ដំណឹងអាស៊ី-ប៉ាស៊ីភិក

«សង្គ្រាមឃោសនា»​ឥណ្ឌា-​ប៉ាគីស្ដង់ ក្រោយ​ការដោះលែង​អ្នកបើក​យន្ដហោះ

វីដេអូមួយផ្សាយចេញពីប្រទេសប៉ាគីស្ដង់ បង្ហាញពីទាហានបើកយន្ដហោះឥណ្ឌា និយាយអរគុណអាជ្ញាធរប៉ាគីស្ដង់ ដែលត្រៀមដោះលែងខ្លួនកាលពីថ្ងៃសុក្រ​(ម្សិលម៉ិញ)​នោះ បានបញ្ជេះកំហឹងរបស់បណ្ដាជនឥណ្ឌា ឲ្យផ្ទុះជាអណ្ដាតភ្លើងឡើង យ៉ាងសន្ធោសន្ធៅ។ ផ្ទុះជាអណ្ដាតភ្លើង ដោយហេតុថា ប្រទេសប៉ាគីស្ដង់បានប្រើប្រាស់ការដោះលែង​ទាហាន​បើក​យន្ដហោះរូបនោះ ដើម្បីធ្វើ«សង្គ្រាមឃោសនា»របស់ខ្លួន ខណៈប្រទេសនេះបានប្រកាសកាលពីថ្ងៃព្រហស្បត្តិ៍ ថានឹងធ្វើការដោះលែងឈ្លើយសិក ដើម្បីជាកាយវិការ«សន្តិភាព»។

ក្នុងថ្ងៃសៅរ៍នេះ ការពើបប្រទះគ្នារវាងកងទ័ពទាំងសងខាង ដោយការបាញ់កាំភ្លើងធំ តបគ្នាទៅវិញទៅមក ក៏បានកើតឡើងដែរ នៅតាមព្រំដែនក្នុងតំបន់កាស្មៀរ។ ប្រភពមួយពីកងទ័ពប៉ាគីស្ដង់ បានប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថាមានទាហានប៉ាគីស្ដង់ពីរនាក់ បានស្លាប់។

ទាហានបើកយន្ដហោះ លោក «Abhinandan Varthaman» ដែលមានឋានៈជាមេបញ្ជាការរងផង ត្រូវបានកងទ័ពប៉ាគីស្ដង់ចាប់ខ្លួនកាលពីថ្ងៃពុធ នៅបន្ទាប់ពីលោកបាន​បើក​យន្ដហោះប្រភេទ «Mig-21» ដេញយន្ដហោះរបស់កងទ័ពប៉ាគីស្ដង់ នៅក្នុងតំបន់ជាប់​ព្រំដែន។ ក្នុងការប្រដេញគ្នានោះ យន្ដហោះរបស់លោក​ត្រូវបានកងទ័ព​ប៉ាគីស្ដង់បាញ់ទម្លាក់ តែរូបលោក​បានចុចគន្លឺះកៅអីទាន់ពេល ដើម្បីបង្ហោះខ្លួន​ចេញពីយន្ដហោះ។

លោកត្រូវបានដោះលែងវិញ នៅថ្ងៃយប់ថ្ងៃ​សុក្រ ដោយយឺតជាងពេលវេលាកំណត់ ជាច្រើនម៉ោង។ គេបានឃើញលោកមានស្នាមជាំខ្មៅ នៅជុំវិញភ្នែកម្ខាង។ បន្ទាប់ពីចូលមកដល់ទឹកដីឥណ្ឌា លោកត្រូវបានបញ្ជូនទៅពិនិត្យសុខភាព មុននឹងធ្វើសេចក្ដីរាយការណ៍​ក្នុងរយៈពេលខ្លីមួយ ជាមួយផ្នែកអង្កេតយោធា និងចារកម្មឥណ្ឌា។

បើតាមសារព័ត៌មាននៅក្នុងប្រទេសឥណ្ឌា បានរាយការណ៍ថា ការដោះលែងលោក «Abhinandan Varthaman» បានពន្យាពេលអស់ជាច្រើនម៉ោង ដោយហេតុថា ទាហានបើកយន្ដហោះរូបនេះ ត្រូវបានបង្ខំឲ្យធ្វើវីដេអូ«អរគុណ»ខាងលើ ដើម្បីអាចឲ្យលោកត្រឡប់មកប្រទេសឥណ្ឌាវិញ។

វីដេអូនោះ ដែលត្រូវបានផ្សព្វផ្សាយយ៉ាងសម្បើម ដោយកងទ័ពប៉ាគីស្ដង់ បង្ហាញថា លោក «Abhinandan Varthaman» បានអរគុណកងទ័ពប៉ាគីស្ដង់ ដែលធ្វើការប្រកបដោយជំនាញ និងបានជួយលោក នៅពេលលោកបានធ្លាក់ចុះមកដល់ដី កាលពីថ្ងៃពុធ។ ទាហានឥណ្ឌារូបនេះ ថែមទាំងបានបន្ទោសសារព័ត៌មានឥណ្ឌាថា បានផ្សព្វផ្សាយការរើសអើង និងបង្កឲ្យមានសង្គ្រាមរវាងប្រទេសទាំងពីរ។

អតីតអភិបាលរដ្ឋ «Jammu and Kashmir» នៃតំបន់កាស្មៀរ លោក «Omar Abdullah» បានលើកឡើងថា វីដេអូខាងលើបានធ្វើឲ្យល្អក់កករ ដល់កាយវិការរបស់ប្រទេសប៉ាគីស្ដង់ ដែលអះអាងថា ការដោះលែងនេះគឺដើម្បី«សន្តិភាព»រវាងប្រទេសទាំងពីរ។ លោកបានសរសេរនៅលើបណ្ដាញសង្គមថា៖

«ទាហានបើកយន្ដហោះ ត្រូវបានបង្ខំឲ្យថតវីដេអូ (ខាងលើ) នៅមុនពេលពួកអ្នកឯង (ប៉ាគីស្ដង់) ដោះលែងគាត់មកឲ្យយើង (ឥណ្ឌា) វិញ។»

ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសឥណ្ឌា បានចាត់ទុកការថត និងផ្សាយវីដេអូនោះ ថាជា«សង្គ្រាមឃោសនា ដ៏គួរឲ្យស្អប់ខ្ពើម» និងបានរំលោភ លើច្បាប់អន្តរជាតិស្ដីពីឈ្លើយសិក។ បណ្ដាជនឥណ្ឌា​អ្នកប្រើប្រាស់បណ្ដាញសង្គម ក៏បានធ្វើប្រតិកម្មខ្លាំងៗ តបនឹងប្រទេសប៉ាគីស្ដង់វិញដែរ។

ពានរង្វាន់ណូបែលសន្តិភាព

តែរដ្ឋមន្ត្រីការបរទេសប៉ាគីស្ដង់ លោក «Shah Mehmood Qureshi» បានបដិសេធថា មិនមានការចាប់បង្ខំ ឬការដាក់សម្ពាធណាមួយ នៅក្នុងប្រទេសលោកទេ។ លោកថា ប្រទេសលោកគ្រាន់តែ​ចង់បាន​សន្តិភាព​ប៉ុណ្ណោះ។

ការដោះលែងលោក «Abhinandan Varthaman» ត្រូវបានបណ្ដាជនប៉ាគីស្ដង់ចាត់ទុកថា ជាកាយវិការដើម្បីសន្ដិភាព ហើយនាយករដ្ឋមន្ត្រីរបស់ពួកគេ គឺលោក «Imran Khan» ស័ក្ដិសមនឹងទទួលបានពានរង្វាន់«ណូបែលសន្តិភាព»។ ញត្តិមួយត្រូវបានបង្កើតឡើង នៅតាមបណ្ដាញអ៊ិនធើណែត ដើម្បីស្នើសុំដាក់បេក្ខភាព របស់លោក «Imran Khan» ទៅក្នុងបញ្ជីបេក្ខជនណូបែលសន្តិភាព។ នៅខណៈនេះ ញត្តិនោះកំពុងទទួលបាន និងបន្តទទួលហត្ថលេខា ពីបណ្ដាជនប៉ាគីស្ដង់ក្នុងចំនួនរាប់សិបពាន់នាក់៕



You may also like

ដំណឹង

នៅរស់​យ៉ាងហោច​២នាក់ ក្នុងការធ្លាក់​យន្ដហោះ​ដឹក​អ្នកដំណើរ​​នៅ​ប៉ាគីស្ដង់

អ្នកដំណើរ«នៅរស់​យ៉ាងហោច​២នាក់» ពីក្នុងហេតុការណ៍ធ្លាក់យន្ដហោះ «AirBus» កាលពីរសៀលថ្ងៃសុក្រ ទី២២ ខែឧសភាម្សិលម៉ិញ ក្នុងសង្កាត់លំនៅដ្ឋាន នៃក្រុងការ៉ាឈី (Karachi) ភាគខាងត្បូង នៃប្រទេសប៉ាគីស្ដង់។ របាយការណ៍ជំហានដំបូង បានអះអាងថា ...
ដំណឹង

ប៉ាគីស្ដង់ បិទលំហអាកាស បន្ទាប់ពី​អះអាង​បានបាញ់​ទម្លាក់​យន្ដហោះ​ឥណ្ឌា

ប្រទេសប៉ាគីស្ដង់ បាន«បិទលំហអាកាស»របស់ខ្លួន រហូតដល់មានបទបញ្ជាថ្មី។ នេះ បើតាមការអះអាង របស់អាជ្ញាធរគ្រប់គ្រងដែនអាកាស របស់ប្រទេសប៉ាគីស្ដង់ បន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសនេះ បានអះអាងមុននេះ ថាបានបាញ់ទម្លាក់យន្ដហោះពីរគ្រឿង របស់កងទ័ពអាកាសឥណ្ឌា។ នៅលើទំព័រទ្វីសធើររបស់ខ្លួន អាជ្ញាធរគ្រប់គ្រងដែនអាកាសប៉ាគីស្ដង់ ...
កម្ពុជា

បន្ទាប់ពី​ទទួលវ៉ាក់សាំងចិន ហ៊ុន សែន សុំជំនួយ​វ៉ាក់សាំង​ ពីប្រទេសឥណ្ឌា

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បាន​ស្នើ​សុំជំនួយ​វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ (Covid-19) ពីប្រទេសឥណ្ឌា បន្ទាប់ពីប្រទេសនេះ បានប្រកាសដាក់​ឲ្យប្រើប្រាស់យ៉ាងបន្ទាន់ នូវថ្នាំវ៉ាក់សាំងរបស់ខ្លួន ឈ្មោះ«Covaxin» និង«Covishield» សម្រាប់ពលរដ្ឋឥណ្ឌា ...

Comments are closed.

ដំណឹង

សង្គ្រាមនៅអ៊ុយក្រែន ៖ អាមេរិកផ្ដល់ភ្លើងខៀវបញ្ជូនយន្តហោះ«F-16»

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

អ្នកជំនាញមួយក្រុមរបស់អង្គការសហប្រជាជាតិ បានអំពាវនាវទៅ​របបដឹកនាំរបស់លោក ហ៊ុន សែន ឲ្យដោះលែងអ្នកស្រី សេង ធារី មេធាវីខ្មែរអាមេរិកាំង ដែលគេស្គាល់ក្នុងពេលកន្លងមក ថាជា«ស្ត្រីសេរីភាព» តាមរយៈសម្លៀកបំពាក់តែងខ្លួនសម្ដែងមតិរបស់អ្នកស្រី នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមអ្នកជំនាញប្រឆាំងការឃុំឃាំងតាមទំនើងចិត្ត ...
កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...