កម្ពុជាដំណឹង

កម្ពុជា ជាប់ក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេស​ដែលរាំងខ្ទប់​គេហទំព័រសារព័ត៌មាន

«កម្ពុជា»ក្រោមការដឹកនាំ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងសាងកេរ្ដិ៍ឈ្មោះ​បន្ថែមទៀត នៅជុំវិញ​ពិភពលោក ដោយបានជាប់នៅក្នុង«បញ្ជីខ្មៅ» នៃក្រុមប្រទេស​មេកន្ទ្រាញ និងផ្ដាច់ការ ដែលធ្វើការ​រាំងខ្ទប់​គេហទំព័រ​សារព័ត៌មានឯករាជ្យ។

ការចាត់ព្រះរាជាណាចក្រអច្ឆរិយៈ ទៅក្នុងបញ្ជីដែលមានឈ្មោះដ៏អាក្រក់ ធ្វើឡើង​ដោយ​អង្គការ​អ្នកយកព័ត៌មាន​គ្មានព្រំដែន (RWB /RSF) ដែលមានទីស្នាក់ការធំ ក្នុងរដ្ឋធានី ប៉ារីស (បារាំង) ក្នុងដើមខែវិច្ឆិកានេះ តាមរយៈកម្មវិធីមួយ របស់អង្គការអន្តរជាតិនេះ ដែលមាន​ឈ្មោះថា «Collateral Freedom»។

មកដល់ថ្ងៃនេះ កម្មវិធី «Collateral Freedom» បានចុះឈ្មោះប្រទេសចំនួន១៨ ដែល​សុទ្ធសឹងជាប្រទេសប្រកាន់យក នូវការដឹកនាំ​តាមបែបផ្ដាច់ការ មានដូចជាប្រទេស ចិន វៀតណាម ភូមា ថៃ និងប្រទេសជាច្រើន ក្នុងតំបន់មជ្ឈឹមបូព៌ា។ គោលបំណងរបស់ «Collateral Freedom» គឺទាមទារ​ឲ្យធ្វើការបើកចំហរ​សេរីភាពសារព័ត៌មាន នៅជុំវិញ​ពិភពលោក និង«បំបែក​ការរាំងខ្ទប់» សម្រាប់គេហទំព័រសារព័ត៌មានឯករាជ្យទាំងឡាយ ដែលរងគ្រោះ​នៅក្នុងប្រទេសទាំងនោះ។

កម្មវិធីខាងលើ ត្រូវបានបង្កើតឡើង តាំងពីអំឡុងខែមីនា ឆ្នាំ២០១៥ តែអង្គការ​អ្នកយកព័ត៌មាន​​គ្មានព្រំដែន ទើបនឹង​សម្រេច​ចាត់ប្រទេស កម្ពុជា ចូលក្នុង«បញ្ជីខ្មៅ»នៃកម្មវិធីរបស់ខ្លួន ជាផ្លូវការ ក្នុងចុងឆ្នាំ២០២០នេះ បន្ទាប់ពី​គេហទំព័រទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ (MONOROOM.info) ត្រូវបានរាំងខ្ទប់ នៅក្នុងព្រះរាជាណាចក្រ  និងរងការរំខាន មិន​ស្រាកស្រាន្ដ រាប់ពីចុងខែមីនា​កន្លងមក។

ទំព័រ «Collateral Freedom» របស់ប្រទេសកម្ពុជា មានសរសេររៀបរាប់ត្រួសៗថា៖

«ដោយខ្លាចបាត់បង់អំណាច ដែលលោកមាន តាំងពីជាង៣០ឆ្នាំមកនោះ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបើកយុទ្ធនាការបង្ក្រាប​យ៉ាងចាស់ដៃ ទៅលើ​សេរីភាពសារព័ត៌មាន ជាពិសេសនៅមុនការបោះឆ្នោតសាកល ឆ្នាំ២០១៨ ដោយ​ដាក់បាតដៃរបស់លោក ទៅលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក សឹងតែទាំងអស់ ហើយបិទ​សារព័ត៌មាន​​ឯករាជ្យ ​រួចគម្រាមកំហែង និងចាប់អ្នកកាសែត​ដាក់គុក…។»

អង្គការអន្តរជាតិ ដែលមានឯកទេស ខាងការពារសេរីភាពសារព័ត៌មាន នៅជុំវិញផែនដី បាន​បន្តថា ដោយកង្វះ​ព័ត៌មាន ប្រកបដោយតុល្យភាព និងតម្លាភាព ពលរដ្ឋកម្ពុជា​បាន​ងាក ទៅស្វែងរក​ព័ត៌មាន ដែលផ្សាយ​នៅតាមបណ្ដាញអ៊ិនធើណែត និងនៅលើ​បណ្ដាញ​សង្គម ដែលបានក្លាយជាទីកម្សាន្ដ ដ៏មានប្រជាប្រិយភាព។

«តែមិនទាន់ចប់នៅឡើយទេ ព្រោះព័ត៌មានដ៏រសើបៗ ដែលផ្សាយចេញ ដោយគេហទំព័រ​ទាំងនោះ នឹងត្រូវអាជ្ញាធរ​លាបពណ៌ ដោយហៅថាជា”«Fake News” ហើយ​គេហទំព័រ​ណា ដែលផ្សាយ​ព័ត៌មានខាងលើ នឹងត្រូវរង​ការរាំងខ្ទប់។»

អង្គការ «RWB /RSF» បន្តទៀតថា៖

«ក្រោមលេស នៃការប្រយុទ្ធទល់នឹងការរាតត្បាតជំងឺ “Covid-19” របបដឹកនាំ​នៅកម្ពុជា​សព្វថ្ងៃ បានអនុម័ត​ច្បាប់មួយ កាលពីអំឡុងខែមេសា ដើម្បីប្រកាសដាក់ប្រទេស ក្នុងគ្រា​មានអាសន្ន ដោយ​ដាក់​​ឲ្យមាន នូវការរាំងខ្ទប់ជាទូទៅ និងការឃ្លាំមើល​​យ៉ាងដិតដល់ រាល់ទម្រង់​​នៃប្រព័ន្ធ​ទូរគមនាគម​ទាំងឡាយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ចង្អុល​បង្ហាញថា តុលាការ​ក្រុង​ភ្នំពេញ​«ពិតជាអាយ៉ង​ ហ៊ុន សែន»

ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះជាតិ បានពន្យល់ថា បើចង់ដឹងស៊ីជម្រៅ ពីករណី​ចោទប្រកាន់ ទៅលើលោក កឹម សុខា តុលាការក្រុងភ្នំពេញ គួរកោះហៅរូបលោក ទៅសាកសួរ ដោយហេតុថា នៅក្នុងពេលដែលលោក កឹម ...
កម្ពុជា

លាងលុយកខ្វក់៖ សម រង្ស៊ី និយាយ​ពី​«ចោរាធិបតេយ្យ»​នៅ​កម្ពុជា

មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានលើកឡើងថា កម្ពុជាសព្វថ្ងៃ ជារដ្ឋ​«ម៉ាហ្វីយ៉ា» និងជារដ្ឋ​ដែលដឹកនាំ ដោយប្រព័ន្ធ«ចោរាធិបតេយ្យ» ដែលនាំទៅដល់ ការលាងលុយកខ្វក់ថ្នាក់រដ្ឋ និងរហូតត្រូវសហភាពអ៊ឺរ៉ុប ដាក់កម្ពុជា ...
កម្ពុជា

«ចាប់ខ្លួន»​​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ទៀត ក្នុងយប់​ថ្ងៃ​អង្គារនេះ

លោក ម៉ៃ ហុងស្រៀង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តព្រះសីហនុ ត្រូវបានអាជ្ញាធររបបក្រុងភ្នំពេញ«ចាប់ខ្លួន» ក្នុងយប់ថ្ងៃអង្គារទី៣០ ខែកក្កដា ឆ្នាំ២០១៩នេះ មុននឹងត្រូវបានបញ្ជូន ទៅឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្រសួងមហាផ្ទៃ។ ប្រភពពីមន្ត្រីច្រើននាក់ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.