កម្ពុជាដំណឹង

អ្នកនាំពាក្យ​រដ្ឋាភិបាល​ថា ត្រូវ​«គ្រប់គ្រង​ព័ត៌មាន» ដើម្បី​ថែរក្សាសន្ដិភាព

ប្រសិនជាប្រទេសកម្ពុជា ប្រកាន់យកប្រព័ន្ធដឹកនាំរដ្ឋ តាមបែបប្រជាធិបតេយ្យ និងមានរបបសារព័ត៌មានសេរីនោះ អង្គភាពអ្នកនាំពាក្យ​​នៃរបបក្រុងភ្នំពេញសព្វថ្ងៃ ដែលដឹកនាំដោយលោក ផៃ ស៊ីផាន បានអះអាងថា ខ្លួនមានកាតព្វកិច្ចក្នុងការ«គ្រប់គ្រង​ព័ត៌មាន» ដោយយកហេតុផល​មកពន្យល់ថា ដើម្បីចូលរួមថែរក្សាសន្តិភាព និងសណ្ដាប់ធ្នាប់សាធារណៈ។

សេចក្ដីថ្លែងការណ៍មួយរបស់អង្គភាពមួយនេះ ដែលចេញផ្សាយកាលពីម្សិលម៉ិញ បានអះអាងយ៉ាងដូច្នេះ ដើម្បីច្រានចោលការលើកឡើង របស់លោក សម រង្ស៊ី ដែលអង្គភាពអ្នកនាំពាក្យចាត់ទុកថា ជា«ទណ្ឌិតឧទ្ទាមក្រៅស្រុក» ជុំវិញគម្រោងកែនអ្នកគាំទ្រ ដើម្បីចូលរួមក្នុងដំណើរមាតុភូមិនិវត្តន៍ មកកាន់ប្រទេសកម្ពុជា ដែលមេដឹកនាំប្រឆាំងអះអាង​ថា នឹងធ្វើឡើង​ក្នុងពេលឆាប់ៗខាងមុខ។

អង្គភាពអ្នកនាំពាក្យ បានសរសេរឡើងថា៖

«វោហារសាស្ត្ររបស់ទណ្ឌិតឧទ្ទាម (លោក សម រង្ស៊ី) រូបនេះ គ្រាន់តែជាវិទ្ធស្សនាចិត្តសាស្ត្រនយោបាយ ដើម្បីប្រើប្រាស់រូបភាព​ប្រជាពលរដ្ឋខ្មែរ ក្នុងការលាក់បាំង នូវពុតត្បុតបម្រើមហិច្ឆតារបស់ខ្លួន (…) ដែលតម្រូវឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ រាំងខ្ទប់នូវទង្វើក្រុមទណ្ឌិតឧទ្ទាមនេះ ជាយថាហេតុណាមួយ។»

សេចក្ដីថ្លែងការណ៍ ដែលលើកឡើងដដែលៗ ដូចតែរាល់ដង ពីការដឹកនាំ«ដ៏ឈ្លាសវៃ» និង«ប៉ិនប្រសព្វ»របស់លោក ហ៊ុន សែន បានបញ្ជាក់ទៀតថា៖

«ដូច្នេះ ការលើកឡើងរបស់ទណ្ឌិតឧទ្ទាមនៅក្រៅស្រុក ដូចដែលបានបន្តចុះផ្សាយ នៅតាមសារព័ត៌មានមួយចំនួននោះ គឺរាជរដ្ឋាភិបាលមិនទទួលយកបានឡើយ (…)។» 

«គ្រប់គ្រង​ព័ត៌មាន ជានិន្នាការដឹកនាំតាមបែបកុម្មុយនីស្ដិ៍ផ្ដាច់ការ»

អ្នកឃ្លាំមើលបញ្ហានយោបាយ និងសង្គមកម្ពុជា លោក ព្រហ្ម គិត បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ នៅមុននេះថា ការលើកឡើងខាងលើ បង្ហាញពីនិន្នាការតាមបែបកុម្មុយនីស្ដិ៍ផ្ដាច់ការ នៃការដឹកនាំរបស់លោក ហ៊ុន សែន សព្វថ្ងៃ ដែលហួសពីកាតព្វកិច្ចរបស់ខ្លួន ដែលត្រូវ«ចេញការបកស្រាយ ឬការបំភ្លឺ» តែមិនមែនត្រូវ«គ្រប់គ្រងព័ត៌មាន» ដោយប្រើ«អំណាច»​របស់ខ្លួនឡើយ។

លោក ព្រហ្ម គិត ដែលជាអតីតមន្ត្រីច្បាប់មួយរូប បានបន្តថា៖

«សេចក្ដីថ្លែងការណ៍នោះ មានលក្ខណៈជាការគម្រាមច្រើនករណី។ គម្រាមលើចលនាប្រឆាំង ជារឿងមួយ តែសំខាន់សេចក្ដីថ្លែងការណ៍ហ្នឹង មានបំណង់មួយទៀត គឺគម្រាមសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ក្នុងទម្រង់មួយថា មិនត្រូវចុះផ្សាយ ពីព័ត៌មានណាដែលរបបលោក ហ៊ុន សែន មិនអនុញ្ញាតឲ្យចេញផ្សាយ។»

និន្នាការរបស់របបលោក ហ៊ុន សែន ជុំវិញការរឹតបន្តឹងវិស័យសារព័ត៌មាន និងសិទ្ធិនៃការទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ ត្រូវបានអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (RSF-RWB) បរិហារតាមរយៈ​របាយការណ៍សន្ទស្សមួយ ដែលចេញផ្សាយ កាលពីពាក់កណ្ដាលខែមេសា ដោយដាក់ប្រទេសកម្ពុជា ទៅក្នុងចំណាត់ថ្នាក់ដ៏អន់ និងកាន់តែទាបជាងឆ្នាំកន្លងទៅ។

នៅក្នុងរបាយការណ៍សន្ទស្សន៍នោះ កម្ពុជាជាប់លេខ១៤៣ ពីក្នុងចំណោមប្រទេស ចំនួន១៨០ នៅលើពិភពលោក។ ចំណាត់ថ្នាក់នេះ បានធ្លាក់១លេខ បើប្រៀបនឹងឆ្នាំ២០១៨ ដែលប្រទេសកម្ពុជាជាប់លេខ ១៤២ និងធ្លាក់១១លេខ បើប្រៀបនឹងឆ្នាំ២០១៧ ដែលប្រទេសកម្ពុជាជាប់លេខ ១៣២។

ប៉ុន្តែរបាយការណ៍របស់អង្គការអន្តរជាតិ ដែលមានបណ្ដាញនៅជុំវិញពិភពលោក ត្រូវបានមន្ត្រីរបបក្រុងភ្នំពេញ ច្រានចោល ដោយចាត់ទុកថា ការដាក់ចំណាត់ថ្នាក់ខាងលើ មិនបានឆ្លុះបញ្ចាំង​ពីស្ថានការណ៍«ពិត»​នៅកម្ពុជា៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ធ្វើពិធីទទួល«វ៉ាក់សាំងចិន»​ថ្ងៃ៧កុម្ភៈ រួចចាក់​នៅ​ថ្ងៃ១០កុម្ភៈ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន បានឲ្យដឹងថា «វ៉ាក់សាំងចិន»ដើម្បីបង្ការជំងឺកូវីដ-១៩ (Covid-19) ដែលជាជំនួយរបស់ប្រទេសចិន នឹងបញ្ជូនមកដល់កម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈខាងមុខ។ នេះបើតាមសារជាសម្លេងមួយ ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគ​ប្រៀប​ស្មារតី CNRP ទៅ​នឹង​បក្សី​«ហង្សទេព»​ដែល​មិន​ចេះ​ស្លាប់

ការខ្វែងគំនិតគ្នា ក្នុងរយៈពេល​ប៉ុន្មានថ្ងៃ​ចុងក្រោយ រវាងមន្ត្រីគ្រាក់ៗនៅក្នុងគណបក្សសង្គ្រោះជាតិ នឹងមិនធ្វើឲ្យគណបក្សនេះ រងការប្រេះឆានោះទេ។ ផ្ទុយទៅវិញ វាគ្រាន់តែជាវិញ្ញាសារ ដ៏សំខាន់មួយ ដែលគណបក្សប្រឆាំង​ដ៏ធំមួយនេះ ត្រូវឆ្លងកាត់ និងជំនះឲ្យបាន។ នេះ បើតាមការលើកឡើង ...
កិច្ចសម្ភាស

កិច្ចសម្ភាស​សាក្សី​ដ៏​សំខាន់ ដែល​តាម​លង ហ៊ុន សែន

តើពាក្យសំដី​ដែលនិយាយចេញ ពីបបូរមាត់របស់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន និងមន្ត្រី​មួយ​ចំនួន ដែល​ជួយ​ទប់​អំណាច ឲ្យលោករហូតមកដល់សព្វថ្ងៃ មានលក្ខណៈដូចគ្នា ទៅនឹងសកម្មភាព នៅពី​ក្រោយ​ខ្នង​ដែរ​ឬទេ? គ្មាន​នរណា​បានដឹង ពីភាពខុសគ្នា​រវាងសំដី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.