កម្ពុជាដំណឹង

ស្រុត​អគារ​ចិន៖ ប្រតិបត្តិការ​សង្គ្រោះ​បាន​«បញ្ចប់» – ​មនុស្ស​​២៨នាក់​ស្លាប់

ប្រតិបត្តិការជួយសង្គ្រោះជីវិត ពីក្នុងគំនរបាក់បែក នៃអគារកំពស់៧ជាន់ សាងសង់ដោយសហគ្រាសចិន បាន«បញ្ចប់»ហើយ នៅយប់ថ្ងៃចន្ទទី២៤ ខែមិថុនានេះ។ នេះ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុ ដែលចេញផ្សាយ កាលពីប៉ុន្មាននាទីមុន។

សេចក្ដីប្រកាសព័ត៌មាន បានឲ្យដឹងថា ប្រតិបត្តិការរយៈពេល២ថ្ងៃកន្លះ បាន«បញ្ចប់»នៅម៉ោង ១៩និង៣០នាទី យប់ថ្ងៃចន្ទនេះ ជាមួយនឹងតុល្យភាពចុងក្រោយ ដ៏ធ្ងន់ធ្ងរ និងអាណោចអធម៖ មនុស្ស២៨នាក់បានស្លាប់ និង២៦នាក់ទៀត បានរងរបួស។

«ឧបទ្ទវហេតុ…»

ជាថ្មីម្ដងទៀត និងមិនខុសពីការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលកន្លងមកទេ រដ្ឋបាលខេត្តព្រះសីហនុ បានប្រើពាក្យ«ឧបទ្ទវហេតុ» ដើម្បីសម្គាល់ពីគ្រោះមហន្តរាយខាងលើ និងថែមទាំងបានឆ្លៀតឱកាសនេះ ដើម្បីអរគុណលោក ហ៊ុន សែន ដែលបានចុះដល់កន្លែងកើតហេតុ ដើម្បី«ត្រួតពិនិត្យ និងដឹកនាំបញ្ជាផ្ទាល់»។

គេមិនទាន់ដឹងថា តើសហគ្រាសចិន ដែលជាម្ចាស់សំណង រួមនឹងជនពាក់ព័ន្ធផ្សេងទៀត នឹងត្រូវរងការផ្តន្ទាទោស បែបណា នៅចំពោះការស្រុតបាក់សំណង កំពស់៧ជាន់មួយនេះ ដែលត្រូវបានអាជ្ញាធរវាយតម្លៃថា ត្រូវបានសាងសង់ឡើង ដោយ«គ្មានច្បាប់អនុញ្ញាត»នៅឡើយ។ យ៉ាងណា​ លោក ស ខេង រដ្ឋមន្ត្រីមហាផ្ទៃ អះអាងថានឹងស្វែងរកមូលហេតុពិតឲ្យឃើញ ហើយជនដែលពាក់ព័ន្ធ នឹងត្រូវផ្ដន្ទាទោស។

ដោយឡែក គ្រួសារ​អ្នកដែល​បាត់បង់​ជីវិត នឹងទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ ជាង​៦ម៉ឺនដុល្លារ បន្ថែមពីលើប្រាក់ឧបត្ថម្ភ ៤០លានរៀល (ប្រមាណជា១ម៉ឺនដុល្លារ) ដែលផ្ដល់ដោយរដ្ឋាភិបាល ហើយ​ជន​រងគ្រោះ​ដែលកំពុងសម្រាកព្យាបាល​ នឹងទទួលបាន​១ម៉ឺនដុល្លារ​ បន្ថែមពីលើប្រាក់៥លានរៀល ដែលផ្ដល់ដោយរដ្ឋាភិបាល។

ហេតុការណ៍ដ៏អាក្រក់មួយនេះ ក៏បានធ្វើមន្ត្រីជាន់ខ្ពស់ ថ្នាក់មូលដ្ឋានម្នាក់ និងមន្ត្រីជាន់ខ្ពស់ ថ្នាក់ជាតិម្នាក់ទៀត ផ្លាស់ចេញពីតំណែងដើម របស់ផងខ្លួនដែរ។ ជោគវាសនារបស់មន្ត្រីទាំងពីរ ត្រូវបានសម្រេចដោយលោក ហ៊ុន សែន ក្នុងថ្ងៃចន្ទនេះដដែល។

លោកនាយករដ្ឋមន្ត្រី បានអះអាងថា លោក យន្ដ មីន ដែលពេលនេះ ក្លាយជា​«អតីត»​អភិបាលខេត្ត បានសុំលាលែងពីតំណែង ខណៈលោក ញឹម វណ្ណដា ដែលពេលនេះ ក្លាយជា«អតីត»អនុប្រធានទី១ នៃគណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបានដកចេញពីតំណែង​  ព្រោះខ្វះការទទួលខុសត្រូវ និងភូតភរ។

«បង្ហាញ…»

យ៉ាងណា មន្ត្រីជាន់ខ្ពស់ទាំងពីររូប ត្រូវបានផ្លាស់ទៅកាន់តំណែងថ្មី ក្នុងថ្ងៃចន្ទដដែលនេះ។ លោក យន្ត មីន ត្រូវបានផ្ទេរ ទៅ​បម្រើការងារនៅក្រសួងមហាផ្ទៃ ខណៈលោក ញឹម វណ្ណដា ត្រូវបានតែងតាំង ឲ្យក្លាយជា«ទីប្រឹក្សារដ្ឋាភិបាល» មានឋានៈស្មើទេសរដ្ឋមន្ត្រី។

លោក ហ៊ុន សែន ថែមទាំងបានការពារ ការសម្រេចចិត្តរបស់លោក ក្នុងការផ្លាស់ប្ដូរតំណែងទាំងនេះ គឺដើម្បីបង្ហាញ«ពីការទទួលខុសត្រូវ​របស់អាជ្ញាធរ» នៅចំពោះមុខប្រជា​ពលរដ្ឋ។ មេដឹកនាំកម្ពុជារូបនេះ បានឲ្យដឹង នៅលើទំព័រហ្វេសប៊ុក​របស់លោកថា៖

«ឯកឧត្តម យន្ត មីន បានទទួលស្គាល់ ទទួលខុសត្រូវ​អំពីកំហុស លើការ​អនុវត្តសមត្ថភាព​ សមត្ថកិច្ចរបស់គាត់​។ គាត់បានលាលែងចេញពី​​ដំណែង​ ជាអភិបាល​ខេត្ត បង្ហាញ​ពីការទទួលខុសត្រូវ​ របស់​អាជ្ញាធរ នៅចំពោះមុខប្រជាពលរដ្ឋ​កម្ពុជា៕»



លំអិតបន្ថែមទៀត

វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថាព្រះរាជាសព្វថ្ងៃ មិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨

«សព្វថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ ដូចជាមិនខុសពីព្រះចៅអធិរាជជប៉ុន មុនឆ្នាំ១៨៦៨ ប៉ុន្មានទេ» នេះ ជាការអះអាងឡើង របស់លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយ និងសង្គម ដោយពន្យល់ថា ...
កម្ពុជា

សម រង្ស៊ី ថាគ្រួសារត្រកូល ហ៊ុន នៅ​ពីក្រោយ​ធនាគារ ដែលធ្វើឲ្យ​ការប្រាក់​ថ្លៃ

លោក សម រង្ស៊ី បានតំឡើងសម្លេងខ្លាំងៗ បន្ថែមទៀតនៅថ្ងៃនេះ ដាក់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋាភិបាល​របស់លោក ជុំវិញដំណោះស្រាយ នៃការជំពាក់​ប្រាក់​ធនាគារ ដោយពលរដ្ឋកម្ពុជា ដែលហាក់​នៅទ្រឹង ...
កម្ពុជា

សម រង្ស៊ី៖ «ហ៊ុន សែន ចង់ដាក់ ហ៊ុន ម៉ានី ជំនួស ស ខេង នៅក្រសួងមហាផ្ទៃ»

នៅប៉ុន្មាននាទីមុន ប្រធានស្ដីទី​គណបក្ស​​សង្គ្រោះជាតិ បានបង្ហោះសារខ្លីមួយថា លោក ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីមហាផ្ទៃ និងជាអនុប្រធាន​គណបក្ស​​ប្រជាជនកម្ពុជា កំពុងរៀបចំបែក ពីលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយសារប្រមុខ​រដ្ឋាភិបាល​កម្ពុជា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.