កម្ពុជាដំណឹង

EU «ស្នើភ្លើងខៀវ»​ពីរដ្ឋសមាជិក ​ដើម្បី​ដក EBA ពីកម្ពុជា​នៅចុង​ខែនេះ

សហភាពអ៊ឺរ៉ុប តាមរយៈគណៈកម្មការអ៊ឺរ៉ុបរបស់ខ្លួន នឹងទុកពេល នៅត្រឹម​ថ្ងៃទី២៩ ខែមករាខាងមុខ ឲ្យបណ្ដារដ្ឋសមាជិក ផ្ដល់«ស្នើភ្លើងខៀវ» ក្នុងការដកប្រទេសកម្ពុជា ចេញពីប្រព័ន្ធអនុគ្រោះពន្ធ ហៅកាត់តាមភាសាអង់គ្លេស ថា «EBA»។

នេះ បើតាមការផ្សាយ កាលពីប៉ុន្មានម៉ោងមុខ របស់បណ្ដាញទូរទស្សន៍ «Bloomberg» ដែលមានជំនាញ ខាងព័ត៌មានសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៅជុំវិញពិភពលោក។ បណ្ដាញទូរទស្សន៍ បានផ្សាយព័ត៌មានខាងលើ ដោយដកស្រង់ប្រភពចំនួនពីរ ដែលស្នើសុំុំមិនបញ្ចេញឈ្មោះ ដោយហេតុថា ការកំណត់ពេលវេលានេះ ត្រូវបានសម្រេចឡើង ជាលក្ខណៈបិទទ្វា។

រាល់ការសម្រេច របស់បណ្ដារដ្ឋសមាជិកទាំងនោះ នឹងក្លាយជាការសម្រេចរបស់គណៈកម្មការអ៊ឺរ៉ុប ដែលជាស្ថាប័នអភិបាល របស់សហភាពអ៊ឺរ៉ុប ហើយនឹងត្រូវចូលជាធរមាន ក្នុងរយៈពេល១២ខែយូរបំផុត។

ស្ថានភាព លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ…

ដំណឹងនៃការ«ស្នើភ្លើងខៀវ»​ខាងលើ បានធ្លាក់មកដល់ ប្រមាណតែមួយសប្ដាហ៍ប៉ុណ្ណោះ ក្រោយការគម្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអះអាងថា នឹងកំទេចគណបក្សប្រឆាំង ក្នុងប្រទេសកម្ពុជាចោល ប្រសិនណាជាសហភាពអ៊ឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រឆាំងរបបដឹកនាំ របស់លោក។

កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ដើមសប្ដាហ៍នេះ ស្នងការជាន់ខ្ពស់ នៃសហភាព​អ៊ឺរ៉ុប ទទួលបន្ទុក​​គោលនយោបាយ​​ពាណិជ្ជកម្ម អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្រ្តុម (Cecilia Malmström) បានសំដែងក្ដីកង្វល់ជាថ្មីទៀត ចំពោះបញ្ហា សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅក្នុងប្រទេសកម្ពុជា នៅក្នុងជំនួបមួយ ជាមួយលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ របស់ប្រទេសកម្ពុជា នាអាគារធំនៃសហភាព​អ៊ឺរ៉ុប ក្នុងរាជធានី ព្រុយហ្សែល។

ចេញពីជំនួបនោះ អ្នកស្រី សេស៊ីលីយ៉ា ម៉ាលស្ត្រុម បានបញ្ជាក់ថា វាជាកិច្ចពិភាក្សា ដែលធ្វើឡើង ដើម្បីបញ្ជាក់ឡើងវិញ ជាមួយភាគីកម្ពុជា អំពីកិច្ចព្រមព្រៀង អ៊ឺរ៉ុប-កម្ពុជា ស្ដីពីប្រព័ន្ធអនុគ្រោះពន្ធ «EBA» និងលទ្ធភាពនៃការដកប្រទេសកម្ពុជា ចេញពីកម្មវិធីនេះ។

យ៉ាងណា អ្នកស្រីបានថ្លែងដោយសុទិដ្ឋិនិយមថា សហភាពអ៊ឺរ៉ុបនៅតែបើកទ្វាចំហរ ចំពោះការជជែកពិភាក្សា ជាមួយភាគីកម្ពុជា។

កម្មវិធី «EBA» ដែលមានឈ្មោះពេញ «Everthing But Arms (អ្វីៗទាំងអស់ លើកលែងតែអាវុធ)» បានអនុញ្ញាតឲ្យកម្ពុជា នាំទំនិញសព្វសារពើ លើកលែងតែអាវុធ ចូលក្នុងទីផ្សារនៃសហភាពអ៊ឺរ៉ុប ដោយមិនបង់ពន្ធ។

សហភាពអ៊ឺរ៉ុបបានលើកឡើងថា កម្មវិធីនេះ បានផ្ដល់​ឲ្យទៅប្រទេសក្រីក្រ ចំនួន៤៨ក្នុងលោក ជាពិសេសប្រទេសកម្ពុជា ដើម្បីអនុញ្ញាតឲ្យប្រទេសទាំងនោះ រកបាននូវកំណើនសេដ្ឋកិច្ច មានការងារសម្រាប់ពលរដ្ឋខ្លួន បង្កើនអភិបាលកិច្ចល្អ ក៏ដូចជាទទួលបាន នូវការអភិវឌ្ឍន៍សម្រាប់រយៈពេលវែង។

ក្នុងឆ្នាំកន្លងមក ប្រទេសកម្ពុជាបាននាំចេញ មកកាន់ទីផ្សារ នៃសហភាពអ៊ឺរ៉ុប នូវផលិតផល​​វាយនភ័ណ្ឌ ដែលមានទឹកប្រាក់ ប្រមាណជា៥ពាន់លានដុល្លារ ជាមួយនឹងការលើកលែងពន្ធ ដែលមានកម្រិតប្រមាណជាង ៧០០លានដុល្លារ។ វិស័យវាយនភ័ណ្ឌនេះ បានផ្ដល់ការងារ ទៅឲ្យពលរដ្ឋកម្ពុជា ប្រមាណជា ៧៥០ ០០០នាក់។

ទំនាក់ទំនង កម្ពុជា-សហភាពអ៊ឺរ៉ុប ធ្លាក់ចុះដុនដាប

ទំនាក់ទំនងល្អ កម្ពុជា-សហភាពអ៊ឺរ៉ុប បានធ្លាក់ចុះបន្តិចម្ដងៗ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានមើលឃើញថា របបដឹកនាំរបស់លោក ហ៊ុន សែន បានបង្ក្រាបមិនប្រណីដៃ ជាបន្តបន្ទាប់ ទៅលើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល ដែលមិនរណបរដ្ឋាភិបាល និងទៅលើសាព័ត៌មានឯករាជ្យ។

ការធ្លាក់ចុះដំបូងបំផុត នៃទំនាក់ទំនង​ជាមួយសហភាពអ៊ឺរ៉ុប ត្រូវបានបញ្ជាក់ តាមរយៈការព្យួរជំនួយ ច្រើនលានដុល្លារ ទៅឲ្យស្ថាប័នជាតិរៀបចំការបោះឆ្នោតកម្ពុជា កាលពីដើមខែធ្នូ ឆ្នាំ២០១៧។

កម្ពុជាក្រោមការដឹកនាំ របស់លោក ហ៊ុន សែន និងសហភាពអ៊ឺរ៉ុប បានមើលមុខគ្នា កាន់តែមិនចំ បន្ទាប់ពីសហភាពអ៊ឺរ៉ុប បានប្រកាសទាត់ចោលលទ្ធផល នៃការបោះឆ្នោតជាតិ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយចាត់ទុកការបោះឆ្នោតនោះថា «មិនតំណាងឱ្យឆន្ទៈពិតប្រាកដ របស់អ្នកបោះឆ្នោតកម្ពុជា តាមបែបប្រជាធិបតេយ្យ ហើយធ្វើឲ្យលទ្ធផល នៃការបោះឆ្នោតនេះ មិនមានភាពជឿជាក់បានឡើយ»។

ហើយទំនាក់ទំនងនេះ ​រវាង កម្ពុជា-សហភាពអ៊ឺរ៉ុប កាន់តែធ្លាក់ចុះដុនដាបថែមទៀត បន្ទាប់ពីសហភាពអ៊ឺរ៉ុប នៅដើមខែតុលា ឆ្នាំ២០១៨ បានប្រកាសបើកនីតិវិធី ដែលមានរយៈពេល ៦ខែ និងបន្ថែម៦ខែទៀត ដើម្បីឈានទៅដក ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ចេញពីប្រទេស​កម្ពុជា។

ការសម្រេចខាងលើ ក៏ត្រូវបានសហភាពអ៊ឺរ៉ុប ធ្វើសេចក្ដីជូនដំណឹង ទៅកាន់រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងពេលនោះដែរ ដោយបានអំពាវនាវ ឲ្យកម្ពុជា «ដើរចេញពីមាត់ជ្រោះ»។ តែរបបដឹកនាំក្រុងភ្នំពេញ តាមរយៈក្រសួងការបរទេសរបស់ខ្លួន បានប្រតិកម្មតប ទៅសហភាពអ៊ឺរ៉ុបវិញ ដោយហៅការបើកនីតិវិធីខាងលើ ថាជាទង្វើដ៏​«អយុត្តិធម៌»​បំផុត៕



លំអិតបន្ថែមទៀត

កម្ពុជា

កឹម សុខា ជូនពរ​ឆ្នាំថ្មី​ដោយ​ស្នើ​ឲ្យបំបាត់​ជំងឺ​ពីរយ៉ាង

ទំព័រហ្វេសប៊ុក របស់ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំ នៅក្នុងគេហដ្ឋាន បានបង្ហោះសារជូនពរឆ្នាំថ្មី ដោយបង្ហាញជំនឿថា ឆ្នាំ២០១៩ថ្មីនេះ នឹងបើកនូវទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដែលលប់បំបាត់ឲ្យអស់ នូវ«ជំងឺពីរយ៉ាង»។ ទំព័រហ្វេសប៊ុក «Kem Sokha0» ...
កម្ពុជា

ហ៊ុន សែន ព្រមានធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា

«បើទោះបីត្រូវធ្វើសង្គ្រាម ដើម្បី​ការពារ​ថ្ងៃ៧មករា ក៏ហ៊ានធ្វើដែរ !» នេះ ជាការអះអាងឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីចាស់វស្សា នៅកម្ពុជា ដើម្បីឆ្លើយតប ទៅនឹងអ្នកវិភាគទាំងឡាយ ...
ដំណឹង

សង្គ្រាម​នៅអ៊ុយក្រែន៖ EU ផ្អាកការផ្សាយរបស់ «ប្រព័ន្ធផ្សព្វផ្សាយ​រ៉ុស្ស៊ី​»

នៅថ្ងៃទី៤ នៃសង្គ្រាមឈ្លានពានប្រទេសអ៊ុយក្រែន ដោយកងទ័ពរ៉ូស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយ​រ៉ុស្ស៊ី​ ឬ​ដែលស្និត​នឹងវិមានក្រឹមឡាំង ត្រូវបានសហភាពអ៊ឺរ៉ុប «EU» សម្រេចឲ្យផ្អាកការផ្សាយរបស់ខ្លួន នៅលើទឹកដីនៃសមាជិកទាំង២៧ប្រទេស​ របស់សហភាព។ បម្រាមនេះត្រូវបានប្រកាសឡើង ដោយអ្នកស្រី «Ursula ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...