កម្ពុជាដំណឹង

កាសែតជប៉ុន​រំឭក​រដ្ឋាភិបាល​ខ្លួនពី​«ចំណាត់ការ»​របស់ EU ចំពោះ​ ហ៊ុន សែន

មិនមែនជាអត្ថបទព័ត៌មាន ឬជាសេចក្ដីរាយការណ៍ទេ តែជា«បទវិចារណកថា» របស់ការិយាល័យនិពន្ធ នៃសារព័ត៌មានជប៉ុនដ៏ធំមួយ ហៅថា «Japan Times» ដែលចេញផ្សាយកាលពីថ្ងៃសៅរ៍។ សារព័ត៌មាននេះ ហាក់ពន្យល់ទៅរដ្ឋាភិបាលជប៉ុន នៅក្នុងអត្ថបទនោះថា «សហភាពអ៊ឺរ៉ុប ពិតជាធ្វើ”ចំណាត់ការ”ត្រឹមត្រូវ ដោយឈរលើជំហរ នៃគោលការណ៍​និងគុណតម្លៃរបស់ខ្លួន ហើយសហភាពអ៊ឺរ៉ុប នឹងមិនគួរធ្វើចំណាត់ការនេះ តែម្នាក់ឯងនោះឡើយ»។

នៅក្នុងអត្ថបទវិចារណកថា ដែលមានចំណងជើងថា «សហភាពអ៊ឺរ៉ុបចាត់វិធានការតឹងរ៉ឹង ចំពោះប្រទេសកម្ពុជា» ការិយាល័យនិពន្ធរបស់សារព័ត៌មាន «Japan Times» បានសរសេររៀបរាប់ ពីចំណាត់ការរបស់សហភាពអ៊ឺរ៉ុប ថាបានបង្ហាញរូបរាងច្បាស់ឡើង បន្ទាប់ពីសហភាពអ៊ឺរ៉ុបបានព្រួយបារម្ភ ពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស និងជាពិសេស​គឺបន្ទាប់ពីលោក ហ៊ុន សែន បានគម្រាមថា នឹងកម្ទេចបក្សប្រឆាំងចោល ប្រសិនជារបបដឹកនាំរបស់លោក រងទណ្ឌកម្មពីសហភាពអ៊ឺរ៉ុបមែននោះ។

«៧២%»

ចំណាត់ការនោះ គឺសហភាពអ៊ឺរ៉ុបបានប្រកាសបើកនីតវិធី ដើម្បីឈានទៅព្យួរប្រទេស​កម្ពុជា ចេញពីកម្មវិធីអនុគ្រោះពន្ធរបស់ខ្លួន ហៅថា «គ្រប់ទំនិញទាំងអស់លើកលែងតែសព្វាវុធ – EBA»។ សារព័ត៌មានជប៉ុនសរសេរថា៖

«សហភាពអ៊ឺរ៉ុបគឺជាលំហរទីផ្សារនាំចេញ​ធំជាងគេបង្អស់ របស់កម្ពុជា ប្រមាណជា៤០% នៃការនាំចេញទាំងអស់របស់ប្រទេសនេះ (…) បើតាមតួលេខផ្ដល់ដោយក្រសួងពាណិជ្ជកម្ម នៅក្នុងឆរមាសដំបូងនៃឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅសហភាពអ៊ឺរ៉ុប ក្នុងចំនួនទឹកប្រាក់ ១,៦ពាន់លានដុល្លារ ខណៈការនាំចេញទៅសហរដ្ឋអាមេរិក ធ្វើឡើងក្នុងចំនួនទឹកប្រាក់ ៨៥៨លានដុល្លារ ដែលធ្វើឲ្យអាត្រានៃការនាំចេញ ទៅលំហទីផ្សារទាំងពីរ មានប្រមាណជា ៧២%។»។

ចំណាត់ការរបស់សហភាពអ៊ឺរ៉ុប ដែលចាប់ផ្ដើមតាំងពីដើមខែតុលា ឆ្នាំ២០១៨ ដោយការព្រមានប្រទេសកម្ពុជា ឲ្យឆាប់ងាកមកដើរតាមវិថីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សវិញនោះ មិនត្រូវបានរដ្ឋាភិបាលលោក ហ៊ុន សែន ខ្វល់ខ្វាយទេ ដោយបានហៅការសម្រេចចាត់វិធានការ របស់សហភាពអ៊ឺរ៉ុប ថាមានភាព«លំអៀងយ៉ាងគឃ្លើន»។

អត្ថបទរបស «Japan Times» បានស្រង់ការវាយបក​របស់លោក ហ៊ុន សែន មកបញ្ជាក់ថា កម្ពុជានឹងមិនយក​«ឯករាជភាព និងអធិបតេយ្យភាព»របស់ខ្លួន ទៅដោះដូរ​ជាថ្នូរ​នឹងអ្វីមួយ​ឡើយ។ ហើយបន្តិចក្រោយមក បុរសខ្លាំងកម្ពុជារូបនេះ បានគម្រាមទៅសហភាពអ៊ឺរ៉ុបវិញថា បើចង់ឲ្យក្រុមប្រឆាំងស្លាប់ អញ្ចឹងសហភាពអ៊ឺរ៉ុបផ្ដាច់ប្រព័ន្ធអនុគ្រោះ​ពន្ធ «EBA» នេះទៅ!

បទវិចារណកថាបានបន្តថា៖

«ចំណាត់ការខាងលើនេះ បានបណ្ដាល​ឲ្យមានការជជែកដេញដោល ទៅលើបែបផែនរបៀប​ណា ដើម្បីបង្កឥទ្ធិពល​ទៅលើប្រទេស ដែលមានរបបដឹកនាំផ្ដាច់ការ។  ការខិតខំប្រឹងប្រែងរបស់សហភាពអ៊ឺរ៉ុប ដែលមានទិសដៅចង់បង្ខំឲ្យក្រុងភ្នំពេញ ងាកមកគោរពសិទ្ធិពលរដ្ឋរបស់ខ្លួននោះ មិនគ្រាន់តែរងការជំទាស់ ពីប្រទេសកម្ពុជាខ្លួនឯងទេ តែក៏អាចប៉ះពាល់ដល់នយោបាយចិន ដែលចង់ពង្រឹងចំណងទាក់ទងរបស់ខ្លួន ជាមួយប្រទេសកម្ពុជានោះដែរ។»

«ប៉ះពាល់នយោបាយជប៉ុន ខណៈក្រុងតូត្យូមិនរិះគន់ ពីការបោះឆ្នោតក្លែងក្លាយ»

«ការចូលលូកដៃកាន់តែខ្លាំងឡើង ពីសំណាក់ប្រទេសចិន បានផ្ដល់ផលប៉ះពាល់ខ្លាំងណាស់ ទៅលើនយោបាយរបស់ជប៉ុន។ ក្រុងតូត្យូ បានជ្រើសរើសភាពស្ងប់ស្ងាត់ នៅអំឡុងពេលបោះឆ្នោតកន្លងមក ដោយមិនធ្វើការ​រិះគន់​ការបោះឆ្នោតក្លែងក្លាយ ក្នុងពេលនោះទេ។»

សារព័ត៌មានបានបន្តថា៖

«លោក ហ៊ុន សែន គឺជាកំពូលអ្នកលេង​ល្បែងភូមិសាស្ត្រ​នយោបាយ​ម្នាក់។ គាត់ស្វែងរក​ផលចំណេញផ្នែកសេដ្ឋកិច្ច ពីការទាក់ទងជាមួយលោកខាងលិច ហើយបែរជា​ងាកទៅរក​ចិន ដើម្បីតម្រូវការរបស់គាត់ ដែលចង់ឲ្យចិនធ្វើជាខែលការពារផ្នែកការទូត នៅពេលដែលបស្ចឹមលោកដាក់សម្ពាធលើគាត់ កាន់តែខ្លាំងឡើង ទាក់ទងការគោរពសិទ្ធិមនុស្ស។»

បទវិចារណកថាបានសរសេរនៅចុងបញ្ចប់ ដែលហាក់មានន័យដាស់តឿន សម្រាប់រដ្ឋាភិបាល​ជប៉ុនថា៖

«ការធ្វើមិនដឹងមិនឮ ចំពោះការរំលោភបំពាន មិនបានជួយប្រជាជនកម្ពុជា ហើយក៏មិនអាចលួងលោមឲ្យមានបំណងល្អ ពីរបបក្រុងភ្នំពេញនោះដែរ។ លោក ហ៊ុន សែន មានផលប្រយោជន៍ផ្ទាល់របស់គាត់ ដែលមិនមែនជាផលប្រយោជន៍ របស់ប្រជាជនកម្ពុជាទេ។ សហភាព​អ៊ឺរ៉ុបពិតជាធ្វើ”ចំណាត់ការ”​ត្រឹមត្រូវ ដោយឈរលើជំហរ នៃគោលការណ៍​និងគុណតម្លៃរបស់ខ្លួន ហើយសហភាពអ៊ឺរ៉ុប នឹងមិនគួរធ្វើចំណាត់ការនេះ តែម្នាក់ឯងឡើយ។»៕



លំអិតបន្ថែមទៀត

របាយការណ៍

មេទ័ព​កំពូល វង្ស ពិសេន ជា​នរណា?

លោក វង្ស ពិសេន បានក្លាយជាអគ្គមេបញ្ជការ នៃកងយោធពលខេមរភូមិន្ទ ឬហៅឲ្យខ្លី «មេទ័ព​កំពូល» តាមរយៈព្រះរាជក្រឹត្យតែងតាំង របស់ព្រះមហាក្សត្រកម្ពុជា កាលពីម្សិលម៉ិញ តាមការទូលស្នើសុំ របស់លោក ហ៊ុន ...
កម្ពុជា

ហ៊ុន សែន ផ្តាំទៅ​គូប្រកួត​ឲ្យ​«ហ្វឹកហាត់​ឲ្យ​ស្ទាត់» កុំឲ្យ​ចាញ់ដូចមុនៗ

បន្ទាប់ពីខកខាន លែងបានហាត់ប្រាណ អស់រយៈពេលជាច្រើនសប្ដាហ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការហាត់ប្រាណនេះឡើងវិញ នៅថ្ងៃនេះ និងបានឆ្លៀតផ្ញើរសារ ទៅកាន់គូប្រកួតរបស់លោក ឲ្យ«ហ្វឹកហាត់​ឲ្យ​ស្ទាត់» ដើម្បីកុំឲ្យ«ចាញ់ដូចមុនៗ»។ ការផ្ញើរសារនោះ ...
កម្ពុជា

សមាជិកសភា​អ៊ឺរ៉ុប​បន្តសួរ​ពី​«ទណ្ឌកម្មចំទិសដៅ»​ប្រឆាំង​របប ហ៊ុន សែន

លោក «Ramon Tremosa» សមាជិកសភាអ៊ឺរ៉ុប និងជាសមាជិករបស់ក្រុម​តំណាងរាស្ត្រអ៊ឺរ៉ុបមិត្តកម្ពុជា បានចោទសួរជាលាយលក្ខណ៍អក្សរ ទៅកាន់គណៈកម្មការអ៊ឺរ៉ុប ដើម្បីចង់ដឹងថា តើគម្រោងដាក់ទណ្ឌកម្ម លើរបបដឹកនាំក្រុងភ្នំពេញ បានដើរដល់ដំណាក់កាលណាហើយ។ ក្នុងចំណោមសំនួរចំនួនបី សមាជិកសភាអ៊ឺរ៉ុបរូបនោះ ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.