ខាងក្រោមនេះជា ថ្ងៃខែ​សំខាន់ៗ ដែលត្រូវបានកត់ត្រាទុកក្នុងប្រវត្តិ នៃគ្រោះបាញ់កាំជ្រួច កំទេច​យន្ដហោះប៊ូអីញ (Boeing 777) ដែលភ្ជាប់ជើងហោះហើរ លេខ «MH17» ពីរាជធានី អាមស្ទែដាម (ហូឡង់) ឆ្ពោះទៅកាន់រាជធានី កូឡាឡាំពួរ (ម៉ាឡេស៊ី) ក្នុងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ បណ្ដាលឲ្យមនុស្សនៅលើយន្ដហោះ ទាំង២៩៨នាក់ ស្លាប់បាត់បង់ជីវិត។

ថ្ងៃខែ​សំខាន់ៗ ទាំងនោះ ត្រូវបានកត់ត្រាទុក ដោយរាប់ចេញពីថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៤ ថ្ងៃដែល​យន្ដហោះ ត្រូវបានកម្ទេច​​ដោយ​កាំជ្រួច​ប្រឆាំង​យន្ដហោះ ប្រភេទ «Bouk»  នៅលើទឹកដី​ភាគខាងកើត នៃប្រទេសអ៊ុយក្រែន រហូតមកដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៨ ថ្ងៃដែលក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ ចេញរបាយការណ៍ជាផ្លូវការ ដាក់ការទទួលខុសត្រូវ នៃការបាញ់កាំជ្រួចនេះ ទៅលើកងទ័ពរ៉ូស្ស៊ី ដែលមានមូលដ្ឋាន ក្នុងក្រុង «Koursk» (រ៉ូស្ស៊ី)។

– ១៧ កក្កដា ២០១៤៖ យន្ដហោះប៊ូអីញ (Boeing 777) របស់ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ីអ៊ែរឡាញ បានផ្ទុះបែក​​ជាបំណែកៗ នៅពេលកំពុង​ហោះ​ហើរ ចូលមកដល់ទឹកដីភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រងដោយ​ក្រុមនិយមបំបែកទឹកដី ស្និតនឹងប្រទេសរ៉ូស្ស៊ី។

មនុស្ស ២៩៨នាក់ (អ្នកបម្រើការ នៅលើ​យន្ដហោះ ១៥នាក់) ដែលគ្រោងធ្វើដំណើរ ចេញពីរាជធានី អាមស្ទេដាម (ហូឡង់) ឆ្ពោះទៅរាជធានី កូឡាឡំពួរ (ម៉ាឡេស៊ី) បានស្លាប់ទាំងអស់ ក្នុងនោះភាគច្រើន ជាបណ្ដាជនហូឡង់។ ក្នុងពេលភ្លាមៗ មិនមានសេចក្ដីសន្និដ្ឋាន អះអាងជាក់លាក់ថា យន្ដហោះត្រូវបានបាញ់កម្ទេច ដោយកាំជ្រួចនោះទេ។

ប៉ុន្តែនៅថ្ងៃនោះដដែល ប្រធានាធិបតី អ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូឆេនកូ (Petro Porochenko) បានប្រកាស​មិនបដិសេធ ​​ពីចំណុចសង្ស័យ ដែលពន្យល់ថា យន្ដហោះត្រូវបានបាញ់កម្ទេច និងបានលើកឡើង ពី«ទង្វើភេវរនិយម»មួយ។

ក្រុមប្រដាប់អាវុធ និយមបំបែកទឹកដីវិញ បានអះអាងថា យន្ដហោះត្រូវបានកម្ទេច ដោយយន្ដហោះប្រដេញ​របស់ប្រទេសអ៊ុយក្រែន ខណៈប្រធានាធិបតីរ៉ូស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានចោទប្រទេសអ៊ុយក្រែន ថា​«ត្រូវទទួលខុសត្រូវ»​ចំពោះហេតុការណ៍នេះ បន្ទាប់ពីកងទ័ពអ៊ុយក្រែន បានបើកប្រតិបត្តិការ​សិក​ឡើង​វិញ នៅក្នុងតំបន់​ភាគខាងកើត។

– ១៨ កក្កដា ២០១៤៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) បានអះអាងថា យន្ដហោះពិតជាបានប៉ះ ជាមួយកាំជ្រួចមួយប្រភេទ ដែលបាញ់ចេញ ពីតំបន់ដែលគ្រប់គ្រង ដោយក្រុមនិយមបំបែកទឹកដី និងដោយសារ មានការគាំទ្រពីប្រទេសរ៉ូស្ស៊ី។

– ៩ កញ្ញា ២០១៤៖ នៅក្នុងរបាយការណ៍បឋមមួយ អ្នកស៊ើបអង្កេតអន្តរជាតិ ដែលស្ថិតក្រោមការគ្រប់គ្រង របស់ស្ថាប័នអយ្យការ នៃប្រទេសហូឡង់ បានអះអាងថា យន្ដហោះប៊ូអីញ ត្រូវបានកម្ទេចជាបំណែកៗ ក្នុងពេលកំពុងហោះហើរ ដោយ «អំបែងចំណោល ដែលមានកម្លាំងខ្លាំង» តែមិនបានអះអាង រហូតដល់ថ្នាក់ថា យន្ដហោះត្រូវបានកម្ទេច ដោយកាំជ្រួចនោះទេ។

– ២៩ កក្កដា ២០១៥៖ ប្រទេសរ៉ូស្ស៊ីបានប្រើសិទ្ធិ «VETO» របស់ខ្លួន នៅក្នុងក្រុមប្រឹក្សា​សន្តិសុខ នៃអង្គការសហប្រជាជាតិ ជំទាស់នឹងការបង្កើតតុលាការអន្តរជាតិពិសេសមួយ ដើម្បីចាប់យកជនទទួលខុសត្រូវ មកផ្តន្ទាទោស។ គំនិតបង្កើតតុលាការ​នេះ ត្រូវបានផ្តួចផ្ដើមឡើង ដោយប្រទេស​ម៉ាឡេស៊ី និងទទួលបានការគាំទ្រ​ភាគច្រើនលើសលប់ ពីសំណាក់ប្រទេស ដែលជាសមាជិកក្រុមប្រឹក្សា។

– ១១ សីហា ២០១៥៖ បំណែកគ្រាប់​ជាច្រើន ដែលទំនងជារបស់កាំជ្រួចមួយដើម ប្រភេទ «Bouk» ត្រូវបានកំណត់អត្តសញ្ញាណ។ ទាំងប្រទេសរ៉ូស្ស៊ី និងអ៊ុយក្រែន សុទ្ធតែមានកាំជ្រួចប្រភេទនេះ នៅក្នុងកងទ័ពរបស់ផងខ្លួន។

» កាំជ្រួចប្រភេទ «Buk» របស់ប្រទេសរ៉ូស្ស៊ី៖

– ១៣ តុលា ២០១៥៖ អ្នកស៊ើបអង្កេត​បាន​​អះអាងបន្ថែម​ថា៖ «យន្ដហោះបានធ្លាក់ បន្ទាប់ពីមានការបំផ្ទុះក្បាលគ្រាប់ ដ៏សំខាន់មួយ នៅខាងក្រៅយន្តហោះ ជាប់នឹងផ្នែកខាងឆ្វេង នៃបន្ទប់បើកបរយន្ដហោះ (… ) ក្បាលគ្រាប់នេះ មានភាពស៊ីសង្វាក់គ្នា ទៅនឹងប្រភេទកាំជ្រួច ដែលត្រូវបានដំឡើង នៅលើប្រព័ន្ធកាំជ្រួច​ បាញ់ចេញពីដី ឈ្មោះ “Bouk”»។

ក្រុងម៉ូស្គូវិញ បានបដិសេធដាច់អហង្កា ចំពោះការស៊ើបអង្កេតខាងលើ ដែលមាន «និន្នាការ និងភាពលំអៀង» យ៉ាងច្បាស់ក្រឡែត។ ក្នុងពេលជាមួយគ្នា រដ្ឋាភិបាលរ៉ូស្ស៊ី នៅតែរក្សា​ការចោទប្រកាន់ដដែល ទៅលើកងទ័ពអ៊ុយក្រែន។

– ២៨ កញ្ញា ២០១៦៖ អ្នកស៊ើបអង្កេតអន្តរជាតិ អះអាងទៀតថា ខ្លួនបានទទួល​ «ភស្តុតាង​ដែល​មិនអាចប្រកែកបាន» ដើម្បីអនុញ្ញាតឲ្យធ្វើការសន្និដ្ឋានថា យន្ដហោះ​នៃជើងហោះហើរ «MH17» ត្រូវបានបាញ់កំទេច ដោយកាំជ្រួច «Bouk» ដែលមានអត្តលេខ «9M38»។

អ្នកស៊ើបអង្កេតបន្តថា ប្រព័ន្ធកាំជ្រួចប្រឆាំងយន្ដហោះទាំងនេះ ត្រូវបានដឹកចូល ពីប្រទេសរ៉ូស្ស៊ី ហើយត្រូវបានបាញ់ចេញ ពីទឹកដីភាគខាងកើត នៃប្រទេសអ៊ុយក្រែន ដែលគ្រប់គ្រង ដោយក្រុមអ្នកនិយមបំបែកទឹកដី។ ប៉ុន្តែអ្នកស៊ើបអង្កេត មិនបានបញ្ជាក់ថា តើនរណាជាអ្នកបាញ់​កាំជ្រួចនេះទេ។

តាំងពីថ្ងៃនោះមក ការសង្ស័យទាំងឡាយ ដែលគិតថា យន្ដហោះបាន​ជួបគ្រោះថ្នាក់ ដោយខ្លួនឯង ឬដោយសកម្មភាពរបស់ភេវរជន​​នៅក្នុងយន្ដហោះ ឬដោយការវាយប្រហារ ពីសំណាក់យន្ដហោះប្រដេញណាមួយនោះ ត្រូវបានលប់ចោលទាំងស្រុង។ រដ្ឋាភិបាលរ៉ូស្ស៊ី បានចេញមុខ​​ហៅការស៊ើបអង្កេតនេះ​ជាថ្មី ថា​«មានលក្ខណៈលំអៀង និងមានចរិតនយោបាយ»។

– ២៤ ឧសភា ២០១៨៖ ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិ បានប្រកាសជាផ្លូវការថា កាំជ្រួចប្រឆាំងយន្ដហោះ ដែលបាញ់ចេញពីដី ប្រភេទ «Bouk» មានប្រភពចេញ ពីកងពលតូច ទី៥៣ ដែលជាអង្គភាពយោធា ការពារដែនអាកាស របស់ប្រទេសរ៉ូស្ស៊ី មានទីតាំងនៅក្រុង «Koursk»។

របាយការណ៍ស៊ើបអង្កេត បានបង្ហាញតាមរយៈរូបថត និងវីដេអូ អំពីផ្លូវទាំងឡាយ ដែលប្រព័ន្ធកាំជ្រួចប្រឆាំងយន្ដហោះ ប្រភេទនេះ ត្រូវបានដឹកបញ្ជូនមកក្នុងទឹកដីអ៊ុយក្រែន។ មនុស្សសង្ស័យ​ពីរនាក់ ដែលមានឈ្មោះសម្ងាត់ «Orion» និង «Delfin» ត្រូវបានកំណត់អត្តសញ្ញាណ ថាជាអ្នកទទួលខុសត្រូវ ចំពោះការបាញ់កាំជ្រួចនេះ បន្ទាប់ពីខ្សែអាត់សម្លេង នៃកិច្ចសន្ទនារវាងពួកគេ នៅមុន និងក្រោយយន្ដហោះធ្លាក់ ត្រូវបាន​ក្រុមអ្នក​ស៊ើប​អង្កេត​ទទួលបាន។

ប៉ុន្តែប្រទេសរ៉ូស្ស៊ី បានធ្វើប្រតិកម្មខ្លាំងៗ និងភ្លាមៗ ក្នុងល្ងាចថ្ងៃដដែល ដោយអះអាងថា គ្មានកាំជ្រួចរ៉ូស្ស៊ីណាមួយ បានឆ្លងកាត់ព្រំដែន រ៉ូស្ស៊ី-អ៊ុយក្រែន ទេ និងនៅតែទម្លាក់កំហុស នៃឧបទ្ទវហេតុនេះ ទៅលើរដ្ឋាភិបាលក្រុង គៀវ (ប្រទេសអ៊ុយក្រែន)។ 

រដ្ឋមន្ត្រីការបរទេសរ៉ូស្ស៊ី លោក ស៊ែរហ្គី ឡាវ្រូវ (Sergueï Lavrov) បានថ្លែងបដិសេធ ថាប្រទេសហូឡង់ គ្មានភស្ដុតាង និងអង្គហេតុណាមួយ ដើម្បីដាក់បន្ទុក និងចោទប្រកាន់ប្រទេសរ៉ូស្ស៊ីនោះទេ ហើយបានចាត់ទុករឿងរ៉ាវទាំងនេះ ត្រូវបានបង្កើតឡើង ដើម្បីជាប្រយោជន៍នយោបាយ៕



លំអិតបន្ថែមទៀត

ដំណឹង

ធ្លាក់​យន្ដហោះ​«ពន្លត់​អគ្គិភ័យ»​ នៅ​ភាគ​ខាងត្បូង​បារាំង ស្លាប់​អ្នក​បើកបរ

ស្នងការដ្ឋានតំបន់ «Gard» (ភាគខាងត្បូង នៃប្រទេសបារាំង) បានអះអាងថា អ្នកបើកបរយន្ដហោះ«ពន្លត់​អគ្គិភ័យ»ម្នាក់ បានស្លាប់ ក្នុងខណៈខ្លួនកំពុងបំពេញភារកិច្ច តែបានជួបគ្រោះអកុសល ដោយយន្ដហោះរបស់ខ្លួន បានធ្លាក់បោកខ្លួន ផ្ទុះឆេះ។ សេចក្ដីប្រកាសព័ត៌មាន ...
កំសាន្ដ

នេះ ជា​«ឡានហោះ​តូច​ជាងគេ»​ក្នុង​ពិភពលោក

ពីក្នុងចំណោមឡានហោះ ដែលទើបត្រូវបានបង្កើតឡើង ប្រមាណជាង១០ប្រភេទ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ខាងក្រោមនេះជាប្រភេទ«ឡានហោះ​តូច​ជាងគេ» ដែលឆ្នៃម៉ូដ និងបង្កើតឡើង ដោយជនជាតិហ្វីលីពីនមួយរូប។ លោក «Kyxz Mendiola» ដែលជាអ្នកជំនាញ ខាងថតវីដេអូ ...
ដំណឹង

ការចុះចត​បន្ទាន់​មួយ បានសម្លាប់​អ្នក​បើកបរ​«ពីរនាក់» នៅ​ភាគខាងកើត​រ៉ុស្ស៊ី

អ្នកបើកបរយន្ដហោះ និងជំនួយការ ទាំង«ពីរនាក់» បានស្លាប់ នៅក្នុងគ្រោះយន្ដហោះមួយ កាលពីថ្ងៃព្រហស្បត្តិ៍ ក្នុងតំបន់ស៊ីប៊េរី ភាគខាងកើតប្រទេសរ៉ុស្ស៊ី។ យន្ដហោះបានព្យាយាម​ចុះចត​យ៉ាងបន្ទាន់ តែបានជ្រុល ទៅបុកអគារមួយ នៅក្នុងព្រលានយន្ដហោះ។ យ៉ាងណា ...

យល់ស៊ីជម្រៅផ្នែក របាយការណ៍

របាយការណ៍

ម៉ារីលីន ម៉ុនរ៉ូ ៖ មរណភាព​ដែលពោរពេញ​ដោយអាថ៌កំបាំង

របាយការណ៍

ពេលដែលទូរទស្សន៍​របស់កូនស្រី​នាយករដ្ឋមន្ត្រី ផ្សាយតួលេខខុស …

ដំរីជើងបួន… សម្រាប់ទូរទស្សន៍បាយ័ន្ដ «BTV» របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រីនាយករដ្ឋមន្ត្រី ដែលបាន​«ផ្សាយតួលេខខុស» ជុំវិញការឆ្លងរាតត្បាត នៃជំងឺកូវីដ-១៩ (Covid-19) នៅក្នុងជួរកងទ័ព ដែលជាការស្រង់​សំដី​លោក ...
របាយការណ៍

នេត សាវឿន និង​គ្រួសារ​«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ថ្លៃជាង​១៥លាន​ដុល្លារ»

លោកនាយឧត្ដមសេនីយ នេត សាវឿន និងគ្រួសារ ដែលជាសាច់ឈាម ជិតដិតនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានស្រាវជ្រាវ​រកឃើញថា បានដើរ«ទិញ​ផ្ទះ​នៅក្រៅ​ប្រទេស ដោយប្រើទឹកប្រាក់ ប្រមាណជាង ១៥លានដុល្លារ​អាមេរិក»។ ...

Comments are closed.