កម្ពុជាដំណឹង

សម រង្ស៊ី ពន្យល់​ថា ហ៊ុន សែន ទទួលស្គាល់​«បានសម្លាប់ ហុក ឡងឌី»

សម្រាប់មេដឹកនាំប្រឆាំង លោក សម រង្ស៊ី បានបង្ហាញជំនឿថា ភាពស្ងៀមស្ងាត់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនបានប្តឹងរូបលោក ទៅកាន់តុលាការឯករាជ្យណាមួយនោះ គឺជាការសារភាពរបស់បុរសខ្លាំងកម្ពុជា ក្នុងការទទួលស្គាល់ការពិត ថា«បានសម្លាប់លោក ហុក ឡងឌី» អតីតអគ្គស្នងការនគរបាលជាតិ។

មកដល់ម៉ោងនេះ មានតែបណ្ដឹងរបស់លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ តែមួយករណីគត់ ដែលដាក់ឡើងទៅកាន់តុលាការ ក្នុងប្រទេសកម្ពុជា ប្ដឹងលោក សម រង្ស៊ី ពីបទ​«ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ជុំវិញការលើកឡើង របស់មេដឹកនាំប្រឆាំង នៅលើបណ្ដាញសង្គមដែលថា លោក ស ខេង គាំទ្រលោក ឌី វិជ្ជា ក្នុងគម្រោងសងសឹងឲ្យឪពុកខ្លួន។

តែលោក សម រង្ស៊ី បានពន្យល់លើបណ្ដាញសង្គម ក្នុងយប់ថ្ងៃព្រហស្បត្តិ៍នេះ ថាករណីខាងលើនេះ ដែលលោកធ្លាប់លើកឡើង តាំងពីដើមខែមិថុនានោះ គ្រាន់ជារឿងបន្ទាប់​បន្សំ​មួយ​ប៉ុណ្ណោះទេ។

ប្រធានស្ដីទីគណបក្សប្រឆាំង បានសរសេររៀបរាប់ថា៖

«ជាបន្ទាប់បន្សំ ខ្ញុំក៏បានលើកឡើងថា ឌី វិជ្ជា អាចមានគម្រោងសងសឹកបិតាគាត់ តែ ឌី វិជ្ជា ក៏មិនបានប្តឹងខ្ញុំដែរ ដោយរក្សាភាពស្ងៀមស្ងាត់។ ខ្ញុំបានសន្និដ្ឋានថា បើ ឌី វិជ្ជា រៀបចំគម្រោង​សងសឹក​បិតាគាត់​នោះមែន ស ខេង ច្បាស់ជាគាំទ្រ ឌី វិជ្ជា ហើយ ពីព្រោះ ស ខេង រកតែឱកាសកម្ចាត់ ហ៊ុន សែន ទេ។»

សម រង្ស៊ី ចោទ ហ៊ុន សែន ថា«បានសម្លាប់ ហុក ឡងឌី»

រីឯករណីដែលមេដឹកនាំប្រឆាំង ចាត់ទុកថា ជារឿងចម្បងនោះ គឺការចោទប្រកាន់លោក ហ៊ុន សែន ថាជាអ្នកសម្លាប់លោក ហុក ឡងឌី។ លោកសរសេរថា៖

«ខ្ញុំបានចោទប្រកាន់ ហ៊ុន សែន ចំៗថា​គាត់ជាអ្នករៀបចំ “គ្រោះថ្នាក់ក្លែងក្លាយ” ដែលបណ្តាលឲ្យ ហុក ឡងឌី ស្លាប់ក្នុងឆ្នាំ២០០៨។ នេះជាការចោទប្រកាន់ចម្បងរបស់ខ្ញុំ។ (…) តែទាំង ហ៊ុន សែន ទាំង ឌី វិជ្ជា អត់ហ៊ានប្តឹងខ្ញុំទេ ដោយរក្សាភាពស្ងៀមស្ងាត់ទាំងពីរនាក់ ពីព្រោះពួកគេដឹងថា ខ្ញុំបានលាតត្រដាងការពិត។»

«មានតែ ស ខេង ម្នាក់ឯងគត់​​ដែលស្ថិតនៅ​ចុងកន្ទុយ​រឿងនេះ ដែលចេញមុខប្តឹងខ្ញុំ។ ស ខេង ចេញមុខប្តឹងខ្ញុំនេះ ដោយសារតែគាត់ធ្វើតាមបញ្ជា ហ៊ុន សែន ដែលបានប្រាប់គាត់ថា “បើ ស ខេង ឯង​មិនប្តឹង សម រង្ស៊ី ទេ មានន័យថា ស ខេង ឯង ចាំតែរកឱកាស​កម្ចាត់ខ្ញុំមែន ដូចអ្វីដែល សម រង្ស៊ី បានលើកឡើងនោះ”។»

«ដូច្នេះ បណ្តឹងរបស់ ស ខេង នេះ គ្រាន់តែជាការបង្គ្រប់កិច្ច ដើម្បីបំពេញចិត្ត ហ៊ុន សែន ហើយវាឆ្លុះបញ្ចាំងពីភាពតានតឹង ក្នុងជួរគណបក្សប្រជាជនកម្ពុជា តែប៉ុណ្ណោះ។»

លោក សម រង្ស៊ី បានបង្ហាញជំនឿថា៖

«ភាពស្ងៀមស្ងាត់របស់ ហ៊ុន សែន ដែលមិនហ៊ានប្តឹងខ្ញុំនេះ គឺជាការសារភាពរបស់គាត់ថា គាត់ទទួលស្គាល់ការពិត គឺគាត់បានសម្លាប់ ហុក ឡងឌី មែន៕»



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ឲ្យ ហ៊ុន សែន ឈប់​ដឹកនាំ​ប្រទេស​ដោយយោង​វប្បធម៌​«សុំទាន»

ចំណុចមួយ ដែលយើងត្រូវតែបញ្ឈប់ គឺវប្បធម៌«សុំទាន» ! នេះ ជាការថ្លែងឡើង របស់ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ពីរដ្ឋធានីប៉ារីស ដើម្បីប្រតិកម្មតប នឹងការ«រៃអង្គាស» ...
កម្ពុជា

ខៀវ កាញារីទ្ធ៖ «អ្នកវិភាគខ្លះ ហេតុតែ​ចង់បាន​អំណាច បន់ឲ្យខ្មែរស្លាប់»

តើអ្នកវិភាគរូបណាទៅ រងការឌឺដង ពីរដ្ឋមន្ត្រីព័ត៌មាន របស់ប្រទេសកម្ពុជា? ការឌឺដងនោះ រហូតលោករដ្ឋមន្ត្រីសន្និដ្ឋានថា អ្នកវិភាគទាំងនោះ ហេតុតែ​ចង់បាន​អំណាច បែរជាបន់ឲ្យខ្មែរស្លាប់។  លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងមួយ ...
កម្ពុជា

ហ៊ុន សែន អះអាង​ចាត់វិធានការ​ទប់ទល់​ទណ្ឌកម្ម​អាមេរិក-អ៊ឺរ៉ុប

បុរសខ្លាំងកម្ពុជា បានប្រកាសថា លោកកំពុងចាត់វិធានការ ដើម្បីទប់ទល់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ របស់សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប ក្រោមអ្វីមួយ ដែលលោកហៅថា ជា«យុទ្ធនាការពង្រឹងឯករាជ្យ របស់កម្ពុជា»។ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.