បើប្ដូរជំហរម្ដងហើយ រឿងអីមិនអាចប្ដូរជំហរម្ដងទៀត? នេះ ជាអ្វីដែលលោក ហ៊ុន សែន បានប្រកាសថាលោក «ឈប់ចាក់​វ៉ាក់សាំងចិន» ដែលលោកអះអាងថា នឹងត្រូវបញ្ជូន​មកដល់កម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈខាងមុខ។

នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានប្ដូរជំហរជាលើកទី៤ ជុំវិញការសម្រេចថា តើលោកទទួលចាក់ ឬមិនចាក់ថ្នាំវ៉ាក់សាំង «SinoPharm» ដែលជាជំនួយរបស់​ប្រទេសចិន ទាំងបើគ្មានការទទួលស្គាល់ ពីអង្គការសុខភាពពិភពលោក (Who /OMS)។ រីឯជំហរថ្មីរបស់លោក ដែលទំនងជាជំហរ«ចុងក្រោយ» ត្រូវបានលោកប្រកាសឲ្យដឹង នៅមុននេះបន្តិច តាមរយៈទំព័រ​ហ្វេសប៊ុក​របស់លោក។

លោក ហ៊ុន សែន បានសរសេរ ដោយផ្ទាល់ដៃថា៖

«ខ្ញុំទើបបានទទួលព័ត៍មាន តាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការ ពីការិយាល័យនៃ​ទីប្រឹក្សា​សេដ្ឋកិច្ច និងពាណិជ្ជកម្ម ប្រចាំស្ថានទូត​នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបញ្ជាក់ថា វ៉ាក់សាំងឈ្មោះសុីណូហ្វាម (SinoPharm) ចាក់បានតែមនុស្ស​មានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ។»

បុរសខ្លាំងនៅកម្ពុជា​ បានបន្តថា៖

«សម្រាប់ខ្ញុំ ដែលមានអាយុជាង៦៨ឆ្នាំទៅហើយ មិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំង ដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំ ទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត​ភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយ មិនអាចចាក់បានទេ។»

កាលពីថ្ងៃម្សិលម៉ិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង បានចុះហត្ថលេខាលើលិខិតមួយ ប្រកាសអនុញ្ញត​ឲ្យប្រើប្រាស់​ថ្នាំវ៉ាក់សាំង​ខាងលើ ជាសាធារណៈ។ លិខិតនោះ បានលើកយកហេតុផល នៃការអនុញ្ញាតនេះ ថាជា​«ការយល់ព្រម​​ដ៏ខ្ពង់ខ្ពស់»​ពីលោក ហ៊ុន សែន តែមិនបានពន្យល់ថា តើថ្នាំវ៉ាក់សាំងមួយនេះ ទទួលបានការត្រួតពិនិត្យ​ និងការអនុញ្ញាត ពីអ្នកវិទ្យាសាស្ត្រ ឬយ៉ាងណាទេ។

លិខិតរបស់លោក ម៉ម ប៊ុនហេង បានសរសេរនៅចុងបញ្ចប់ថា៖

«វ៉ាក់សាំងនេះ (SinoPharm) ត្រូវបានដាក់ឲ្យអនុវត្ត តាមពិធីសារស្ដីពី​យុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល​ចាប់ពីម៉ោង៩និង​៣០នាទី ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១។»

វ៉ាក់សាំង «SinoPharm» ដែលជាជំនួយរបស់ចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ២០២១។ ប្រព័ន្ធឃោសនានៅកម្ពុជា បានអះអាងថា វ៉ាក់សាំងនេះ នឹងចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ និងអ្នកផ្តល់សេវាចាំបាច់មួយចំនួន។

បើលោក ហ៊ុន សែន ប្រកាស«ឈប់ចាក់​វ៉ាក់សាំងចិន» ព្រោះលោកមានអាយុ​ច្រើនជាង៦០ឆ្នាំនោះ តែមកដល់ម៉ោងនេះ គេមិនទាន់ដឹងថា តើកូនចៅផៅសន្ដាន​របស់លោក ដែលមានអាយុរវាងពី១៨ ដល់៥៩ឆ្នាំ នៅតែទទួលចាក់មុនគេ នូវថ្នាំវ៉ាក់សាំងខាងលើ ដូចការអះអាង​របស់លោក កាលពីពេល​កន្លងមកដែរឬទេ៕



លំអិតបន្ថែមទៀត

ខ្មែរនៅបរទេស

ស្ដ្រីម្នាក់បរិហារក្រុងភ្នំពេញ ថាយក​ម្ដាយសិប្បនិមិត្ត​មក​«សំដែងល្ខោន»

ស្ត្រីម្នាក់ដែលកំពុងរស់នៅ ក្នុងប្រទេសបារាំង និងដាក់ឈ្មោះ​ «Ped Baly» បានបរិហាររបបក្រុងភ្នំពេញ ជុំវិញ​វីដេអូ«សំដែងល្ខោន»​សុំទោស​របស់ស្ត្រីម្នាក់ ដែលត្រូវបាន​យកបង្ហោះ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ផែង វណ្ណៈ មន្ត្រីស្និតគណបក្សប្រជាជនកម្ពុជា ...
កម្ពុជា

ហ៊ុន សែន ថាបាន​បើក​កិច្ចសន្ទនា​ជាមួយ​​បក្ស​​នយោបាយ ដោយ​មិន​រើសអើង

បុរសខ្លាំងកម្ពុជា បានលើកឡើងថា រដ្ឋាភិបាលរបស់លោក បាន​បើកទូលាយ ឲ្យមានកិច្ចសន្ទនា​ដ៏ស្មោះសរ និង ដោយ​មិន​រើសអើង ជាមួយគ្រប់បណ្ដា​គណបក្សនយោបាយ ក៏ដូចជាអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនផ្សេងទៀត ដើម្បីអ្វីមួយដែលលោកអះអាងថា ជាកិច្ចកសាង និងអភិវឌ្ឍន៍ជាតិ។ ...
ដំណឹង

បារាំង៖ យុទ្ធនាការចាក់​វ៉ាក់សាំងបង្ការកូវីដ នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ២៧ធ្នូ

ក្នុងប្រទេសបារាំង យុទ្ធនាការដំបូង នៃការចាក់ថ្នាំវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ (Covid-19) នឹងចាប់ផ្ដើម​ពីថ្ងៃអាទិត្យ ទី២៧ ខែធ្នូខាងមុខតទៅ។ នេះ បើតាមការប្រកាសឡើង របស់លោក «Olivier Véran» ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.