កម្ពុជាដំណឹង

Covid-19៖ ជប៉ុន​ព្យួរ​ទិដ្ឋាការ​ចំពោះ​ប្រទេស​ជាច្រើន រួមទាំង​​កម្ពុជា

រាជាណាចក្រជប៉ុន បានប្រកាសបិទទឹកដីរបស់ខ្លួន ដោយព្យួរទិដ្ឋាការ និងផ្អាក​ការផ្ដល់​ទិដ្ឋាការ សម្រាប់ជនបរទេស មកពីច្រើនប្រទេស រួមទាំង​កម្ពុជា ដើម្បីអ្វីមួយ ដែល​ប្រទេស​នេះអះអាងថា ដើម្បីពង្រឹងវិធានការ បង្ការ និងទប់ស្កាត់ជំងឺ «Covid-19» ដ៏​សាហាវ។ វិធានការនេះ មានសុពលភាពរហូតដល់ចុងខែឧសភា ឆ្នាំ២០២០ និងអាច​ត្រូវបន្ត​សុពលភាព នេះបន្ថែមទៀត។

វិធានការថ្មីចុងក្រោយ របស់រដ្ឋាភិបាលជប៉ុន ធ្វើឡើងក្នុងខណៈប្រទេសកម្ពុជា បាន​ប្រកាសថា រកមិនឃើញមានករណីថ្មី នៃការឆ្លងជំងឺ «Covid-19» តាំងពី១៨ថ្ងៃ​មកហើយ និងថា កម្ពុជា នៅសល់តែអ្នកជំងឺ «Covid-19» តែ៣នាក់ប៉ុណ្ណោះ ដែលកំពុង​សម្រាក​ព្យាបាល នៅឯមន្ទីរពេទ្យ។

សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសជប៉ុន ដែលចេញផ្សាយ នៅថ្ងៃទី២៩ ខែ​មេសា ឆ្នាំ២០២០ បានឲ្យដឹងពីការសម្រេចនោះ របស់រដ្ឋាភិបាលជប៉ុន ដោយលើកឡើង ៤ចំណុច និងបានសរសេរឲ្យដឹង ពីការចុះបញ្ជីប្រទេសទាំងដ៏ច្រើន ដែលជប៉ុនហាមឃាត់ ការធ្វើដំណើរមកកាន់ទឹកដីខ្លួន។

ព្យួរទិដ្ឋាការ និងការលើកលែងទិដ្ឋាការ សម្រាប់​ប្រទេស​ជាច្រើន រួមទាំង​កម្ពុជា

ត្រង់ចំណុចទីបី និងទី៤ នៃវិធានការព្យួរទិដ្ឋការ និងផ្អាកសុពលភាព នៃការ​លើកលែង​ទិដ្ឋាការចូលទឹកដីខ្លួន រដ្ឋាភិបាលជប៉ុនបានផ្អាកអ្នកដំណើរ មកពីប្រទេស​ជាច្រើន ក្នុងនោះ៖

  • ពលរដ្ឋ មកពីប្រទេសបង់ក្លាដេស ប៊ូតាន់ កម្ពុជា ឥណ្ឌា ឡាវ ម៉ាលឌីវ ម៉ុងហ្គោលី ភូមា ណេប៉ាល់ ប៉ាគីស្ដង់ ស្រីលង្កា និងទីម័រខាងកើត ត្រូវបានប្រទេសជប៉ុន ព្យួរទិដ្ឋាការទាំងឡាយ ដែលត្រូវបានចេញជូន នៅមុខថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ ដោយស្ថានទូត ឬស្ថានកុងស៊ុលជប៉ុន ប្រចាំនៅក្នុងប្រទេសទាំងនោះ។
  • ពលរដ្ឋ មកពីប្រទេសបង់ក្លាដេស ព្រុយណេ កម្ពុជា ហុងកុង ឥណ្ឋា ឥណ្ឌូនេស៊ី កូរ៉េខាងត្បូង ឡាវ ម៉ាកាវ ម៉ាឡេស៊ី ម៉ុងហ្គោល ភូមា ប៉ាគីស្ដង់ សិង្ហបូរី ថៃ និងវៀតណាម ត្រូវបានព្យួរសុពលភាព នៃការលើកលែងទិដ្ឋាការចូលទឹកដីជប៉ុន។ ពលរដ្ឋនៅក្នុងប្រទេសខាងលើ ត្រូវកំណត់ឲ្យស្នើសុំទិដ្ឋាការ ពីស្ថានទូត ឬស្ថាន​កុងស៊ុល​ជប៉ុន នៅក្នុងប្រទេសទាំងនោះឡើងវិញ នៅក្នុងរយៈពេល នៃ​វិធានការនេះ។

ពលរដ្ឋមកពីប្រទេសជាច្រើនទៀត និងមកពីគ្រប់ទ្វីប ក៏ត្រូវបានរដ្ឋាភិបាលជប៉ុន ដាក់​កំហិតក្នុងការធ្វើដំណើរ ចូលទឹកដីជប៉ុនដែរ។ ក្នុងនោះ នៅត្រង់ចំណុចទី១ នៃសេចក្ដី​ប្រកាសព័ត៌មាន បញ្ជាក់ថា ជនបរទេសមកពីប្រទេសចំនួន ៨៧ នៅលើពិភពលោក ត្រូវ​បាន​ហាមឃាត់ ជាន់ទឹកដីជប៉ុន ជាបណ្ដោះអាសន្ន រាប់ទាំងជនបរទេស ដែលជិះកម្សាន្ដ ក្នុង​នាវា «Westerdam» ដែលចេញពីក្រុងហុងកុង។

ផ្ទុយទៅវិញ ជនបរទេសដែលមានសិទ្ធិរស់នៅ ក្នុងប្រទេសជប៉ុន ដែលមាន​ក្រុម​គ្រួសារ​ជាជនជាតិជប៉ុន (ឬដែលកំពុងរស់នៅ ក្នុងប្រទេសជប៉ុន) ត្រូវបានអនុញ្ញាត ឲ្យចូល​ប្រទេសជប៉ុន ដោយតម្រូវឲ្យធ្វើតេស្ដិ៍ ដើម្បីស្វែងរកជំងឺ «Covid-19» និងរស់នៅ​ដាច់​ដោយ​ឡែក ចំនួន១៤ថ្ងៃសិន នៅពេលត្រឡប់ចូល ជាន់ទឹកដីជប៉ុនភ្លាម៕



លំអិតបន្ថែមទៀត

កម្ពុជា

កម្ពុជាថា បុរសជាតិវៀតណាម​ឆ្លង​ជំងឺ​«Covid-19» នៅលើ​ទឹកដី​វៀតណាម

ក្រសួងសុខាភិបាលកម្ពុជា បានច្រានចោល ករណីបុរសជាតិវៀតណាមម្នាក់ អាយុ៣៩ឆ្នាំ ដែលត្រូវបានប្រព័ន្ធផ្សព្វផ្សាយផ្លូវការវៀតណាម រាយការណ៍ថា បានឆ្លងជំងឺ «Covid-19» ពីប្រទេសកម្ពុជា។ ក្រសួងបានវាយតម្លៃថា បុរសរូបនោះ បានឆ្លងជំងឺនេះ នៅលើទឹកដីវៀតណាម ...
កម្ពុជា

ហ៊ុន សែន ថាមុខ​មន្ត្រី​ប្រឆាំង «មិនមែនមុខដូចម៉ែអញ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ បានប្រើពាក្យ«មុខហ្អែង មិនមែនមុខដូចម៉ែអញ» ដើម្បីព្រមានបិទទ្វានៃការផ្ដល់សិទ្ធិធ្វើនយោបាយ សម្រាប់ក្រុមមន្ត្រីគណបក្សប្រឆាំងវិញ ដោយលោកទុកពេលឲ្យ រហូតដល់ពេលក្រោយចូលឆ្នាំខ្មែរខាងមុខ។ បុរសខ្លាំងកម្ពុជាដែលអង្គុយនៅក្នុងតំណែង តាំងពីជាង៣៤ឆ្នាំមកនោះ បានបើពាក្យថា បើក្រុមមន្ត្រីប្រឆាំងដែលនៅសេសសល់ ...
កម្ពុជា

ស ខេង បដិសេធ​​ជាថ្មី មិនបាន​នៅ​ពីក្រោយ​«ការនិរទេសខ្លួន»​របស់ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង បានប្រកាសសារជាថ្មី ថាលោកមិនបាន​នៅពីក្រោយ «ការនិរទេសខ្លួន»របស់លោក សម រង្ស៊ី មិនឲ្យវិលចូលប្រទេស​កម្ពុជា កាលពី​ចុងឆ្នាំ២០១៥ នោះទេ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.