កម្ពុជាដំណឹង

កម្ពុជាធ្វើតេស្ដិ៍មនុស្ស ៩៤៤នាក់ ដែលអាចប៉ះពាល់​ប្រមុខការទូត​ហុងគ្រី

រហូតមកដល់ថ្ងៃនេះ មន្ត្រីរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការ និងក្រុមគ្រួសាររបស់ពួកគេ ចំនួនសរុប ៩៤៤នាក់ ត្រូវបានធ្វើតេស្ដិ៍ ដើម្បីស្វែងរកមេរោគ «Covid-19» បន្ទាប់ពី​ពួកគេ រងការសង្ស័យ ពីការជាប់ប៉ះពាល់ ដោយផ្ទាល់​និងមិនផ្ទាល់ ជាមួយប្រមុខការទូត នៃប្រទេសហុងគ្រី និងបន្ទាប់ពីអង្គរក្សម្នាក់ ត្រូវបានធ្វើតេស្ដិ៍ ចេញលទ្ធផលវិជ្ជមាន។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល ដែលចេញផ្សាយ នៅព្រឹកថ្ងៃចន្ទទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអះអាងថា ចំនួនធ្វើតេស្ដិ៍បានកើនឡើង ដល់ចំនួនខាងលើ បន្ទាប់ពីមនុស្សចំនួន៥២នាក់ ត្រូវបានធ្វើតេស្ដិ៍រួច ក្នុងថ្ងៃអាទិត្យម្សិលមិញ។

កាលពី​ថ្ងៃ​អង្គារ​ទី៣ ខែ​វិច្ឆិកា​ ឆ្នាំ២០២០ រដ្ឋាភិបាលកម្ពុជា ដែលរួមទាំងលោក ហ៊ុន សែន និងរដ្ឋមន្ត្រីគ្រាក់ៗច្រើននាក់ បានរៀបចំ​ពិធីផ្លូវការ​ជាច្រើន ដើម្បីទទួលជួបលោក ភីតធ័រ ស្ស៊ីយ៉ាតូ (Peter Szijjarto) ​​រដ្ឋមន្ត្រី​ការបរទេស និង​ពាណិជ្ជកម្ម​ របស់ប្រទេស​ហុងគ្រី នៅក្នុងដំណើរទស្សនកិច្ចមួយជុំ​របស់លោក នៅទ្វីបអាស៊ី។

ក្នុងជំនួបទាំងនោះ ​មន្ត្រី​ប្រតិភូ​ហុងគ្រី​ពាក់​ម៉ាស់​ទាំងអស់ លើកលែងតែលោក ភីតធ័រ ស្ស៊ីយ៉ាតូ ម្នាក់។ រីឯមន្ត្រីរដ្ឋាភិបាលកម្ពុជាភាគច្រើន រួមនឹងលោក ហ៊ុន សែន ផង មិនឃើញ​ពាក់ម៉ាស់ផងទេ។

នៅ​ថ្ងៃ​អង្គារដដែលនោះ ក្រោយ​គណៈប្រតិភូ​ហុងគ្រី ចាក​ចេញពី​កម្ពុជា ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ អាជ្ញាធរ​ថៃ​បាន​ធ្វើ​តេស្ លើរដ្ឋមន្ត្រីការបរទេស​ហុងគ្រីខាងលើ និងរកឃើញ​ថា ប្រមុខការទូតរូបនេះ មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ តែមន្ត្រី​ហុងគ្រី ១២នាក់​ទៀត ដែល​អម​ដំណើរ​ជាមួយ មិន​មាន​ផ្ទុក​ជំងឺ​នេះ​ទេ។

នៅក្រោយការរកឃើញនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសដាក់ខ្លួន ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី៤ ខែវិច្ឆិកា ពោលគឺមួយថ្ងៃក្រោយជំនួប ខណៈបុរសខ្លាំង​រូបនេះ បានបញ្ជាក់ថា ការធ្វើតេស្ដិ៍សម្រាប់ខ្លួនលោក មានលទ្ធផលអវិជ្ជមាន។

ប៉ុន្តែនៅថ្ងៃសៅរ៍ទី៧ ខែវិច្ឆិកា លោក ហ៊ុន សែន បានបញ្ជាឲ្យពង្រីកការធ្វើតេស្ដិ៍ និង​ការដាក់ខ្លួន ឲ្យធ្វើចត្តាឡីស័ក សម្រាប់មន្ត្រីរដ្ឋាភិបាល មន្ត្រីរាជការ និងក្រុមគ្រួសារ​របស់ពួកគេ។

បញ្ជារបស់លោក ហ៊ុន សែន ធ្វើឡើងតាមរយៈសារសម្លេង​មួយ ដែល​ធ្លាក់មកដល់ដៃ​អ្នកសារព័ត៌មាន បន្ទាប់ពីលោកទទួលរបាយការណ៍ថា អង្គរក្សផ្ទាល់ ដែលការពារលោក ភីតធ័រ ស្ស៊ីយ៉ាតូ មានផ្ទុកជំងឺ«Covid-19»។

ក្រសួងសុខាភិបាល​បានអះអាងថា លទ្ធផលដែលទទួលបាន ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បង្ហាញថា មនុស្សទាំង​«៩៤៤នាក់»​​គឺអវិជ្ជមានវីរុសកូវីដ-១៩ ទាំងអស់។ រីឯអង្គរក្ស​ខាងលើ ដែលធ្វើតេស្ដិ៍វិជ្ជមាន កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

ក្រសួងបានក្រើនរំលឹក ក្រុមមនុស្សទាំងអស់ខាងលើ ដែលមានលទ្ធផលតេស្តិ៍ លើកទី១ អវិជ្ជមាន ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យបានគ្រប់១៤ថ្ងៃ និងត្រូវត្រឡប់​មកធ្វី​តេស្ដិ៍ ចំនួន​៣ដងទៀត នៅវិមានមិត្តភាព​នៃទីស្ដីការគណរដ្ឋមន្ត្រី ចាប់ពីម៉ោង០៧ព្រឹក ទៅតាម​កាលបរិច្ឆេទ​ដូចខាងក្រោម៖

– លើកទី២ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០
– លើកទី៣ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០
– លើកទី៤ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០។

មកដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ប្រទេសកម្ពុជា បានអះអាងរកឃើញ​អ្នកមាន​វីរុសកូវីដ-១៩ មានចំនួនសរុប២៩៧នាក់ (ស្ត្រី ៦០នាក់ និងបុរស ២៣៧នាក់) ក្នុងនោះ​អ្នកជំងឺ ដែលទទួលការព្យាបាល បានជាសះស្បើយ មានចំនួនសរុប ២៨៨នាក់ នៅទូទាំង​ប្រទេស ខណៈអ្នកជំងឺកំពុងបន្ត​សម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត (ភ្នំពេញ) មានចំនួន ០៩នាក់ (ស្រី០២នាក់ និងបុរស០៧នាក់)៕



លំអិតបន្ថែមទៀត

ដំណឹង

Covid-19 ៖ បូរីស ចនសុន ចេញពីប្លុក«សង្គ្រោះបន្ទាន់»

នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) ត្រូវបានយកចេញ ពីប្លុក«សង្គ្រោះបន្ទាន់»ហើយ នៅល្ងាចថ្ងៃព្រហស្បត្តិ៍នេះ។ លោកត្រូវបានបញ្ជូនបន្តរ ទៅកាន់សេវាព្យាបាលផ្សេងទៀត នៃមន្ទីរពេទ្យ «St ...
ដំណឹង

Covid-19៖ ចិន​ហាម​ពលរដ្ឋ​ខ្លួន បរិភោគ​សាច់សត្វ

រដ្ឋាភិបាលចិនកុម្មុយនីស្ដិ៍ បានចេញបម្រាម សម្រាប់ពលរដ្ឋទូទាំងប្រទេស ហាម«បរិភោគ​សាច់សត្វ»ព្រៃ និងបម្រាម សម្រាប់ពលរដ្ឋក្នុងតំបន់មួយចំនួន ហាម«បរិភោគ​សាច់សត្វ»ស្រុក។ ចិន ជាប្រទេសមួយ ក្នុងចំណោមប្រទេសជាច្រើន ដែលបរិភោគសាច់សត្វ ទាំងសត្វព្រៃ និងសត្វស្រុក ...
វិភាគ អត្ថាធិប្បាយ

អ្នកវិភាគថា ហ៊ុន សែន ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន អំពី​ប្រព័ន្ធយុត្តិធម៌​នៅកម្ពុជា

ក្រុមអ្នកវិភាគបានរិះគន់នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថា«ទើប​(ធ្វើជា)​ភ្ញាក់ខ្លួន» បន្ទាប់ពីបុរសខ្លាំងរូបនេះ បានស្នើឲ្យចាក់ផ្សាយភាពយន្ដភាគចិន រឿង«ប៉ាវចិន» ដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ អ្នកវិភាគខ្លះ ថែមទាំងបរិហារលោកនាយករដ្ឋមន្ត្រីទៀតថា នេះបង្ហាញឲ្យកាន់តែឃើញថា ...

យល់ស៊ីជម្រៅផ្នែក កម្ពុជា

កម្ពុជា

ក្រុមការងារ អ.ស.ប អំពាវនាវ​ឲ្យកម្ពុជា​ដោះលែង​«ស្ត្រីសេរីភាព»​ជាបន្ទាន់

កម្ពុជា

សភាអ៊ឺរ៉ុបទាមទារ​ឲ្យបន្ថែម​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា

នៅមុននេះបន្តិច សភាអ៊ឺរ៉ុបទើបនឹងអនុម័តដំណោះស្រាយមួយ ជុំវិញស្ថានភាពនយោបាយ ការគោរព​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា ដោយទាមទារឲ្យគណៈកម្មអ៊ឺរ៉ុប គ្រោងដាក់​ទណ្ឌកម្ម លើសេដ្ឋកិច្ច​និងមេដឹកនាំកម្ពុជា បន្ថែមទៀត។ ដំណោះស្រាយ៧ចំណុច ដែលមានលេខ «P9_TA(2023)0085» ...

Comments are closed.