ឯកអគ្គរដ្ឋទូត នៃសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មី ថាសហរដ្ឋអាមេរិក ចង់ឃើញលោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ មានសិទ្ធិ​ធ្វើ​នយោបាយវិញ ក្នុងខណៈមេដឹកនាំប្រឆាំងរូបនេះ កំពុងរងចាំ​ថ្ងៃបើក​សវនាការ របស់តុលាការរាជធានី ដែលចេះតែបន្តលើកពេល ម្ដងហើយម្ដងទៀត ឬផ្អិបសំនុំរឿងនេះ មិនចាត់ការ។

សរសេរនៅលើទំព័រទ្វីសធើរផ្លូវការ លោកឯកអគ្គរដ្ឋទូត ប៉ាទ្រីក ម័រហ្វី (Patrick Murphy) បានហៅការលើកពេល ឬការពន្យាពេល​បើកសវនាការ របស់តុលាការកម្ពុជា ថាជាការបដិសេធក្នុងការផ្ដល់យុត្តិធម៌ សម្រាប់ជនជាប់ចោទ ដូចលោក កឹម សុខា ដែលត្រូវបាន​ស្ថានទូត​អាមេរិក ចាត់ទុកក្នុងពេលកន្លងមក ថាជាមនុស្សស្អាតស្អំ។ ការបង្ហោះសារនោះ ធ្វើឡើងក្រោយជំនួបរវាងលោក និងលោក កឹម សុខា កាលពីថ្ងៃព្រហស្បត្តិ៍។

លោកបានសរសេរថា៖

«ខ្ញុំមានក្ដីសោមនស្ស ដែលបានជួបជាមួយលោក កឹម សុខា ដើម្បីផ្លាស់ប្ដូរពរឆ្នាំថ្មី (ឆ្នាំសាកល) និងដើម្បីសាកសួរអំពី ការពន្យាពេល​ថ្ងៃបើកសវនាការ ជុំវិញសំណុំរឿង​ចោទប្រកាន់​លោក។ ការពន្យារពេល​រកយុត្តិធម៌ គឺជាការបដិសេធ​ការផ្តល់យុត្តិធម៌។»

ឯកអគ្គរដ្ឋទូតប្រទេសមហាអំណាច បានបញ្ជាក់ជាថ្មី ជុំវិញជំហររបស់ប្រទេសលោកថា៖

«សហរដ្ឋអាមេរិក ចង់ឃើញលោក (កឹម សុខា) មានសិទ្ធិ​ធ្វើ​នយោបាយវិញ ដូចក្ដីសង្ឃឹមរបស់យើង ដែលចង់ឃើញ​ពលរដ្ឋកម្ពុជា​គ្រប់រូប អាចចូលរួម​​ក្នុងសកម្មភាព​នយោបាយ។»

ប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានអាជ្ញាធរកម្ពុជា ក្រោមបញ្ជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចូលចាប់ខ្លួន​ពីក្នុងគេហដ្ឋាន​លោក ទាំងកណ្ដាល​យប់ កាលពីដើមខែកញ្ញា ឆ្នាំ២០១៧ មុននឹងយករូបលោក ទៅឃុំខ្លួន​នៅក្នុងពន្ធនាគារ​ត្រពាំងថ្លុង ជិតព្រំដែន​វៀតណាម។ លោក ត្រូវបាន​ចោទប្រកាន់ ពីបទ«​សន្ទិដ្ឋភាព​ជាមួយ​បរទេស​» ជុំវិញការថ្លែងដោយផ្ទាល់មាត់មួយ ដែលលោកបានធ្វើ​ទៅកាន់​អ្នកគាំទ្រ ក្នុងប្រទេស​អូស្ត្រាលី កាលពីច្រើនឆ្នាំមុន។

តែប្រសិនជាសវនាការ ត្រូវបានផ្អាក ក្នុងពេលកន្លងមក និងលើកពេលជាបន្តបន្ទាប់នោះ ដោយសារហេតុផលមួយ ពីក្នុងហេតុផល​ជាច្រើនទៀត នោះគឺគ្មានភស្ដុតាងរឹង​ ក្នុងការដាក់បន្ទុកលើបទចោទ។

សម្រាប់លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់​នៅលើ​បណ្ដាញសង្កម ជាថ្មីដែរថា សំណុំ​រឿង​លោក កឹម សុខា កំពុង​ស្ថិត​ក្នុង​ដៃ​តុលាការ ហើយ​ការ​សម្រេច​បែប​ណា​នោះ គឺ​ជា​ឆន្ទានុសិទ្ធិ​របស់​តុលាការ ដែល​លោក​ហៅ​ថា ជា​ស្ថាប័ន​ឯករាជ្យ។ លោកបន្តទៀតថា៖

«ដោយករណី កឹម សុខា គឺមិនមានការឃុំខ្លួននោះទេ ហេតុដូចនេះ ការបើកសវនាការលើសំណុំរឿងនេះ គឺមិនមែនជា​អាទិភាព​នោះទេ។ អាទិភាពពិតប្រាកដ គឺការបើកសវនាការ ចំពោះសំណុំរឿង ដែលមានអ្នកជាប់ឃុំ ដើម្បីជៀងវាង កុំឱ្យមានការឃុំខ្លួន​ហួសកាល​កំណត់ របស់ច្បាប់។»

ការចាប់ខ្លួន និងការចោទប្រកាន់លោក កឹម សុខា បានអនុញ្ញាតឲ្យរបបដឹកនាំ ក្រោមបញ្ជារបស់លោក ហ៊ុន សែន ធ្វើការរំលាយ​គណបក្សសង្គ្រោះជាតិ និងហាមឃាត់សិទ្ធិធ្វើនយោបាយ សម្រាប់មន្ត្រីគណបក្សនេះ ជាង១០០នាក់ ទាំងបើលោក កឹម សុខា មិនទាន់ត្រូវបានតុលាការរកឃើញ ថាមានទោសនោះក្ដី។

ដំណើរការអនុវត្តច្បាប់ និងការស្វែងរកយុត្តិធម៌ ដ៏ចម្រូងចម្រាស់ខាងលើ ត្រូវបានសហភាពអ៊ឺរ៉ុប «EU» និងសហរដ្ឋអាមេរិក មើលឃើញថា ធ្វើឡើងក្រោម​ហេតុផលនយោបាយ។ ហេតុផលដែលជំរុញ​ឲ្យមហា​អំណាច​ធំទាំងពីរ អនុវត្តន៍ទណ្ឌកម្មជាបន្តបន្ទាប់ ក្នុងនោះ​មានការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចំនួន២០ភាគរយ និងការដាក់មន្ត្រីកម្ពុជាជាច្រើន ចូលក្នុងបញ្ជីខ្មៅ ដើម្បីបង្កក​ទ្រព្យសម្បត្តិ និងហាមជាន់ទឹកដី​អាមេរិក ជាដើម៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជា​ជាប់ក្នុង​«បញ្ជីប្រផេះ»​នៃស្ថាប័ន​ឃ្លាំមើល​ការលាង​លុយ​កខ្វក់

ប្រទេសកម្ពុជា ស្ថិតក្នុងចំណោម​ប្រទេសចំនួន១២ ដែលជាប់ក្នុង​«បញ្ជីប្រផេះ» នៃការឃ្លាំមើល​ការលាងប្រាក់កខ្វក់ របស់​«អង្គការឃ្លាំមើលសកម្មភាពហិរញ្ញវត្ថុ (ហៅ​ជា​ភាសា អង់គ្លេស “Financial Action Task Force – FATF” ...
កម្ពុជា

អាមេរិក​នៅពីក្រោយ កឹម សុខា? ជិន ម៉ាលីន ថ្លែងផ្ទុយពី ផៃ ស៊ីផាន

នៅចំពោះការថ្លែង របស់ឯកអគ្គរដ្ឋទូតអាមេរិក ទាក់ទងនឹងករណីប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានចេញមុខមកអះអាងថា រដ្ឋាភិបាលលោក ហ៊ុន ...
លោក ហ៊ុន សែន (រូបអង្គុយ) កំពុងជល់កែវជាមួយកូន និងកូនប្រសារ ទាំងប្រុស-ស្រីរបស់លោក នៅក្នុងគេហដ្ឋានរបស់លោក។ (រូបថតហ្វេសប៊ុក)
វិភាគ អត្ថាធិប្បាយ

សារព័ត៌មាន​បារាំង​៖ ត្រកូល​ហ៊ុន​មាន​ទ្រព្យ​មិន​តិច​ជាង ១ពាន់លាន​ដុល្លារ​

សារព័ត៌មានមួយរបស់ប្រទេសបារាំង បានលើកឡើងពីទំហំទ្រព្យសម្បត្តិ របស់ត្រកូល «ហ៊ុន» នៃនាយករដ្ឋមន្ត្រីកម្ពុជា ថាមានប្រមាណ​មិនតិចជាង ១ពាន់លាន​ដុល្លារ​ នោះ​ឡើយ។ ហើយនេះ គេនៅមិនទាន់រាប់ក្រុមគ្រួសារផៅសន្ដាន នៃអ្នកមាន​អំណាច​ផ្សេង​ទៀត ដែលត្រកូល ហ៊ុន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.