កម្ពុជាដំណឹង

ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់ខ្លួន​ជន​ដែល​បង្អើល មិនឱ្យ​ចាយប្រាក់​ដុល្លារ​ខ្នាតតូច

មិនត្រឹមតែជនទាំងឡាយ ដែលបំផុសបំផុល មិនឱ្យ​ចាយប្រាក់​ដុល្លារ​ខ្នាតតូច នោះ​ប៉ុណ្ណោះ​ទេ បើសូម្បី​អ្នកកាត់ទឹក ក្រដាសប្រាក់ទាំងនេះ ក៏ត្រូវលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមាន​តាមចាប់ខ្លួន មក​ផ្ដន្ទាទោស​ដែរ។ លោកបានទាំងហៅ ក្រុមប្រឆាំង ដែល​រិះគន់​លោក ក្នុងរឿងនេះ ថាជា​«មនុស្សចង្រៃ»​ថែមទៀត។

ថ្លែងក្នុងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំពោះមន្ត្រី និងក្រុមការងារបច្ចេកទេស ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវក្រុង ក្នុងខេត្តព្រះសីហនុ មេដឹកនាំក្រុងភ្នំពេញ បាន​ប្រកាស​ថា៖

«នរណាដែលប្រកាសថា គេឈប់ចាយប្រាក់ ១ដុល្លារ ២ដុល្លារ និង៥ដុល្លារ រកឃើញ​ចាប់ឲ្យបាន បើនៅតែបន្ត ចាប់ខ្លួនទៅ ទោះបីគុកចង្អៀត តែគុកនៅអាចដាក់បាន អ្នកឯង​បំផ្លាញជាតិហើយ មិនទុកទេ។»

លោក ហ៊ុន សែន បន្តថ្លែងទៀតថា៖

«ឥឡូវសុំចាយទៅ ហើយបន្ទាប់ពីចាយទៅ ប្រហែលជាធនាគារ គេមិនបញ្ចេញមកវិញទេ គេបានប្រកាសហើយ តែគ្មានការខាតបង់ សម្រាប់ប្រជាពលរដ្ឋនោះទេ ហើយសុំឲ្យដឹង បើមានផ្នែកណាមួយ កន្លែងប្តូរប្រាក់កាត់ទឹក សុំប្តឹងបន្ទាន់ មកអាជ្ញាធរមាន​សមត្ថកិច្ច​ភ្លាម ហើយយើងនឹងចុះទៅភ្លាម ដើម្បីដោះស្រាយ អត់មានឲ្យការកាត់ទឹកនោះទេ។»

កាលពី​ថ្ងៃ​ព្រហស្បតិ៍​​ ទី២៨ ខែឧសភា ធនា​គារជាតិ​នៃ​កម្ពុជា បាន​ប្រកាសទុក​ពេល៣ខែ ឱ្យគ្រឹះស្ថាន​ធនាគារ និង​មី​ក្រូ​ហិរ​ញ្ញ​វត្ថុ​ ប្រមូល​ក្រដាសប្រាក់​ដុល្លារ​ ប្រភេទ ១ដុល្លារ ២ដុល្លារ និង​៥ដុល្លារ ដើម្បី​ប្រមូល​ដឹក​​ទៅក្រៅ​ប្រទេស ដោយ​ចាត់ទុក ក្រដាសប្រាក់​ដុល្លារ​ខ្នាត​តូច ​របស់​សហរដ្ឋអាមេរិក​នេះ ថាគឺជា​ឧបសគ្គ​​ដល់​ការជំរុញ ​ការ​ចាយប្រាក់​រៀល​ខ្មែរ​ នៅ​លើ​ទីផ្សារ។

តែនៅមួយថ្ងៃ ក្រោយការប្រកាសខាងលើ របស់​ធនាគារជាតិ មានការ​អះអាង​ ពីសំណាក់​ពលរដ្ឋថា ក្រដាសប្រាក់​ដុល្លារ ទាំងបី​ប្រភេទ​ខាងលើ មិន​ត្រូវ​បាន​​គេ​ទូទាត់​ នៅ​លើ​​ទីផ្សារ​ទេ ខណៈកន្លែង​ខ្លះ នៅទទួលយក​​ក្រដាសប្រាក់​ទាំងនេះ តែ​កាត់​​ភាគរយ។

ជនដែលបង្អើល មិនឱ្យ​ចាយប្រាក់​ដុល្លារ​ខ្នាតតូច និង​«មនុស្សចង្រៃ»

នៅចំពោះភាពភ្ញាក់ផ្អើលនេះ លោក ហ៊ុន សែន បានចេញមុខ មក​ធានាអះអាង នៅ​មួយថ្ងៃក្រោយមក (ថ្ងៃសុក្រទី២៩ ខែឧសភា) ថាក្រដាស់ប្រាកទាំងនេះ នៅតែ​ចាយបាន​ធម្មតា ក្នុងប្រទេសកម្ពុជា ដោយគ្មាន​ការកាត់ទឹក (បន្ថែម-​បន្ថយ​​​ភាគរយ) អ្វីឡើយ។

ក្នុងការថ្លែង ក្នុងថ្ងៃទី១ ខែមិថុនានេះ បុរសខ្លាំងនៅកម្ពុជា នៅបានបញ្ឆិតបញ្ឆៀង ទៅ​ក្រុម​អ្នកនយោបាយប្រឆាំង ដែលរិះគន់លោកថា ចង់ទាត់ចោលលុយដុល្លារ ស្រវាយក​លុយ​យន្ត​របស់ចិន មកប្រើប្រាស់ ក្នុងទីផ្សារកម្ពុជា។ លោក ហ៊ុន សែន បានហៅ​ការលើកឡើង​នោះ ថាជាភាសារបស់«មនុស្សចង្រៃ» ដែលមិនអាច​ឲ្យមាន​ការរួបរួមគ្នា​បានឡើយ៕



លំអិតបន្ថែមទៀត

ដំណឹង

រដ្ឋាភិបាលហុងគ្រីថា ​ប្រមុខការទូត​ខ្លួន​«អវិជ្ជមានកូវីដ»​មុនមកដល់​កម្ពុជា

រដ្ឋាភិបាលហុងគ្រី បានអះអាងថា លោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) ​​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ របស់ខ្លួន មានលទ្ធផលតេស្ដិ៍​«អវិជ្ជមានកូវីដ» នៅមុនលោក​ធ្វើដំណើរ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋ ...
កម្ពុជា

Covid-19៖ ហ៊ុន សែន ឲ្យធ្វើតេស្ដិ៍សិន មុននឹង​ទៅជួប​លោក

មុននឹង​ទៅជួប​លោក ហ៊ុន សែន ដោយផ្ទាល់ បណ្ដាជនទាំងឡាយ ត្រូវធ្វើតេស្ដិ៍ជាមុនសិន។ នេះ ជាបញ្ជារបស់​នាយករដ្ឋមន្ត្រីកម្ពុជា បន្ទាប់ពីលោកបានធ្វើចត្តាឡីស័ក សម្រាប់រយៈពេល១៤ថ្ងៃ ជាលើកទី៣ ខណៈរូបលោក​ទទួលបាន ការចាក់វាក់សាំង ...
កម្ពុជា

សុខ ទូច អះអាងថា សម រង្ស៊ី មិន​វិល​ចូលកម្ពុជាទេ ព្រោះហេតុផល​៥យ៉ាង

ការប្រកាសម្ដងហើយ ម្ដងទៀត របស់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី និងមន្ត្រីជំនិតរបស់លោក អំពីដំណើរធ្វើមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ី ត្រឡប់ចូលប្រទេស​កម្ពុជាវិញ ត្រូវបានលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.