របាយការណ៍ឯកសារលំអិត

«ក្លាយ​ជាទាសករ ព្រោះ​ប្រាក់​បំណុល»

បើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងថ្លែងមិនដាច់ពីមាត់ ពីភាពប្រសើរឡើង នៃជីវភាពប្រជាជន នៅក្នុងប្រទេសកម្ពុជានោះ តែបណ្ដាជនខ្មែរជាច្រើន កំពុងស្ថិតក្នុងសភាពជំពាក់បំណុលវ័ណ្ឌក រហូតត្រូវបង្ខំចិត្ត បោះបង់ចោលស្រូវស្រែចំការ ហើយមកធ្វើការជាកម្មករ ដើម្បីដោះបំណុល ហើយ«ក្លាយ​ជាទាសករ» បើទោះជាខ្លួនមិនចង់ធ្វើ និងស្ថិតក្នុងស្ថានភាព ដែលពិបាកទ្រាំ យ៉ាងណាក៏ដោយ។

នេះ ជាអ្វីដែលសារព័ត៌មាន និងទូរទស្សន៍ជាច្រើន នៅទ្វីបអ៊ឺរ៉ុបខាងលិច បានចេញផ្សាយ ក្នុងថ្ងៃនេះ ដោយយកសក្ខីកម្ម នៃពលរដ្ឋទាំងនោះ ដែលត្រូវបង្ខំចិត្តធ្វើការ ក្នុងឡដុតឥដ្ឋ មកបញ្ជាក់ និងដាក់ជាចំណងជើង មានអត្ថន័យជាទូទៅថា៖ «ក្លាយ​ជាទាសករ ព្រោះប្រាក់បំណុល»។ 

ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ បានលើកយកមកបង្ហាញ នូវករណីរបស់អ្នកស្រី ចិន្តា ដែលត្រូវធ្វើការ ជាមួយកូនៗ ៤នាក់ នៅក្នុងឡដុតឥដ្ឋមួយ ស្ថិតក្នុងភូមិថ្មី ចំងាយជាង៤០​គីឡូម៉ែត្រ ខាងជើង​រាជធានីភ្នំពេញ ក៏ដូចជាករណីរបស់ពលរដ្ឋខ្មែរ មួយចំនួនទៀត ដែលធ្វើការក្នុងឡដុតឥដ្ឋ ពីក្នុងចំណោមឡដុតឥដ្ឋ ទាំងជាង១០០កន្លែង នៅក្នុងព្រះរាជាណាចក្រ។

កូនស្រីច្បងរបស់អ្នកស្រី ចិន្តា ឈ្មោះ បុប្ផា ដែលមានអាយុ១៤ឆ្នាំ ត្រូវធ្វើការ ៥៦ម៉ោង ក្នុងមួយសប្ដាហ៍ ដើម្បីជួយសងប្រាក់ម្ដាយ ដែលជំពាក់ម្ចាស់ឡដុតឥដ្ឋ ចំនួន ៤ ០០០​ដុល្លារ។ ម្ចាស់ឡដុតឥដ្ឋមួយនេះ បានឲ្យប្រាក់ ៤ ០០០​ដុល្លារ​​នេះ ទៅអ្នកស្រី ចិន្តា ដើម្បីអ្នកស្រីអាចយក​ទៅសងបំណុល ក្នុងស្ថាប័ន​មីក្រូហិរញ្ញវត្ថុមួយ។

បុប្ផា អះអាងនៅក្នុងរបាយការណ៍នោះថា នាងមិនបានទៅសាលារៀនទេ និងត្រូវនៅជួយម្ដាយ ដើម្បីផលិតឥដ្ឋ។ នាងថា៖

«បើយើងធ្វើបាន ១០ ០០០ឥដ្ឋ យើងទទួលបាន ៧,៥០ដុល្លារ។»

អ្នកស្រី ណាលី ពីឡូក (Naly Pilorge) នាយិការអង្គការការពារសិទ្ធិមនុស្ស «Licadho» ត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖

«អ្វីដែលកើតឡើង តែនៅក្នុងរោងចក្រ (ឬឡ) ផលិតឥដ្ឋនៅកម្ពុជានោះ គឺកម្មករភាគច្រើនលើសលប់ បានជាប់ផុងខ្លួន នៅក្នុងការងារដោះបំណុល។»

អ្នកស្រាវជ្រាវពីសាកលវិទ្យាល័យ ឡុងដ៍ (ចក្រភពអង់គ្លេស) បានរកឃើញថា ឡដុតឥដ្ឋទាំងនេះ បានប្រើប្រាស់កម្លាំងពលកម្ម ទាំងមនុស្សពេញវ័យ និងកុមារមិនទាន់គ្រប់អាយុ ហើយបានបរិហារ​ទម្រង់​ការងារ​បែបនេះ ថាមានលក្ខណៈ ជា «ទាសភាពសម័យទំនើប» នៅកម្ពុជា។

មើលតាមប្រាក់ចំណូល និងការចំណាយ នៅលើទីផ្សារ ដើម្បីទ្រទ្រង់ជីវិភាពខ្លួនឯង និងគ្រួសារផង កម្មករឡដុតឥដ្ឋទាំងនោះភាគច្រើន មិនអាចដោះបំណុលខ្លួនឯងទាំងនេះ រួចទេ។ អ្នកខ្លះទៀត ថែមទាំងជំពាក់ប្រាក់ លើសមុនយ៉ាងច្រើនទៀតផង។

ដូចករណីអ្នកស្រី សូវ អាយុ៥៧ឆ្នាំ បានខ្ចីប្រាក់ម្ចាស់ឡ ត្រឹមតែ ២៥០០ដុល្លារប៉ុណ្ណោះ កាលពីម្ភៃឆ្នាំមុន។ ប៉ុន្តែនៅពេលនេះ អ្នកស្រីអះអាងថា អ្នកស្រីបានជំពាក់បំណុល​ម្ចាស់ឡ ក្នុងកម្រិតទ្វេរឡើង។ អ្នកស្រីថ្លែងឡើងថា៖

«ខ្ញុំត្រូវទុកបំណុលនេះ ឲ្យកូនៗខ្ញុំសងបន្តទៀត។ ព្រោះខ្ញុំត្រូវចិញ្ចឹមពួកគេ ហើយខ្ញុំឧស្សាហ៍ធ្លាក់ខ្លួនឈឺ។ ពេលព្យាបាលខ្លួនម្ដងៗ អស់ប្រាក់ច្រើនណាស់។»

ជំងឺដែលកើតឡើង មានដូចជា ឈឺក្បាល រលាកដៃជើង ឬចេញឈាមតាមច្រមុះជាដើម ដោយសារអ្នកស្រី សូវ ធ្វើការនៅក្នុងឡ រួមទាំងកម្ដៅថ្ងៃហួតហែង និងត្រូវហិតផ្សែងដុតឥដ្ឋ សឹងតែពេញមួយថ្ងៃៗ។ កម្មករនៅទីនោះ គ្មានពាក់ស្រោមដៃ ឬរបាំងបិទច្រមុះទេ។

របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ឺរ៉ុប បានលើកឡើងបន្ថែមថា នៅក្នុងឡដុតឥដ្ឋផ្សេងទៀត មានស្ថានភាពការងារធ្ងន់ធ្ងរជាងនេះ។ លោក សុខ គិន ប្រធានសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា ហៅកាត់ថា «BWTUC» បានថ្លែង​ក្នុងរបាយការណ៍​នោះថា៖

«ថៅកែឡដុតឥដ្ឋខ្លះ ប្រើអំពើហិង្សា។ ពួកគេមានប្រាក់ច្រើនហូរហៀរ ដែលអាចសូកមន្ត្រីនគរបាល ឬអាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យពួកគេបិតមាត់ បិទភ្នែក បិទត្រជៀក។ ហើយបើទោះជាមាន អំពើរំលោភបំពាន នៅក្នុងរោងចក្រពួកគេក៏ដោយ ក៏គ្មានម្ចាស់ឡណាម្នាក់ ត្រូវបានចាប់បញ្ជូនខ្លួន ឬត្រូវបានស៊ើបអង្កេតនោះទេ។»

រដ្ឋាភិបាលលោក ហ៊ុន សែន ធ្លាប់អះអាងជាច្រើនដងថា បានបើកការស៊ើបអង្កេត ពីការរំលោភសិទ្ធិការងារ នៅក្នុងវិស័យនេះ តែគេមិនដែលឃើញលទ្ធផល ត្រូវបានចេញផ្សាយ​ ជាសាធារណៈម្ដងណាឡើយ។ នៅកម្ពុជា ច្បាប់ការងារអនុញ្ញាតឲ្យធ្វើការ ត្រឹមតែ៤៨ម៉ោងប៉ុណ្ណោះ ក្នុងមួយសប្ដាហ៍ ហើយការប្រើប្រាស់កុមារ អាយុតិចជាង១៥ឆ្នាំ ត្រូវបានហាមឃាត់៕



លំអិតបន្ថែមទៀត

កម្ពុជា

EU ឲ្យ​ក្រុងភ្នំពេញ​ចាត់​«វិធានការ​បន្ទាន់»​លើ​គ្រប់កង្វល់​ដើម្បី​រក្សាទុក EBA

បន្ទាប់ពីដំណើរទស្សនកិច្ចលើកទី១ របស់គណៈប្រតិភូខ្លួន ដើម្បីជជែកជាមួយរបបដឹកនាំក្រុងភ្នំពេញ ក្នុងសប្ដាហ៍កន្លងមកនេះ សហភាពអ៊ឺរ៉ុប (EU) បានសំដែងក្ដីសង្ឃឹមរបស់ខ្លួន ចង់ឃើញរបបលោក ហ៊ុន សែន ដោះស្រាយបញ្ហាជាកង្វល់ទាំងឡាយ និងចាត់«វិធានការ​បន្ទាន់» ដើម្បីអាចរក្សាទុក​នូវប្រព័ន្ធអនុគ្រោះពន្ធ ...
កម្ពុជា

សម រង្ស៊ី បដិសេធ​ផ្ញើរ​សារសម្ងាត់​ ឲ្យ​ទៅ ហ៊ុន សែន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានបដិសេធការបង្ហើបឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា លោកបានផ្ញើរសារសម្ងាត់មួយ ...
កម្ពុជា

បាតុកម្មខ្មែរនៅមុខ EU ស្នើឲ្យ​បង្កក​ទ្រព្យ​និងព្យួរ​ទិដ្ឋការ​មន្ត្រីស្និត ហ៊ុន សែន

ពលរដ្ឋខ្មែរ និងពលរដ្ឋមានដើមកំណើតខ្មែរ រួមនឹងមិត្តបរទេស ជាច្រើនរយនាក់ ដែលរស់នៅក្នុងទ្វីបអ៊ឺរ៉ុបខាងលិច បានជួបជុំគ្នាក្នុងថ្ងៃសុក្រ ទី១ ខែមិនា ឆ្នាំ២០១៩នេះ ដើម្បីធ្វើបាតុកម្មនៅខាងមុខអាគារនៃសហភាពអ៊ឺរ៉ុប (EU) ក្នុងបំណងស្នើទៅស្ថាប័នកំពូលអ៊ឺរ៉ុប ឲ្យបន្ថែមទណ្ឌកម្មផ្សេងទៀត ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.