កម្ពុជាដំណឹង

ហ៊ុន សែន ថាកម្ពុជាមិនដូរ​«ឯករាជភាព និងអធិបតេយ្យភាព»​ទៅនឹងអ្វីផ្សេង

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ (រូបថត AP)

នៅចំពោះការបើកនីតិវិធីផ្លូវការ របស់សហភាពអ៊ឺរ៉ុប ក្នុងជំហានដើម្បីដកកម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួននោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមកប្រកាស​ជំហរ​របស់របបដឹកនាំ​របស់លោក​ថា កម្ពុជា​នឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។

នៅបណ្ដាញសង្គម លោក ហ៊ុន សែន ដែលខកខានបង្ហាញខ្លួនជាសាធារណៈ តាំងពីច្រើនសប្ដាហ៍មកនោះ បានសរសេរអួតអាងថា ស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិសព្វថ្ងៃ គឺកំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ លោកថា ចំណូលពន្ធ បានកើនឡើងជាបន្តបន្ទាប់ ខណៈសេដ្ឋកិច្ចកម្ពុជា ដែលពីមុនហ៊ុំព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះគឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។

បុរសខ្លាំងកម្ពុជា ដែលអង្គុយក្នុងតំណែង តាំងពីជាង៣៤ឆ្នាំ បានថ្លែងពីការដឹងគុណរបស់លោក ចំពោះក្រុមអាជីវករ ពាណិជ្ជករ និងវិនិយោគគិន ដែលលោកថា ពួកគេ«បានបំពេញកាតព្វកិច្ចបង់ពន្ធ និងបានពង្រីកទំហំពាណិជ្ជកម្ម និងវិនិយោគអោយកាន់តែធំឡើងនៅក្នុងប្រទេស»។

កាលពីម្សិលម៉ិញ សហភាពអ៊ឺរ៉ុប បានប្រកាសបើកនីតិវិធីផ្លូវការ ដើម្បីឈានទៅព្យួរប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «អ្វីៗទាំងអស់លើកលែង​តែអាវុធ (EBA)» បន្ទាប់ពីសហភាពអ៊ឺរ៉ុបរកមិនឃើញថា របបក្រុងភ្នំពេញ បានដឹកនាំប្រទេស តាមគន្លងប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញ ដែលជាលក្ខខណ្ឌមានចែងក្នុងកិច្ចព្រមព្រៀង កម្ពុជា-សហភាពអ៊ឺរ៉ុប (EU) ដើម្បីទទួលបានប្រព័ន្ធអនុគ្រោះពន្ធនោះឡើយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលចេញផ្សាយដោយសហភាពអ៊ឺរ៉ុប ពីរាជធានី ព្រុយហ្សែល (ប៊ែលហ្សិក)  របបដឹកនាំរបស់លោក ហ៊ុន សែន មានពេល៦ខែ ដើម្បីបញ្ចុះបញ្ចូលឲ្យសហភាពអ៊ឺរ៉ុប ងាកត្រឡប់ក្រោយវិញ។

ប៉ុន្តែសម្រាប់លោក ហ៊ុន សែន ការអនុគ្រោះពន្ធពីសំណាក់សហភាពអ៊ឺរ៉ុប ឬពីប្រទេសដទៃ មិនមែនជាចលករសំខាន់ ក្នុងការធ្វើឲ្យកម្ពុជា មានកំណើនសេដ្ឋកិច្ចមកដល់សព្វថ្ងៃទេ។ នាយករដ្ឋមន្ត្រីដែលទាមទារបន្តកាន់អំណាច សម្រាប់រយៈពេល១០ឆ្នាំទៅមុខ បានលើកឡើងថា៖

«ប្រទេសយើងពីមុន ដែលធ្លាប់ជាប្រទេសក្រីក្រ ធ្លាក់ដល់បាតដាល ប៉ុន្តែឥឡូវគឺបានងើបលេចធ្លោរ រួចផុតពីភាពក្រីក្រ ជាមួយនឹងកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៧%។ ដោយសារចំណូលពន្ឋកាន់តែខ្ពស់ ការព្យាករណ៍របស់យើង ទៅថ្ងៃអនាគត គឺកម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។»

លោក ហ៊ុន សែន បានបញ្ជាក់ជាថ្មី ពីជំហររបស់រដ្ឋាភិបាលលោកថា៖

«កម្ពុជាមិនអាចរំពឹងលើជំនួយបរទេស តែមួយមុខទេ ហើយកម្ពុជា ក៏មិនត្រូវយក ឯករាជភាព និងអធិបតេយ្យភាព របស់ខ្លួន ទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អ ជាមួយបណ្តាប្រទេសដៃគូនានា ដែលចង់ឃើញកម្ពុជា កាន់តែរីក​ចម្រើនទៅមុខពិតប្រាកដ ដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ។»៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន បង្ហើបថា កឹម សុខា ព្រមាន​មន្ត្រី​កុំឲ្យ​«សុំសិទ្ធិ​ធ្វើនយោបាយ»

បុរសខ្លាំងកម្ពុជា បានបង្ហើបនៅថ្ងៃនេះ ថាមាន«អាអ្នកខ្លះ» ដែលកំពុងនៅជា​ប់ឃុំក្នុងផ្ទះ បានព្រមានមន្ត្រីខ្លួនឯង កុំឲ្យ​«សុំសិទ្ធិ​ធ្វើនយោបាយ»។ បើគេមិនច្រឡំទេ «អាអ្នកខ្លះ» ដែលនាយករដ្ឋមន្ត្រីកម្ពុជាសំដៅនោះ គឺលោក កឹម សុខា ប្រធានគណបក្ស​សង្គ្រោះជាតិ ...
កម្ពុជា

អ្នកជំនាញ អ.ស.ប ថា​រដ្ឋាភិបាលកម្ពុជា​​បិទ​សំឡេង​ដៃគូ​ប្រជែង​នយោបាយ

ក្រុម«អ្នកជំនាញ» ផ្នែកសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ( អ.ស.ប ) បានសម្តែងកង្វល់របស់ផងខ្លួន ចំពោះនិន្នាការកើនឡើង នៃការគាបសង្កត់ដោយរដ្ឋាភិបាលកម្ពុជា ​ទៅលើ​មតិយោបល់ផ្ទុយពីខ្លួន ដែលហាក់ដូចជាមានបំណងបំភិតបំភ័យ ឬបំបិទសំឡេងអ្នកប្រឆាំង ផ្នែកនយោបាយ។ ...
កម្ពុជា

ហ៊ុន សែន ឲ្យ«កាត់ភ្លើង»ផ្ទះអ្នកវិភាគ ដែល​រិះគន់​ការដាច់​ចរន្ត​ជ្រុលហួស

នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងក្នុងព្រឹកនេះ ឲ្យ«កាត់ភ្លើង»សម្រាប់ផ្គត់ផ្គង់ផ្ទះ របស់អ្នកវិភាគណា ដែលរិះគន់ការគ្រប់គ្រង របស់រដ្ឋាភិបាលលោក ផ្នែកផ្គត់ផ្គង់អគ្គិសនី ដែលនាំឲ្យមានការផ្ដាច់អគ្គិសនី នៅក្នុងប្រទេសតាំងពីច្រើនសប្ដាហ៍ នោះមក។ លោក ហ៊ុន សែន ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...