កម្ពុជាដំណឹង

EU ដាក់​កម្ពុជា​ជាផ្លូវការ ទៅក្នុង​«បញ្ជីខ្មៅ»​នៃ​ការលាង​លុយ​កខ្វក់

«បញ្ជីខ្មៅ»ថ្មី​នៃក្រុមប្រទេសទាំង២២ ដែលបរាជ័យ​ក្នុងការប្រយុទ្ធ ទល់នឹង​ការលាង​លុយ​កខ្វក់ និងហិរញ្ញប្បទាន សម្រាប់​បណ្ដាញ​ភេរវកម្ម ត្រូវបានសហភាពអ៊ឺរ៉ុប «EU» ចេញ​ផ្សាយ​ជាផ្លូវការហើយ។

សេចក្ដីប្រកាសព័ត៌មាន របស់គណៈកម្មការអ៊ឺរ៉ុប (ឬហៅម្យ៉ាងទៀត ជារដ្ឋាភិបាល​នៃ​សហភាព​អ៊ឺរ៉ុប) ដែលទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ទទួលបាននៅមុននេះ បានធ្វើ​បច្ចុប្បន្នភាព ពីសមាសភាពប្រទេសទាំង២២ ដែលក្នុងនោះមានប្រទេសថ្មី ចំនួន១២ រាប់ទាំង​ប្រទេសកម្ពុជាផង។

កម្ពុជា និងភូមា នៅទន្ទឹមគ្នា តែ ឡាវ រួចខ្លួន

ដូចអត្ថបទមុន ដែលទស្សនាវដ្ដីចេញផ្សាយ កាលពីម្សិលម៉ិញ «បញ្ជីខ្មៅ»របស់«EU» បានដាក់បញ្ចូល​ប្រទេស ចំនួន១២ថ្មី ទៅក្នុងបញ្ជីចាស់ ដែលបន្ថយមកត្រឹម តែ១០ប្រទេស។

ក្រុមប្រទេសទាំង១២នោះ រួមមាន៖ ប៉ាណាម៉ា, បាហាម៉ាស, កោះម៉ូរីស, បាបារ៉ាស, កម្ពុជា, ហ្កាណា, ហ្សាម៉ាកា, ម៉ុងហ្គោលី, មីយ៉ាន់ម៉ា, នីការ៉ាហ្គា និងហ្សីមបាវេ។

រីឯប្រទេសទាំង១០ ដែលនៅតែជាប់ នៅក្នុង​​បញ្ជីថ្មីដដែល រួមមាន អាហ្វហ្គានីស្ថាន, អ៊ីរ៉ាក់, វ៉ានូអាទូ, ប៉ាគីស្ថាន, ស៊ីរី, យេម៉ែន, អ៊ូហ្គង់ដា, ទ្រីនីដាដ​និងតូបាបា, អ៊ីរ៉ង់ និងកូរ៉េខាងជើង។

ដោយឡែក ប្រទេសចំនួន៦ ដែលជាប់ក្នុងបញ្ជីចាស់ តែត្រូវបានសហភាពអ៊ឺរ៉ុប​ដកចេញ សម្រាប់បញ្ជីថ្មី រួមមាន៖ បូស្នៀ, ហ្គីយ៉ាណា, ឡាវ, អេត្យូពី, ស្រីលង្កា និងទុយនីស៊ី។

សេចក្ដីប្រកាសព័ត៌មានដដែល បានលើកឡើង​ពីវិធានការ ៦ចំណុច ជាពិសេស​ពី​គម្រោង​ថ្មីមួយ របស់សហភាពអ៊ឺរ៉ុប។ នោះ គឺការបង្កើត​«​អាជ្ញាធរ​រួម»​ថ្មីមួយ ដើម្បី​បង្កើន​ប្រសិទ្ធិភាព ក្នុង​ការឃ្លាំ​មើល ​និងដោះស្រាយ​​ការលាង​លុយកខ្វក់ និងហិរញ្ញប្បទាន សម្រាប់​​បណ្ដេញ​ភេរវកម្ម ដែលជាប់​ពាក់ព័ន្ធ នឹងប្រទេស​​ទាំង២២។

លោក «Valdis Dombrovskis» អនុប្រធានគណៈកម្មការអ៊ឺរ៉ុប ទទួលបន្ទុករូបិយប័ណ្ណ «Euro» និងកិច្ចសន្ទនាសង្គម ត្រូវបានស្រង់សំដី មកបញ្ជាក់ថា៖

«យើងត្រូវបញ្ចប់ នូវប្រាក់កខ្វក់ ដែលជ្រៀតចូល ក្នុងប្រព័ន្ធហិរញ្ញវត្ថុ របស់យើង។ សព្វថ្ងៃនេះ យើងកំពុងពង្រឹង​ការការពារ​ របស់យើង​បន្ថែមទៀត​ ដើម្បីប្រយុទ្ធ​ប្រឆាំង​ នឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម ដោយមានផែនការ​សកម្មភាព ទូលំទូលាយ និងវែងឆ្ងាយ។»

លោក​អនុប្រធាន​គណៈកម្មការអ៊ឺរ៉ុប បានបន្តទៀតថា៖

«យើងប្តេជ្ញាផ្តល់ នូវសកម្មភាពទាំងអស់នេះ – យ៉ាងឆាប់រហ័ស និងជាប់លាប់ ក្នុង​រយៈពេល ១២ ខែបន្ទាប់។ យើងកំពុងពង្រឹងតួនាទី របស់សហភាពអ៊ឺរ៉ុប នៅក្នុង​កម្រិត​ពិភពលោក ទាក់ទងនឹងការធ្វើឱ្យប្រសើរឡើង នូវស្តង់ដារអន្តរជាតិ ស្តីពី​ការប្រយុទ្ធ​ប្រឆាំង នឹងការលាងលុយកខ្វក់ និងហិរញ្ញប្បទាន សម្រាប់​បណ្ដាញ​ភេរវកម្ម។»

រដ្ឋាភិបាលកម្ពុជា នៅមិនទាន់បញ្ចេញប្រតិកម្ម ជាផ្លូវការនៅឡើយ មកទល់នឹង​ម៉ោងនេះ។

វិធានការទាំង៦ចំណុច និងគម្រោងបង្កើត «អាជ្ញាធររួម» នឹងត្រូវសភាអ៊ឺរ៉ុបអនុម័ត មុននឹង​បញ្ជូន ទៅបណ្ដាប្រទេសទាំង២៧ ជាសមាជិកសហភាពអ៊ឺរ៉ុប ហើយនឹងត្រូវ​មាន​សុពលភាព ចាប់ពីថ្ងៃទី១ ខែតុលាខាងមុខ៕



លំអិតបន្ថែមទៀត

កម្ពុជា

ហ៊ុន សែន ថាខេត្តដែលកំហិត​ឲ្យធ្វើ​ចត្តាឡីស័ក ជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ»

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅការសម្រេច របស់អភិបាលខេត្តក្រុងមួយចំនួន ថាជា«ការបង្កើតរដ្ឋ​ក្នុងរដ្ឋ» ជុំវិញសេចក្ដីសម្រេច​របស់ពួកគេ ក្នុងការដាក់កំហិតឲ្យធ្វើចត្តាឡីស័ក សម្រាប់ពលរដ្ឋណាដែលធ្វើដំណើរឆ្លងខេត្ត។ បុរសខ្លាំងនៅកម្ពុជា បានបញ្ជាឲ្យមេដឹកនាំ នៅតាមខេត្តក្រុងទាំងនោះ ត្រូវធ្វើការផ្លាស់ប្ដូរ​សេចក្ដីសម្រេច​នោះ​ជាបន្ទាន់។ ...
កម្ពុជា

ព្រះរាជាខ្មែរ​យាងទៅ​ចិន មុន ហ៊ុន សែន ដាក់កម្ពុជា​ក្នុង​«ភាពអាសន្ន»

ក្នុងព្រឹកថ្ងៃទី១ ខែមេសានេះ ព្រះមហាក្សត្រកម្ពុជា បានចាកចេញពីប្រទេស ឆ្ពោះទៅ​ប្រទេសចិន នៅខណៈមេរោគ «កូរូណា» ឬ «Covid-19» កំពុងរាតត្បាត និងបន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន ថា​ទទួលទាន​នំបញ្ចុក​ មាន​ប្រយោជន៍​ខ្លាំង​ដល់​សុខភាព

ក្រៅពីពង្រឹងសាមគ្គីភាព និងលើកតម្កើងអត្តសញ្ញាណជាតិ ការទទួលទាននំបញ្ចុក ក៏ផ្តល់គុណប្រយោជន៍ សម្រាប់សុខភាពអ្នកទទួលទានដែរ។ នេះ បើតាមការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅលើបណ្តាញសង្គម កាលពីប៉ុន្មាននាទីមុន។ ទំព័រហ្វេសប៊ុកលោក ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.