កម្ពុជាដំណឹង

RSF នឹង​ប្រតិកម្មលើការ​ចាប់​អ្នក​កាសែត សុខ ឧត្ដម នៅដើម​សប្ដាហ៍​នេះ

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) គ្រោងចេញសេចក្ដីថ្លែងការណ៍ ប្រតិកម្ម​​ចំពោះករណី​​ចាប់ខ្លួន អ្នកកាសែត សុខ ឧត្ដម ដែលឈាន​ទៅបិទស្ថានីយ៍វិទ្យុ និងគេហទំព័រ «រិទ្ធិសែន» របស់អ្នកកាសែតរូបនេះ កាលពីពេលថ្មីៗ។ នេះ បើតាម​ការអះអាង របស់លោក ដានីញែល បាស្ដាដ៍ (Daniel Bastard) នាយកការិយាល័យ អាស៊ី-ប៉ាស៊ីភិក របស់​អង្គការ​នេះ កាលពីថ្ងៃសុក្រ។

អ្នកសារព័ត៌មាន លោក សុខ ឧត្ដម ដែលជាម្ចាស់​ស្ថានីយ​វិទ្យុ ៩៩.៧៥ MHz និង​គេហទំព័រ «រិទ្ធិ​សែន» ដ៏ល្បី នៅ​ខេត្ត​កំពង់ឆ្នាំង  ត្រូវ​បានក្រុមនគរបាលចាប់ខ្លួន ​កាលពី​ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០។

ការចាប់ខ្លួននោះ ធ្វើឡើង​បន្ទាប់ពី​លោក បានចុះទៅ​ធ្វើការ ផ្សាយ​បន្តផ្ទាល់ អំពីការ​តវ៉ា​របស់ពលរដ្ឋ នៅមុខ​សាលាឃុំ​ ជៀប កាលពី​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ស្ថិត​ក្នុង​ស្រុក​ទឹកផុស ជុំវិញជម្លោះដីធ្លី ដែល​ប្រជាពលរដ្ឋ​ចោទ​ថា អាជ្ញាធរ​បាន​ដកហូត​ដីធ្លី រាប់សិប​ហិចតា ​របស់​ពួកគាត់។

ក្រោយការចាប់ខ្លួន ស្ថាប័នវិទ្យុ និងគេហទំព័រព័ត៌មាន របស់លោក សុខ ឧត្ដម ក៏ត្រូវ​បាន​ក្រសួងព័ត៌មាន ចេញប្រកាស ​ឲ្យបិទទ្វាដែរ។ នេះ បើតាមសេចក្ដីសម្រេចមួយ របស់​ក្រសួង ដែលចុះហត្ថលេខា ដោយលោករដ្ឋមន្ត្រី ខៀវ កាញារិទ្ធ នៅថ្ងៃទី១២ ខែឧសភា តែទើប​នឹង​ឃើញ​ចេញ​ផ្សាយ នៅថ្ងៃទី១៣ ខែឧសភា។

ការចាប់ខ្លួនអ្នកកាសែត និងការបិទស្ថាប័នព័ត៌មាន ក្រោមបទចោទ«ញុះញង់» បាន​បង្ក​ឲ្យមានប្រតិកម្ម ពីបណ្ដាក្រុមអ្នកការពារ សិទ្ធិអ្នកសារព័ត៌មាន ទាំង​នៅក្នុងស្រុក និង​នៅ​ក្រៅស្រុក ជាពិសេស ពីអង្គការ​អ្នកយកព័ត៌មាន​គ្មានព្រំដែន ដែលជាអង្គការ​អន្តរជាតិ មាន​បណ្ដាញ​របស់ខ្លួន នៅពាសពេញពិភពលោក។

តបនឹងការសាកសួរ របស់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ កាលពីថ្ងៃសុក្រ នាយក​ការិយាល័យ ទទួល​បន្ទុក​កិច្ចការ អាស៊ី-ប៉ាស៊ីភិក លោក ដានីញែល បាស្ដាដ៍ បានថ្លែង ពីទីស្នាក់ការធំ ក្នុង​រដ្ឋធានី​ប៉ារីស (បារាំង) មកថា អង្គការ «RWB / RSF» កំពុង​តាមដាន យ៉ាងយក​ចិត្ត​ទុកដាក់ ចំពោះ​ករណីចាប់ខ្លួន លោក សុខ ឧត្ដម។

លោក បាស្ដាដ៍ បានបញ្ជាក់ថា៖

«យើងកំពុងតាមដាន សំនុំរឿងខាងលើ ហើយមិនសង្ស័យ​ឡើយថា យើងនឹងចេញ​សេចក្ដី​ថ្លែងការណ៍ អំពី​ករណីនេះ នៅដើម​​សប្ដាហ៍ក្រោយ។»

អាជ្ញាធរកម្ពុជា បញ្ជាក់ថា ការចាប់ខ្លួននោះ ធ្វើឡើងដោយអនុវត្ត តាមច្បាប់កម្ពុជា ដើម្បីអ្វីមួយ ដែលក្រុមអាជ្ញាធរទាំងនោះ អះអាងថា ជាការផ្សាយព័ត៌មាន​បំភ្លៃ និង​មាន​លក្ខណៈ «ញុះញង់ ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍»។

ករណីចាប់អ្នកកាសែត​​​ដាក់ពន្ធនាគារ បិទស្ថាប័នព័ត៌មាន និងការរាំងខ្ទប់គេហទំព័រ​ នៅ​កម្ពុជា បានកើតមានជាហូហែរ ក្នុងរយៈពេល ចាប់ពីចុងខែមីនាមក។

កាលពីដើមខែមេសា លោក សុវណ្ណ រិទ្ធី ម្ចាស់ស្ថាប័ន«FBTV» ក៏ត្រូវបានចាប់ខ្លួន ដាក់​ពន្ធនាគារដែរ បន្ទាប់ពីលោក បាន​ចុះផ្សាយ នៅលើបណ្ដាញសង្គម នូវការដកស្រង់សំដី របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានថ្លែង ឲ្យអ្នករត់ម៉ូតូឌុប លក់ម៉ូតូ ដើម្បី​ទិញ​អង្ករហូប នៅក្នុងរយៈពេល នៃវិបត្តិ«Covid-19»។

នៅចុងខែមីនា គេហទំព័រ របស់ទស្សនាវដ្ដីមនោរម្យ «MONOROOM.info» បានរង​ការរាំងខ្ទប់ ដោយមិនឲ្យប្រិយមិត្តបើកចេញ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីស្ថាប័ន​មិនចំណុះ​មួយនេះ បានផ្សាយរបាយការណ៍ ជាបន្តបន្ទាប់ ស្ដីពីជំងឺ «Covid-19» នៅ​កម្ពុជា និងនៅ​ប្រទេស​ចិន។

ចំពោះករណីទាំងពីរលើក តែងត្រូវបានថ្កោលទោស ដោយអង្គការ​អ្នកយកព័ត៌មាន​គ្មាន​ព្រំដែន (ចុចអានទីនេះ និងទីនេះ) ដោយហៅទង្វើទាំងនេះ ថាជាការគម្រាមកំហែង ទៅលើ​សិទ្ធិ អ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន របស់ពលរដ្ឋកម្ពុជា។

នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអន្តរជាតិខាងលើ ប្រទេសកម្ពុជាបានបន្តធ្លាក់ ចំណាត់ថ្នាក់​ប្រចាំឆ្នាំ របស់ខ្លួន ស្ដីពីសេរីភាពសារព័ត៌មាន ពីលេខរៀងទី១៤៣ ក្នុងឆ្នាំមុន មកលេខ១៤៤ ក្នុងឆ្នាំ២០២០នេះ ពីក្នុងចំណោម​១៨០ប្រទេស នៅជុំវិញ​ពិភពលោក៕



លំអិតបន្ថែមទៀត

កម្ពុជា

«ដំណើរក្តី​របស់តុលាការកម្ពុជា ទំនង​ជាការបំភិតបំភ័យ ​និង​បំបាក់គូប្រជែង»

ដំណើរក្តី​របស់តុលាការកម្ពុជា ទំនងជាផ្នែកមួយ នៃយុទ្ធសាស្ត្របំភិតបំភ័យ និងបំបាក់មុខ​គូប្រជែង របស់រដ្ឋាភិបាលលោក ហ៊ុន សែន។ នេះ ជាការអះអាងឡើង របស់អ្នកស្រី រ៉ូណា ស្មីត (Rhona ...
របាយការណ៍

ហេតុអ្វី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មើលមិនឃើញ​ពីជ័យជំនះ របស់ ត្រាំ?

តើប្រព័ន្ធផ្សព្វផ្សាយអាមេរិក មើលមិនឃើញ​ពីជ័យជំនះ របស់លោក ដូណាល់ ត្រាំ (Donald Trump) ឬ​យ៉ាង​ដូចម្ដេច? ប្រព័ន្ធ​ផ្សព្វផ្សាយ​​ទាំង​នោះ បាន​ដឹកនាំ​ការអង្កេតមួយ ដោយខ្លួនឯង ដើម្បីស្វែងយល់​ពីហេតុការណ៍នេះ ហើយ​​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ ...
ដំណឹង

ចិន៖ អ្នកកាសែតម្នាក់ជាប់គុក​១៥ឆ្នាំ ព្រោះផ្សាយ​ពីអំពើ​​ពុករលួយ ​ក្នុងបក្ស​

ព្រោះផ្សាយ​ពីអំពើ​​ពុករលួយ ក្នុងបក្ស​កុម្មុយនីស្ដិ៍​ និងរដ្ឋាភិបាល​ចិន អ្នកសារព័ត៌មាន​មួយរូប ត្រូវបាន​តុលាការប្រជាជន ក្រុង«Guiyang» ខេត្ត«Guizhou» ផ្ដន្ទាទោស​ឲ្យជាប់​ពន្ធនាគារ ១៥ឆ្នាំ។ ការផ្តន្ទាទោសនេះ បានរងការរិះគន់ខ្លាំងក្លា ពីអង្គការ​អ្នកយក​ព័ត៌មាន​គ្មាន​ព្រំដែន (RWF ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.