កម្ពុជាដំណឹង

ហ៊ុន សែន ថា​គណៈប្រតិភូ EU គ្មាន​«ឋានានុក្រមស្មើ»​ត្រូវជួប​លោកទេ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងបញ្ជាក់ថា អវត្តមាននៃជំនួបរវាងរូបលោក និងគណៈប្រតិភូនៃសហភាពអ៊ឺរ៉ុប «EU» ដែលធ្វើដំណើរមកប្រទេសកម្ពុជា ក្នុងរយៈពេល២ថ្ងៃមកនេះ គឺដោយសារគណៈប្រតិភូទាំងនោះ មិនមាន«ឋានានុក្រមស្មើ» ដែលអាចជួបជាមួយរូបលោក ដែលមានឋានៈជានាយករដ្ឋមន្ត្រីនោះទេ។

ការថ្លែងរបស់លោក ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ ដើម្បីឆ្លើយតបទៅនឹងការធ្វើអត្ថាធិប្បាយ របស់ក្រុមអ្នកវិភាគ ដែលអះអាងថា ជំនួបដែលកើតមាន តែរវាងគណៈប្រតិភូ «EU» ជាមួយលោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ និងលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស ហើយមិនមានជំនួប ជាមួយរូបលោកនោះ គឺជាការបែកបាក់ផ្ទៃក្នុង នៅក្នុងជួររដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា។

ថ្លែងនៅក្នុងពិធីចែកសញ្ញាបត្រមួយ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញ នាព្រឹកថ្ងៃព្រហស្បត្តិទី២១ ខែមិនា ឆ្នាំ២០១៩នេះ លោកនាយករដ្ឋមន្ត្រី បានពន្យល់ថា៖

«ពេលដែលពួកអ៊ឺរ៉ុបទៅជួប ស ខេង និយាយផ្សេង ពេលដែលទៅជួប ប្រាក់ សុខុន និយាយផ្សេង ហើយគេមក[កម្ពុជា] មិនបានជួបជាមួយ ហ៊ុន សែន ទេ។ គេមិនសុំជួប ហ៊ុន សែន ទេ។ កម្រិតហ្នឹង វាអត់ត្រូវជួបជាមួយ ហ៊ុន សែន វាជួបធ្វើអី? និយាយឲ្យពិត។»

បុរសខ្លាំងកម្ពុជា បន្តពន្យល់ទៀតថា៖

«កម្រិតថ្នាក់ប្រធាននាយកដ្ឋាន… ចាំមកហ្ន ប្រធានអ៊ឺយូ (EU) ហើយនឹងស្នងការអ៊ឺយូហ្ន អាហ្នឹងបាន ហ៊ុន សែន វាត្រូវជួប។ ពិតហើយ ព្រោះកម្រិតបច្ចេកទេស ជំនួបដល់ថ្នាក់ឧបនាយករដ្ឋមន្ត្រី វាខ្ពស់ពេក​ណាស់ទៅហើយ! ពេកណាស់ទៅហើយ។»

«ឋានានុក្រមស្មើ» សំខាន់ជាងប្រព័ន្ធអនុគ្រោះពន្ធ?

ក្នុងពេលកន្លងមក គេឧស្សាហ៍ឃើញលោក ហ៊ុន សែន ទទួលជួបជាមួយគណៈប្រតិភូ មកពីប្រទេសចិន ឬមកពីប្រទេសវៀតណាម ដែលប្រធានគណៈប្រតិភូទាំងនោះ មិនមានឋានៈ ស្មើនាយករដ្ឋមន្ត្រីចិន ឬវៀតណាមនោះឡើយ។ លោក ហ៊ុន សែន ក៏តែងទទួលជួបអ្នកទទួលខុសត្រូវ ជាច្រើននាក់ មកពីអង្គការ ឬស្ថាប័នឯកជន ជាច្រើនស្ថាប័នផងដែរ។

គណៈប្រតិភូរបស់សហភាពអ៊ឺរ៉ុប ដែលធ្វើទស្សនកិច្ចពីរថ្ងៃនៅកម្ពុជា ដឹកនាំដោយអ្នកស្រី «Paola Pampaloni» ដែលជានាយិកាទទួលបន្ទុកតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃការិយាល័យអ៊ឺរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS)។

គណៈប្រតិភូនេះ មានសមាសភាពចូលរួចសំខាន់ៗផ្សេងទៀត ដូចជាលោក «George Edgar» ឯកអគ្គអង្គទូតនៃសហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា និងមន្ត្រីមកពីការិយាល័យអ៊ឺរ៉ុប ទទួលបន្ទុកពាណិជ្ជកម្មអន្តរជាតិ (International Trade and Trade Agreements ឬហៅថា External Trade) ជាដើម។

សារព័ត៌មានក្នុងស្រុក បានហៅអ្នកស្រី «Paola Pampaloni» ថាជា«នាយករងផ្នែកគ្រប់គ្រងប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃសហភាពអឺរ៉ុប»។​

ប្រភពមួយស្និតការិយាល័យអ៊ឺរ៉ុប «EEAS» បានបញ្ជាក់ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីម្សិលម៉ិញថា អ្នកស្រី «Paola Pampaloni» ត្រូវបានចាត់ឲ្យទទួលបេសកកម្ម សម្រាប់ការពិភាក្សា ជាមួយរដ្ឋាភិបាលលោក ហ៊ុន សែន ជុំវិញដំណើរការលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ដែលជាលក្ខខណ្ឌនៃរបបអនុគ្រោះពន្ធ «EBA» សម្រាប់ប្រទេសកម្ពុជា។

ដូច្នេះ គេអាចយល់បានថា អ្នកស្រី «Paola Pampaloni» ក្នុងនាមជាបេសកនារី គឺជាតំណាង ឲ្យសហភាពអ៊ឺរ៉ុបនៅពេលនេះ បើទោះជាអ្នកស្រីមានឋានៈ ត្រឹមជានាយិកាផ្នែកក៏ដោយ។ ម្យ៉ាងវិញទៀត គេគប្បីយល់បន្តថា គណៈកម្មការអ៊ឺរ៉ុបជាស្ថាប័ននីតិប្រតិបត្តិ របស់សហភាពអ៊ឺរ៉ុប ដែលក្នុងនោះ ការិយាល័យ «EEAS» ខាងលើ គឺជាសេនាធិការមួយ របស់គណៈកម្មការអ៊ឺរ៉ុប សម្រាប់ទទួលបន្ទុកខាងកិច្ចការបរទេស។

និយាយម្យ៉ាងទៀត ការិយាល័យ «EEAS» មានយន្ដការ និងដំណើរការដូចគ្នា នឹងក្រសួងការបរទេសមួយដូច្នេះ តែគេមិនអាចហៅការិយាល័យនេះ ថាជាក្រសួងការបរទេស នៃសហភាពអ៊ឺរ៉ុបបានទេ ដោយសារមូលហេតុដ៏សាមញ្ញមួយ គឺសហភាពអ៊ឺរ៉ុបមិនមែនជារដ្ឋ[តូច]មួយឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

FIDH៖ ដល់ពេលហើយ ដែល​អូស្ត្រាលី​ត្រូវធ្វើ​ច្បាប់​ដាក់ពិន័យ​មេដឹកនាំ​កម្ពុជា

ដល់ពេលហើយ ! ដែលប្រទេសអូស្ត្រាលី ត្រូវបង្កើត និងអនុម័តច្បាប់ សំដៅដាក់ទណ្ឌកម្ម ទៅលើមេដឹកនាំកម្ពុជាណា ដែលរំលោភលើសិទ្ធិមនុស្ស និងប្រព្រឹត្តិអំពើរពុយរលួយ យ៉ាងធ្ងន់ធ្ងរ។ នេះ បើតាមសេចក្ដីថ្លែងការណ៍ របស់សហព័ន្ធសិទ្ធិមនុស្សអន្តរជាតិ ...
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៩៨៤ នៅប្រទេសកម្ពុជា។ (រូបថតឆ្នាំ២០២០ បង្ហោះលើទំព័រហ្វេសប៊ុក)
កម្ពុជា

ហ៊ុន សែន ភ្ជាប់ថ្ងៃកម្ពុជា​«ផលិតប្រេងដំបូង»​ទៅនឹងនយោបាយឈ្នះៗ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស អំពីការចាប់ផ្ដើម«ផលិតប្រេងដំបូង» របស់កម្ពុជា នៅថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០ ដែលលោកថា ជាថ្ងៃ«គាប់ជួន»ជាមួយថ្ងៃខួបទី២២ នៃនយោបាយឈ្នះៗរបស់លោក ...
ដំណឹង

រដ្ឋសភា​អូទ្រីស បោះឆ្នោត​ទម្លាក់​អធិការបតី «Sebastian Kurz»

អធិការបតីនៃប្រទេសអូទ្រីស លោក «Sebastian Kurz» ទើបនឹងត្រូវបានទម្លាក់ចេញពីតំណែង ដោយញត្តិបន្ទោសមួយ បោះឆ្នោតសម្រេចនិងអនុម័ត ដោយរដ្ឋសភាជាតិ។ ការទម្លាក់មេដឹកនាំរូបនេះ​​ចេញពីអំណាច ធ្វើឡើងកាលពីប៉ុន្មាននាទីមុន និង១០ថ្ងៃ​ក្រោយការបែកធ្លាយ​រឿងអាស្រូវ «Ibizagate» នៃវីដេអូឯកជនមួយ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.