ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ។

ផ្ទុយគ្នាស្រឡះ ពីប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដែលត្រូវរងការដកអាជ្ញាបណ្ណ ឬរងការរាំងខ្ទប់ ពីសំណាក់ក្រសួង​ព័ត៌មាន ឬពីសំណាក់​អាជ្ញាធរពាក់ព័ន្ធនោះ ទូរទស្សន៍របស់កូនស្រីលោក ហ៊ុន សែន មានភ័ព្វវាសនាល្អ ដោយអាច​ផ្សាយកែតម្រូវឡើងវិញ និងបានធ្វើការ​សុំទោស ព្រមទាំងត្រូវបានក្រុមអ្នកគាំទ្រ ជួយលាងសម្អាតឲ្យថែមទៀត។

រឿងរ៉ាវកើតឡើង កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ និងទំព័រយូធូបផ្លូវការ របស់​ស្ថានីយ៍ទូរទស្សន៍នេះ។ បើគ្រាន់តែ​ឃើញតួលេខភ្លាម អាចជារឿងគួរឲ្យភ្ញាក់ផ្អើល និងអាចឲ្យបណ្ដាជន​សំដែង​ការសង្ស័យ ថាជា«Fake News»។ ទាស់ត្រង់ថា ការផ្សាយនោះ ធ្វើឡើងដោយទូរស្សន៍បាយ័ន្ដ «BTV» ដែលជា​ប្រព័ន្ធផ្សព្វផ្សាយ ដ៏មានឥទ្ធិពលបំផុត នៅកម្ពុជា។

ទំព័រហ្វេសប៊ុក និងយូធូប របស់ «BTV» បានសរសេរអមនឹងការបង្ហោះវីដេអូព័ត៌មានមួយ ជុំវិញការលើកឡើងរបស់លោក ទៀ បាញ់ ដូច្នេះថា៖

«សម្ដេច ទៀ បាញ់៖ កងទ័ពចំនួន ៥ពាន់នាក់ បានឆ្លងមេរោគកូវីដ-១៩ ទោះបីបានចាក់វ៉ាក់សាំងរួចក្ដី។»

វីដេអូនោះ ត្រូវបានលប់ចេញវិញ ក្នុងពេលបន្ទាប់មក នឹងត្រូវបានបង្ហោះជាថ្មី ដោយសំណេរអម ដូចខាងក្រោម៖

«សម្ដេច ទៀ បាញ់៖ កងទ័ពចំនួន ៥នាក់ បានឆ្លងមេរោគកូវីដ-១៩ បើទោះបីបានចាក់វ៉ាក់សាំងរួចក្ដី។»

បន្ទាប់មក នៅខាងក្រោមវីដេអូ ដែលទើបនឹងបង្ហោះផ្សាយសារជាថ្មី ស្ថានីយ៍ទូរទស្សន៍បានសរសេរអះអាង ពីកំណែ​តម្រូវរបស់ខ្លួន ជាមួយនឹងការសុំទោសថា៖

«យេីងខ្ញុំសូមអភ័យទោស ចំពោះការសរសេរចំណងជេីង មានការខុសឆ្គងរយៈពេល៦នាទី​ ដោយក្រុមការងារ​បាន​បង្ហោះ ក្នុង​ Facebook និង YouTube ខុសតួលេខ “​៥នាក់​ ទៅ​ជា​ ៥ពាន់នាក់” ។ ប៉ុន្តែចំពោះខ្លឹមសារ​នៃព័ត៌មាន គឺមិនមាន​ការខុសឆ្គងទេ។ ពេលនេះ យេីងខ្ញុំមានការកែតំរូវ​រួចរាល់ហើយ។»

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងចុងសប្ដាហ៍នេះ ដើម្បីស្នើសុំ​ការធ្វើអត្ថាធិប្បាយ តែការទាក់ទង​មិនទទួលបានការឆ្លើយតបទេ។

ផ្សាយតួលេខខុស ឬច្រឡំ… តែសំណាង​ខុសគ្នា!

ការកែតម្រូវ ត្រូវបានធ្វើរួចមែន តែការបង្ហោះណាមួយ នៅលើបណ្ដាញសង្គម មិនអាចចៀសផុត ពីភ្នែកអ្នកផង​ទាំងឡាយ ដែលជាប្រិយមិត្ត​របស់ខ្លួននោះឡើយ។ ដូចការបង្ហោះលើកទី១ (ដែល«ផ្សាយតួលេខខុស») ខាងលើ ត្រូវបានក្រុមអ្នកប្រើប្រាស់ ថតផ្ដិត​ជារូបភាព​អេក្រង់ (PrintSreen) យកទៅ​បង្ហោះបន្ត ជាមួយនឹង​ការសង្ស័យ និងការចំអកដាក់ស្ថានីយ៍ទូរទស្សន៍ ដែលផ្នែកមួយនៃប្រដាប់ឃោសនា របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

សម្រាប់លោក ជុំ កុសល រដ្ឋលេខាធិការក្រសួងព័ត៌មាន បានយកករណីខាងលើ មកលាងសម្អាត និងទម្លាក់​កំហុស​ទៅលើ​ក្រុមប្រឆាំង មុននឹងទទួលបានភាពហៃអើ យ៉ាងគគ្រឹកគគ្រេង ពីសំណាក់ក្រុមអ្នកគាំទ្រផ្សេងទៀត។ នៅលើ​បណ្ដាញ​សង្គម ទីប្រឹក្សា​នាយករដ្ឋមន្ត្រីរូបនេះ ដែលធ្លាប់​ជាអ្នកធ្វើអត្ថាធិប្បាយ របស់ទូរទស្សន៍បាយ័ន បានសរសេរ​បន្ទោស​ក្រុមប្រឆាំងថា៖

«ចំនួនពិត គឺ៥នាក់ទេ។ ហើយការផ្សាយរបស់ផេក BTV Cambodia ក៏សរសេរ៥នាក់ដែរ តែនេះគឺមនុស្សចង្រៃ មនុស្ស​ឧទ្ទាមបំផ្លាញជាតិទេ ដែលវាយកមកបន្លំពាក្យ ៥ពាន់នាក់ ដើម្បីឲ្យមានការយល់ច្រឡំ ពីសំណាក់​អ្នកអាន។»

សំណេររបស់លោក ជុំ កុសល ត្រូវបានលប់ចេញវិញ នៅប៉ុន្មានម៉ោងក្រោយ បន្ទាប់ពីមានប្រិយមិត្តមួយចំនួន បានប្រតិកម្មតបវិញថា នេះពិតជាកំហុសឆ្អង របស់ស្ថាប័នទូរទស្សន៍បាយ័ន្ដខ្លួនឯង ដែលបានសរសេរកែតម្រូវ និងបានសុំទោសរួចហើយ។

កាលពីសប្ដាហ៍មុន សារព័ត៌មានផ្សាយតាមអ៊ិនធើណែត និងតាមបណ្ដាញសង្គម របស់លោក ព្រំ សាន ត្រូវបាន​ក្រសួង​ព័ត៌មាន​លប់​អាជ្ញាបណ្ណចោលភ្លាមៗ បន្ទាប់ពីលោក ព្រំ សាន បានបង្ហោះរូបភាព ជុំវិញមរណភាព​របស់​អ្នកជំងឺ​កូវីដ-១៩ម្នាក់ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។ នៅមួយថ្ងៃបន្ទាប់មក លោក ព្រំ សាន ថែមទាំង​ត្រូវបាន​លោក ហ៊ុន សែន [ទូលថ្វាយព្រះមហាក្សត្រ] ទម្លាក់ចេញ​ពីតំណែង ជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលមាន​ឋានៈស្មើ​អនុរដ្ឋលេខាធិការ​នោះទៀត។

បើទោះជាក្រុមលោក ព្រំ សាន បានទទួលស្គាល់ថា ជាការយល់ច្រឡំមួយ ដែលបង្កឲ្យមានកំហុសឆ្គងនោះក្ដី តែ​ពួកគេ​គ្មានភ័ព្វសំណាង ដូចស្ថាប័ន​របស់កូនស្រីនាយករដ្ឋមន្ត្រី ដើម្បីធ្វើការកែតម្រូវ និងធ្វើការសុំទោសនោះឡើយ។ ពួកគេត្រូវបានវិន្និច្ឆ័យ​រួចជាស្រេច អំពីការ​«ផ្សព្វផ្សាយ​ព័ត៌មាន បំភ្លៃការពិត បង្កភាព ច្របូកច្របល់ ចលាចល​នៅក្នុង​សង្គម ដែលជាការបំពាន​យ៉ាងធ្ងន់ធ្ងរ លើវិជ្ជាជីវៈ និងកិច្ចសន្យា​អាជីវកម្ម»។

យ៉ាងណា លោក ព្រំ សាន នៅសល់សំណាងល្អមួយ នោះគឺរូបលោក មិនត្រូវបានអាជ្ញាធរចាប់វាយខ្នោះ ដើម្បី​បញ្ជូន​ទៅពន្ធនាគារ ដូច​អ្នកសារព័ត៌មាន​ដទៃទៀត ក្នុងពេលកន្លងមកទេ។

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន ហៅកាត់តាមភាសាអង់គ្លេស «RWB» និងភាសាបារាំង «RSF» ធ្លាប់បានចេញសេចក្ដីថ្លែងការណ៍ ជាច្រើនដង ថ្កោលទោសរាល់ចំណាត់ការចាប់ចង និងការបិទស្ថាប័នព័ត៌មាន នៅកម្ពុជា ថាជាការគម្រាមកំហែង ទៅលើសិទ្ធិ អ្នកសារព័ត៌មាន និងសិទ្ធិទទួលបានព័ត៌មាន របស់ពលរដ្ឋកម្ពុជា។

នៅក្នុងបញ្ជីសន្ទស្សន៍ របស់អង្គការអន្តរជាតិខាងលើ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់ ​ប្រចាំឆ្នាំរបស់ខ្លួន ស្ដីពី​សេរីភាពសារព័ត៌មាន អន់ជាងឆ្នាំមុន ដោយធ្លាក់លេខរៀង ពីលេខរៀងទី១៤៣ មកលេខរៀងទី១៤៤ ក្នុងឆ្នាំ​២០២០ ពីក្នុងចំណោម​១៨០ប្រទេស នៅជុំវិញ​ពិភពលោក៕



លំអិតបន្ថែមទៀត

កម្ពុជា

ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ...
កម្ពុជា

Covid-19៖ កម្ពុជា​មាន​តួលេខ​ឆ្លង​សរុបថ្មី កើនឡើង​ជិត​២០០​នាក់

អ្នកឆ្លងជំងឺ «Covid-19» នៅក្នុងប្រទេសកម្ពុជា មានចំនួនសរុប កើនឡើងជិត២០០នាក់ បន្ទាប់ពីបានរកឃើញករណីថ្មី ចំនួន២៦នាក់បន្ថែមទៀត នៅថ្ងៃទី២១ ខែកក្កដានេះ ដែលសុទ្ធសឹងជាករណីនាំចូល។ សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ ...
ដំណឹង

RSF ថា​«Covid-19»ធ្វើឲ្យ​អន្ដរាយ​ដល់​សេរីភាព​សារព័ត៌មាន​ ៣០ប្រទេស

អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RWB / RSF) បានបរិហារប្រទេសជាច្រើន នៅលើពិភពលោក រួមទាំងកម្ពុជា ថាបានបើកយុទ្ធនាការ នៅក្នុងរយៈពេលនៃការរាតត្បាត ជំងឺ«Covid-19» ដើម្បីតាមយាយី បង្ក្រាបតាមគ្រប់រូបភាព ទៅលើអ្នកសារព័ត៌មាន ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...
របាយការណ៍

កូនប្រុស ឈុត វុទ្ធី សង្ស័យ​មន្ត្រីរដ្ឋាភិបាល នៅក្រោយឃាតកម្ម​លើឪពុក

លោក ឆឺយ ឧត្ដមរស្មី ដែលជា«កូនប្រុស»លោក ឈុត វុទ្ធី បានសំដែងការសង្ស័យ ដោយត្រង់ៗថា គឺមន្ត្រីរដ្ឋាភិបាលកម្ពុជាតែម្ដង ដែលនៅពីក្រោយឃាតកម្ម បាញ់សម្លាប់លោក ឈុត វុទ្ធី ...

Comments are closed.