មេដឹកនាំប្រឆាំង បានចង្អុលដោយចំឈ្មោះ ថាលោក លី យ៉ុងផាត់ មនុស្សជំនិត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានរហស្សនាម «ស្ដេចកោះកុង» គឺជាឈ្មួញ​ជួញដូរ​គ្រឿងញៀន​ដ៏ធំម្នាក់ ដែលបានផ្ទេរលុយកខ្វក់ ដែលបានមកពីការជួញដូរនេះ ទៅកាន់​ប្រទេស​អូស្ត្រាលី ក្រោមការជួយលាងសម្អាត ពីសំណាក់លោក គាត ឈុន អតីត​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កម្ពុជា។

ក្រុមហ៊ុន-សហគ្រាស របស់លោក លី យ៉ុងផាត់ ដែលគេស្គាល់កន្លងមក បានរកស៊ីទៅលើ​វិស័យ ថ្នាំជក់ អគ្គិសនី កាស៊ីណូ សណ្ឋាគារ ស្កអំពៅ និងប្រព័ន្ធផ្សព្វផ្សាយ។ តែលោក សម រង្ស៊ី ទើបនឹងបង្ហើបឲ្យដឹង ពីមុខរបរមួយទៀត ដែលទំនងជាត្រូវបានលោក លី យ៉ុងផាត់ ប្រកបរកទទួលទាន តែលោក លី យ៉ុងផាត់ ខ្លួនលោក រួមនឹងក្រុមរបស់លោក មិនចង់​ឲ្យនរណា​ដឹងឡើយ។

ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ ធ្លាប់បានបង្ហើបម្ដងហើយ នៅក្នុងកិច្ចសម្ភាសមួយ ជាមួយវិទ្យុអាស៊ីសេរី កាលពីប៉ុន្មានថ្ងៃមុន តែនៅពេលនោះ លោកមិនបានបញ្ចេញឈ្មោះ ឲ្យដឹងជាចំហរទេ។ លុះនៅក្នុងកម្មវិធី សម្លេងសង្គ្រោះជាតិ ស្ដីពី«ផលប៉ះពាល់ នៃការលាង​លុយកខ្វក់» ដែលបានផ្សាយ នៅលើទំព័រហ្វេសប៊ុក​របស់លោក កាលពី​ល្ងាចថ្ងៃសៅរ៍ ទី២៣ ខែឧសភាម្សិលម៉ិញ ទើបមេដឹកនាំប្រឆាំងរូបនេះ បានបញ្ចេញឈ្មោះ «ស្ដេចកោះកុង» មកជា​សាធារណៈ។

លោក សម រង្ស៊ី ថ្លែងថា៖

«ខ្ញុំសូមជូនឧទាហរណ៍ (…) លោក លី យ៉ុងផាត់ ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកោះកុង គេហៅ​”ស្ដេចកោះកុង”ផង គាត់ជួញដូរគ្រឿងញៀន។ នៅប្រទេសថៃ គេស្គាល់គាត់ច្បាស់ ហើយនៅស្រុកខ្មែរ គឺសកម្មភាពធំរបស់គាត់ ជួញដូរគ្រឿងញៀន។ គាត់មានដីមានអី ដាំអំពៅ ឈ្មោះគាត់ពាក់ព័ន្ធរឿងច្រើនណាស់ តែរឿងធំ គឺជួញដូរគ្រឿងញៀន។»

បន្ទាប់មក មេដឹកនាំប្រឆាំង ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងប្រទេសបារាំង បាន​ចាប់​ផ្ដើម​លើកឡើង ទាក់ទងនឹងការលាងលុយកខ្វក់ ដែលលោកអះអាងថា មាន​ការជួយ​ទំនុបបម្រុង ពីរដ្ឋាភិបាលលោក ហ៊ុន សែន តាមរយៈលោក គាត ឈុត អតីត​រដ្ឋមន្ត្រីហិរញ្ញវត្ថុ។ លោកថា៖

«ហើយលុយគាត់ពីស្រុកខ្មែរ ដែលបើខ្ញុំចាំ កាលពី១០ឆ្នាំ ១៥ឆ្នាំមុនហ្នឹង គាត់ចង់ផ្ទេរ​ទៅ​អូស្ត្រាលី (…) គាត់ចង់ទៅវិនិយោគ ទិញផ្ទះ ទិញអចលនទ្រព្យអីរបស់គាត់ នៅប្រទេស​អូស្ត្រាលី។ ប៉ុន្តែរដ្ឋាភិបាលអូស្ត្រាលី គេសង្ស័យ យីផ្ទេរលុយអីច្រើនម្លេះ? កាលនោះ ដូចជា​៤០លានដុល្លារ។»

«[រដ្ឋាភិបាលអូស្ត្រាលី]​គេសួរ លី យ៉ុងផាត់។ លី យ៉ុងផាត់ ឆ្លើយអត់រួច ព្រោះលុយគាត់ លុយ​ជួញដូរគ្រឿងញៀន ទៅសារភាពថា លុយជួញដូរគ្រឿងញៀន គឺគេរឹបអូសភ្លាម ហើយ​ចាប់​ដាក់គុក​ទៀត។»

លោក សម រង្ស៊ី អះអាងទៀតថា៖

«អញ្ចឹងគាត់ពឹងលោក គាត ឈុន។ គាត ឈុន ធ្វើរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បន្តពីខ្ញុំហ្នឹង។ លោក គាត ឈុន គាត់ធ្វើលិខិតបញ្ជាក់ ថាលុយហ្នឹងត្រឹមត្រូវស្អាតស្អំទេ កុំសួរនាំអី​ច្រើន​ពេក។ អញ្ចឹងគេថា អូ! រដ្ឋាភិបាលកម្ពុជា បានបញ្ជាក់អញ្ចឹងហើយ ក៏គេបិទភ្នែកបណ្ដោយ​ទៅ។»

មិនអាចទាក់ទងលោក លី យ៉ុងផាត់ ឬមន្ត្រីរដ្ឋាភិបាលផ្សេងទៀត ដើម្បីធ្វើប្រតិកម្ម ឬធ្វើ​អត្ថាធិប្បាយ ចំពោះការលើកឡើងរបស់លោក សម រង្ស៊ី ក្នុងពេលភ្លាមៗនេះបានទេ។

ក្រៅពីមានក្រុមហ៊ុនរកទទួលទាន ជាច្រើននៅកម្ពុជា លោក លី យ៉ុងផាត់ ក៏មានឋានៈ ជា​សមាជិកព្រឹទ្ធសភា សមាជិកគណៈកម្មការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និង​ជា​ទីប្រឹក្សា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះផងដែរ។

កាលពីថ្ងៃទី៧ ខែឧសភា គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ថាជារដ្ឋាភិបាល​សហភាព​អ៊ឺរ៉ុប) បានធ្វើបច្ចុប្បន្នភាព «បញ្ជីខ្មៅ» របស់ខ្លួន ទាក់ទងនឹង​ការលាងលុយ​កខ្វក់ និង​ហិរញ្ញប្បទាន សម្រាប់បណ្ដាញភេរវកម្ម ពីចំនួន១៦ប្រទេស ក្នុងបញ្ជីខ្មៅចាស់ ឲ្យឡើងដល់​២២ប្រទេស។ កម្ពុជា និងប្រទេសភូមា បានជាប់ឈ្មោះ នៅក្នុងបញ្ជីខ្មៅថ្មី  ខណៈប្រទេស​ឡាវ ត្រូវបាន​ដកចេញ ពីបញ្ជីចាស់ ជាស្ថាពរ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី បដិសេធ​ផ្ញើរ​សារសម្ងាត់​ ឲ្យ​ទៅ ហ៊ុន សែន

លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដែលកំពុងរស់នៅនិរទេសខ្លួន នៅក្រៅប្រទេស បានបដិសេធការបង្ហើបឡើង របស់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលអះអាងថា លោកបានផ្ញើរសារសម្ងាត់មួយ ...
កម្ពុជា

«សង្គមស៊ីវិល»ជិត១០០ បារម្ភ​ពីការវិលទៅអតីតកាល បើបាត់​«EBA-GSP»

ក្រុមអ្នកវិភាគ-អ្នកឃ្លាំមើល រួមនឹងអង្គការ​-សង្គមស៊ីវិល ប្រមាណជា៨៥នាក់/ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ នៅថ្ងៃនេះ សំដែងការព្រួយបារម្ភ ចំពោះស្ថានភាពនយោបាយ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រោយពីអ្វីមួយ ដែលពួកគេទាំងនេះ បានអះអាងថា ការគោរពសិទ្ធិមនុស្ស និងគោលការណ៍ប្រជាធិបតេយ្យ ...
កម្ពុជា

«មាន​មនុស្សក្បត់​២នាក់ ពីក្នុង​ចំណោម​មន្ត្រី CNRP ១១៨នាក់»

«មានមនុស្សក្បត់ តែ ២នាក់ទេ ក្នុងចំណោមមន្ត្រីគណបក្សសង្គ្រោះជាតិ ១១៨ នាក់» នេះ ជាការអះអាង របស់លោក សម រង្ស៊ី ប្រធានស្ដីទី​គណបក្សសង្គ្រោះជាតិ កាលពីប៉ុន្មានម៉ោងមុន ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...