បើប្ដូរជំហរម្ដងហើយ រឿងអីមិនអាចប្ដូរជំហរម្ដងទៀត? នេះ ជាអ្វីដែលលោក ហ៊ុន សែន បានប្រកាសថាលោក «ឈប់ចាក់​វ៉ាក់សាំងចិន» ដែលលោកអះអាងថា នឹងត្រូវបញ្ជូន​មកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្ដូរជំហរជាលើកទី៤ ជុំវិញការសម្រេចថា តើលោកទទួលចាក់ ឬមិនចាក់ថ្នាំវ៉ាក់សាំង «SinoPharm» ដែលជាជំនួយរបស់​ប្រទេសចិន ទាំងបើគ្មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (Who /OMS)។ រីឯជំហរថ្មីរបស់លោក ដែលទំនងជាជំហរ«ចុងក្រោយ» ត្រូវបានលោកប្រកាសឲ្យដឹង នៅមុននេះបន្តិច តាមរយៈទំព័រ​ហ្វេសប៊ុក​របស់លោក។

លោក ហ៊ុន សែន បានសរសេរ ដោយផ្ទាល់ដៃថា៖

«ខ្ញុំទើបបានទទួលព័ត៍មាន តាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការ ពីការិយាល័យនៃ​ទីប្រឹក្សា​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំស្ថានទូត​នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះសុីណូហ្វាម (SinoPharm) ចាក់បានតែមនុស្ស​មានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។»

បុរសខ្លាំងនៅកម្ពុជា​ បានបន្តថា៖

«សម្រាប់ខ្ញុំ ដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត​ភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ។»

កាលពីថ្ងៃម្សិលម៉ិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានចុះហត្ថលេខាលើលិខិតមួយ ប្រកាសអនុញ្ញត​ឲ្យប្រើប្រាស់​ថ្នាំវ៉ាក់សាំង​ខាងលើ ជាសាធារណៈ។ លិខិតនោះ បានលើកយកហេតុផល នៃការអនុញ្ញាតនេះ ថាជា​«ការយល់ព្រម​​ដ៏ខ្ពង់ខ្ពស់»​ពីលោក ហ៊ុន សែន តែមិនបានពន្យល់ថា តើថ្នាំវ៉ាក់សាំងមួយនេះ ទទួលបានការត្រួតពិនិត្យ​ និងការអនុញ្ញាត ពីអ្នកវិទ្យាសាស្ត្រ ឬយ៉ាងណាទេ។

លិខិតរបស់លោក ម៉ម ប៊ុនហេង បានសរសេរនៅចុងបញ្ចប់ថា៖

«វ៉ាក់សាំងនេះ (SinoPharm) ត្រូវបានដាក់ឲ្យអនុវត្ត តាមពិធីសារស្ដីពី​យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល​ចាប់ពីម៉ោង៩និង​៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។»

វ៉ាក់សាំង «SinoPharm» ដែលជាជំនួយរបស់ចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រព័ន្ធឃោសនានៅកម្ពុជា បានអះអាងថា វ៉ាក់សាំងនេះ នឹងចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងអ្នកផ្តល់សេវាចាំបាច់មួយចំនួន។

បើលោក ហ៊ុន សែន ប្រកាស«ឈប់ចាក់​វ៉ាក់សាំងចិន» ព្រោះលោកមានអាយុ​ច្រើនជាង៦០ឆ្នាំនោះ តែមកដល់ម៉ោងនេះ គេមិនទាន់ដឹងថា តើកូនចៅផៅសន្ដាន​របស់លោក ដែលមានអាយុរវាងពី១៨ ដល់៥៩ឆ្នាំ នៅតែទទួលចាក់មុនគេ នូវថ្នាំវ៉ាក់សាំងខាងលើ ដូចការអះអាង​របស់លោក កាលពីពេល​កន្លងមកដែរឬទេ៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19៖ ជប៉ុន​ផ្លាស់ប្ដូរ​យុទ្ធសាស្ត្រ ដើម្បី​បញ្ចៀស​«គ្រោះធំ»

រដ្ឋាភិបាលជប៉ុននឹងប្រកាស ដាក់តំបន់ចំនួន៧ លើផ្ទៃប្រទេស ទៅក្នុងភាពអាសន្ន ចាប់ពីថ្ងៃអង្គារនេះតទៅ ដើម្បីបញ្ចៀសសេណារីយូ «គ្រោះធំ» បន្ទាប់ពីករណីឆ្លងជំងឺ «Covid-19» បានកើនឡើងខ្លាំង នៅរាជធានី តូក្យូ។ នេះ ...
កម្ពុជា

សម រង្ស៊ី ថា EU ប្រកាន់​ជំហរ​ស្នើឲ្យ ហ៊ុន សែន ចាត់​វិធានការ​សមស្រប​ភ្លាមៗ

«EU គេបានបញ្ជាក់ជំហរ របស់គេហើយ គេរង់ចាំឲ្យរបបលោក ហ៊ុន សែន ចាត់វិធានការសមស្រប ក្នុងពេលវេលាចាំបាច គឺកាន់តែឆាប់ កាន់តែល្អ» នេះ ជាការអះអាងឡើង របស់លោក ...
កម្ពុជា

ហ៊ុន សែន ថាក្រដាសប្រាក់​ ១-២-៥​ដុល្លារ នៅតែ​ចាយបាន​ធម្មតា

នៅចំពោះការភ្ញាក់ផ្អើល ថាកម្ពុជាឈប់ប្រើប្រាស់ ក្រដាសប្រាក់ដុល្លារ​ខ្នាតតូច លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញមក​ធានាអះអាង ថាក្រដាស់ប្រាកទាំងនេះ នៅតែ​ចាយបាន​ធម្មតា ក្នុងប្រទេសកម្ពុជា ដោយគ្មាន​ការកាត់ទឹក (បន្ថែម-​បន្ថយ​​​ភាគរយ) អ្វីឡើយ។ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.