កម្ពុជាដំណឹង

ភរិយា កែម ឡី ប្ដេជ្ញាបន្ត​«បេសកកម្ម»​ស្វាមី​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ

អ្នកស្រី ប៊ូ រចនា ភរិយាមេម៉ាយនៃសពលោកបណ្ឌិត កែម ឡី បានសំដែងការប្ដេជ្ញាចិត្ត ថាអ្នកស្រីនឹងបន្ត​«បេសកកម្ម»​របស់ស្វាមី រហូតដល់ប្រទេសកម្ពុជា មានលទ្ធិប្រជាធិបតេយ្យ​​ពិតប្រាកដ។

ការថ្លែងរបស់អ្នកស្រី ធ្វើឡើងក្នុងការប្រារព្ធខួបឆ្នាំទី​៣ នៃការធ្វើឃាត សម្លាប់លោកបណ្ឌិត ដែលបានប្រព្រឹត្តិទៅ នៅ​ថ្ងៃអាទិត្យ​ម្សិលម៉ិញ និងរៀបចំធ្វើ ដោយសមាជិក​សហគមន៍ខ្មែរ ​ក្នុងរដ្ឋវិកតូរៀ ប្រទេសអូស្ត្រាលី។

នៅចំពោះ​អ្នកចូលរួម​ ជាច្រើន​រយនាក់​នៅ​វត្តពុទ្ធរង្ស៊ី ហៅវត្ត​ធំ​ (រដ្ឋ​វិកតូរៀ) អ្នកស្រី​ ប៊ូ រចនា បានថ្លែងឡើងថា៖

«នាងខ្ញុំ​បាន​ប្រែក្លាយ​ទុក្ខសោក​នេះ​ មកជាការព្យាយាម ធ្វើ​”បេសកកម្ម”​របស់​គាត់​ ដែល​ទូន្មាន​ខ្មែរ​យើង ដូច​អ្វី​ដែល​គាត់​បាន​ផ្តាំ គឺ​ជូត​ទឹក​ភ្នែក​ហើយ ​បន្ត​ដំណើរ​ទៅមុខ​ទៀត​។ បណ្តាំ​នេះ ​គឺជា​ការឆ្លុះបញ្ចាំ​ង នូវ​បំណង​របស់​គាត់ ​ដែល​ចង់​ឱ្យ​មានការផ្លាស់ប្តូរ​ ក្នុង​របបតិរច្ឆាន យង់ឃ្នង​បច្ចុប្បន្ន ​ហើយទៅ​ខាង​មុខ​ទៅ ជាការ​បង្កើត​រដ្ឋាភិបាល​ពិត​ប្រាកដ​ នៅ​ប្រទេស​កម្ពុជា​។‍»

អ្នកធ្វើអត្ថាធិប្បាយនយោបាយដ៏ល្បី លោកបណ្ឌិត កែម ឡី ត្រូវបានឃាតករឈាមត្រជាក់បាញ់សម្លាប់ កាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅខណៈលោក កំពុងទទួលទានកាហ្វេ នៅក្នុងហាងលក់ទំនិញ ស្តាម៉ាត នៃស្ថានីយចាក់ប្រេងឥន្ទនៈ កាល់តិច ស្ថិតនៅស្ដុបបូកគោ កណ្ដាលរាជធានីភ្នំពេញ។

ក្នុងខួបឆ្នាំទី៣នេះ អ្នកស្រី ប៊ូ រចនា​ ​បានថ្លែង​ស្នើ​ពលរដ្ឋ ឱ្យ​ប្រែឈ្មោះ​«ស្តុបបូកគោ‍»​ និងហៅមកជា​«ស្តុប​កែម ឡី‍»​វិញ។ អ្នកស្រីអះអាងថា ការប្ដូរឈ្មោះហៅទីនោះ គឺ​ជា​ការ​រំលឹក​ ដល់​វីរភាព​របស់ស្វាមីអ្នកស្រី។

ចំពោះសំនុំរឿងឃាតកម្មមួយនេះ មានតែបុរស អឿត អាង ហៅ ជួប សម្លាប់ ម្នាក់គត់ ដែលត្រូវបានអាជ្ញាធរកម្ពុជា ចាប់ខ្លួនភ្លាមៗ​នៅក្រោយពេលកើតហេតុ មុននឹងត្រូវបានផ្ដន្ទាទោស ដោយតុលាការរាជធានី នៅខែមីនា ឆ្នាំ២០១៧។ ជនពាក់ព័ន្ធដទៃទៀត មិនដែលត្រូវបានអាជ្ញាធរវែកមុខ បង្ហាញជាសាធារណៈទេ ខណៈក្រុមគ្រួសារលោក កែម ឡី នៅតែបន្តទាមទារពន្លឺយុត្តិធម៌ សម្រាប់ពួកគាត់។

ផ្ទុយទៅវិញ ក្រុមអាជ្ញាធរក្រុងភ្នំពេញ បានចាប់យុវជនពីរនាក់ ឈ្មោះ​ គង់ រ៉ៃយ៉ា និង​​ សួង​ នាគព័ន្ធ នៅខណៈពួកគេព្យាយាម «លក់អាវមានរូប និងពាក្យសំដីលោក កែម ឡី» និងកាន់ខិត្តប័ណ្ឌ ដែលមានសរសេរ ស្នើឲ្យ«បញ្ឈប់ការសម្លាប់មនុស្ស ក្រៅប្រព័ន្ធ» កាលពីយប់ថ្ងៃទី៩ និងនៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងរាជធានីភ្នំពេញ។

ការចាប់ខ្លួននេះ ត្រូវបានមន្ត្រីរដ្ឋាភិបាល និងគណបក្សកាន់អំណាច អះអាងថា ដើម្បីបង្កាបាតុភាព និងចលាចល ដែលកើតចេញពី«ការញុះញង់» របស់យុវជនទាំងនោះ ហើយបញ្ជាក់សារជាថ្មី ថាវាជាកិច្ចការ​របស់តុលាការ។

តែសម្រាប់អ្នកស្រី ប៊ូ រចនា បានអះអាងនៅលើបណ្ដាញសង្គមថា ការចាប់ខ្លួនយុវជនទាំងពីររូប មានមូលហេតុតែមួយគត់ គឺ«របបក្រុងភ្នំពេញខ្លាចស្រមោលខ្លួនឯង របបក្រុងភ្នំពេញខ្លាច សូម្បីតែឮឈ្មោះ បណ្ឌិត កែម ឡី»។

អ្នកស្រីបន្តចាត់ទុកថា យុវជនទាំងពីររូបគ្មានកំហុសអ្វីឡើយ ព្រោះពួកគេគ្រាន់តែបញ្ចេញមតិ ចំពោះឃាតកម្មដ៏សាហាវ ក្នុងនាមជាអ្នកគាំទ្រ និងស្រឡាញ់ស្វាមីអ្នកស្រីប៉ុណ្ណោះ។ ផ្ទុយទៅវិញ ទង្វើចាប់ចងនេះ បង្ហាញ«យ៉ាងច្បាស់»ថា របបក្រុងភ្នំពេញ នៅពីក្រោយឃាតកម្មនេះទៅវិញ។ អ្នកស្រីបានសរសេរថា៖

«សកម្មភាពរបស់អាជ្ញាធរ បានបញ្ជាក់ថា របបក្រុងភ្នំពេញ បាននៅពីក្រោយរឿងឃាតកម្មនេះយ៉ាងច្បាស់ ព្រោះអាជ្ញាធរបានមករារាំង ដល់ការរំឭកខួប៣ឆ្នាំ អាជ្ញាធរបាន​ឲ្យអ្នកមកចូលរួម​ដោះអាវចេញ ដែលមានរូប (បណ្ឌិត កែម ឡី) របបក្រុងភ្នំពេញខ្លាចស្រមោលខ្លួនឯង របបក្រុងភ្នំពេញខ្លាច សូម្បីតែឮឈ្មោះ បណ្ឌិត កែម ឡី៕»

៚ របប ក្រុង ភ្នំពេញ អសមត្ថភាព ជាទី បំផុត ចាប់យុវជន ២ នាក់ ដែល មិន មាន កំហុស សោះ ។ គង់ រ៉ៃយ៉ា គ្រាន់ តែ គាត់ ផុស លក់ អាវ ជាលក្ខណ គូរ ស្នេហ៍…

Posted by Rachna Bou on Wednesday, July 17, 2019


លំអិតបន្ថែមទៀត

កម្ពុជា

ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី ថ្លែង​​«សារដំបូង»​ពី​លទ្ធិ​ប្រជាធិបតេយ្យ

ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំកម្ពុជា លោក ផាទ្រីក មរហ្វី (W. Patrick Murphy) បានថ្លែង«សារដំបូង»របស់លោក ទៅកាន់ពលរដ្ឋកម្ពុជា ក្នុងថ្ងៃនេះ ដោយមានពាក្យពេចន៍មួយចំនួនអះអាងថា លោកនឹងផ្ដល់ការគាំទ្រ ...
កម្ពុជា

CNRP ថាបច្ច័យ​របស់ ហ៊ុន សែន ជូន​គ្រួសារ កែម ឡី ជា​ទឹកចិត្ត​«ក្លែងក្លាយ»

សម្រាប់គណបក្សសង្គ្រោះជាតិ ទង្វើចាប់ចងយុវជន ដោយអាជ្ញាធរក្រុងភ្នំពេញ ក្នុងប៉ុន្មានថ្ងៃនេះ បង្ហាញឲ្យឃើញច្បាស់ថា ការផ្ដល់ជំនួយថវិកា ដល់ក្រុមគ្រួសារលោក កែម ឡី ក្នុងពេលកន្លងមក ពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ...
កម្ពុជា

ហ៊ុន សែន ថា«វណ្ណៈកណ្ដាល»​កើនឡើង តាមរយៈ​ផ្ទះស្បូវ​ថ្លៃជាង​ផ្ទះក្បឿង

នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង របស់កម្ពុជា បានអះអាងថា ក្រោមការដឹកនាំរបស់លោក រហូតមកដល់ថ្ងៃនេះ «វណ្ណៈកណ្ដាល»នៃអ្នកមានទ្រព្យធន នៅក្នុងប្រទេស បានកើនឡើងយ៉ាងច្រើន។ មិនមានអំណះអំណាង ជាតួលេខ ឬរបាយការណ៍ណាមួយជាក់លាក់ ដើម្បីជួយបញ្ជាក់ នូវការលើកឡើង ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.