កម្ពុជាដំណឹង

CNRP អ៊ឺរ៉ុប ធ្វើបាតុកម្មព្រឹកនេះឲ្យបារាំង​បន្ថែមទណ្ឌកម្ម​លើរបប ហ៊ុន សែន

ដូចបានគ្រោងទុក ពលរដ្ឋខ្មែរ​ឬពលរដ្ឋមានដើមកំណើតខ្មែរ ច្រើនរយនាក់  ដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ក្នុងទ្វីបអ៊ឺរ៉ុប ( CNRP អ៊ឺរ៉ុប ) នឹងធ្វើបាតុកម្មក្នុងថ្ងៃសុក្រនេះ នៅខាងមុខក្រសួងការបរទេសបារាំង ដើម្បីទាមទារឲ្យរដ្ឋាភិបាលបារាំងចាត់វិធានការ ឲ្យបានខ្លាំងបន្ថែមទៀត ប្រឆាំងរបបដឹកនាំឯកបក្សក្រុងភ្នំពេញ។ នេះ បើតាមការអះអាងរបស់អ្នករៀបចំបាតុកម្មម្នាក់ ពីចំណោមអ្នករៀបចំបាតុកម្មច្រើននាក់ ដោយបញ្ជាក់ពីទឡ្ហីករណ៍ជាច្រើន ថាករណីរបស់ប្រទេសកម្ពុជា មិនខុសគ្នាពីប្រទេសវេណេស៊ុយអេឡានោះឡើយ។

លោក ទេព មនោរម្យ មន្ត្រីគណបក្សសង្គ្រោះជាតិប្រចាំទ្វីបអ៊ឺរ៉ុប ទទួលបន្ទុកព័ត៌មាន និងការផ្សព្វផ្សាយ បានថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីមុនបន្តិចថា គម្រោងធ្វើបាតុកម្មរបស់ពួកលោក នឹងចាប់ផ្ដើមពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង១៧រសៀល នៅលើ «Quais d’Orsay» ក្នុងសង្កាត់ទី៧ នៃរដ្ឋធានីប៉ារីស ដើម្បីទាមទារ និងធ្វើការដាក់ញត្តិ ទៅកាន់រដ្ឋាភិបាលបារាំង ឲ្យរឹតបន្តឹងទណ្ឌកម្ម ទៅលើរដ្ឋាភិបាលលោក ហ៊ុន សែន ដែលក្រុមលោកអះអាងថា បានឡើងកាន់អំណាច តាមរយៈការបោះឆ្នោតមួយ ដែលខុសច្បាប់។

«តើប្រទេសបារាំងនៅឯណា?»

Day 2 !

Gepostet von Kanika Lim am Donnerstag, 21. Februar 2019

ញត្តិរបស់ក្រុមបាតុករ ដែលទស្សនាវដ្ដីបានចូលទៅពិគ្រោះ មានសរសេររៀបរាប់យ៉ាងច្រើន ពីការដឹកនាំតាមបែប«ផ្ដាច់ការ» នៃលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង ដែលបានដាក់ប្រទេសកម្ពុជា ក្នុងរយៈពេលចុងក្រោយបង្អស់នេះ ឲ្យងាកដើរចេញពីវិថីប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ខុសពីរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ ញត្តិដែលដាក់ចំណងជើងថា «សូមប្រទេសបារាំង ជួយកម្ពុជាឲ្យងាកត្រឡប់ មករកលទ្ធិប្រជាធិបតេយ្យវិញ» បានសរសេរថា៖

«ក្នុងពេលបច្ចុប្បន្ននេះ យើងមិនអាចនិយាយពីកម្ពុជា ជាប្រទេសនីតិរដ្ឋបានឡើយ តែជាកម្ពុជា នៃរបបផ្ដាច់ការ។ លទ្ធិប្រជាធិបតេយ្យកំពុងស្លាប់ នៅចំពោះមុខយើង។ ហើយយើងមិនអាចទ្រាំបាន នឹងឃើញប្រទេសកម្ពុជាវិនាសនោះឡើយ។ តើយើងអាចទុកឲ្យប្រជាជនកម្ពុជា រស់នៅក្នុងភាពភ័យខ្លាច យ៉ាងដូម្ដេចទៅកើត? តើនៅចំពោះអំពើអយុត្តិធម៌នេះ ប្រទេសបារាំងត្រូវធ្វើអ្វីខ្លះ? តើប្រទេសបារាំង កំពុងធ្វើឲ្យតួនាទីខ្លួន​បាត់បង់ឬ? តើប្រទេសបារាំងនៅឯណា?»

ញត្តិខាងលើ ទទួលបានអ្នកចុះហត្ថលេខាគាំទ្រ ប្រមាណជា២០០០នាក់ មកដល់ម៉ោងនេះ ដែលហួសពីគ្រប់គ្រាន់ សម្រាប់ការដាក់ស្នើ ឡើងទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ឲ្យធ្វើអន្តរាគមន៍ក្នុងតួនាទីខ្លួន យ៉ាងហោចណាស់ ជាសហប្រធាន និងជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ឆ្នាំ១៩៩១។ ញត្តិនេះសរសេបន្តថា៖

«ប្រទេសបារាំង និងប្រទេសប្រជាធិបតេយ្យជាច្រើនទៀត បានធ្វើអន្តរាគមន៍យ៉ាងឆាប់រហ័ស ក្នុងការគាំទ្រគណបក្សប្រឆាំង នៅក្នុងប្រទេសវេណេស៊ុយអេឡា ដោយប្រើរយៈពេលដ៏ខ្លីមួយប៉ុណ្ណោះ។ ចុះហេតុអ្វីប្រទេសបារាំង មិនធ្វើការប្រឹងប្រែងដូចគ្នានេះ ដើម្បីគាំទ្រឲ្យមានលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា?» 

កម្ពុជា និងវេណេស៊ុយអេឡា មានស្ថានភាពដូចគ្នា?

នៅចំពោះសំនួររបស់ទស្សនាវដ្ដី អំពីលទ្ធិប្រជាធិបតេយ្យពហុបក្ស ដែលរបបក្រុងភ្នំពេញ តែងអះអាងថា មានគណបក្សនយោបាយចំនួន២០ ចូលរួមក្នុងការបោះឆ្នោតនោះ លោក ទេព មនោរម្យ បានពន្យល់ថា៖ 

«យើងអាចហៅថាប្រជាធិបតេយ្យពហុបក្ស លុះត្រាតែគណបក្សប្រឆាំងហ្នឹង មានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ពីប្រជាពលរដ្ឋកម្ពុជា និងមានអសនៈនៅក្នុងរដ្ឋសភាផង។ តែគណបក្សទាំង១៨-១៩ដែលចូលរួម [ប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា] ហ្នឹង មានគណបក្សខ្លះទើបបង្កើតបានបីខែ ហើយយកទៅចូលរួម ជាគណបក្សក្លែងក្លាយ (…) មិនអាចហៅថាពហុបក្សបានទេ។»

មន្ត្រី«CNRP អ៊ឺរ៉ុប»រូបនេះ បានបន្តថា៖

«យើងទាមទារឲ្យបារាំង ដែលជាប្រទេសហត្ថលេខីហ្នឹង កុំទទួលស្គាល់របបលោក ហ៊ុន សែន ដូចបារាំងបានបដិសេធមិនទទួលស្គាល់ លោក នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) នៅប្រទេសវេណេស៊ុយអេឡា ហើយបារាំងបានទទួលស្គាល់គណបក្សប្រឆាំង លោក រ៉ន់ ហ្គេដូ (Juan Guaido)។ យើងចង់ឲ្យបារាំងដើរតួនាទីដូចគ្នា ព្រោះប្រទេសកម្ពុជា និងប្រទេសវេណេស៊ុយអេឡា មានស្ថានភាពដូចគ្នា។ យើងចង់ឲ្យបារាំងហ្នឹងធ្វើសេចក្ដីថ្លែងការណ៍ កុំទទួលស្គាល់របបលោក ហ៊ុន សែន ហើយទទួលស្គាល់គណបក្សប្រឆាំង ហើយទាមទារឲ្យមានការបោះឆ្នោត ដូចវេណេស៊ុយអេឡាអញ្ចឹងដែរ។»

ក្នុងពេលរាត្រីនេះ មិនអាចទាក់ទងមន្ត្រីរដ្ឋាភិបាលកម្ពុជា ឬមន្ត្រីស្ថានទូតកម្ពុជា ប្រចាំប្រទេសបារាំង ដើម្បីធ្វើប្រតិកម្ម​តបនឹងបាតុកម្ម​ខាងលើ របស់ក្រុមអ្នកគាំទ្រ​គណបក្សសង្គ្រោះជាតិ​នោះ​បានទេ។

ប៉ុន្តែរាល់បាតុកម្មរបស់ពលរដ្ឋខ្មែរ​ក្រៅស្រុក ដែលត្រូវបានរៀបចំធ្វើ ក្នុងពេលកន្លងមក តែងត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជា ចាត់ទុកថា នោះគ្រាន់តែជាសម្លេងតិចតួច ដែលគ្មានឥទ្ធិពលសម្រាប់រដ្ឋាភិបាលកម្ពុជា ឬជំនួសឲ្យសម្លេងឆ្នោត របស់ពលរដ្ឋក្នុងស្រុក នោះឡើយ។ កាលពីពេលថ្មីៗនេះទៀតសោធ ក្រសួងការបរទេសកម្ពុជា ក៏បានបានចេញសេចក្ដីថ្លែងការណ៍មួយដែរ បដិសេធ​ការប្រៀបធៀប​ប្រទេសកម្ពុជា ទៅនឹងប្រទេស​វេណេស៊ុយអេឡា ដោយពន្យល់ថា ប្រទេសទាំងពីរ​​មានប្រព័ន្ធ​នយោបាយ និងការដឹកនាំខុសគ្នា៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ថា​សម្ពាធ​អន្តរជាតិ​ធ្វើឲ្យ ហ៊ុន សែន សម្រេច​ចិត្ត​​«ត្រឡប់ត្រឡិន»

សម្រាប់មេដឹកនាំប្រឆាំង បានពន្យល់ថា ការប្រកាសរបស់រដ្ឋាភិបាលក្រុងភ្នំពេញ ដែលថា កម្ពុជាមិនបានដាក់សមាជិកសភាអ៊ឺរ៉ុប ចូលក្នុងបញ្ជីខ្មៅ នៃជនហាមឃាត់ចូលទឹកដីកម្ពុជានោះ ជាការសម្រេចចិត្តបែប«ត្រឡប់ត្រឡិន» របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងរងសម្ពាធ ពីសហគមន៍អន្តរជាតិ។ ...
កម្ពុជា

ហ៊ុន សែន បន្ទោស​អភិបាល​ខេត្ត-ក្រុង ថាមិនប្រើ​អំណាច​ផ្អាកមង្គលការ

នាយករដ្ឋមន្ត្រីនៅកម្ពុជា លោក ហ៊ុន សែន បានចេញសារ បន្ទោស​អភិបាល​ខេត្ត-ក្រុង ដែលលោកថាបាន​ផ្ដល់សិទ្ធិ និងអំណាចឲ្យ ដើម្បីចាត់វិធានការ​ផ្អាកការរៀបចំពិធីមង្គលការ និងពិធីផ្សេងៗ ដើម្បីបញ្ចៀសការរាតត្បាត​ជំងឺកូវីដ-១៩ (Covid-19)។ នេះបើតាម​សារសំឡេងមួយ ...
ដំណឹង

បាតុកម្មអាវកាក់លឿង៖ នគរបាល​ដក​កាំភ្លើង ក្នុង​ការ​ប្រឈម​មួយ

ស្ថានការណ៍នៅល្ងាចថ្ងៃសៅរ៍ ម្សិលម៉ិញ កណ្ដាលរដ្ឋធានីប៉ារីស (ប្រទេសបារាំង) បានប្រែក្លាយភាពតានតឹង ប្រកបដោយគ្រោះថ្នាក់ ក្នុងរយៈពេលខ្លីមួយ រវាងក្រុមបាតុករ អាវកាក់លឿង និងកងកម្លាំងនគរបាល ដែលជិះម៉ូតូ ប្រមាណជាបីនាក់ នៅលើដងមហាវិថី ...

Comments are closed.

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

កម្ពុជា

កម្ពុជា ជាប់ឈ្មោះ​​ក្នុងបញ្ជី​​នៃក្រុមប្រទេស​«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ»

ប្រទេសកម្ពុជា​ទើបត្រូវបានចាត់ចូល ក្នុងបញ្ជីនៃក្រុមប្រទេស«វាយបង្ក្រាប​សិទ្ធិពលរដ្ឋ» របស់អង្គការ«សម្ព័ន្ធភាពពិភពលោក នៃបណ្ដាអង្គការសង្គមស៊ីវិល និងសកម្មជន» ហៅកាត់ថា«CIVICUS» ដែលមានសមាជិកប្រមាណជាង ៩០០០អង្គការសង្គមស៊ីវិល មកពី១៧៥ប្រទេស នៅជុំវិញផែនដី។ ការចុះបញ្ជីនេះ បានធ្វើឡើងបន្ទាប់ពីការសម្រេចថ្មីបំផុត របស់រដ្ឋាភិបាលលោក ...