋភាពកងកម្លាំងនគរបាល កំពុងធ្វើប្រតិបត្តិការ បង្ក្រាបភេរវកម្ម នៅកណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ក្នុងយប់ថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)
ទិដ្ឋភាពកងកម្លាំងនគរបាល កំពុងធ្វើប្រតិបត្តិការ បង្ក្រាបភេរវកម្ម នៅកណ្ដាលរដ្ឋធានីវីយែន ប្រទេសអូទ្រីស ក្នុងយប់ថ្ងៃចន្ទទី២ ខែវិច្ឆិកា ឆ្នាំ២០២០។ (រូបថតសហការីលើទ្វីសធើរ)

ភ្លាមៗនៅក្រោយភេរវកម្ម៦កន្លែង នៅរដ្ឋធានីវីយែន (ប្រទេសអូទ្រីស) មេដឹកនាំអ៊ឺរ៉ុប បានបញ្ចេញសារ ប្រតិកម្មរួមគ្នា ដោយអះអាងថា អ៊ឺរ៉ុបនឹងមិនឱនក្បាល នៅក្រោម​ការគម្រាមកំហែង ពីសំណាក់ក្រុមភេរវជន ឬអង្គការភេរវនិយម ណាមួយឡើយ។

ស្នូកាំភ្លើងផ្ទុះជាច្រើនសិបគ្រាប់ បានលាន់ឮឡើង ក្នុងយប់ថ្ងៃចន្ទទី២ ខែវិច្ឆិកានេះ កណ្ដាលរដ្ឋធានី​វីយែន។ សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹង ក្នុងរបាយការណ៍បឋមថា មនុស្សពីរនាក់បានស្លាប់ ក្នុងនោះ​ម្នាក់ជានគរបាល និងម្នាក់ទៀត ជាខ្មាន់កាំភ្លើង ហើយមនុស្សប្រមាណជា​២៥នាក់ទៀត បានរងរបួស។

តែតុល្យភាពដែលទើបនឹងធ្លាក់មកដល់ ឲ្យដឹងទៀតថា មនុស្សស្លាប់អាចកើនឡើង ពី៣នាក់ ទៅដល់៨នាក់។

សម្រាប់លោក «Sebastian Kurz» អធិការបតីនៃប្រទេសអូទ្រីស បានបង្ហោះសារភ្លាមៗ ក្នុងរាត្រីថ្ងៃចន្ទនេះ ចាត់ទុកអំពើនេះ ថាជា«ការវាយប្រហារភេរវកម្ម ដ៏គួរឱ្យស្អប់ខ្ពើម» និងបានទទួលស្គាល់ថា ប្រទេសរបស់លោក កំពុងឆ្លងកាត់រាត្រី ដ៏ពិបាកមួយ ដោយអំពាវនាវ ទៅកាន់ពលរដ្ឋ ឲ្យសំងំនៅក្នុងលំនៅដ្ឋាន។

កាលពីសប្ដាហ៍កន្លងមកថ្មីៗ ប្រទេសបារាំង ដែលរួមទ្វីប ជាមួយអូទ្រីស បានពើបប្រទះ នឹងអំពើភេរវកម្មពីរដងរួចហើយ។ ប៉ុន្តែក្រុមភេរវជន នៅក្នុងប្រទេសបារាំង បានប្រើកាំបិត ដើម្បីវាយប្រហារ ទៅលើជនរងគ្រោះ។

ស្រង់ប្រភព ដោយទីភ្នាក់ងារព័ត៌មានបារាំង «AFP» វិមានប្រធានាធិបតីបារាំង បានឲ្យដឹង នៅក្រោយការវាយប្រហារ ក្នុងរដ្ឋធានីវីយែនថា លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បានជួបនិយាយទូរស័ព្ទ ដោយផ្ទាល់ ជាមួយលោក «Sebastian Kurz» ដើម្បីបង្ហាញពីសមានចិត្ត និងការគាំទ្រ«ទាំងស្រុង» ពីសំណាក់ប្រទេសបារាំង សម្រាប់ប្រទេសអូទ្រីស។

ក្នុងយប់ថ្ងៃចន្ទនេះដែរ លោក ម៉ាក្រុង បានបង្ហោះសារ នៅលើទំព័រទ្វីសធើររបស់លោកថា៖

«យើងសូមចែករំលែក ភាពតក់ស្លុត និងទុក្ខព្រួយ របស់ប្រជាជនអូទ្រីស ដែលបានរងការវាយប្រហារ ដោយអំពើភេរវកម្ម កណ្ដាលរដ្ឋធានីរបស់ពួកគេ។ បន្ទាប់ពីប្រទេសបារាំង ប្រទេសជាមិត្តមួយទៀត ក៏បានរងការវាយប្រហារ ដោយអំពើភេរវកម្មដែរ។»

ប្រធានាធិបតីបារាំង បានបន្តព្រមាន តបទៅក្រុមភេរវជនវិញថា៖

«នេះ ជាអ៊ឺរ៉ុបរបស់យើង។ សត្រូវរបស់យើង ត្រូវដឹងថា ពួកគេកំពុងលេង​ ជាមួយភ្លើង។ យើងនឹងមិនឱនក្បាល នៅចំពោះការគម្រាមកំហែង ណាមួយឡើយ។»

ចំពោះលោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស បានបង្ហាញជំហររួម ដើម្បីប្រឆាំងភេរវកម្ម។ លោកសរសេរនៅលើបណ្ដាញសង្គមថា៖

«ខ្ញុំមានក្ដីរន្ធត់យ៉ាងខ្លាំង ចំពោះការវាយប្រហារដ៏សាហាវ នៅរដ្ឋធានីវីយែន នៅយប់នេះ។ ជំហររបស់ចក្រភពអង់គ្លេស គឺឈរជាមួយប្រជាជនអូទ្រីស។  យើងឈររួមគ្នា ជាមួយអ្នក ដើម្បីប្រឆាំងភេរវកម្ម។»

រីឯនាយករដ្ឋមន្ត្រី នៃប្រទេសប៊ែលហ្សិក លោក «Alexander De Croo» បានសំដែង​«សាមគ្គីភាព» ចំពោះប្រជាជនអូទ្រីស និង«មរណទុក្ខ» ទៅដល់​ក្រុមគ្រួសារ​នៃជនរងគ្រោះ។ លោក បញ្ជាក់ថា៖

«យើងនឹងមិនឱនក្បាលដាច់ខាត នៅចំពោះអំពើភេរវកម្ម។»

សម្រាប់លោក «Charles Michel» ប្រធានក្រុមប្រឹក្សាអ៊ឺរ៉ុប នៃសហភាពអ៊ឺរ៉ុប (EU) បានបង្ហោះសារ «ថ្កោលទោសយ៉ាងខ្លាំងក្លា» ចំពោះ«ទង្វើដ៏កំសាក»ខាងលើ។ លោកសរសេរថា៖

«អឺរ៉ុបសូមថ្កោលទោសយ៉ាងខ្លាំងក្លា ចំពោះទង្វើដ៏កំសាក ដែលរំលោភបំពានជីវិត និងតម្លៃមនុស្សជាតិ​ របស់យើង។ ខ្ញុំសូមសំដែង ការខ្វល់ខ្វាយ នៅជាមួយជនរងគ្រោះ និងប្រជាជន នៃរដ្ឋធានីវីយែន បន្ទាប់ពីមានការវាយប្រហារ ដ៏រន្ធត់ នៅរាត្រីនេះ។»

ប្រមុខគណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាល នៃសហភាពអ៊ឺរ៉ុប) អ្នកស្រី «Ursula von der Leyen» បានលើកឡើង​ប្រហាក់ប្រហែល​គ្នាថា៖

«ខ្ញុំមានក្ដីរន្ធត់ និងសោកសៅ ចំពោះការវាយប្រហារដ៏សាហាវ ដែលបានកើតឡើង នៅរដ្ឋធានីវីយែន។ ខ្ញុំសូមសំដែង ការខ្វល់ខ្វាយ នៅជាមួយជនរងគ្រោះ និងប្រជាជន​អូទ្រីស។»

មេដឹកនាំអ៊ឺរ៉ុប រូបនេះ បានបន្តថា៖

«អឺរ៉ុបឈរជាមួយប្រទេសអូទ្រីស ក្នុងសាមគ្គីភាព ដ៏ពេញលេញមួយ។ កម្លាំងរបស់យើង មានអនុភាព​ ជាងភាពស្អប់ខ្ពើម និងភេរវកម្ម៕»



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ នាយករដ្ឋមន្ត្រី​អង់គ្លេស ត្រូវបាន​ផ្ទេរទៅ​«សង្គ្រោះបន្ទាន់»

លោក បូរីស ចនសុន (Boris Johnson) នាយករដ្ឋមន្ត្រីអង់គ្លេស ដែលបានចូលសម្រាក ក្នុងមន្ទីរពេទ្យ កាលពីយប់ថ្ងៃអាទិត្យ ត្រូវបានផ្ទេរទៅ«សង្គ្រោះបន្ទាន់» ក្នុងរសៀលថ្ងៃចន្ទនេះ។ គួរគូសបញ្ជាក់ដែរថា ក្នុងប្រព័ន្ធព្យាបាល ...
កម្ពុជា

«សង្គមស៊ីវិល»ជិត១០០ បារម្ភ​ពីការវិលទៅអតីតកាល បើបាត់​«EBA-GSP»

ក្រុមអ្នកវិភាគ-អ្នកឃ្លាំមើល រួមនឹងអង្គការ​-សង្គមស៊ីវិល ប្រមាណជា៨៥នាក់/ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃនេះ សំដែងការព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយពីអ្វីមួយ ដែលពួកគេទាំងនេះ បានអះអាងថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ...
កម្ពុជា

សមាជិក​សភា​អ៊ឺរ៉ុប​និយាយ​ពី «ជន​ផ្ដាច់ការ ហ៊ុន សែន»

បន្ទាប់ពីកិច្ចប្រជុំ​ដ៏សំខាន់មួយ ក្នុងសភាអ៊ឺរ៉ុប ក្នុងថ្ងៃទី៥ ខែមិថុនានេះ សមាជិកសភាពអ៊ឺរ៉ុបច្រើននាក់ បានលើកឡើងពីរបបដឹកនាំ របស់«ជន​ផ្ដាច់ការ ហ៊ុន សែន» ដែលពួកគេទាំងនោះយល់ថា បាននិងកំពុងសម្លាប់លទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ខាងក្រោមនេះ ...

យល់ស៊ីជម្រៅផ្នែក ដំណឹង

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.