មនុស្សពីរនាក់ ស្ត្រីម្នាក់ ប្រុសម្នាក់ ក្នុងនោះម្នាក់ជាមេខ្យល់ ម្នាក់ជាអ្នកដើរស្វែងរកមនុស្ស ក្នុង«បណ្ដាញ​ជួញដូរ​​ក្រលៀន»​មួយ ត្រូវ​បាន​នគរបាល​កម្ពុជាចាប់ខ្លួន កាលពីថ្ងៃសុក្រ។ អ្នកទាំងពីរបាន​រង​ការសង្ស័យ​ថា បាន​ស្វែង​រក​មនុស្ស​ពី​កម្ពុជា បញ្ជូន​ចេញ​ទៅកាន់​ប្រទេសឥណ្ឌា ដើម្បីផ្ដល់ក្រលៀន ទៅឲ្យអ្នកជំងឺ ដែល​រងចាំ​នៅ​ទីនោះ។

ពីក្នុងចំណោម​ជនទាំងពីរនាក់ មានបុរសម្នាក់ដែលមានឈ្មោះ ឡាច ម៉េងហុង អាយុ៣៤ឆ្នាំ រស់នៅសង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានសង្ស័យថា​ជាមេខ្យល់។ ចំណែកឯស្ត្រីម្នាក់ទៀត ដែល​មាន​ឈ្មោះ អើ ឡាត អាយុ​៣៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នងសង្កាត់ចោមចៅ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរសង្ស័យ​ថា ជាអ្នក​ស្វែង​រកមនុស្ស (កួកជេ – Courtier)។

លោកវរៈសេនីយ៍ឯក កែវ ធា ប្រធានការិយាល័យ​​ប្រឆាំង​ការជួញដូរ​មនុស្ស និងកាពារអនិតិជន រាជធានី​ភ្នំពេញ បានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹង​និងពាក្យបណ្ដឹង ទាក់ទងនឹងបណ្ដាញរកស៊ីជួញដូរក្រលៀន នាំ​មនុស្ស​ពី​កម្ពុជា ទៅធ្វើការវះកាត់ដោះដូរក្រលៀន នៅប្រទេសឥណ្ឌានោះ​មក កងកម្លាំងរបស់លោក​បាន​ស្រាវ​ជ្រាវ និង​ឈាន​ទៅចាប់​ខ្លួន​ស្ត្រីម្នាក់ខាងលើ នៅរសៀលថ្ងៃទី២៤ ខែឧសភា នៅត្រង់ចំណុច​ខាងក្រោយ​ផ្សារឯករាជ្យ​២ ក្នុងសង្កាត់​ចោមចៅ ខណ្ឌ​ពោធិសែនជ័យ មុននឹងចាប់ខ្លួន​បុរស​ម្នាក់ទៀត នៅយប់​ថ្ងៃ​ដដែល នៅ​ម្តុំ​ស្តុប​បូកគោ សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។

បើតាមសំដី​របស់​ជនសង្ស័យ​ទាំងពីរ បានរៀបរាប់​​ឲ្យអ្នក​ស៊ើប​អង្កេត​ដឹងថា ពួកគេធ្លាប់​ធ្វើសកម្មភាពនេះ បាន​មិន​តិច​ជាង​១០ដង រាប់តាំងពីជាង១ឆ្នាំមកហើយ។ ពួកគេនាំមនុស្ស​ដែល​ជាជន​ក្រីក្រ ដែលពួកគេ​រក​បាន​នៅក្នុងប្រទេស​កម្ពុជា ចេញ​ទៅកាន់​ប្រទេស​ឥណ្ឌា ដើម្បីធ្វើការវះកាត់​ប្ដូរផ្លាស់​ក្រលៀន នៅក្នុង​រដ្ឋធានី ញ៉ូដេលី។

ពួកគេបន្តថា តម្លៃ​ក្នុង​ក្រលៀន​មួយ មានតម្លៃប្រមាណជា​៤ម៉ឺនដុល្លារ ប៉ុន្តែរាល់​ការចំណាយ លើការរត់លិខិត​ស្នាម ចូល​ស្ថានទូត​ឥណ្ឌា ទិញសំបុត្រ​យន្ដហោះ ការស្នាក់នៅស៊ីចុក និង​ជាពិសេស ការចំណាយ​ទៅលើ​ការផ្លាស់ប្ដូរ​ក្រដាស​ស្នាម បាន​បន្យល់​ឲ្យ​ពួកគេ នូវប្រាក់ចំណេញ សម្រាប់ម្នាក់ៗ ប្រមាណ​តែ៥៨០០ដុល្លារ​ប៉ុណ្ណោះ។

ពួកគេមានជំហានពីរ ដែលត្រូវយកមកអនុវត្តន៍ បន្ទាប់ពីរកបានមនុស្ស (អ្នកលក់) និង​មុននឹងនាំ​មនុស្ស​នោះ​ ចេញ​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ឥណ្ឌា។ ទីមួយ ត្រូវពិនិត្យឈាម​អ្នកលក់​ក្រលៀន ដើម្បីចង់​ដឹងថា មាន​ប្រភេទ​ត្រូវ​គ្នា​ជាមួយ​អ្នកជម្ងឺ ដែលត្រូវទិញក្រលៀន។ និងទីពីរ ត្រូវកែឆ្នៃ​ឯកសារ​​របស់អ្នកលក់ ឲ្យធ្វើជាសាច់​ញាតិរបស់​អ្នក​ទិញ ដើម្បីបង្កលក្ខណៈ​ងាយស្រួល ដល់ការធ្វើឯកសារ​មនុស្សធម៍ ក្នុងការ​នាំចេញ ទៅដោះដូរ​ក្រលៀន នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

ដោយឡែកជន​សង្ស័យជាស្ត្រី អ្នកស្រី អើ ឡាត បានឆ្លើយ​ថា ខ្លួនទើបតែធ្វើរឿងនេះ​ជាមួយ​លោក ឡាច ម៉េងហុង បាន​ចំនួន​ពីរដងទេ ក្នុងនាម​ជាអ្នកដើរ​ស្វែងរកមនុស្ស។ សម្រាប់សកម្មភាព​ពីរដងនេះ ខ្លួន​​ទទួល​បាន​ប្រាក់​ពី​លោក ម៉េងហុង ចំនួន៤០០​ទៅ៥០០ដុល្លារ តែទទួលបាន​ប្រាក់បន្ថែម (Commission) មួយ​ចំនួន​ទៀត​ពីអ្នក​ទិញ​និង​ពី​អ្នក​លក់។ អ្នកស្រីបាន​បញ្ជាក់​ថា នៅក្នុងប្រទេស​ឥណ្ឌា ថ្លៃវះកាត់ផ្លាស់ប្ដូរ​ក្រលៀន​នៅ​ទីនោះ​មាន​តម្លៃ​ថោក (រវាង​ពី១ម៉ឺន៥ពាន់ ទៅ១ម៉ឺន៧ពាន់ដុល្លារអាមេរិក)។

ជនសង្ស័យទាំងពីរនាក់។ (រូបថតនគរបាលកម្ពុជា)

«បណ្ដាញ​ជួញដូរ​​ក្រលៀន»​ដ៏ធំមួយ​…

គេមិនបានឲ្យដឹងទេថា តើអ្នកលក់ក្រលៀន ទទួលបាន​ប្រាក់​ប៉ុន្មាន នៅក្នុងការផ្លាស់​ប្ដូរក្រលៀន​ម្ដងៗនេះ។

លោក កែវ ធា បានបន្ត​ទៀតថា បុរសដែលរងការ​សង្ស័យ​​ជាមេខ្យល់នោះ មាន​បណ្តាញ​ទំនាក់​ទំនង​ដ៏ធំមួយ នៅក្នុង​ស្រុក រហូតដល់​ប្រទេស​ឥណ្ឌា ខណៈ​អ្នកស្រី អើ ឡាត អាច​គ្រាន់តែជា​អ្នក​ធ្វើការ​ឲ្យ​មេខ្យល់ ដើម្បី​ដើរ​អូសទាញ​ជន​ក្រីក្រ ដែល​ត្រូវការ​ប្រាក់ យក​មកឲ្យ​មេខ្យល់​ប៉ុណ្ណោះ។ យ៉ាងណា​ក៏ដោយ ក៏សំនុំរឿង​របស់​ជន​សង្ស័យ​ទាំង​ពីរ ត្រូវបាន​នគរបាល​កសាង​ឡើងទៅតុលាការ​រាជធានី​ភ្នំពេញហើយ ហើយការ​ដាក់ទោស​ទណ្ឌ​ដូចម្ដេច​នោះ ជា​អំណាច​របស់​តុលាការ។

ប្រទេសកម្ពុជា ធ្លាប់មានសំណុំរឿងបែបនេះម្ដងហើយ កាលពីឆ្នាំ២០១៥ ដែលជាករណី​លើក​ដំបូង​បង្អស់ មិន​ដែល​ធ្លាប់​មាន ពីមុនមកទេ។ កាលនោះ មនុស្សបី​នាក់ ត្រូវបានតុលាការ​ផ្ដន្ទាទោស ឲ្យជាប់​ពន្ធនាគារ ពី១០​ទៅ​១៥ឆ្នាំ ពី​បទ​អូស​ទាញ បញ្ចុះបញ្ចូល​ពលរដ្ឋក្រីក្រខ្មែរ ឲ្យលក់ក្រលៀន​របស់​ពួកគេ។

របាយការណ៍ប៉ាន់ប្រមាណមួយ របស់អង្គការសុខភាពពិភពលោក (WHO – OMS) បាន​ឲ្យដឹងថា បណ្ដាញ​អន្តរជាតិ នៃការជួញ​ដូរ​គ្រឿងក្នុងមនុស្ស បានផ្គត់ផ្គង់ ទៅឲ្យទីផ្សារ​វះកាត់ផ្លាស់ប្ដូរ​គ្រឿង​ក្នុង មាន​ចំនួន​យ៉ាង​តិច ១០ ០០០ដង និង​រហូតដល់ ១០០ ០០០ដង ក្នុង​មួយ​ឆ្នាំៗ។ ការជួញដូរ​របៀបនេះ បានកើត​ឡើង​ជាញឹក​ញយ​ណាស់ នៅក្នុង​ប្រទេស​ឥណ្ឌា និង​ប្រទេសនេប៉ាល់។

ប៉ុន្តែក្នុងរយៈពេល​ចុងក្រោយ​នេះ ការ​ជួញដូរ​គ្រឿង​ក្នុង​មនុស្ស មានចំនួនកាន់​តែច្រើន​ឡើង ហើយតម្លៃ ក្នុងការវះកាត់​​ផ្លាស់ប្ដូរ​គ្រឿងក្នុង​​ម្ដងៗ ក៏​មានតម្លៃកាន់​តែ​ខ្ពស់ដែរ ដោយសារកំណើន​ដ៏ខ្លាំង នៃអ្នកជំងឺ (អ្នកទិញ)។ តម្រូវការ​នេះ បានបង្កើត​ឲ្យមាន​ នូវ​ទីផ្សារ​ងងឹត ដើម្បី​ធ្វើការ​ទិញ​ដូរ ដោយ​ខុស​ច្បាប់ និងពោរពេញ​ដោយ​ឧក្រិដ្ឋកម្ម៕



លំអិតបន្ថែមទៀត

ដំណឹង

«កោរត្រងោល»ស្ត្រី​ម្ដាយកូន​ពីរនាក់ ព្រោះ​ជំទាស់​ការចាប់​រំលោភ

ស្ត្រីពីរនាក់ ម្ដាយនិងកូន ត្រូវបានចាប់«កោរត្រងោល» និងចាប់ឲ្យដើរ នៅតាមដងផ្លូវ បន្ទាប់ពីពួកនាង បានជំទាស់នឹងការប៉ុនប៉ងចាប់រំលោភ ពីសំណាក់បុរសមួយក្រុម។ នេះ បើតាមការអះអាង របស់នគរបាលឥណ្ឌា កាលពីថ្ងៃសុក្រ។ នគរបាលបន្តទៀតថា ...
វិភាគ អត្ថាធិប្បាយ

វិភាគ ៖ Covid-19 – ហេតុអ្វី ត្រាំ ឆេះដុំ​ដាក់​អង្គការ​សុខភាព​ពិភពលោក?

វិភាគ ៖ តាំងពីច្រើនសប្ដាហ៍ហើយ ដែលសហរដ្ឋអាមេរិក បានក្លាយជាប្រទេសទីមួយ ដែលជំងឺ «Covid-19» វាយលុកខ្លាំងជាងគេ និងទទួលបាន ការយកចិត្តទុកដាក់ខ្លាំងបំផុត ពីសំណាក់អង្គការសុខភាពពិភពលោក (WHO /OMS)។ ...
ដំណឹង

Covid-19 ៖ មកដល់​ម៉ោង​នេះ អ្នកជំងឺ​សរុប​ជាង១១ពាន់​នាក់ បានស្លាប់

មកដល់​ម៉ោង​នេះ ជំងឺរលាកផ្លូវដង្ហើម ប្រភេទថ្មី បណ្ដាលមកពីមេរោគ«កូរូណា» ឬ«Covid-19» បានសម្លាប់​អ្នកជំងឺសរុប ជាង១១ពាន់នាក់ហើយ។ តុល្យភាពចុងក្រោយ ដែលទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ បានចូលទៅពិគ្រោះ បង្ហាញថា មនុស្សចំនួន ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.