ដំណឹងនៃការដាក់បណ្ដឹង ទៅកាន់តុលាការបារាំង ដោយក្រុមមេធាវីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលបានប្រតិកម្មមកវិញភ្លាមៗ ពីលោក សម រង្ស៊ី មេដឹកនាំប្រឆាំងក្នុងយប់ថ្ងៃនេះ។ តែប្រធានស្ដីទីគណបក្សប្រឆាំង ដែលជាភាគីចុងបណ្ដឹង បានចាត់ទុកបណ្ដឹងនោះ ថាជា«ល្បិច»បង្វែរស្ថានការណ៍ របស់លោក ហ៊ុន សែន ហើយបានថ្លែងអំពាវនាវ កុំឱ្យធ្វើការចាប់អារម្មណ៍។

ប្រព័ន្ធឃោសនារបស់របបក្រុងភ្នំពេញ បានអះអាងថា ពាក្យបណ្ដឹងចំនួនពីរផ្សេងពីគ្នា របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ និងលោក ឌី វិជ្ជា ស្នងការរងនគរបាលជាតិ ត្រូវបានក្រុមមេធាវីបារាំង ដាក់ឡើងទៅចៅក្រមស៊ើបអង្កេត នៃតុលាការរដ្ឋធានីប៉ារីស ដើម្បីប្ដឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ ជុំវិញការបង្ហោះសារ នៅលើបណ្ដាញសង្គម និងការផ្ដល់បទសម្ភាស របស់មេដឹកនាំប្រឆាំង ទាក់ទងនឹងមរណភាព នៃអតីតអគ្គស្នងការនគរបាល លោក ហុក ឡងឌី

សេចក្ដីប្រកាសព័ត៌មានចំនួនពីរ ដែលចេញផ្សាយ ដោយការិយាល័យមេធាវី «S.C.P LEICK RAYNALDY & ASSOCIES» បានឲ្យដឹងថា ការបង្ហោះសារ និងការផ្ដល់បទសម្ភាសនោះ ជាការចោទប្រកាន់ «យ៉ាងឆ្កួតលីលា និងធ្ងន់ធ្ងរ» ដែល«មិនអាចអត់ឱន ឲ្យបានជាដាច់ខាត»។ អត្ថបទជាភាសាបារាំងនោះ បានសរសេរថា៖

«ពេលនេះ វាអាស្រ័យលើតុលាការបារាំង ក្នុងការវិនិច្ឆ័យថា ដែនកំណត់នៃសេរីភាព សម្រាប់ការបញ្ចេញមតិ ត្រូវបានរំលោភបំពាន។»

បើតាមសេចក្ដីជូនដំណឹងនោះ ការចោទប្រកាន់ ដែលលើកឡើង​នៅក្នុងពាក្យបណ្ដឹង ទំនងជាពាក់ព័ន្ធ​នឹងសំណេរមួយ (ខាងក្រោមនេះ) ដែលត្រូវបានបង្ហោះ នៅលើទំព័រហ្វេសប៊ុកលោក សម រង្ស៊ី កាលពីដើមខែមិថុនា ឆ្នាំ២០១៩៖

០២ មិថុនា ២០១៩ / 02 June 2019 – Hun Sen behind Hok Lundy’s death (*) ហ៊ុន សែន ជាអ្នកសម្លាប់ ហុក ឡង់ឌី…

Publiée par Sam Rainsy sur Dimanche 2 juin 2019


នៅចំពោះព័ត៌មានខាងលើ លោក សម រង្ស៊ី បានសំដែងការស្វាគមន៍ និងអះអាងថា វាជាឱកាសសម្រាប់ឲ្យរូបលោក និងលោក ហ៊ុន សែន អាចតតាំងគ្នា នៅចំពោះប្រព័ន្ធយុត្តិធម៌មួយ​នៅបរទេស ដែលល្បីល្បាញថា មានភាពឯករាជ្យ។

តាមរយៈកិច្ចសម្ភាសមួយ ទៅឲ្យវិទ្យុសម្លេងសហរដ្ឋអាមេរិក «VOA» ប្រធានស្ដីទីគណបក្សប្រឆាំង បានអះអាងថា៖

«ខ្ញុំសប្បាយចិត្តមែនទែន ខ្ញុំស្វាគមន៍ពាក្យបណ្ដឹងលោក ហ៊ុន សែន នេះ ពីព្រោះជាឱកាស ជាឱកាសដ៏កម្រ ជាលើកទីមួយហើយ ដែលខ្ញុំនឹងតតាំងជាមួយនឹងលោក ហ៊ុន សែន នៅចំពោះមុខតុលាការបារាំង ដែលជាតុលាការឯករាជ្យ។ ពីមុន ពាក្យបណ្ដឹងលោក ហ៊ុន សែន ជាពាក្យបណ្ដឹងលេងសើច ចំពោះមុខតុលាការអាយ៉ងរបស់គាត់។»

«ម្ដងនេះ យើងមកតតាំង នៅចំពោះមុខតុលាការបារាំង តុលាការឯករាជ្យ អាហ្នឹងទាល់តែមានភស្ដុតាងត្រឹមត្រូវ ទាល់តែយើងលាតត្រដាងការពិត មិនអាចនិយាយតាមតែចិត្ត ដូចដែលគាត់ធ្វើ នៅប្រទេសកម្ពុជាទេ។»

«ល្បិច» ហ៊ុន សែន – សម រង្ស៊ី

ប៉ុន្តែមេដឹកនាំប្រឆាំងរូបនេះ ដែលជាគូបដិបក្ខនយោបាយ ដ៏ស្រួចស្រាវ​របស់លោក ហ៊ុន សែន បានគិតថា ពាក្យបណ្ដឹងខាងលើ បានជួនចំពេល និងជា«ល្បិច»បង្វែរស្ថានការណ៍ ដើម្បីកុំឲ្យបណ្ដាជនចាប់អារម្មណ៍ ពីដំណើររបស់លោក ក្នុងការវិលត្រឡប់​មកកាន់មាតុភូមិវិញ។ 

លោក សម រង្ស៊ី បានផ្ដល់កិច្ចសម្ភាស ពីប្រទេសអូស្ត្រាលីថា៖

«ខ្ញុំគិតថា នេះ គ្រាន់តែល្បិចលោក ហ៊ុន សែន។ លោក ហ៊ុន សែន គាត់ភ័យស្លន់ស្លោរ បន្ទាប់ពីខ្ញុំបានប្រកាសថា ខ្ញុំនឹងមកដល់ប្រទេសកម្ពុជា ថ្ងៃ៩វិច្ឆិកា ខាងមុខ គឺគាត់ភ័យមែនទែន ដូច្នេះ គឺគាត់ដាក់ពាក្យបណ្ដឹងយ៉ាងប្រថុចញុច យ៉ាងតក់ក្រហល់នេះ ដើម្បីធ្វើម៉េច ឲ្យខ្ញុំហ្នឹងជាប់ការងារនៅប្រទេសបារាំង តតាំងជាមួយគាត់ តាមនីតិវិធីតុលាការនៅប្រទេសបារាំងហ្នឹង គ្រាន់តែជាល្បិចទេ។»

មេដឹកនាំប្រឆាំង បានបន្តថ្លែងទៀតថា៖ 

«ខ្ញុំសូមប្រកាសប្រាប់ទៅលោក ហ៊ុន សែន វិញ ខ្ញុំឲ្យមេធាវីខ្ញុំ ដោះស្រាយបញ្ហានេះ ឲ្យក្ដាប់សំនុំរឿងនៅចំពោះតុលាការបារាំងនេះ ខ្ញុំអត់បារម្ភទាល់តែសោះ ខ្ញុំមានជំនឿថា លោក ហ៊ុន សែន នឹងបរាជ័យហើយ។ តែរឿងនេះ មិនជារឿងសំខាន់ប៉ុន្មានទេ រឿងដែលសំខាន់គឺរឿងខ្ញុំវិលត្រឡប់ ទៅប្រទេសកម្ពុជាវិញ ថ្ងៃទី៩វិច្ឆិកាខាងមុខនេះ។»

«គម្រោងរបស់ខ្ញុំ អត់មានអីប្រែប្រួលទេ ថ្ងៃ៩វិច្ឆិកា ឆ្នាំ២០១៩ នៅសល់ពីរខែកន្លះនេះ ខ្ញុំមកដល់ប្រទេសកម្ពុជាវិញហើយ។ ទីពីរ សូមឲ្យបងប្អូនកុំមានមន្ទិលសង្ស័យ ខ្ញុំមកនេះគឺដើម្បីបំផុសកម្លាំងប្រជារាស្ត្រ កម្លាំងកងកម្លាំងប្រដាប់អាវុធស្នេហាជាតិ ដើម្បីទៅចាប់លោក ហ៊ុន សែន មិនមែនឲ្យលោក ហ៊ុន សែន មកចាប់ខ្ញុំទេ។ យើងទាំងអស់គ្នា ទៅចាប់លោក ហ៊ុន សែន យកទៅកាន់ទោស ពីបទធ្វើបាបរាស្ត្រ ពីបទបំផ្លាញជាតិ ពីបទលក់ជាតិ និងពីបទក្បត់ជាតិ។»

ក្នុងករណីដូចគ្នានេះ លោក សម រង្ស៊ី ក៏បានរងបណ្ដឹងមួយផ្សេងទៀត ពីសំណាក់លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ ទៅកាន់តុលាការក្នុងប្រទេសកម្ពុជាដែរ។ ពាក្យបណ្ដឹងនោះ ត្រូវបានមេដឹកនាំប្រឆាំង វាយតម្លៃថា លោក ស ខេង គ្រាន់តែធ្វើតាម«បញ្ជា» របស់លោក ហ៊ុន សែន ដើម្បីបញ្ជាក់ពី«ភក្ដីភាព»​របស់ខ្លួន ចំពោះបុរសខ្លាំងកម្ពុជាប៉ុណ្ណោះ។

រីឯការលើកឡើងរបស់លោក នៅលើបណ្ដាញសង្គម ជុំវិញមរណភាពរបស់លោក ហុក ឡងឌី ក្នុងហេតុការណ៍គ្រោះថ្នាក់ឧទ្ធម្ភាគចក្រ កាលពីឆ្នាំ២០០៨នោះ ត្រូវបានលោក សម រង្ស៊ី ពន្យល់ជាថ្មីថា៖

«អាហ្នឹងយើងឲ្យអ្នកបច្ចេកទេស អ្នកដែលមានជំនាញ ខាងយន្ដហោះ ខាងឧទ្ធម្ភាគចក្រ ខាងគ្រោះថ្នាក់យន្ដហោះ គ្រោះថ្នាក់ឧទ្ធម្ភាគចក្រ ថាតើគេមានបច្ចេកទេសយ៉ាងម៉េច ដើម្បីបង្ហាញថា តើមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនោះ តាមរូបភាពធ្លាក់ទៅ វាទៅជាយ៉ាងម៉េច។ សុទ្ធតែអ្នកជំនាញ អ្នកបច្ចេកទេសគេអាចបញ្ជាក់ពីការពិត។»

«រហូតមកដល់ពេលនេះ លោក ហ៊ុន សែន មិនដែលឲ្យមានការស៊ើបអង្កេតអី ត្រឹមត្រូវទេ ចេះតែលាក់បាំងៗ។ តែឥឡូវនេះ មិនអាចលាក់បាំង នៅចំពោះតុលាការបារាំងបានទេ បើចង់មកប្ដឹងនៅតុលាការបារាំង ត្រូវតែលាតត្រដាងការពិត លាតត្រដាងភស្ដុតាង ហើយខ្ញុំជឿថា ភស្ដុតាងទាំងអស់នោះ គឹអ្នកដែលគេមានជំនាញ គេស្រួលផ្ទៀងផ្ទាត់ គេងាយធ្វើសេចក្ដីសន្និដ្ឋានណាស់៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី បរិហារ ហ៊ុន សែន ថារៃអង្គាសប្រាក់​«ដើម្បីចិញ្ចឹម​អំពើពុករលួយ»

សម្រាប់លោក សម រង្ស៊ី បានជឿជាក់ថា ការរៃអង្គាសប្រាក់ដោយលោក ហ៊ុន សែន គឺជាការប្រមូលប្រាក់ «ដើម្បីចិញ្ចឹម​អំពើពុករលួយ» ព្រោះការរៃអង្គាស ដែលថា​ដើម្បី​ទិញថ្នាំវ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ (Covid-19) ...
កម្ពុជា

ថិក គ្រូស ថ្លែង​ពីភាពចាំបាច់​ ដែល​អាមេរិក​ត្រូវ​សើរើ​ការអនុគ្រោះពន្ធពីកម្ពុជា

សមាជិកព្រឹទ្ធសភាអាមេរិក ដ៏ល្បីឈ្មោះ លោក ថិក គ្រូស (Ted Cruz) បានបញ្ចេញប្រតិកម្មរបស់លោក តបនឹងនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានគម្រាម កាលពីប៉ុន្មានថ្ងៃមុន ថានឹងកម្ទេចគណបក្សប្រឆាំងចោល ប្រសិនណាជាសហគមន៍អន្តរជាតិ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.