វប្បធម៌ និងជីវិតអក្សរសិល្ប៍

អារម្ភកថា​បង្កប់​ស្មារតី​ជាតិ​និយម​របស់ ប៊ុណ្ណចន្ទ ម៉ុល ក្នុង​សៀវភៅ “គុក​នយោបាយ”

សៀវភៅ “គុកនយោបាយ” ដែលនិពន្ធដោយ លោក ប៊ុណ្ណចន្ទ ម៉ុល បានពិពណ៌នាយ៉ាងលម្អិត អំពីស្ថានភាពនយោបាយស្រុកខ្មែរ នាសម័យអាណានិគមបារាំង។ តែនៅទំព័រដំបូង នៃសៀវភៅនេះ លោក ប៊ុណ្ណចន្ទ ម៉ុល បែរជាសរសេរអារម្ភកថា និយាយអំពីបញ្ហាសង្គមជាតិ ជាពិសេសពីគ្រោះថ្នាក់ចំពោះមុខ ទល់នឹងសាសន៍ យួន-សៀម និងសារសំខាន់ជាច្រើន ដែលលោកចង់ផ្តល់ឱ្យកូនខ្មែរ មិនថាសម័យនោះ ឬសម័យក្រោយៗ ត្រូវតែមានស្មារតី ស្រលាញ់ជាតិមាតុភូមិរបស់ខ្លួន។

ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ សូមដងស្រង់យកខ្លឹមសារសំខាន់ នៃអារម្ភកថារបស់លោក ក្នុងសៀវភៅ«គុកនយោបាយ» ដែលចេញផ្សាយដំបូង ក្នុងឆ្នាំ១៩៧១នោះ មកជម្រាបប្រិយមិត្តបន្ត ដូចខាងក្រោម៖

ហេតុដែលយើងរំឭកឡើងវិញ នូវអតីតកាលរបស់យើង ដែលស្ថិតនៅក្រោមការជិះជាន់របស់បរទេស ដ៏ពោរពេញដោយការឈឺចាប់ខ្លោចផ្សា ទាំងផ្លូវចិត្ត ផ្លូវកាយ មកលាតត្រដាង នៅគ្រានេះគឺ៖

– ប្រយោជន៍ដើម្បីនឹងទាញសតិស្មារតី យុវជនយើងសម័យនេះ និងតទៅអនាគត ឱ្យចេះមានចិត្តគិតរឿងជាតិ គ្រប់ៗគ្នា។
– ឱ្យមានចិត្តគំនិតជាតិនិយម សតិសម្បជញ្ញៈជាតិ ស្រលាញ់ទឹកដីខ្មែរ ពូជពង្សខ្មែរ ប្រពៃណីខ្មែរ ឱ្យជួញចិត្ត គិតពីរឿងជាតិខ្មែរនេះ ឱ្យបានស្មើៗគ្នាទាំងអស់ កុំឱ្យមួយប្រចាំមួយផ្តេកវេរគ្នាឱ្យសោះ។
– ឱ្យមានចិត្តមុះមុត ក្លៀវក្លា រឹងប៉ឹង ស្វាហាប់ កុំឱ្យទន់ខ្មូរ មូរមុខ ញាប់ញ័រ សស្លន់សស្លោឱ្យសោះ។ ត្រូវមានឯកភាពសាមគ្គីភាពរឹងប៉ឹង ដូចផ្ទាំងសិលា វេញត្របាញ់ស្អិតល្មួត ចូលសាច់ឈាមគ្នា ជាសាច់ឈាមតែមួយ ទើបអាចនឹងរក្សាបូរណភាពទឹកដី បានដោយប្រសើររុងរឿង គ្មានជាតិណាប្រមាថបាន។

យើងរាល់គ្នាជាខ្មែរ គប្បីដឹងឱ្យច្បាស់ថា យើងជាជាតិច្បងគេ នៅចុងអាស៊ីអាគ្នេយ៍នេះ។ យើងមានជាតិ មានអម្បូរ មានប្រទេស មានវប្បធម៌ អរិយធម៌ឧត្តុង្គឧត្តម សឹងមានប្រាសាទនគរវត្ត ជាតឹកតាងស្រាប់។ យើងត្រូវយល់ឱ្យច្បាស់ថា វឌ្ឍនភាពរបស់យើងពីបុរាណកាលនោះ មិនមែនកើតឡើង ដោយទេពនិមិត្តបង្កក់ប្រសិទ្ធទេ គឺប្រាកដជាកើតឡើង ដោយសារវីរភាពនៃដូនតាយើង យ៉ាងជាក់ស្តែង ដែលលោកខិតខំធ្វើ ខិតខំកសាង រចនាប្រកបដោយវីរិយភាពខ្ពស់បំផុត។ យល់ដំណើរយ៉ាងនេះហើយ ត្រូវតែខ្មែរយើងរាល់គ្នា ខិតខំថែរក្សាតម្លៃ នៃកេរ្តិ៍ឈ្មោះពីរោះល្បីរបស់យើងនេះ ឱ្យស្ថិតនៅដរាបតទៅផង។ គ្រប់សម័យទាំងអស់ ត្រូវតែខ្មែរ យើងបណ្តុះបណ្តាលចិត្តស្នេហាជាតិឱ្យបានមុតមាំ។

ចំពោះរឿងទឹកដី សូមជ្រាបថា តាំងតែពីសតវត្សទី១៣ រៀងមក ប្រទេសយើងចេះតែរៀវរួញ រហូតសព្វថ្ងៃ ដោយសារតែ យើងចេះតែ ជឿ និងផ្ញើវាសនា តែទៅលើបុគ្គលម្នាក់ បណ្តោយឱ្យបុគ្គលនោះដឹកនាំ ចង់ដឹកនាំយើង និងប្រទេសឱ្យទៅរកផ្លូវមរណៈ ក៏ចេះតែនៅស្ងៀមផ្សងសំណាង គ្មានគិតភ្ញាក់រឭកអ្វីទាំងអស់ គឺដូចជាស្លាប់ទាំងជំហរតែម្តង។ ការណ៍នោះហើយ ដែលជាហេតុនាំឱ្យសត្រូវបានចិត្ត រឹតតែប្រមាថ មើលងាយបានដៃលើកគ្នា ចូលមកលុកលុយ ដណ្តើមយកផ្ទៃដីយើងបន្តិចម្តងៗ រហូតមកនៅសល់ “ប៉ុនបាតដៃ” សព្វថ្ងៃនេះ។

សូមរំឭក​កាលពីមុនឆ្នាំ ១៩៤១ រឿងសៀមប្រវ័ញ្ច យកដីបាត់ដំបង។ សៀមនិយាយប្រាប់ខ្មែរ នៅស្រុកសៀមថា ឱ្យពួកខ្មែរដែលនៅរស់នៅ នឹងស្រុកសៀមទាំងប៉ុន្មាន ជួយចេញមុខវាយបារាំង ដើម្បីរំដោះជាតិខ្មែរ ឱ្យរួចផុតពីការជិះជាន់របស់បារាំង តែស្រេចទៅ សៀមយកដីបាត់ដំបងបាន។ ងាកទៅខាងខ្មែរកម្ពុជាក្រោមវិញ ពួកយួនយៀកមិញ បានបោកប្រាស់ដែរថា ឱ្យខ្មែរកម្ពុជាក្រោមជួយយួន ក្នុងការដេញបារាំង ឱ្យផុតស្រឡះពីដីកម្ពុជាក្រោម គឺកូសាំងស៊ីនទាំងមូល មកខ្មែរកាន់កាប់ថែរក្សាតទៅ។ សម្រេចទៅមានឯណា? យួនមានឱ្យមកខ្មែរឯណា? គិតទៅយើងចាញ់បោកគេ សៀម យួននេះ ច្រើនលើកច្រើនគ្រាណាស់មកហើយ គួរឈឺចាប់ណាស់។

សព្វថ្ងៃនេះ (១៩៧១) ប្រទេសខ្មែរយើងស្ថិតនៅ ចំកណ្តាលប្រទេសទាំងពីរ គឺយួននៅខាងកើត និងសៀមនៅខាងលិច។ ប្រទេសយើងមានទំហំតូចជាងគេ មានមនុស្សតិចជាងគេថែមទៀត។ យួនមានចំនួនប្រជាជនដល់ទៅ ៤០ លាននាក់ ឯសៀមវិញ មានមនុស្សដល់ទៅ ៣០លាននាក់ ចំណែកខ្មែរយើងវិញ មានតែ៧លាននាក់ប៉ុណ្ណោះ។ ក្នុងសកលលោកទាំងមូល មនុស្សលោកចេះតែកើតឡើង កើនចំនួនជាលំដាប់។

ក្នុងរយៈកាល ៣០ឆ្នាំតទៅមុខទៀត យួនត្រូវកើនឡើងយ៉ាងតិច ៨០លាននាក់ ហើយសៀមយ៉ាងតិច ៧០លាននាក់ ចំណែកខ្មែរវិញ កើនឡើងយ៉ាងច្រើនត្រឹម ១៥ លាននាក់ប៉ុណ្ណោះ។ យើងគិតមើល ដល់មានហេតុកើតឡើង តើយើង ១៥លាននាក់ បានអ្វីទប់ទល់ចំពោះគេ ដែលមានមនុស្សដល់ទៅ ១៥០លាននាក់ ហើយដែលនៅកៀបយើងទាំងសងខាងនោះ? នេះជារឿងមួយ ដែលត្រូវបងប្អូនរួមឈាមត្រិះរិះ គិតឱ្យបានឃើញជាមុនឱ្យហើយផង។

បើឧបមាថា មនុស្ស១៥០លាននាក់ រំលោភប្រុងរំលាយមនុស្ស ១៥ លាននាក់នោះ តើមនុស្ស១៥ លាននាក់នោះត្រូវគិតយ៉ាងណា ត្រូវមានវិធីណានឹងទប់ទល់? ការណ៍នេះ ត្រូវយើងភ្ញាក់រឭកគន់គិត ឱ្យបានម៉ត់ចត់ ហើយត្រូវគិតតាំងពី ព.ស. ២៥១៤ គ.ស. ១៩៧១ នេះតទៅ ទើបបាន។

តាមយោបល់ខ្ញុំ (ប៊ុណ្ណចន្ទ ម៉ុល) ខ្ញុំយល់ថា ត្រូវរកវិធីពន្យល់​កូនចៅខ្មែរយើងទាំងអស់ ឱ្យយល់ពីរឿងជាតិ រឿងប្រទេសនេះឱ្យបានច្បាស់ អប់រំបំផុសទឹកចិត្តស្នេហាជាតិ ឱ្យកើតឡើងតាំងពីនេះ តរៀងទៅ។ ក្នុងវត្ត ក្នុងសាលារៀន គ្រប់ទិសទី ត្រូវរៀបចំកម្មវិធីសិក្សា ឱ្យមានរឿងជាតិនិយមគ្រប់ពេល ឱ្យក្មេងចេះចាប់តាំងពីថ្នាក់តូចឡើងទៅ ឱ្យចេះស្រលាញ់ជាតិ ស៊ូប្តូរស្លាប់នឹងជាតិ ធ្វើការដើម្បីឱ្យជាតិ បានចម្រើនគ្រប់វិស័យ។

សរុបសេចក្តីទៅ យើងគិតអប់រំកូនចៅយើងធ្វើម៉េច ឱ្យតែយល់ច្បាស់ថា ខ្លួនអញជាខ្មែរ ធ្លាប់មានឈ្មោះរាប់ពាន់ឆ្នាំ មានអរិយធម៌រុងរោចន៍អស្ចារ្យ មានឈាមជ័រជាអ្នកច្បាំងយ៉ាងរហ័ស… កាលបើយើងរាល់គ្នា បំផុសស្មារតីជាតិនិយមតាំងពីឥឡូវនេះទៅ តរហូតដល់ គ.ស. ២០០០ និងតៗទៅទៀតនោះ យើងប្រាកដជានឹងអាចការពារប្រទេសជាតិយើងបាន ដោយអង់អាច ព្រោះការសំខាន់ ស្ថិតនៅលើចិត្តគំនិត មិនមែនស្ថិតនៅលើចំនួនប្រជាជននោះឡើយ៕ (ប៊ុណ្ណចន្ទ ម៉ុល, ១៩៧១)



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថារូបលោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់ប្រទេសកម្ពុជា បានលើកឡើងក្នុងន័យធៀបថា លោកនៅខ្លាំងពូកែ ដូច​យុវជន​អាយុ​២៥ឆ្នាំ ដោយនៅលេងកីឡា វាយកូនគោលបាន។ ប៉ុន្តែទន្ទឹមនឹងការប្រៀបធៀបនេះ បុរសខ្លាំងវ័យ៦៦ឆ្នាំរូបនេះ បានរំលឹកខ្លួនលោក ទាំងមិនដាច់ស្នូរថា លោកត្រូវធ្វើកីឡាឲ្យបានច្រើន ដើម្បីកុំឲ្យលោកឡើងទម្ងន់ ...
កម្ពុជា

ហ៊ុន សែន ថា ស ខេង «មិនល្ងង់»​ដណ្ដើម​អំណាច​យកទៅ​ឲ្យ សម រង្ស៊ី

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីមហាផ្ទៃ លោក ស ខេង «មិនល្ងង់»ធ្វើរដ្ឋប្រហារ ទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយយកអំណាចទៅឲ្យលោក សម រង្ស៊ី នោះទេ។ ...
កម្ពុជា

ហ៊ុន សែន ជូនពរ​ថ្ងៃបិទ​«រ៉ាម៉ាឌន» ដោយរំឭក​ពី​«សន្តិភាព»

បើអបអរថ្ងៃចូល «រ៉ាម៉ាឌន» ដោយរំឭកពី «សន្តិភាព» ហេតុអ្វីក៏មិនជូនពរថ្ងៃបិទ «រ៉ាម៉ាឌន» ដោយពាក្យដដែល មិនបាន? ពាក្យ«សន្តិភាព» ដែលសឹងតែក្លាយជា «ធម៌រត់មាត់» ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន​ ...

យល់ស៊ីជម្រៅផ្នែក វប្បធម៌ និងជីវិត

គំនូរ ចម្លាក់

រកឃើញ​«ម្ឈូសបុរាណ​ធ្វើពី​សំណ» នៅក្រោមព្រះវិហារ​«Notre-Dame»

ជីវិតប្រចាំថ្ងៃ

បារាំង៖ ប្រតិទិន​​នៃវិស្សមកាល ក្នុងឆ្នាំសិក្សា ២០២១-២០២២

តារាង​«ប្រតិទិន​​នៃវិស្សមកាល» ខាងក្រោមនេះ នឹងជួយសម្រួល ដល់ឪពុកម្ដាយ ឬអាណាព្យាបាល​ទាំងឡាយ ជាពិសេសពលរដ្ឋ ខ្មែរ-បារាំង ដែលរស់នៅ ក្នុងប្រទេសបារាំង អាចពិគ្រោះបាន​ជាមុន នូវវិស្សមកាល​ទាំង៥ នៃឆ្នាំសិក្សា ២០២១-២០២២ ...
វប្បធម៌ និងជីវិត

បុរសកម្ពុជាជាប់ឈ្មោះថា មានលិង្គតូចជាងគេ បន្ទាប់ពីកូរ៉េ

បើ«មានលិង្គតូចជាងគេ» ចូរបុរសកម្ពុជាទាំងឡាយ​កុំតូចចិត្ត ព្រោះវាជាខ្នាត​គិតជាមធ្យម សិក្សាដោយ​បណ្ណាល័យ​វេជ្ជសាស្ត្រជាតិមួយ របស់សហរដ្ឋអាមេរិក មានឈ្មោះ​«National Library of Medicine» ដែលបានចាត់​ចំណាត់ថ្នាក់ ទៅលើបណ្ដាប្រដាប់ភេទ របស់បុរស​សឹងតែគ្រប់ប្រទេស នៅលើពិភពលោក។ ...

Comments are closed.