កម្ពុជាដំណឹង

RSF ថា ហ៊ុន សែន ប្រើ​«Covid-19»​ធ្វើ​ច្បាប់​ដើម្បី​ពង្រឹង​អំណាច​ផ្ដាច់ការ

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (ខាងឆ្វេង) និងកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត។ (រូបថត AFP)

ខណៈជំងឺ«Covid-19» កំពុងបន្តរាតត្បាតពិភពលោក អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) ក៏កំពុងបន្តកិច្ចការរបស់ខ្លួនដែរ ក្នុងការឃ្លាំមើលសិទ្ធសេរីភាព នៃអ្នកសារព័ត៌មាន នៅគ្រប់ជ្រុងនៃផែនដី និងជាពិសេសនៅក្នុងប្រទេសកម្ពុជា ខណៈសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ក្នុងពេលមានអាសន្ន អាចនឹងត្រូវអនុម័ត្រ ដោយរដ្ឋសភាកម្ពុជា នៅថ្ងៃសុក្រស្អែក។

សម្រាប់អង្គការអន្តរជាតិមួយនេះ ដែលមានស្នាក់ការធំ នៅរដ្ឋធានី ប៉ារីស (បារាំង) បានមើលឃើញថា ច្បាប់មួយនេះ នឹងក្លាយជាឧបករណ៍ថ្មីមួយទៀត សម្រាប់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងការបង្ក្រាប ទៅលើសារព័ត៌មានឯករាជ្យ និងសិទ្ធិសេរីភាព នៃអ្នកសារព័ត៌មាន ក៏ដូចជាជួយលោក ហ៊ុន សែន ឲ្យពង្រឹងកៅអីអំណាច«ផ្ដាច់ការ» របស់លោក កាន់តែខ្លាំងឡើង។

ត្រង់វាក្យខណ្ឌទី១១ នៃមាត្រា៥ ជំពូក៣ នៃសេចក្ដីព្រាងច្បាប់ថ្មី បានសរសេរ ផ្ដល់អំណាចឲ្យរដ្ឋាភិបាល នូវវិធានការ៖

«ហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មាន ដែលអាចបង្កឲ្យមានការភ័យខ្លាច ដល់សាធារណជន ឬចលាចល ឬដែលនាំឲ្យខូចខាត ដល់សន្តិសុខជាតិ ឬធ្វើឲ្យមានការភាន់ច្រឡំ អំពីស្ថានភាពនៃភាពអាសន្ន។»

ចំណែកឯវាក្យខណ្ឌទី១០ នៃមាត្រាដដែល បានផ្ដល់អំណាចឲ្យរដ្ឋាភិបាល នូវវិធានការ៖

«ឃ្លាំមើល និងតាមដាន តាមគ្រប់មធ្យោបាយ ដើម្បីទទួលបានព័ត៌មាន តាមរយៈប្រព័ន្ធទំនាក់ទំនងទូរគមនាគមន៍ គ្រប់រូបភាព ដើម្បីឆ្លើយតប ចំពោះភាពអាសន្ន។»

«RSF» បានអះអាងក្នុងសេចក្ដីថ្លែងការណ៍ ដែលបានចេញផ្សាយ កាលពីមុននេះបន្តិចថា ចំណុចទាំងពីរខាងលើ នៃច្បាប់ថ្មី នឹងផ្ដល់ដល់រដ្ឋាភិបាល នូវឧបករណ៍ថ្មីមួយ ដើម្បីតាមដានឃ្លាំមើល និងរាំងខ្ទប់ ប្រព័ន្ធផ្សព្វផ្សាយ កាន់តែខ្លាំងទៅ និងមិនដែលធ្លាប់មាន ក្នុងរបបប្រជាធិបតេយ្យ ដែលមានអាយុជិត៣០ឆ្នាំ នៅកម្ពុជា។

លោក ដានីញែល បាស្ដារ (Daniel Bastard) នាយកទទួលបន្ទុកអាស៊ី ប៉ាស៊ីភិក នៃអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ត្រូវបានស្រង់សំដី យកមកចុះផ្សាយ ក្នុងសេចក្ដីថ្លែងការណ៍នោះថា៖

«យើងសូមអំពាវនាវ ដល់អ្នកបង្កើតច្បាប់ របស់កម្ពុជា ឲ្យបង្ហាញពីការទទួលខុសត្រូវ របស់ផងខ្លួន ដោយលប់ចោល នូវចំណុចទាំងពីរខាងលើ នៃមាត្រា៥ ចេញពីច្បាប់ប្រកាសភាពអាសន្ន។»

RSF ៖ ប្រើ«Covid-19»ដើម្បីធ្វើច្បាប់ ទុកការពារការស្នងតំណែង ?

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ធ្លាប់បានបដិសេធ តាមរយៈវិទ្យុអាស៊ីសេរី ថាលោកមិនផ្ដល់ចម្លើយ អំពីសេចក្ដីព្រាងច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ក្នុងភាពអាសន្ន ខាងលើនេះទេ ដោយលោកសំអាងថា វាគ្រាន់តែជាការបង្ហោះ តៗគ្នា នៅលើបណ្ដាញសង្គម និងមិនមែនជាឯកសារផ្លូវការ។

អង្គការ​អ្នកយកព័ត៌មាន​គ្មានព្រំដែន បានលើក​ពីករណីគេហទំព័រ «MONOROOM.info» នៃទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ជាដើម ដែលមិនអាច​ឲ្យអ្នកអាន​របស់ខ្លួន បើកចូលទៅពិគ្រោះបាន នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៣១ ខែមីនានេះមក ថាជាតឹងតាង​មួយ នៃដំណើរ​ឈានទៅរឹងបន្តឹង និងរាំងខ្ទប់ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​​ជាទូទៅ នៅក្នុងព្រះរាជាណាចក្រ។

គេមើលឃើញថា លោក ហ៊ុន សែន និងរដ្ឋាភិបាល​របស់លោក នឹងគ្មានឧបសគ្គអ្វី ក្នុងជំហានទៅ​អនុម័ត្រ ច្បាប់ថ្មីនេះ​ឡើយ ដោយសាររដ្ឋសភា​កម្ពុជា មានតំណាងរាស្ត្រ​ទាំងអស់ មកពីគណបក្ស​ប្រជាជន​កម្ពុជាតែមួយ។

ប៉ុន្តែអង្គការ «RSF» បានស្រង់យកការលើកឡើង របស់ក្រុមអ្នកឃ្លាំមើល មកបញ្ជាក់ដែរថា ក្រុមអ្នកតំណាងរាស្ត្រមួយភាគ របស់គណបក្សកាន់អំណាច ទំនងជាត្រៀមខ្លួន ជំទាស់នឹងបំណង របស់លោក ហ៊ុន សែន ដែលចង់ផ្ទេរអំណាច ទៅឲ្យកូនប្រុសរបស់លោក។ ដូច្នេះ វាក្សខណ្ឌទាំងពីរខាងលើ នឹងអនុញ្ញាតឲ្យលោក ហ៊ុន សែន វាយបំបាក់រាល់ការជជែកពិភាក្សា​ទាំងឡាយ នៅក្នុងសារព័ត៌មាន និងការបះបោរណាមួយ នៅក្នុងគណបក្សរបស់លោក។

នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីភិក របស់ «RSF» បានថ្លែងថា ផ្ទុយពីវិបត្តិជំងឺ «Covid-19» ដែលកំពុងរាតត្បាត នៅក្នុងប្រទេស លោក ហ៊ុន សែន មិនបានគិតពីសុខភាព របស់ពលរដ្ឋកម្ពុជាទេ តែលោកបែជាប្រើវិបត្តិ នៃជំងឺ​«Covid-19»នេះ ដើម្បីពង្រឹងអំណាច«ផ្ដាច់ការ»របស់លោក កាន់តែខ្លាំងទៅវិញ។ លោក បាស្តារ ថ្លែងថា៖

«លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងប្រើប្រាស់វិបត្តិ នៃជំងឺ”កូរូណា” ទាំងគ្មានការខ្មាសអៀន ដើម្បីអង្គុយចាក់ឫសបន្ថែមទៀត ក្នុងអំណាច”ផ្ដាច់ការ”​របស់លោក ដោយមិនខ្វល់ខ្វាយ ពីសុខភាពរបស់ពលរដ្ឋឡើយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ផែង វណ្ណៈ ត្រូវបាន«នាំខ្លួន»​មក​សាកសួរ​នៅ​តុលាការ​រសៀលនេះ

មន្ត្រីយោធា និងជាអ្នកប្រើប្រាស់បណ្ដាញសង្កម ដ៏ល្បីល្បាញ លោក ផែង វណ្ណៈ ត្រូវបានកងកម្លាំងកងរាជអាវុធ នាំខ្លួន មកកាន់អយ្យការ អមសាលាដំបូងរាជធានី នៅរសៀលថ្ងៃនេះ ដើម្បីធ្វើការសាកសួរ។ លោក ...
កំសាន្ដ

«គីង្គក់ និងភ្នំភ្លើង» កម្សាន្ដខ្លីៗ

ពេលឮសូរតោខ្លាដំរី រត់ផ្អើលជាន់ជើងគ្នា ព្រោះការផ្ទុះភ្នំភ្លើង សត្វ«គីង្គក់»លក់ថ្នាំស្រែង វាស្រែកពីក្នុងពាងមកថា៖ ពួកអាតោខ្លាដំរី សុទ្ធតែភ្លើ មិនចេះគ្រប់គ្រងគ្រោះផ្ទុះភ្នំភ្លើង គប្បីអាភ្លើទាំងនោះ មករៀនសូត្រពីអញ ដូចជារូបអញ​នៅក្នុងពាងដូច្នេះ។ នៅពេលពាងទប់នឹងកម្ដៅភ្នំភ្លើងលែងបាន ក៏ផ្ទុះបែក ...
កម្ពុជា

កាសែត FT ៖ EU នឹងសម្រេច​«ព្យួរ EBA ចេញពីកម្ពុជា»

កម្ពុជានឹងត្រូវប្រឈម ទល់នឹងការសម្រេច«ព្យួរ»ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីសំណាក់សហភាពអ៊ឺរ៉ុប ក្នុងសប្ដាហ៍នេះ បើទោះជាការសម្រេចព្យួរនោះ ធ្វើឡើងក្នុងផ្នែកណាមួយ នៃផលិតផលនាំចេញ នៃប្រទេសនេះក៏ដោយ។ នេះ បើតាមការផ្សាយឲ្យដឹង របស់សារព័ត៌មានអង់គ្លេស «Financial ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.