ក្នុង​​លក្ខខណ្ឌ​មួយ​គត់ ដែលសហភាពអ៊ឺរ៉ុប «EU» តាមរយៈគណៈកម្មការអ៊ឺរ៉ុប ​អាច​ពិចារណា​ឡើងវិញ  ជុំវិញ​ការសម្រេច​​ព្យួរ​ប្រព័ន្ធអនុគ្រោះពន្ធ «EBA» ជាមួយប្រទេស​កម្ពុជា នោះគឺកម្ពុជា ត្រូវបង្ហាញអំពី«វឌ្ឍនភាព គួរឱ្យកត់សម្គាល់ ជុំវិញ​សិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ» នៅក្នុងប្រទេស។ នេះ បើតាមទូរសារអេឡិចត្រូនិកមួយ ដែល​គណៈកម្មការអ៊ឺរ៉ុប បានឆ្លើយតប​នឹងការសាកសួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កាលពីម្សិលមិញ។

ជំហរជាថ្មី របស់គណៈកម្មការអ៊ឺរ៉ុប ធ្វើឡើងបន្ទាប់ពីទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានចុះ​ផ្សាយ​អត្ថបទមួយរួចហើយ កាលពីសប្ដាហ៍មុន ដោយបានស្រង់មកបញ្ជាក់ នូវសំដី​របស់​មន្ត្រីអ៊ឺរ៉ុបម្នាក់ ដែលបានថ្លែង ក្នុងលក្ខខណ្ឌមិន​បញ្ចេញ​ឈ្មោះ អះអាងថា​នឹងគ្មានឡើយ នូវការឆ្លើយតប​ជាវិជ្ជមាន តបនឹងលិខិតស្នើ របស់ក្រុម​សហគ្រិន​កម្ពុជា។

ផ្ទុយទៅវិញ លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​ នៃ​សមាគម​រោងចក្រ​កាត់ដេរ​ នៅ​កម្ពុជា (GMAC) បានទាត់ចោ​ល​ព័ត៌មានខាងលើ ដោយបន្ទោស​អ្នកសារព័ត៌មាន ថាបាន​សរសេរ ធ្វើការសន្និដ្ឋានឡើង ដោយខ្លួនឯង។ នេះ បើតាមការចុះផ្សាយ របស់​សារព័ត៌មាន​ក្នុងស្រុក។

នៅចំពោះសំណួរ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ គណៈកម្មការអ៊ឺរ៉ុប មិនបានអើពើ ឆ្លើយតបទេ ក្នុងករណីលិខិត ​របស់ក្រុមសហគ្រិនកម្ពុជា ដែលត្រូវ​បាន​ផ្ញើទៅ​​សហភាព​អ៊ឺរ៉ុប កាលពីដើមខែកន្លងមក ដើម្បីស្នើសុំពន្យាពេល ការសម្រេចព្យួរ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «EBA» ពីប្រទេសកម្ពុជា ដោយយកលក្ខខណ្ឌ នៃ​ការរាតត្បាត ជំងឺ​«Covid-19» មកធ្វើ​ជាអំណះអំណាង។

សម្រាប់សហភាពអ៊ឺរ៉ុប បានលើកយក «ច្បាប់» របស់ខ្លួន មកបញ្ជាក់ថា ប្រទេសកម្ពុជា អាចទទួលបាន​ការពិចារណា​ឡើងវិញ លើ​ប្រព័ន្ធ​អនុគ្រោះពន្ធ «EBA» ក្នុង​​លក្ខខណ្ឌ​មួយ​គត់ ខណៈ​ស្ថាប័ន​ដឹកនាំ​អ៊ឺរ៉ុបមួយនេះ កំពុង​បន្ត​ឃ្លាំមើល​​​​យ៉ាងដិតដល់ ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និងដំណើរការ​ប្រជាធិបតេយ្យ ក្រោម​ការដឹកនាំ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

ខាងក្រោមនេះ ជាសារឆ្លើយតបទាំងស្រុង របស់គណៈកម្មការអ៊ឺរ៉ុប ដែលត្រូវបាន​ផ្ញើរ​មក​កាន់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ ជាភាសាអង់គ្លេស៖

«គណៈកម្មការអ៊ឺរ៉ុប និងការិយាល័យអ៊ឺរ៉ុប ដើម្បីសកម្មភាព​ខាងក្រៅ (The European External Action Service ហៅកាត់ EEAS) នឹងបន្តស្វែងរក សកម្មភាពចូលរួម ប្រកប​ដោយអត្ថន័យ ពីសំណាក់អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា ហើយ​នឹងបន្តឃ្លាំមើល យ៉ាងដិតដល់ ចំពោះ​ស្ថានភាព​សិទ្ធិមនុស្ស និងសិទ្ធិការងារ នៅក្នុងប្រទេស។»

«ក្នុងលក្ខខណ្ឌ ដែលប្រទេសកម្ពុជាបង្ហាញ ពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេស​ចំពោះ​សិទ្ធិពលរដ្ឋ និងសិទ្ធិ​នយោបាយ នោះគណៈកម្មការ​​អាចពិនិត្យ​ឡើងវិញ នូវសេចក្តីសម្រេច​របស់ខ្លួន និងផ្តល់​ការអនុគ្រោះ​ពន្ធ​ឡើងវិញ ក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀង លើ​ប្រព័ន្ធ​​អនុគ្រោះពន្ធ “EBA”។»

«យន្ដការខាងលើ ធ្វើឡើងស្របតាមច្បាប់ របស់សហភាពអ៊ឺរ៉ុប ជាពិសេសបទប្បញ្ញត្ដិ ស្តីពី​ប្រព័ន្ធអនុគ្រោះពន្ធ របស់សហភាពអឺរ៉ុប ដែលចែងពីនីតិវិធី ក្នុងការដកប្រព័ន្ធ​អនុគ្រោះ​ពន្ធ “EBA”។»

ការសម្រេចរបស់សហភាពអ៊ឺរ៉ុប ដែលធ្វើឡើង កាលពីដើមខែកុម្ភៈ បានកំណត់​ឲ្យយក​ពន្ធឡើងវិញ ប្រមាណជា​២០% ទៅលើ៤០មុខទំនិញ ដែលនាំចេញពីកម្ពុជា និងនាំចូល​ទៅក្នុង​ទីផ្សារ របស់​សហភាព ទាំង២៧ប្រទេស។ ការសម្រេចនេះ នឹងត្រូវចូលជាធរមាន នៅ៦ខែក្រោយ ពោល​គឺនឹង​​ត្រូវអនុវត្តន៍ ចាប់ពីខែសីហា​ខាងមុខ​តទៅ។

យ៉ាងណា លក្ខខណ្ឌខាងលើ របស់សហភាពអ៊ឺរ៉ុប ដែលមានចែង នៅក្នុងកិច្ចព្រមព្រៀង «EBA» មិនមែនជាអ្វី ដែល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រៀមនឹងធ្វើតាមនោះទេ ដោយលើកហេតុផល ម្ដង​ហើយម្ដងទៀត ថាកម្ពុជាមិន​យក​អធិបតេយ្យភាព​ខ្លួន ទៅដូរ​នឹងប្រព័ន្ធអនុគ្រោះ​អ្វីឡើយ៕



លំអិតបន្ថែមទៀត

កម្ពុជា

សម រង្ស៊ី ៖ «កុក ស និងខ្ញុំ យើងចាត់ទុកគ្នា​ដូច​បងប្អូន»

ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសំដែងមរណទុក្ខ ចំពោះសពលោក កុក ស មេដឹកនាំ​ចលនាជនជាតិ​ដើម​ភាគតិច​ ម៉ុងតាញ៉ា (ឬ Degar) និងក្រុមគ្រួសារមិត្តភ័ក្រ​របស់សព។ ...
កម្ពុជា

ហ៊ុន សែន៖ កម្ពុជា​កាន់តែ​ជិតជាមួយ​​ចិន ជាពិសេស​ក្នុង​«គ្រាអាសន្ន»

លោក ហ៊ុន សែន បានអះអាងនៅព្រឹកនេះថា ប្រទេសកម្ពុជា នៅវេលានេះ កម្ពុជាមានទំនាក់ទំនង «កាន់តែជិត»ជាមួយ«មិត្តចិន» ជាពិសេសក្នុងកាលៈទេសៈ «គ្រាអាសន្ន» នៃមេរោគ«កូរូណា» ដែលមហាអំណាចតំបន់មួយនេះ កំពុងប្រឈម។ ...
របាយការណ៍

នរណាខ្លះ​គាំទ្រ​ប្រធានាធិបតី​ទាំងពីរ​នៅ វេណេស៊ុយអេឡា

វិបត្តិនៅប្រទេស វេណេស៊ុយអេឡា បានបង្កឲ្យមានការប្រទាំងប្រទើស ផ្នែកការទូតអន្តរជាតិ យ៉ាងខ្លាំងក្លា ជាពិសេសនៅបន្ទាប់ពីលោក រ៉ន់ ហ្គេឌូ (Juan Guaido) មេដឹកនាំប្រឆាំង បានប្រកាសខ្លួន ឡើងធ្វើជាប្រធានាធិបតីស្តីទី ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.