កម្ពុជាដំណឹង

Covid-19៖ ក្រុងភ្នំពេញ​ត្រៀម​បិទ​​បណ្ដាញ​សង្គម ឬ​គេហទំព័រ​ព័ត៌មាន ?

នៅចំពោះការរាតត្បាត នៃជំងឺ«Covid-19» រដ្ឋាភិបាលកម្ពុជា បានចាត់វិធានការមួយចំនួន ដើម្បីប្រឆាំងនឹងការផ្សព្វផ្សាយ ដែលរដ្ឋាភិបាលគិតថា ជា «Fake News» បង្កការភិតភ័យ ដល់សង្គមជាតិ ក្នុងនោះមានដូចជា ការបិទទំព័រ​នៅលើបណ្ដាញសង្គម ឬ​គេហទំព័រ​ព័ត៌មាន ជាដើម។

សម្រាប់លោក មាស ប៉ូ អ្នកនាំពាក្យក្រសួងប្រៃសណី និងទូរគមនាគមន៍កម្ពុជា បានបញ្ជាក់ថា រដ្ឋាភិបាលគ្មានគោលនយោបាយ បិទបណ្ដាញសង្កម ឬគេហទំព័រសារព័ត៌មានទេ។

ផ្ទុយទៅវិញ គេហទំព័រ​នៃ​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ដែលជាស្ថាប័នសារព័ត៌មាន អាជីព មានវិជ្ជាជីវៈ និងដែលធ្លាប់ទទួលបានអាជ្ញាប័ណ្ណ ពីក្រសួងព័ត៌មាន មិនអាចឲ្យអ្នកអានរបស់ខ្លួន​ បើកចូលទៅពិគ្រោះបានទេ ក្នុងប្រទេសកម្ពុជា។ អ្នកបច្ចេកទេស និងអ្នកជំនាញច្រើននាក់ បានសង្ស័យថា នេះបណ្ដាលមកពី ការរាំងខ្ទប់ណាមួយ។

ថ្លែងក្នុងកិច្ចសម្ភាសមួយ ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក្នុងរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០នេះ លោក មាស ប៉ូ បានបញ្ជាក់ថា នៅចំពោះព័ត៌មានចម្រុះ ជុំវិញការរាតត្បាត នៃជំងឺ«Coviv-19» ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ ក៏ដូចជារដ្ឋាភិបាលកម្ពុជា មិនមានគម្រោង ឬគោលនយោបាយ បិទបណ្ដាញសង្គម ឬគេហទំព័រនានានោះទេ។ លោកថា៖

«ជាទូទៅ ចម្លើយគឺគ្មានទេ គ្មានការរាំងខ្ទប់ទេ។ គោលនយោបាយ​របស់រាជរដ្ឋាភិបាល គឺមិនដែលមានច្បាប់ណាមួយ ចែងថា មានការរាំងខ្ទប់ចំពោះ ការប្រើប្រាស់ហ្វេសប៊ុក (និងគេហទំព័រព័ត៌មាន)។ ស្អីក៏ដោយ គឺយើងគ្មានច្បាប់ណា នឹងរាំងខ្ទប់ទេ។ មនុស្សគ្រប់រូប មានសិទ្ធិប្រើប្រាស់។»

នៅពេលសាកសួរ អំពីការរាំងខ្ទប់ ជាយថាហេតុ ចំពោះគេហទំព័ររបស់ទស្សនាវដ្ដី «https://monoroom.info» មន្ត្រីនាំពាក្យបានជំរុញ ឲ្យទស្សនាវដ្ដីពិនិត្យមើលការផ្សាយ របស់ខ្លួន ថាតើមានការបំផ្លើស ខុសពីការពិតឬទេ ជាពិសេសជុំវិញការផ្សាយកន្លងមក ទាក់ទងនឹងជំងឺ«Covid-19)។ លោក មាស ប៉ូ ថ្លែងថា៖

«តើលោកផ្សាយត្រឹមត្រូវ ឬអត់ ឬលោកបំផ្លើសពាក្យ​មិនច្បាស់លាស់ ពាក្យមិនពិត អាហ្នឹងវាធ្វើឲ្យប៉ះពាល់ ដល់សង្គមជាតិ វាទៅជាការបំភិតបំភ័យ ដល់ប្រជាពលរដ្ឋ។ បើស្រុកខ្មែរ គេអត់មានបញ្ហាអីផង។»

បន្ទាប់ពីអ្នកយកព័ត៌មាន ព្យាយាមពន្យល់ថា ទស្សនាវដ្ដីបានស្រង់ យកមកផ្សាយ តែតួលេខផ្លូវការ ដោយដាក់បន្ថែម នូវសំដីអ្នកវិភាគ (ឬអ្នកឃ្លាំមើលបញ្ហាសង្គម) ដើម្បីឲ្យព័ត៌មានរបស់ខ្លួន​ មានភាពស៊ីជម្រៅនោះ លោក មាស ប៉ូ បានបកស្រាយថា គឺមានតែ​«អ្នកវិភាគហ្នឹង មិនពិតប្រាកដ មិនច្បាស់លាស់ហើយ»។

អ្នកនាំពាក្យបានស្នើ ឲ្យអ្នកយកព័ត៌មានទាក់ទងបន្ត ទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃបន្ថែមទៀត ដើម្បីចង់ដឹងពីអំពីករណីនេះ។ តែដោយទំនង ជាជួនចំថ្ងៃអាទិត្យ ការទាក់ទងទៅកាន់នាយកដ្ឋាន​ខាងលើ មិនទទួលបានការឆ្លើយតបទេ។

«Fake News» រវាងព័ត៌មានបណ្ដាញសង្គម ឬគេហទំព័រព័ត៌មាន

ទស្សនាវដ្ដីបានព្យាយាមទាក់ទង លោក អ៊ុក គឹមសេង អ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីសុំការបកស្រាយ តែលោកបានមានប្រសាសន៍ ឲ្យទាក់ទងលោកតាមប្រព័ន្ធ «Telegram» ដើម្បីលោកងាយស្រួល ស្វែងរកព័ត៌មាន។ យ៉ាងណា អ្នកយកព័ត៌មានទស្សនាវដ្ដី បានស្នើសុំប្រតិកម្មរួចហើយ ពីមន្ត្រីអ្នកនាំពាក្យរូបនេះ តាមរយៈសារអេឡិចត្រូនិចរបស់លោក។

បន្ថែមពីលើនាយកដ្ឋាន ប្រឆាំងបទល្មើសព័ត៌មានវិទ្យា របស់ក្រសួងមហាផ្ទៃ ក្រសួងព័ត៌មានដឹកនាំដោយលោករដ្ឋមន្ត្រី ខៀវ កាញ៉ារីទ្ធ ក៏បានបង្កើតក្រុមការងារមួយដែរ ដើម្បីសិក្សាស្រាវជ្រាវពី «Fake News» នៅលើបណ្ដាញសង្គម ក្នុងអំឡុងពេល នៃការរាតត្បាត របស់ជំងឺ«Covid-19»។ គេមិនដឹងថា តើក្រុមការងារទាំងនោះ បានសិក្សាទៅលើគេហទំព័រ នៃស្ថាប័នសារព័ត៌មានអាជីព និងឯករាជ្យ ឬយ៉ាងណាទេ។

ទំព័រហ្វេសប៊ុកមួយចំនួន ត្រូវបានក្រសួងមួយនេះ រាយការណ៍ (Report) ឡើងទៅក្រុមហ៊ុនហ្វេសប៊ុក ឲ្យបិទចោល។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានឱ្យដឹងថា ទំព័រហ្វេសប៊ុកមួយឈ្មោះ «ព័ត៌មានពិត ពីកម្ពុជា» ត្រូវបានក្រុមហ៊ុនហ្វេសប៊ុកបិទចោល ជាស្ថាពររួចហើយ។

ច្បាប់ថ្មី នឹងបន្ថែមកម្លាំង…

វិធានការខាងលើ នៅមិនទាន់រាប់បញ្ចូលផងទេ អំពីច្បាប់ថ្មី ស្ដីពីការគ្រប់គ្រងប្រទេស ក្នុងភាពអាសន្ន ដែលមិនទាន់ត្រូវបានអនុម័ត្រនៅឡើយ។ តែសេចក្តីព្រាងច្បាប់នេះ ដែលមានបង្ហោះព្រោងព្រាត នៅលើបណ្ដាញសង្គម នៅត្រង់ចំណុចទី១១ នៃមាត្រា៥ ជំពូក៣ បានសរសេរ ផ្ដល់អំណាចឲ្យរដ្ឋាភិបាល នូវវិធានការ៖

«ហាមឃាត់ ឬកម្រិតការចែកចាយ ឬការផ្សព្វផ្សាយព័ត៌មាន ដែលអាចបង្កឲ្យមានការភ័យខ្លាច ដល់សាធារណជន ឬចលាចល ឬដែលនាំឲ្យខូចខាត ដល់សន្តិសុខជាតិ ឬធ្វើឲ្យមានការភាន់ច្រឡំ អំពីស្ថានភាពនៃភាពអាសន្ន។»

ទោះជាគេមើលឃើញថា វាមិនមានឧបសគ្គអ្វី ក្នុងការអនុម័ត្រច្បាប់ថ្មី នេះក៏ដោយ ក៏ប្រទេសកម្ពុជាត្រូវឆ្លងកាត់ ច្រើនដំណាក់កាលទៀត ទម្រាំរដ្ឋាភិបាលក្រុងភ្នំពេញ អាចប្រកាសដាក់ប្រទេស នៅក្នុងភាពអាសន្នបាន។

សម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) និងក្រុមអ្នកឃ្លាំមើល បានសម្ដែងការព្រួយបារម្ភ ដោយខ្លាចក្រែងរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រើប្រាស់ច្បាប់នេះ ដើម្បីដាក់កំហិតលើសិទ្ធិសេរីភាព ជាមូលដ្ឋាន របស់ពលរដ្ឋ ក៏ដូចជាប្រព័ន្ធសារព័ត៌មាន។

វិបត្តិកូវីតនៅក្នុងពិភពលោក កំពុងជំរុញអោយប្រទេស ដែលទទួលរងគ្រោះ ចាប់ផ្តេីមដាក់ប្រទេស ក្នុងគ្រាមានអាសន្ន ជាបន្តរបន្ទាប់។ …

Posted by Meas Nee on Friday, April 3, 2020


ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ លេខ១៤៣ លើ១៨០ប្រទេស នៅក្នុងបញ្ជីសន្ទស្សន៍ឆ្នាំ២០១៩ ដែលសិក្សានិងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ដែលជាស្ថាប័នឃ្លាំមើលសិទ្ធិសេរីភាព នៃសារព័ត៌មាន នៅជុំវិញពិភពលោក។ ចំណាត់ថ្នាក់នេះ ជាចំណាត់ថ្នាក់មិនល្អ និងអន់ជាងឆ្នាំមុនមួយលេខ៕



You may also like

កម្ពុជា

នាវាទេសចរណ៍៥គ្រឿង វិល​មកភ្នំពេញ​វិញ បន្ទាប់ពី​វៀតណាម​មិនឲ្យ​ចុះចត

នាវាទេសចរណ៍៥គ្រឿង ដែលចុះបញ្ជីក្នុង​ប្រទេសកម្ពុជា បានវិលមកដល់កំពង់ផែភ្នំពេញវិញហើយ បន្ទាប់ពីត្រូវប្រទេសវៀតណាមបដិសេធ មិនអនុញ្ញាតឲ្យចូលចត។ នេះ បើតាមសេចក្ដីជូនដំណឹង របស់សាលាខេត្តកណ្ដាល ដែលអះអាងថា ការវិលត្រឡប់របស់នាវាទាំងនោះ មកដល់រាជធានីភ្នំពេញវិញ ក្រោយក្រុមមន្ត្រីរកមិនឃើញថា មានភ្ញៀវណាម្នាក់បានផ្ទុកមេរោគ ...
ដំណឹង

Covid-19៖ រកឃើញ​១៧ករណីថ្មី​នៅចិន ខណៈ​៦នាក់​រកឃើញ​នៅ វូហាន

ក្រុង វូហាន (Wuhan) ដែលជាបេះដូងដំបូងគេ នៃការរាតត្បាតជំងឺ «Covid-19» អាច​នឹងផ្ទុះ​ករណីឆ្លងជំងឺនេះ​ឡើងវិញ បន្ទាប់ពីបានរកឃើញជាថ្មី នូវករណីឆ្លង ចំនួន​៦នាក់​ទៀត រាប់តាំងពីម្សិលម៉ិញ មកទល់នឹងថ្ងៃនេះ។ អាជ្ញាធរសុខភាព ...
ដំណឹង

វិបត្តិ Covid-19៖ បុរសម្នាក់​ដើរ​«ចាក់មនុស្ស»​នៅភាគ​ខាងត្បូង​បារាំង

បុរសម្នាក់ ត្រូវបានកងកម្លាំងនគរបាលឃាត់ខ្លួនភ្លាមៗ កាលពីមុននេះបន្តិច បន្ទាប់ពីបានធ្វើសកម្មភាព​«ចាក់មនុស្ស»​ដោយកាំបិត នៅក្រុង «Romans sur Isère» ស្ថិតក្នុងភាគខាងត្បូង នៃប្រទេសបារាំង។ ទូរទស្សន៍បារាំង «BFMTV» បានរាយការណ៍ថា​ ...

Comments are closed.

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...