អង្គការឃ្លាំមើលសេរីភាពសារព័ត៌មានពិភពលោក ដែលមានឈ្មោះ «អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន» បានថ្កោលទោសយ៉ាងម៉ឺងម៉ាត់ ចំពោះការសម្រេចរបស់«របបក្រុងភ្នំពេញ» ក្នុងការបិទវិទ្យុ«VOD» ដែលជាស្ថាប័នផ្សព្វផ្សាយឯករាជ្យ នៅសេសសល់ចុងក្រោយ នៅក្នុងប្រទេសកម្ពុជា។

ប្រតិកម្មខ្លាំងៗ​របស់អង្គការអន្តរជាតិខាងលើ ដែលមានស្នាក់ការធំ នៅក្នុងរដ្ឋធានី ប៉ារីស ប្រទេសបារាំង ធ្វើឡើងតាមរយៈសារអេឡិចត្រូនិកមួយ ដែលបានផ្ញើរមកកាន់ទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ក្នុងល្ងាចថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។

កាលពីព្រឹកព្រហាមថ្ងៃដដែល ក្រសួងព័ត៌មានរបស់ប្រទេសកម្ពុជា បានចេញសេចក្ដីសម្រេចមួយ យ៉ាងតក់ក្រហល់ ប្រកាសលុបអាជ្ញាបណ្ណផ្សព្វផ្សាយ របស់មជ្ឈមណ្ឌល «CCIM» ដែលគ្រប់គ្រង​លើការផ្សាយរបស់វិទ្យុ «VOD» ទៅតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

បញ្ជារបស់បុរសខ្លាំង បានធ្វើឡើងនៅលើបណ្ដាញសង្គម នៅក្នុងល្ងាចថ្ងៃអាទិត្យទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបានបដិសេធ នូវការពន្យល់បកស្រាយ ក៏ដូចជាការសុំទោស របស់មជ្ឈមណ្ឌល «CCIM» ជុំវិញការផ្សាយមួយរបស់វិទ្យុ «VOD» ដែលជាការដកស្រង់សម្ដី របស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាងថា ការដែលកូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុក ដោយចុះហត្ថលេខាផ្តល់ជំនួយថវិកា ទៅឱ្យប្រទេសទួរគី ដែលកំពុងរងគ្រោះរញ្ជួយដីនោះ មិនមែនជារឿងខុសឆ្គង។

ប៉ុន្ដែការដកស្រង់នោះ ត្រូវបានលោក ហ៊ុន សែន និងកូនប្រុសច្បង ចាត់ទុកថា ជាការបំផ្លើសដោយមានចេតនា របស់វិទ្យុ «VOD»។ បុរសខ្លាំងនៅកម្ពុជា ដែលអង្គុយក្នុងអំណាច តាំងពីជិតកន្លះសតវត្សរ៍ បានបញ្ជាដាច់ណាត់ ឲ្យក្រសួងព័ត៌មាន បិទការផ្សាយរបស់ស្ថាប័ននេះ ជាកំហិត។

សម្រាប់អង្គការ «អ្នកយកព័ត៌មានគ្មានព្រំដែន» ដែលសរសេរកាត់ជាភាសាបារាំង «RSF» និងអង់គ្លេស «RWB» បានបរិហារបទបញ្ជាខាងលើនេះ ថាជា«ការសម្រេច​តាមតែទំនើងចិត្ត» នៅក្នុង«យុទ្ធនាការជាបន្តបន្ទាប់ដ៏គួរឲ្យបារម្ភ» ដើម្បី«បំបាក់សេរីភាព»​នៃការផ្ដល់ព័ត៌មាន។

អង្គការអន្តរជាតិ បានសរសេរថា៖

«RSF ថ្កោលទោស​យ៉ាង​ម៉ឺងម៉ាត់ ចំពោះ​បទបញ្ជា​របស់​របបក្រុងភ្នំពេញ ​ឲ្យ​បិទវិទ្យុ​សំឡេង​ប្រជាធិបតេយ្យ (VOD)។ វិធានការ​នេះ ​គឺ​ជា​ផ្នែក​មួយ​នៃយុទ្ធនាការជា​បន្តបន្ទាប់ ​ដ៏គួរ​ឲ្យ​ព្រួយបារម្ភ​ ក្នុងបំបាក់​សេរីភាពនៃ​ការ​ផ្តល់​ព័ត៌មាន​ ធ្វើឡើងដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន។»

«ក្នុងនាមជាប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយ ពីចំណោមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដ៏កម្រ ដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា វិទ្យុ VOD ដើរតួនាទីយ៉ាងសំខាន់ណាស់ ក្នុងការការពារស្លាកស្នាមចុងក្រោយ នៃប្រព័ន្ធផ្សព្វផ្សាយពហុនិយម នៅក្នុងប្រទេស។ ការ​សម្រេច​តាម​តែអំពើ​ចិត្តរបស់ របបក្រុងភ្នំពេញ បាន​ផ្ញើ​សារ​ដ៏​អាក្រក់ ​សម្រាប់​សេរីភាព​សារព័ត៌មាន ​នៅ​មុន​ការ​បោះឆ្នោត ​នៅ​ខែ​កក្កដា​ខាង​មុខ។»

អង្គការអន្តរជាតិដដែល បានអំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ផ្ដល់​អាជ្ញាប័ណ្ណ​ឲ្យវិទ្យុ«VOD»ឡើង​វិញ​ ហើយ​ត្រូវ​ចាត់​វិធានការ​ជាក់​លាក់​ ដើម្បីជួសជុលការខូចខាត ដែលបានកើតមានចំពោះលំហប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា សម្រាប់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រទេសកម្ពុជាមានចំណាត់ថ្នាក់ដ៏ទាប (លេខ ១៤២) ក្នុងបញ្ជីសន្ទស្សន៍របស់អង្គការខាងលើ ដែលដាក់ពិន្ទុដល់ប្រទេសចំនួន១៨០ នៅជុំវិញពិភពលោក។ ក្នុងរបាយការណ៍ឆ្នាំ២០២២ ភ្ជាប់មកជាមួយចំណាត់ថ្នាក់ខាងលើ «RSF/ RWB»​បានអះអាងថា លោកហ៊ុន សែន បានធ្វើសង្គ្រាមដោយមិនប្រណីដៃ ប្រឆាំងសេរីភាព នៃសារពត័មានឯករាជ្យ ក្នុងគោលបំណងតែម្យ៉ាង គឺដើម្បីគ្រប់គ្រងអំណាចតពូជអំបូររបស់លោក៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ដាក់ខ្លួន​ធ្វើចត្តាឡីស័ក បន្ទាប់ពីជួប​ប្រមុខការទូត​ហុងគ្រី

លោក ហ៊ុន សែន ដែលហៅខ្លួនលោក ថាជា«បុរសសង្ហាដើរបញ្ច្រាសទិស» បានប្រកាស​«ដាក់ខ្លួន​ធ្វើចត្តាឡីស័ក» ចំនួន១៤ថ្ងៃ នៅថ្ងៃពុធ ទី៤ ខែវិច្ឆិកានេះ មួយថ្ងៃក្រោយពី​លោកបានដឹកនាំរដ្ឋាភិបាល ឲ្យជួបចាប់ដៃជើង ជាមួយប្រមុខការទូត ...
កម្ពុជា

ព្រះរាជអាជ្ញា​ចោទប្រកាន់ ផែង វណ្ណៈ តែ​មិនទាន់​សម្រេច​ឲ្យ​ឃុំខ្លួន

លោក ផែង វណ្ណៈ ត្រូវបានព្រះរាជអាជ្ញារង លោក វង្ស ប៊ុនវិសុទ្ធ សម្រេចនៅល្ងាចថ្ងៃអង្គារនេះ ចោទប្រកាន់​ពីបទ​«ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ» តែនៅមិនទាន់សម្រេច ថាឲ្យឃុំខ្លួនឬយ៉ាងណានៅឡើយ ដោយបញ្ជូនលោក ...
កម្ពុជា

Covid-19៖ អ្នកស្រាវជ្រាវ​មួយក្រុម ថា​កម្ពុជាបានឆ្លង ជាង​១ពាន់​ករណី

«ជាង​១ពាន់​ករណី» ជាតួលេខផ្ដល់ដោយ អ្នកស្រាវជ្រាវមួយក្រុម ដែលគណនារកឃើញ តាំងពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ តែមិនមែនជាតួលេខ នៅថ្ងៃទី១១ ខែមេសានេះ ដែលរដ្ឋាភិបាលលោក ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.