ប្រទេសម៉ាឡេស៊ី បានទាមទាររកយុត្តិធម៌ នៅថ្ងៃពុធម្សិលម៉ិញ តាមរយៈចំណាត់ការដ៏ម៉ឺងម៉ាត់មួយ ទៅកាន់តុលាការអន្តរជាតិ ដើម្បីវិន្និច្ឆ័យទោសអ្នកទទួលខុសត្រូវ ក្នុងការធ្លាក់យន្ដហោះប៊ូអីង ដែលមានជើងហោះហើរលេខ «MH17» ក្នុងប្រទេសអ៊ុយក្រែន កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ។
ការទាមទារនេះ បានធ្វើឡើង បន្ទាប់ពីរបាយការណ៍ស៊ើបអង្កេត ទាក់ទងនឹងករណីធ្លាក់យន្ដហោះនេះ ទើបនឹងសរុបសេចក្ដីមកថា យន្ដហោះ ត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួចមួយ ផលិតនៅរ៉ូស្ស៊ី និងបាញ់ចេញ ពីតំបន់របស់អ្នកនិយមបំបែកទឹកដី ស្ថិតនៅភាគខាងកើតអ៊ុយក្រែន។
គ្រោះថ្នាក់ធ្លាក់យន្ដហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ ដែលមានជើងហោះហើរលេខ «MH17» កាលពីខែកក្កដា ឆ្នាំ២០១៤កន្លងទៅ បានសម្លាប់មនុស្ស ទាំង២៩៨នាក់ នៅលើយន្ដហោះទាំងអស់។ ភាគច្រើន ពីក្នុងចំណោមជនរងគ្រោះ ជាជនជាតិហូឡង់ ប៉ុន្តែក៏មានផងដែរ នូវអ្នកដំណើរចំនួន ៤៤នាក់ ជាជនជាតិម៉ាឡេស៊ី និង២៧នាក់ទៀត ជាជនជាតិអូស្ត្រាលី។
ដោយសារហេតុនេះហើយ ទើបប្រទេសម៉ាឡេស៊ី មិនអាចនៅស្ងៀម មិនប្រតិកម្មបានឡើយ ជាពិសេស នៅពេលដែលរបាយការណ៍ស៊ើបអង្កេតមួយ របស់គណកម្មការព្រហ្មទណ្ឌអន្តរជាតិ ទទួលបន្ទុកករណីនេះ ដឹកនាំដោយប្រទេសហូឡង់ បានអះអាង កាលពីព្រឹកម្សិលម៉ិញថា យន្ដហោះពិតជាត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួចប្រភេទ «Buk» ផលិតនៅប្រទេសរ៉ូស្ស៊ី និងបាញ់ចេញពីតំបន់ របស់កងកម្លាំង និយមបំបែកទឹកដី ដែលស្ថិតនៅភាគខាងកើត នៃប្រទេសអ៊ុយក្រែន។
ថ្លែងតាមយៈទីភ្នាក់ងារព័ត៌មានជាតិម៉ាឡេស៊ី «Bernama» នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ណាជីព រ៉ាហ្សាក់ (Najib Razak) បាននិយាយពីប្រទេសអាល្លឺម៉ង់ កន្លែងដែលលោកធ្វើទស្សនកិច្ច យ៉ាងដូច្នេះថា៖
«ក្រុមអ្នកស៊ើបអង្កេតច្រើននាក់ បានសន្និដ្ឋានរួមគ្នាថា យន្ដហោះ MH17 ត្រូវបានបាញ់ទម្លាក់ ដោយកាំជ្រួចមួយផលិត នៅប្រទេសរ៉ូស្ស៊ី និងបាញ់ចេញពីតំបន់មួយ ដែលគ្រប់គ្រងដោយកងកម្លាំងបះបោរ ជិតដិតនឹងប្រទេសរ៉ូស្ស៊ី។ ដោយសង្កត់ធ្ងន់ ទៅលើចំណុចទាំងពីរដ៏សំខាន់នេះ ប្រទេសម៉ាឡេស៊ីស្នើសុំ ឲ្យមានចំណាត់ការ ដ៏ម៉ឺងម៉ាត់មួយឡើង។»
លោក ណាជីព រ៉ាហ្សាក់ បានបន្តទៀតថា៖
«យើងបានសន្យា ថាអ្នកទទួលខុសត្រូវ ក្នុងការធ្វើឲ្យយន្ដហោះធ្លាក់ នឹងត្រូវផ្ដន្ទាទោស ដោយតុលាការអន្តរជាតិ ហើយយើងត្រូវធ្វើរឿងនេះ ដើម្បីឆ្លើយតប ទៅគ្រួសាររបស់ជនរងគ្រោះ ដែលទាមទាររកយុត្តិធម៌។ យើងនឹងធ្វើពលិកម្ម ដើម្បីធ្វើកិច្ចការនេះ។»។
នៅក្នុងករណីនេះ ប្រទេសម៉ាឡេស៊ី នឹងស្នើសុំឲ្យមានការជួប្រជុំមួយ ជាមួយតំណាងប្រទេស ដែលមានពលរដ្ឋរបស់ខ្លួន ស្លាប់នៅក្នុងហេតុការណ៍ធ្លាក់យន្ដហោះ «MH17»។ លោកនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា ប្រទេសទាំងនោះ មានជាអាទ៏ ប្រទេសហូឡង់ និងប្រទេសអូស្ត្រាលី។
» កាំជ្រួចប្រភេទ «Buk» របស់ប្រទេសរ៉ូស្ស៊ី៖
នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៤ យន្ដហោះប៊ូអីង (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានហោះចេញ ពីព្រលានយន្ដហោះអន្តរជាតិ នៃរាជធានី អាមស្ទែដាម ប្រទេសហូឡង់ ដើម្បីហោះឆ្ពោះទៅកាន់រដ្ឋធានីកូឡាឡំពួរ ប្រទេសម៉ាឡេស៊ី។ ប៉ុន្តែជាអកុសល យន្ដហោះដែលមានជើងហោះហើរ លេខ «MH17» នេះ ត្រូវបានបាញ់ទម្លាក់ នៅក្នុងពេលកំពុងហោះហើរ នៅក្នុងលំហមេឃមួយ ស្ថិតនៅពីលើតំបន់ ដែលមានការប្រទាញប្រទង់គ្នា រវាងកងទ័ពអ៊ុយក្រែន និងកម្លាំងនិយមបំបែកទឹកដី ស្និតនឹងប្រទេសរ៉ុស្ស៊ី។
គណកម្មការស៊ើបអង្កេត ផ្នែកឧក្រិដ្ឋកម្មអន្តរជាតិ លើការធ្លាក់យន្ដហោះនេះ ដែលដឹកនាំដោយប្រទេសហូឡង់ (ព្រោះមានពលរដ្ឋរងគ្រោះច្រើនជាងគេ) បានចង្អុលដាក់ការទទួលខុសត្រូវ ក្នុងការបាញ់យន្ដហោះនេះ ទៅលើក្រុមបះបោរ និយមផ្ដាច់ទឹកដីអ៊ុយក្រែន និងប្រទេសរ៉ូស្ស៊ី។ ប៉ុន្តែ នៅរសៀលម្សិលម៉ិញនេះ ប្រទេសរ៉ូស្ស៊ី បានបដិសេធ និងបាននិយាយបរិហាររបាយការណ៍នោះ ថាបានធ្វើឡើង ដោយគ្មានតុល្យភាព គ្មានមូលដ្ឋាន ផ្នែក«បច្ចេកទេស»ច្បាស់លាស់ និងមានបំណងផ្នែក«នយោបាយ» ចង់បង្អាប់ប្រទេសរ៉ូស្ស៊ី៕