កម្ពុជាដំណឹង

សម រង្ស៊ី៖ «ផែនការ​ផ្ទេរ​អំណាច របស់ ហ៊ុន សែន នឹង​ទទួល​បរាជ័យ»

សម្រាប់មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា បានសំដែងការជឿជាក់ថា ផែនការ​ផ្ទេរ​អំណាច របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅឲ្យកូនប្រុសច្បងរបស់លោក នឹង​ទទួល​បរាជ័យ ក្រោមហេតុផលច្រើនយ៉ាង ជាពិសេស​ហេតុផល ដែលផ្ទុះចេញពីផ្ទៃក្នុង របស់​គណបក្ស​ប្រជាជនកម្ពុជាតែម្ដង។

កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា លោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បានប្រកាសជាសាធារណៈថា គណបក្ស​របស់​លោក មាន​បេក្ខជន​ជំនាន់​ក្រោយ​ជាច្រើន តែ​លោក​គាំទ្រ​បេក្ខភាពកូនប្រុសលោក គឺ​លោក ហ៊ុន ម៉ាណែត ឱ្យ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី ​ទៅ​ថ្ងៃ​អនាគត​។

ការប្រកាសរបស់បុរសខ្លាំងកម្ពុជា ត្រូវបានក្រុមអ្នកឃ្លាំមើល ចាត់ទុកថា ជាផែនការកាន់​តែ​ច្បាស់ឡើង នៃការផ្ទេរអំណាច តាមរបៀបសន្តិវង្ស ដើម្បីរក្សាអំណាចឲ្យត្រកូល ហ៊ុន។

តែលោក សម រង្ស៊ី បានគិតថា ការលើកឡើងខាងលើ​របស់លោក ហ៊ុន សែន គ្រាន់តែ​បង្ហាញពី​«ការចង់រក្សាអំណាចមួយជីវិត» និង«ការភ័យខ្លាចរបស់គាត់​ពីការបាត់បង់​អំណាច» របស់​នាយករដ្ឋមន្ត្រី​រូបនេះ​ប៉ុណ្ណោះ។

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ​ពន្យល់ថា សមត្ថភាព របស់លោក ហ៊ុន ម៉ាណែត ក្នុងពេល​បច្ចុប្បន្ន នៅមិនមានបទពិសោធន៍ គ្មានគូកន និងគ្មានភាព«សាហាវព្រៃផ្សៃ» ដូចលោក ហ៊ុន សែន ជាឪពុក​នៅឡើយ ទើប​​ដំណាក់​កាលនៃការផ្ទេរអំណាច មិនអាច​ធ្វើបាន​នៅក្នុងពេលនេះ និងកាន់តែ​មិនអាច​ធ្វើបាន​ក្នុងពេលខាងមុខ។

មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្នុងប្រទេសបារាំង បានសរសេរ នៅលើ​បណ្ដាញសង្គមថា៖

«ហ៊ុន សែន ទន្ទេញពីការចង់ផ្ទេរអំណាច ទៅឲ្យកូនគាត់ ពីព្រោះគាត់ដឹងថា ពេលណា​គាត់ចាស់​ពេកទៅ ធ្វើការលែងកើត ហើយត្រូវបាត់បង់អំណាច ពេលនោះ គាត់នឹង​ត្រូវ​ប្រឈម មុខតុលាការប្រជារាស្ត្រ ឬក៏តុលាការអន្តរជាតិ ដែលនឹងអូស ក គាត់យកទៅ​កាត់ទោស។»

លោក សម រង្ស៊ី បានយកករណីមរណភាព នៃអតីតមេដឹកនាំ នៅក្នុងប្រទេស​មួយ​ចំនួន​មកបញ្ជាក់ ដូចជាលោក នីកូឡា ឆាវឆេស្គូ (Nicolae Ceaușescu) នៅប្រទេសរ៉ូម៉ានី ក្នុងឆ្នាំ​១៩៨៩, លោក សាដាម ហ៊ូសេន (Saddam Hussein) នៅប្រទេសអ៊ីរ៉ាក់ ក្នុងឆ្នាំ​២០០៣ និងលោក មូអាម៉ា ហ្គាដាហ្វី (Muammar Gaddafi) នៅប្រទេសលីប៊ី ក្នុងឆ្នាំ​២០១១ជាដើម។

«ដោយសារតែ ហ៊ុន សែន ភ័យខ្លាចទទួលវាសនា ដូចជនផ្តាច់ការ​ទាំង​៣នាក់ខាងលើ​នេះ ទើបគាត់ទន្ទេញ​មិនចេះចប់​មិនចេះហើយ ថាគាត់នឹងបន្តុបកូនបង្កើតរបស់គាត់ ឲ្យ​មកកាន់អំណាច​បន្តពីគាត់។»

«តាមការពិត គាត់ព្រួយបារម្ភណាស់ថា កូនគាត់នេះ​មិន​អាចកាន់អំណាច​បន្តពីគាត់​បានទេ ពីព្រោះមិនមានទាំងជំនាញ ទាំងបទពិសោធន៍ ទាំងគូកន និងទាំងចិត្តហ៊ាន​កាប់​សម្លាប់ប្រជារាស្ត្រ និងបំផ្លាញជាតិ ដើម្បីរក្សាអំណាច ដូចខ្លួនគាត់​ជាឪពុក បានធ្វើ​រយៈពេល​៣៥​ឆ្នាំកន្លងមក។»

ដៃគូបដិបក្ខ​ដ៏ស្រួចស្រាវ ផ្នែកនយោបាយ របស់លោក ហ៊ុន សែន បានពន្យល់ថា៖

«តាមការពិត ហ៊ុន សែន យល់ច្បាស់ថា មិនអាចផ្ទេរអំណាច ឲ្យកូនគាត់យ៉ាងងាយៗ​អញ្ចឹងទេ ពីព្រោះការផ្ទេរអំណាច​ពីឪទៅកូន ពីកូនទៅចៅ តាមរបៀបផ្តាច់ការ ដូចនៅ​ប្រទេសកូរ៉េខាងជើង មិនអាចធ្វើទៅរួចទេ នៅប្រទេសកម្ពុជា ហើយការផ្ទេរអំណាច​ពីឪ​ទៅកូន តាមរបៀបប្រជាធិបតេយ្យ គឺតាមរយៈការបោះឆ្នោតត្រឹមត្រូវ ក៏មិនអាចទៅ​រួច​ដែរនៅប្រទេសកម្ពុជា ដោយសារតែប្រជារាស្ត្រខ្មែរ មិនចង់ឲ្យប្រទេស​កម្ពុជា ក្លាយទៅជា​កម្មសិទ្ធិឯកជនរបស់ត្រកូល ហ៊ុន សែន ទេ។»

លោក សម រង្ស៊ី អះអាងទៀតថា៖

«ការដែល ហ៊ុន សែន ទន្ទេញពីការចង់ផ្ទេរអំណាច ទៅឲ្យកូនគាត់ គ្រាន់តែជា​ការឆ្លុះ​បញ្ចាំង​ពីការភ័យខ្លាចរបស់គាត់ ថាគាត់នឹងត្រូវប្រឈម​មុខការកាត់ទោសថ្ងៃណាមួយ ពីបទឧក្រិដ្ឋរាប់មិនអស់​របស់គាត់ ពីព្រោះនៅពេល​ដែលគាត់​បាត់បង់​អំណាចភ្លាម គ្មាន​នរណាអាចការពារគាត់បានទេ សូម្បីតែកូនគាត់បង្កើត​ក៏មិនអាចដែរ។»

«ផែនការ​ផ្ទេរ​អំណាច​របស់ ហ៊ុន សែន នឹងទទួលបរាជ័យដោយគេចមិនផុត ពីព្រោះ​សូម្បី​តែ​​នៅក្នុង​ជួរ​គណបក្សប្រជាជនកម្ពុជា ក៏គ្មាននរណាឆ្កួត ទៅគាំទ្រ​ផែនការ​គ្រួសារនិយម ដ៏ឡឺកឺ​​បែបនេះ​​ឡើយ៕»



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថាកម្ពុជាមិនដូរ​«ឯករាជភាព និងអធិបតេយ្យភាព»​ទៅនឹងអ្វីផ្សេង

នៅចំពោះការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ក្នុងជំហានដើម្បីដកកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាស​ជំហរ​របស់របបដឹកនាំ​របស់លោក​ថា កម្ពុជា​នឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ នៅបណ្ដាញសង្គម លោក ហ៊ុន ...
កម្ពុជា

CNRP៖ បាតុករ​៣០មិនា ពលី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ សេរីភាព និងយុត្តិធម៌

គណបក្សសង្គ្រោះជាតិ បានអះអាងថា បណ្ដាបាតុករទាំងអស់ ដែលបានស្លាប់ក្នុងព្រឹត្តិការណ៍ គប់គ្រាប់បែក​នៅខាងមុខ​អតីត​រដ្ឋសភា​ជាតិ កាលពីថ្ងៃទី៣០ ខែមិនា ឆ្នាំ១៩៩៧ ថាជាបុព្វហេតុ ដើម្បី«លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និងយុត្តិធម៌» នៅក្នុងប្រទេសកម្ពុជា។ ...
កម្ពុជា

តើលក្ខខណ្ឌអ្វីខ្លះ ដែល EU ចង់បានពីរបប ហ៊ុន សែន ដើម្បីរក្សាទុក EBA?

ដើម្បីឲ្យល្អមើលល្អស្ដាប់ សហភាពអ៊ឺរ៉ុបតែងសរសេរ នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ចង់ឃើញប្រទេសកម្ពុជា វិលត្រឡប់មករកគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗទាំងអស់លើកលែងតែអាវុធ (EBA)»។ តែបើគេបានស្ដាប់អ្នកស្រី ហ្វេឌឺរីកា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.